"កម្ពុជា​ចាប់​យក​ចិន​បោះបង់​អាមេរិក​ដើម្បី​បញ្ចប់​ការ​រិះគន់​ថា​ជា​អាយ៉ង​វៀតណាម"

ដោយ ទីន ហ្សាការីយ៉ា
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លំនាំ​គ្រប់គ្រង​រដ្ឋ​របស់​មេដឹកនាំ​កម្ពុជា នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម របប​ខ្មែរក្រហម និង​របប​បច្ចុប្បន្ន ដែល​ជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទោះជា​របប​ទាំង​បី​នេះ មាន​មេដឹកនាំ​ផ្សេងគ្នា​ក្ដី ប៉ុន្តែ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៅ​ក្នុង​របប​ទាំង​បី​នេះ មាន​លំនាំ​គ្រប់គ្រង ប្រហាក់ប្រហែល​គ្នា គឺ​មេដឹកនាំ​តែងតែ​ប្រកាស​ថា កម្ពុជា​ឯករាជ្យ អធិបតេយ្យ និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ក្ដី។ តែ​ជាក់ស្ដែង​មេដឹកនាំ​ទាំង​បី​ជំនាន់​នេះ បាន​ងាក​ទៅ​រក​ចិន​កុម្មុយនិស្ត​ជា​ខ្នងបង្អែក​ដូចគ្នា ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន។

សម្រាប់​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​បោសសម្អាត​សមិទ្ធផល​របស់​អាមេរិក​ឲ្យ​អស់​កម្ពុជា ដូចជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដែល​អាមេរិក​បាន​កសាង​ឡើង គិត​ចាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក។

ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​នាវា​កម្ពុជា​ងាក​ទៅ​រក​ចិន​ជា​ខ្នងបង្អែក ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​បន្ត​ទៅ​ទៀត ទោះបីជា​រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យ មិន​ចូល​បក្ស​សម្ព័ន្ធ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី។

លើស​ពី​នេះ​ទៀត អ្វី​ដែល​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ងាក​ទៅ​រក​ចិន​ទាំងស្រុង​នេះ នៅ​ខណៈ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ព្រមាន​ថា ប្រទេស​មហាអំណាច​ទាំងនេះ នឹង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កាន់តែ​ធ្ងន់ធ្ងរ បើ​សិន​ជា​រដ្ឋាភិបាល ដឹកនាំ​ប្រទេស ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។

នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ហើយ​កំពុង​ជាន់​លើ​ដាន​ប្រវត្តិសាស្ត្រ​ដដែល​របស់​មេដឹកនាំ​ជំនាន់​មុន គឺ​នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម និង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ដែល​យក​ចិន​ជា​ខ្នងបង្អែក​របស់​ខ្លួន​នោះ ក្នុង​នោះ​មាន ការ​រំលាយ​បក្ស​ប្រឆាំង ការរំលោភ​សិទ្ធិមនុស្ស បាញ់​សម្លាប់ ចាប់ចង​អ្នកមាន​មតិផ្ទុយ​ខ្លួន​ដាក់គុក​ជាដើម។

សម្រាប់​ការងារ​ចេញពី​សហរដ្ឋអាមេរិក​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ហើយ​ងាក​ទៅ​រក​ចិន​វិញ គឺ លោក ហ៊ុន សែន ចង់​ឲ្យ​មហាជន​មើល​ឃើញ​ថា លោក​ដោះដៃ​ចេញពី​វៀតណាម ដែល​ពលរដ្ឋ​មួយ​ចំនួន​ធំ​ចោទ​រដ្ឋាភិបាល​លោក​ថា ជា​រដ្ឋាភិបាល​អាយ៉ង​វៀតណាម ប៉ុន្តែ​ធាតុ​ពិត​លោក​ហ៊ុន សែន មិន​អាច​ដក​ខ្លួន​ចេញពី​វៀតណាម​បាន​ឡើយ។ មួយវិញទៀត ចិន​ចាប់​យក​កម្ពុជា​នេះ ចិន​ចង់​ឲ្យ​កម្ពុជា​រួម​ទាំង​ប្រទេស​ក្នុង​តំបន់ ដែល​ងាក​ទៅ​រក​អាមេរិក​នោះ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ដែរ។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន ប្រតិកម្ម​ឆ្លើយតប​ទៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថា រដ្ឋបាល​របស់​លោក នឹង​ដាក់​កម្រិត​មិន​ផ្ដល់​ទិដ្ឋាការ ឬ​វីសា​ដល់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​វិញ បើសិនជា​អាមេរិក​នៅតែ​បិទ​វីសា​មន្ត្រី​របស់​លោក និង​ក្រុម​គ្រួសារ​នោះ។ «»

នេះ​ជា​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​អំពី​ទណ្ឌកម្ម​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ឡើយ​។ គិត​ចាប់​តាំង​ពី​ថ្ងៃទី​១៦ វិច្ឆិកា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដែល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ គឺ​សហគមន៍​អន្តរជាតិ បាន​ដាក់​ទណ្ឌកម្ម លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដូចជា នៅមុន​ចេញ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​របស់​សភា​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប ទើបតែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំងអស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..)។ ចំណែក​ឯ សហរដ្ឋអាមេរិក​វិញ ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត​ដែរ។ ក្រោយ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ដែរ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី បាន​ហៅ​មេដឹកនាំ​កម្ពុជា ថា​ជា​មេដឹកនាំ​មិន​ឆ្លាត​វៃ​ក្នុង​ការ​ធ្វើ​នយោបាយ​ការបរទេស ដែល​ចាប់​យក​ប្រទេស​តែមួយ​ជា​ខ្នងបង្អែក​ដូច្នេះ។ លោក​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ហើយ មេដឹកនាំ​ចាប់​យក​ចិន​ជា​ខ្នងបង្អែក​នេះ នៅ​ទីបំផុត​នៅតែ​ក្រីក្រ​ដដែល ហើយ​អ្នក​ដែល​មាន​ទាញ​យក​ប្រយោជន៍​ពី​កម្ពុជា​នោះ គឺ​ចិន​តែប៉ុណ្ណោះ។ លោក បន្ថែម​ថា ទោះបីជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ក្ដី ប៉ុន្តែ​ការដឹកនាំ​ជាក់ស្ដែង​រដ្ឋាភិបាល​ងាក​ទៅ​រក​ចិន​ទាំងស្រុង​ទៅវិញ។ «»

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ។

រៀងរាល់​ទំនាស់​នយោបាយ​របស់​កម្ពុជា ចិន​តែងតែ​ប្រកាស​ចំហ​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជានិច្ច។ កាលពី​ឆ្នាំ​២១០៤ នៅ​ក្រោយ​ពេល​បោះឆ្នោត​អាណត្តិ​ទី​៥ ដែល​បក្ស​ប្រឆាំង​ប្រកាស​មិន​គាំទ្រ​លទ្ធផល​បោះឆ្នោត ហើយ​បាន​នាំ​គ្នា​ធ្វើបាតុកម្ម​ទាមទារ​យុត្តិធម៌​លទ្ធផល​បោះឆ្នោត​នោះ ចិន​បាន​ចេញមុខ​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​ទទួលស្គាល់​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន។ ទន្ទឹម​នឹង​នេះ នៅ​ស្រប​ពេល​កម្លាំង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឯក​បក្ស​ពុះកញ្ជ្រោល​នោះ ចិន​ក៏​ផ្ដល់​ជំនួយ​កាំភ្លើង​ដល់​រដ្ឋាភិបាល​ប្រមាណ​១​ពាន់​ដើម ថែមទៀត។

ជាថ្មី​ម្ដងទៀត នៅ​ស្រប​ពេល​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​លោក ហ៊ុន សែន និង​បក្ស​ពួក​លោក​ទទួលរង​នូវ​ការ​ថ្កោលទោស​ពី​ប្រទេស​លោក​ខាង​លិច​ជា​បន្តបន្ទាប់ ហើយ​សហភាព​អឺរ៉ុប​ប្រកាស​ផ្អាក​ជំនួយ​ដល់​គ..ប ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ ចិន​ប្រកាស​ការពារ​លោកនាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ និង​ការពារ​សន្តិសុខ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅពីនេះទៀត ចិន​ក៏​ប្រកាស​ផ្ដល់​ជំនួយ​ដល់​ការរៀបចំ​ការបោះឆ្នោត​ដែរ។ មក​ទល់​ពេល​នេះ ជំនួយ​របស់​ចិន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កត្តា​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ងាក​ទៅ​រក​ចិន​នេះ ដោយសារតែ​ចិន​បាន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ចំណង​ឡើយ ដែល​ខុស​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​ផ្ដល់​ជំនួយ មាន​ចំណង។ ក៏ប៉ុន្តែ​ចំណង​របស់​អាមេរិក​នោះ គឺ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ជំនួយ ដោយ​ផ្អែកលើ​គោលការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដោយ​មិន​ឲ្យ​មានការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ជំរុញ​ឲ្យ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព ខាង​សម្ដែង​មតិ​ដោយ​សេរី និង​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​ជាំ​ដើម។ «»

រដ្ឋាភិបាល​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ឥទ្ធិ​ពលរដ្ឋ​ខ្លាំងក្លា​ទៅលើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​មិន​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ ពោល​គឺ​ដឹកនាំ​ផ្ដាច់ការ​ដូចជា កម្ពុជា ជាដើម តាមរយៈ​ការ​ផ្ដល់​ជំនួយ​និង​កម្ចី និង​ជា​ការ​បង្កើន​ឥទ្ធិពល​កុម្មុយនិស្ត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ទប់ស្កាត់​ឥទ្ធិពល​ប្រជាធិបតេយ្យ។ ជាងនេះទៅទៀត នយោបាយ​របស់​ចិន​គឺ បង្កើត​សម្ព័ន្ធមិត្ត​ជាមួយ​អ្នកឈ្នះ​តែប៉ុណ្ណោះ​។ កាលពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មាន​ឥទ្ធិពល ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ចិន​បាន​ចាប់​យក​គណបក្ស​រាជានិយម​នេះ ជា​សម្ព័ន្ធមិត្ត ដែល​ជួយ​ថវិកា​រាប់​សិប​លាន​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​ប៉ុន្តែ​ក្រោយពេល​គណបក្ស​នេះ​ធ្លាប់​ប្រជាប្រិយភាព​រហូត​ដល់​រលាយ​អាសនៈ​នៅ​ក្នុង​សភា​នោះ ចិន​ក៏​បោះបង់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចោល​តែម្ដង។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ក្រៅពី​ចិន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​ចិន​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​រាប់ពាន់​ពាន់​លាន​ដុល្លារ ទៅលើ​វិស័យ​វារីអគ្គិសនី និង​ការរុករក​ធនធាន​រ៉ែ។ តែ​លោក បណ្ឌិត មាស នី ពន្យល់​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ មិន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប៉ុន្មាន​ទេ ផ្ទុយទៅវិញ គឺ​ចិន​មក​បំផ្លាញ​ធនធានធម្មជាតិ និង​ធនធាន​រ៉ែ​នៅ​កម្ពុជា​ទៅវិញ​ទេ ដែល​ប​បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់ ក្មេងៗ​ជំនាន់​ក្រោយ។ «»

ទោះបីជា​ចិន​ខំប្រឹង​ប្រែង​ទាញ​យក​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​កូនជឹង​របស់​ខ្លួន ដើម្បី​ពង្រឹង​អំណាច​កុម្មុយនិស្ត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឲ្យ​ងាក​ចេញពី​វៀតណាម​ខ្លះ និង​ដើម្បី​ឲ្យ​ប្រទេស​ក្នុង​តំបន់​មិន​ចង​សម្ព័ន្ធ​មិត្ត​រឹងមាំ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ក្រោយពី​ចិន​បាន​បរាជ័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​ក្ដី ប៉ុន្តែ​អ្នកវិភាគ ពន្យល់​ថា ចិន​នឹង​បរាជ័យ​ម្ដងទៀត ក្នុង​ការ​កៀរគរ​លោក ហ៊ុន សែន ក្នុង​ដឹកនាំ​ប្រទេស​ដើរ​តាម​មាគ៌ា​កុម្មុយនិស្ត​នេះ ពី​ព្រោះ​ថា ពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃ​នេះ មានការ​យល់ដឹង​ច្រើន​ពី​មូលដ្ឋាន​ប្រជាធិបតេយ្យ ដែល​ពលរដ្ឋ​នឹង​មិន​បណ្ដោយ​ឲ្យ​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ដូច្នេះ​ទេ រួម​ទាំង​ទណ្ឌកម្ម​ពី​អាមេរិក និង​សហភាព​អឺរ៉ុប​ផង។

ហើយ​ចុងក្រោយ​ថ្វី​ត្បិត​ពលរដ្ឋ​នៅ​ស្ងៀមស្ងាត់​ហាក់​ស្ថិត​នៅ​ក្នុង​សភាព​ភ័យខ្លាច ប៉ុន្តែ​ពលរដ្ឋ​នឹង​ងើប​តវ៉ា​ប្រឆាំង​និង​រដ្ឋាភិបាល​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នៅ​ស្រប​ពេល​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន កាន់តែ​លាតត្រដាង​កាន់​តែ​ច្បាស់​ឲ្យ​ពលរដ្ឋ​ឃើញ​នោះ ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​បាត់បង់​សមាជិក​ស្នូល​របស់​ខ្លួន​រាប់​លាន​នាក់ ដែល​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ បាន​បង្ហាញ​ឲ្យ​ឃើញស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

សូមនិយាយការពិត =
_ ប្រទេសថៃ គេធ្វើនយោបាយ អែបអាមេរិកផង អែបចិនផង បានជាប្រទេសគេ រីកចំរើន មិនមានសង្គ្រាម មិនបាត់បង់ទឹកដី
_ ប្រទេសខ្មែរ ធ្វើនយោបាយ ដូចជនពាល ម្តងត្រូវគ្នាខាងអាមេរិក ម្តងត្រូវគ្នាខាងចិន
_ បើចងមិត្ត មុឺនឆ្នាំ ជាមួយវៀតណាម ខ្មែរចំណេញកម្ពុជាក្រោម ចំណេញកោះត្រល់ ប្រគល់អោយវៀតណាមយ៉ាងស្រួល មិនបាច់ចំណាយទាហានច្បាំងគ្នា ដោយវៀតណាមប្រើនយោបាយបោកខ្មែរល្ងង់បន្តិចក៏បានយ៉ាងស្រួល .
_ ដូច្នេះ កំហុសនេះ គឺមកពី មេដឹកនាំខ្មែរ ល្ងង់ ហើយសុីជោ .

Dec 22, 2017 02:23 AM

អ្នក​អាន​អនាមិក

នយោបាយ តាចាស់ ហ៑ុន សែន ជិះទូកមួយចំហៀង មួយចំហៀងទៀតនៅទំនេរ ដូច្នេះទូកនេះ នឹងត្រូវលិច ជាមិនខាន ដូចរបប ប៉ុល ពត អៀង សារី ជាគំរូ ស្រាប់ !

Dec 21, 2017 08:45 AM

អ្នក​អាន​អនាមិក

ដូចជាមិនត្រូវទាល់តែសោះត្រង់ចំនុចដែលថាអាមេរិកជាអ្នកផ្តល់និងបន្សល់ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ឲ្យកម្ពុជា។​តាមពិតអ្វីដែលអាមេរិកទុកឲ្យនោះគឺជម្ងឺAIDS​ គ្រាប់បែកគ្រប់ប្រភេទរាប់ទាំងគ្រាប់បែកគីមីផង និងបំណុលអាក្រក់ដែលជាថ្លៃគ្រាប់បែកដែលអាមេរិកខ្លួនឯងយកមកទំលាក់សម្លាប់ខ្មែរសោះ។

Dec 21, 2017 06:32 AM

អ្នក​អាន​អនាមិក

សម្តេចបានប្រែខ្លួនពីវីរបុរសជាតិ ទៅជាជនផ្តាច់ការ ហើយអាចក្លាយទៅជាបុគ្គលដែលសង្គមជំនាន់ក្រោយស្អប់ខ្ពើមទាំងគ្រួសារ រហូតដល់ស្អប់បក្សទៀតផង ដោយសារតែខ្លាចចាញ់ឆ្នោត ២០១៨របស
គាត់! តើមានអ្វីត្រូវខ្លាច បើចាញ់​២០១៨ យើងអាចមានឪកាសនៅ២០២៣ទៀតតើ? បើយើងធ្វើអោយប្រជាជនភាគច្រើនស្រលាញ់តើទៅខ្លាចអីធ្លាក់ឆ្នោត?

Dec 21, 2017 04:34 AM

គេហទំព័រ​ទាំងមូល