ពលរដ្ឋ​និង​អ្នក​វិភាគ​យល់​ថា​របប​ភ្នំពេញ​មិន​អាច​ដោះស្រាយ​ភាព​អយុត្តិធម៌​សង្គម​បាន​​ទេ

វ៉ែន សុមេធ
2018-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
Photo: RFA

ប្រជា​ពលរដ្ឋ និង​អ្នកវិភាគ​យល់​ថា របប​ក្រុងភ្នំពេញ មិន​អាច​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​បាន​នោះ​ទេ ព្រោះ​ពួកគេ​ជា​អ្នកបង្កើត​អំពើ​អយុត្តិធម៌ និង​ជា​អ្នក​រំលោភ​ច្បាប់។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​របប​ក្រុងភ្នំពេញ បាន​ស្បថ​សច្ចា​ថា នឹង​ដោះស្រាយ​បញ្ហា​សង្គម បញ្ហា​អយុត្តិធម៌ និង​អភិវឌ្ឍ​ជាតិ​អោយ​រីកចម្រើន។

ប្រជាពលរដ្ឋ និង​អ្នកវិភាគ​មិន​ជឿ​ទៅ​លើ​ការ​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​របប​ក្រុង​ភ្នំពេញ​ក្នុង​ការ កែប្រែ​ជីវភាព​ប្រជាពលរដ្ឋ ប្រឆាំង​អំពើពុករលួយ ដោះស្រាយ​បញ្ហា​អយុត្តិធម៌ និង​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ជាតិ​ពេញលេញ​នោះ​ទេ។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ឈ្មោះ ភួង ថា រៀបរាប់​ថា ការ​ស្បថ​សច្ចា​របស់​របប​ក្រុងភ្នំពេញ​ដែល ដឹកនាំ​ដោយ​លោក​ហ៊ុន សែន មិនបាន​កើត​ចេញ​ពី​បេះដូង​ពិតប្រាកដ​ឡើយ គឺ​គ្រាន់តែ​ធ្វើឡើង​ឲ្យ ល្អមើល ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​តែប៉ុណ្ណោះ។ «»

ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្ត​ព្រៃវែង លើកឡើង​ថា របប​ក្រុងភ្នំពេញ​ថ្មី នឹង​កាន់តែ​ធ្វើ​ឲ្យ​សង្គម មាន​បញ្ហា​បន្ថែម​ទៀត ព្រោះ​គ្មាន​បក្ស​ប្រឆាំង គ្មាន​សារព័ត៌ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធ្វើជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ដូច​មុន​ឡើយ។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​របប​ក្រុងភ្នំពេញ បាន​សច្ចាប្រណិធាន​ថា ពួកគេ នឹង​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែប​យ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម គោរព​សិទ្ធិមនុស្ស ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​បូរណភាព​ទឹកដី ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​ភាព​រុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា។ បន្ថែម​ពីលើ​ការ​ស្បថ​ស្បែ​នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៧ កញ្ញា ថា មន្ត្រី​របស់​លោក​ត្រូវ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញលេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​មាន​ក្ដីក្ដាំ​ជាមួយ​លោក ហ៊ុន សែន ធ្លាប់​ប្រាប់​អាស៊ីសេរី​មុន​រត់​ភៀសខ្លួន​ថា ប្រតិបត្តិការ​កំណែទម្រង់​ត្រឹមត្រូវ ជាពិសេស​លើ​ប្រព័ន្ធ​យុត្តិធម៌ មានន័យ​ស្មើនឹង​សម្លាប់ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន។ ហេតុនេះ មាន ហ៊ុន សែន គឺ​គ្មាន​ទេ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​សង្គម​កម្ពុជា គឺ​មាន​តែ​កែ​ច្បាប់​ពង្រឹង​អំណាច​លោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែន​ពង្រឹង​ច្បាប់​និង​លើក​តម្កើង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ និង​បុព្វហេតុ​ជាតិ​នោះ​ទេ។ លោក​បន្ថែម​ថា គ្រប់​រឿង​ទាំង​សកម្មភាព និង​សម្ដី​ថ្លែង​របស់​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ឧបាយកល​ដោះ​ខ្លួន​មួយ​គ្រាៗ ដែល​គាត់​តែងតែ​សម្ដែង​ពេល​ត្រូវ​ប្រឈម​នឹង​ប្រតិកម្ម​ពលរដ្ឋ និង​សម្ពាធ​មិន​ដកថយ​របស់​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ។ «»

កាលពី​អាណត្តិ​ទី​៥​កន្លងទៅ របប​លោក ហ៊ុន សែន ក៏​បាន​​ស្បថ និង​សន្យា​ដូចគ្នា​ដែរ ប៉ុន្តែ ប្រជាពល​រដ្ឋ​នៅតែ​មើលឃើញ​ថា អត្រា​អត់​ការងារ​ធ្វើ នៅតែ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អំពើពុករលួយ ដល់​ឆ្អឹង ដឹកនាំ​ប្រទេស​បែប​បក្ខពួក​និយម។

ចំណូល​ប្រជាជន​ទាប បើ​ធៀប​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់។ ផលិត​កសិកម្ម​របស់​ពលរដ្ឋ​មួយ​ចំនួនធំ​គ្មាន​ទីផ្សារ ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ទាំង​ប្រថុយប្រថាន​កើន​ឡើង​ឥត​ឈប់។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ដោយសារ​អសន្តិសុខ​សង្គម។ ការ​អភិវឌ្ឍ​នានា​ក៏​មិន​ឃើញ​រីកចម្រើន​ធំដុំ​នោះ​ដែរ ទោះបីជា របប​លោក ហ៊ុន សែន បាន​ជំនួយ និង​កម្ចី​ពី​បរទេស​សន្ធឹកសន្ធាប់​ក្តី ជាក់ស្ដែង​ផ្លូវ​នៅតែ​ខូច សាលារៀន​នៅ​ខ្វះ មន្ទីរពេទ្យ ក៏​មិន​សូវ​មាន​គុណភាព។ ចំណែក​ព្រៃឈើ និង​ធនធានធម្មជាតិ កំពុង​ត្រូវ​បាត់បង់។ ដីធ្លី​ប្រជាពលរដ្ឋ ជាច្រើន​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​រំលោភ​យក​តាម​អំពើ​ចិត្ត។ ការ​តវ៉ា ដោយ​សន្តិវិធី ត្រូវ​បាន​អាជ្ញាធរ​វាយ​បំបែក​ស្ទើរ​គ្រប់​ទីកន្លែង​ជាដើម។ កាន់តែ​ធ្ងន់ធ្ងរ ជាង​នេះ របប លោក ហ៊ុន សែន បាន​ចាប់​អ្នកវិភាគ អ្នកកាសែត​ឯករាជ្យ សកម្មជន​ដីធ្លី និង​ចាប់ខ្លួន អ្នកនយោបាយ​ប្រឆាំង​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ ទន្ទឹមគ្នា​នេះ របប​លោក ហ៊ុន សែន ក៏បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ បិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម ដើម្បី​បន្ត​ក្ដោបក្ដាប់​អំណាច​ដោយ​មិន​គិត​ពី​អនាគត ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​នោះ​ទេ។

សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត សម្ដែង​ក្តី​ព្រួយបារម្ភ​ថា របប​ក្រុងភ្នំពេញ​ថ្មី​នេះ អាច​នឹង​បរាជ័យ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​កែប្រែ​សង្គម​កម្ពុជា​ឲ្យ​រីកចម្រើន​ត្រឹមត្រូវ មាន​នីតិរដ្ឋ មាន​យុត្តិធម៌ និង​ការ​ឯកភាព​ជាតិ ព្រោះ​របប​នេះ បាន​បង្កើត​សភា​ឯកបក្ស និង​កំពុង​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គមស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ជាដើម។ «»

អ្នកវិភាគ​យល់ថា របប​ក្រុងភ្នំពេញ គួរតែ​បើក​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​មាន​ការ​រួម​ជាតិ​ឡើងវិញ ជួយ​សម្រួល​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ បើក​ដំណើរការ និង​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ដោយ​សេរី ដើម្បី​ធ្វើជា​កញ្ចប់​ឆ្លុះបញ្ចាំង​នូវ​ចំណុច​អវិជ្ជមាន និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​បាន​រីក​ចំរើន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល