អ្នកវិភាគ​ថា របប​លោក ហ៊ុន សែន នឹង​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ

ដោយ ទីន ហ្សាការីយ៉ា
2018-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA

រដ្ឋាភិបាល​ថ្មី​នៃ​របប​លោក ហ៊ុន សែន នឹង​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ យ៉ាង​យូរ​រយៈពេល​៦០​ថ្ងៃ​ទៀត។ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ដែល​មេដឹកនាំ​បក្ស​នេះ សំដែង​មោទនភាព​ពី​ជោគជ័យ​នេះ យ៉ាងណាក្ដី សហគមន៍​អន្តរជាតិ​លើកឡើង​ថា ការ​បោះឆ្នោត​នេះ មិនមែន​ជា​ការបោះឆ្នោត​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ ហើយ​លទ្ធផល​បោះឆ្នោត មិនមែន​ជា​លទ្ធផល​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ឡើយ។

អ្នកវិភាគ​លើក​ឡើង​ថា របប​ថ្មី​លោក ហ៊ុន សែន ជៀស​មិន​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​ឡើយ ដោយសារតែ​របប​នេះ បាន​រៀបចំ​ការបោះឆ្នោត​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឬ​គេ​ហៅថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា អ្នកណា​ក៏​ដឹង​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ១០០​ភាគរយ ទៅ​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ប្រទាញប្រទង់​គ្នា​នោះ គឺ​លទ្ធផល​បោះឆ្នោត ព្រោះថា គណបក្ស​កាន់អំណាច​ខិតខំ​ឃោសនា​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ធ្វើ​យ៉ាងណា​ឲ្យ​ឃើញ​ពី​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន រីឯ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​មិន​គាំទ្រ​ការបោះឆ្នោត​នេះ ខំ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ឬ​ប្រឆាំង​នឹង​ការ​បោះឆ្នោត។ នៅ​ទីបំផុត​គ..ប ដែល​លំអៀង​ទៅ​គណបក្ស​កាន់អំណាច​នោះ បង្ហាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថា អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន គឺ​ជាង ៨២%

លោក​បណ្ឌិត មាស នី បន្ថែម​ថា ការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ ពិបាក​នឹង​សន្មត​ថា ចំនួន​អ្នក​បោះឆ្នោត​ដែល​បង្ហាញ ដោយ​គ..ប​នោះ ត្រឹមត្រូវ​កម្រិត​ណា​ណាស់ ព្រោះ​ថា ការ​បោះឆ្នោត​នេះ គ្មាន​ស្ថាប័ន​ឯករាជ្យ​ណាមួយ​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ​ទេ។ «»

ទន្ទឹម​នឹង​គ..ប បាន​ចេញ​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នេះ ប្រទេស​លោក​សេរី ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​នោះ បាន​ចេញ​ថ្លែងការណ៍​ថ្កោលទោស និង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន​២៨ ជា​សមាជិក ២៨ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ប្រទេស​មួយ​ចំនួន​ទៀត។

រដ្ឋធម្មនុញ្ញ​មាត្រា​៨២​ថ្មី ចែង​ថា រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង ហុកសិប​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ការ​បោះឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា របប​ថ្មី​របស់​លោក ហ៊ុន សែន នឹង​ប្រឈម​បញ្ហា​បី ទាក់ទង​នឹង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ លោក អះអាង​ថា សហភាព​អឺរ៉ុប និង​អាមេរិក អាច​នឹង​ប្រើ​វិធានការ​បី សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា គឺ​គេ​អាច​លុបចោល​ទាំងស្រុង ព្យួរ​ទាំងស្រុង ព្យួរ​ផ្នែក​ណាមួយ លើ​ការ​អនុគ្រោះ​ពន្ធ សម្រាប់​កម្ពុជា។ «»

រី​ឯ​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អះអាង​ដែរ​ថា របប​លោក ហ៊ុន សែន បាន​ជោគជ័យ​លើ​ការបោះឆ្នោត​ដ៏​ត្រចះត្រចង់​នេះ គឺ​ដោយសារតែ​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​បន្ថែម​ថា បញ្ហា​សំខាន់ នៅ​ពេល​នេះ​គឺ ចាំ​មើល​ជំហាន​បន្ទាប់ពី​សហគមន៍​អន្តរជាតិ ព្រោះ​ថា ការបោះឆ្នោត​នេះ ពោរពេញ​ដោយ​ភាព​មិន​ត្រឹមត្រូវ ហើយ​នេះ វា​ជា​កណ្ដឹង​បន្លឺ​សញ្ញា​ព្រមាន​ចុងក្រោយ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជា​ការ​ពិត ការបោះឆ្នោត​នេះ មាន​អ្នកសង្កេតការណ៍​បរទេស​មួយ​ចំនួន ដែល​បាន​មក​មើល​ការបោះឆ្នោត​ដែរ តែ​ប្រទេស​ដែល​មក​សង្កេតការណ៍​នេះ ជា​ប្រទេស​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ទេ ដូចជា​ប្រទេស​បេឡារ៉ូស ជាដើម។

លោក​សង្កត់ធ្ងន់​ថា ការបោះឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ភាគច្រើន​លើសលប់​បំផុត​នៅ​ក្នុង​សភា ហើយ​រដ្ឋាភិបាល​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​នឹង​ប្រើប្រាស់​សភា​គ្រាន់តែ​ជា​អ្នក​ប្រថាប់ត្រា​តែប៉ុណ្ណោះ៖ «អ្វី​ដែល​យើង​កំពុង​រង់ចាំ​នា​ពេល​នេះ គឺ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ​ប្រឆាំង​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួចហើយ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​ផ្អាក​ទិដ្ឋាការ​ក្នុង​ការ​ធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម»

សហភាព​អឺរ៉ុប គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA, Everything But Arms) ពី​កម្ពុជា ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​រយៈពេល ៧​ថ្ងៃ នៅ​កម្ពុជា នៅ​មុន​ពេល​បោះឆ្នោត។ ការ​គំរាម​អំពី​ចំណាត់ការ​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈប្រតិភូ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ពិតប្រាកដ ក្រោយ​បិទ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ដំណើរការ​វិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស និង​វិស័យ​ការងារ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​កម្ពុជា នា​រយៈពេល​ចុងក្រោយ​នេះ។

ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែង​សង្កត់ធ្ងន់​ថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោត​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន រួមមាន យុត្តិធម៌​សង្គម ការ​គោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល