អ្នកវិភាគ​ថា​លោក ហ៊ុន សែន តែងតែ​ប្រើ​សម្ដី​អសុរោះ​ខ្លាំង​ពេល​គេ​ឆ្កឹះ​ចំ​ចំណុចខ្សោយ

ដោយ មួង ណារ៉េត
2018-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ក្រេវក្រោធ និង​ប្រើ​សម្ដី​អសុរោះ​ខ្លាំង រាល់ពេល​ដែល​គេ​ឆ្កឹះ​ចំ​ចំណុចខ្សោយ​គាត់។ លោក​យល់​ថា ប្រមុខ​រដ្ឋាភិបាល ល្មម​ឈប់​ប្រើ​សម្ដី​អាមឹង ខ្វះ​សីលធម៌ និង​សុជីវធម៌ នៅ​ចំពោះ​មុខ​ហ្វូង​មហាជន ជាពិសេស​នៅ​ចំពោះ​មុខ​សិស្ស​-​និស្សិត​បែបនេះ​តទៅទៀត។

ចំណុចខ្សោយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នកវិភាគ និង​ជា​ចាស់ទុំ​មួយ​រូប​ក្នុង​សង្គម​ខ្មែរ កត់សម្គាល់​ឃើញ​នោះ គឺ​ការភ័យខ្លាច​មិន​បាន​ក្រាញ​អំណាច​យូរ​តទៅទៀត របស់​លោក ដែល​កាន់​អំណាច​ជាង ៣៣​ឆ្នាំ​ទៅ​ហើយ​នេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់ផ្អើល​នឹង​ភាព​ក្រេវក្រោធ ច្រឡោតខឹង​ឡាំប៉ា​របស់​លោក ហ៊ុន សែន រាល់ពេល​ដែល​លោក សម រង្ស៊ី ឬ​អ្នកណាម្នាក់ ដែល​ហ៊ាន​និយាយ​ប៉ះ​ចំណុច​រសើប​របស់​លោក​នេះ​ទេ។ លោក​ថា សូម្បីតែ​ខ្លួន​លោក​ផ្ទាល់​ដែល​ជា​អ្នកវិភាគ​ឯករាជ្យ​សោះ ក៏​រង​សម្ដី​ធ្ងន់ៗ ព្រមាន​ពី​លោក ហ៊ុន សែន ដែរ៖ «ពីមុនៗ​មក និយាយ​ប៉ះ​ចំណុចខ្សោយ​របស់​គាត់​ហ្នឹង គាត់​តែងតែ​ប្រតិកម្ម​ខ្លាំងៗ ហើយ​ពេលខ្លះ​គាត់​ប្រើ​ពាក្យ​អសុរោះ ហើយ​ខ្ញុំ​ផ្ទាល់ខ្លួន​ខ្ញុំ​ក៏​គាត់​មាន​ប្រើ​សម្ដី​មិន​ជា​អសុរោះ​ណាស់ណា​ទេ ប៉ុន្តែ​គឺ​វា​អសុរោះ​ណាស់ គឺ​នៅ​ពេល​ដែល​ខ្ញុំ​មាន​អត្ថាធិប្បាយ ប៉ះ​ដល់​ចំណុចរសើប​របស់​គាត់»

ដោយសារតែ​ចំណុចរសើប​នេះ​ហើយ ទើប​លោក ហ៊ុន សែន តែងតែ​បង្ហាញ​ចរិត​ពិត​របស់ លោក នៅ​កណ្ដាល​ចំណោម​មហាជន ទោះជា​នៅ​ចំពោះ​មុខ​សិស្ស​-​និស្សិត ដែល​អាយុ​ស្ទើរ​ស្មើ​ចៅៗ​របស់​លោក​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ហើយ​លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​អំពី​ការ​ផ្ដល់​គំរូ​ល្អ ឬ​អាក្រក់​ដល់​ទំពាំង​ទាំង​នោះ​ទេ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​សកលវិទ្យាល័យ​វេស្ទើន ប្រមាណ ជាង បួន​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នា​ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ នេះ លោក ហ៊ុន សែន ខឹង​លោក សម រង្ស៊ី យ៉ាង​ខ្លាំង​រឿង​បបួល ឲ្យ​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី ត្រឹម​អាយុ​៦៥​ឆ្នាំ ព្រោះ​លោក សម រង្ស៊ី ថា​ល្មម​ដល់ពេល​ឈប់​រៀងៗ​ខ្លួន​ហើយ ដោយសារ​វ័យ ក៏​កាន់តែ​ជរា​ណាស់​ដែរ ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​កាន់​កិច្ចការ​ដឹកនាំ​ប្រទេស​នេះ​ម្ដង៖ «កុំ​មក​ឡប់ៗ​មក​បបួល​អាយុ ៦៥​ឆ្នាំ​ឈប់​ទាំងអស់​គ្នា។ ចុះ អ្ហែង​អ្នក​ជាប់គុក​សោះ រត់ចោលស្រុក​សោះ មក​បបួល​អញ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​ឈប់​ជាមួយ​អ្ហែង​ដូចគ្នា​! យី​អានេះ​ខូច​វ៉ី​! មិន​ខូច​ទេ អានេះ​វា​ឆ្កួត​តែម្ដង ហ្សែន​របស់​វា​ឆ្កួត​តែម្ដង។ ឯង​ទៅ​ណា​ងាប់​ទៅ​ណា​ងាប់​ទៅ ប្រាត់​ប្រាស់​ទៅ​ណា​ព្រាត់​ប្រាស់​ទៅ កុំ​មក​បបួល​អញ​ទៅជា​មួយ អញ​មិន​ទៅជា​មួយ​អ្ហែង​ទេ។ ហើយ​ដាក់​ទៅ ចាំ​មើល​អ្នកណា​ងាប់​មុន​អាណា អ្ហែង​អាយុ​ច្រើនជាង​អញ អ្ហែង​ងាប់​មុន​អញ! អញ​នឹង​បាន​ឃើញ​មុខ​គ្នា​ទេ វា​ខូច​ពេក»

ទោះជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​វ័យ​ប្អូន​ជាង​លោក សម រង្ស៊ី តែ​លោក​មិន​ញញើត​មាត់​នឹង​ហៅ​លោក សម រង្ស៊ី អា​ដាច់​សាច់ និង​ជា​ញយ​ដង​សូម្បីតែ​ឪពុក​លោក សម រង្ស៊ី ក៏​លោក ហ៊ុន សែន ហៅ​អា​ដែរ។ មិនតែប៉ុណ្ណោះ អ្នកណា​ក៏ដោយ ទោះ​មាន​វ័យ​ចំណាស់​ជាង​គាត់​ប៉ុនណា ក៏​គាត់​នៅតែ​ហៅ​អា​ដែរ ឲ្យ​តែ​គាត់​ខឹង និង​មិន​ពេញចិត្ត ព្រោះ​នេះ​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន។

ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​គណបក្សប្រឆាំង​ចំនួន ១១៨ នាក់​បានសម្រេច​រួចមក។ លោក ហ៊ុន សែន បាន​តាំងចិត្ត​ថា ឈប់​ជ្រលក់​មាត់​រក​មន្ត្រី​គណបក្ស​ប្រឆាំង​តទៅទៀត​ហើយ ព្រោះ​លោក​ចាត់ទុកថា ក្រុម​នេះ ជា​ក្រុម​ក្រៅច្បាប់ ឬ​ឧទ្ទាម​ជាដើម។ ប៉ុន្តែ លោក ហ៊ុន សែន ផ្អាក​បាន​តែ​មួយរយៈ​ខ្លី​ប៉ុណ្ណោះ​។ មិនយូរប៉ុន្មាន លោក​នៅតែ​ទ្រាំ​លែង​បាន និង​បន្ត​ប្រើ​ពាក្យ​ភាសា​អសុរោះ អាមឹង និង ពោរពេញ​ទៅ​ដោយ​កំហឹង និង​ហិង្សា បាន​ឮ​កងរំពង​តាម​វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា​មេដឹកនាំ មិន​គួរ​យក​វេទិកា ជួប​សិស្ស​-​និស្សិត​មក​ឈ្លោះ​គ្នា​រឿង​នយោបាយ​នោះ​ទេ។ ផ្ទុយទៅវិញ​លោក ហ៊ុន សែន គប្បី​យក​វេទិកា​បែបនេះ ដើម្បី​ផ្សព្វផ្សាយ និង បណ្ដុះ​គំនិត​អប់រំ និង​សីលធម៌ សុ​ជីវភាព​សង្គម៖ «វេទិកា​អ៊ីចឹងៗ មិន​សម​និយាយ​ពី​រឿង​នយោបាយ​អី​នេះ​ទេ ខ្ញុំ​ថា​គួរតែ​យក​វេទិកា​ហ្នឹង​ជួយ​អប់រំ​បន្ថែម ជួយ​ណែនាំ​បន្ថែម​ទៅដល់​យុវជន ដែល​បាន​រៀន​ចប់​បរិញ្ញាបត្រ​ក្តី អនុបណ្ឌិត​ក្តី ឬ​ថ្នាក់បណ្ឌិត​ក្ដី។ គួរ​ចែករំលែក​បទពិសោធន៍​របស់​មេដឹកនាំ ឬក៏​ផ្ដាំផ្ញើ និង​ឲ្យ​ដំបូន្មាន​ជាអាទិ៍ ឈរ​លើ​មូលដ្ឋាន​របស់​មេដឹកនាំ​រាប់​សិប​ឆ្នាំ​ហើយ»

គិត​មក​ត្រឹម​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី អស់​រយៈពេល​ជាង ៣៣​ឆ្នាំ​ហើយ។ ក្នុង​រយៈពេល​ជាង ៣៣​ឆ្នាំ​មក​នេះ លោក​បាន​បង្ហាញ​នូវ​ហិង្សា​ខ្លាំង ទៅលើ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​នឹង​លោក។ យុទ្ធសាស្ត្រ​បំបែកបំបាក់​បក្ស​ប្រឆាំង លោក​បាន​ធ្វើ​ជោគជ័យ។ សម្ដី​អសុរោះ និង​ទ្រគោះបោះបោក លាយឡំ​នឹង​ការប្រមាថ​របស់​លោក​ផង គឺ​លោក ហ៊ុន សែន មិនដែល​ចោល​ទេ បើ​ទោះ​បី​ជា​ប្រជាប្រិយ​របស់​លោក​ត្រូវ​បាន​ធ្លាក់​ចុះ យ៉ាង​ខ្លាំង ដូច​បង្ហាញ​ច្បាស់​នៅ​ក្នុង​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជា សារជាតិ ល្មោភអំណាច របស់តាចាស់ ហ៑ុន សែន !
. អោយតែអ្នកណា ហ៑ាននិយាយរឿងប៉ះពាល់ដល់អំណាចគាត់ ទោះជាអ្នកនៅក្នុងបក្ស ក៏គាត់ខឹងដែរ !
នេះមិនមែន ត្រឹមល្មោភអំណាចទេ គឺ ឆ្កួតអំណាចតែម្តង ល្បីពេញពិភពលោក !

Feb 13, 2018 12:14 PM

គេហទំព័រ​ទាំងមូល