ពលរដ្ឋ និង​អ្នក​វិភាគ​ផ្តើម​រម្លឹក​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ​ ជា​តួអង្គ​សំខាន់​នៃ​ការ​ផ្សះផ្សា​ជាតិ

ដោយ ហេង រស្មី
2019.10.15
King_Sihanouk_commemoration_1.jpg ពិធី​រម្លឹក​ខួប ៧ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះបរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៩។
រូប៖ រដ្ឋបាល​សាលារាជធានី​ភ្នំពេញ

ពលរដ្ឋ និង​អ្នកវិភាគ​នៅ​តែ​ចងចាំ និង​រម្លឹក​ពី​ស្នា​ព្រះហស្ថ​របស់​អង្គ​សម្តេច​ឪ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ថា ទ្រង់​ជា​អ្នក​នយោបាយ​លេច​ធ្លោ និង​អ្នក​ជា​តួអង្គ​សំខាន់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ខួប ៧ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះអង្គ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា​នេះ។

ពលរដ្ឋនិងអ្នកវិភាគយល់ឃើញស្រដៀងគ្នាថា ការបាត់បង់សម្តេចសីហនុជាការបាត់បង់តួអង្គ​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​ក្នុង​ការ​សម្រប​សម្រួល​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកវិភាគនយោបាយចាស់វស្សា​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ទុក​ពុក​មាត់ និង​ពុក​ចង្ការ​ដើម្បី​ទុក​ជា​អានុស្សាវីរីយ៍​រវាង​លោក និង​អង្គ​សម្តេច​ឪបាន​កត់​សម្គាល់​​ថា សម្តេចព្រះនរោត្តម សីហនុ មាន​ចំណេះ​ដឹង​ជ្រៅជ្រះអំពីកិច្ចការនយោបាយ​ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ ហើយ​ព្រះអង្គ​ក៏​ជា​តួអង្គ​សម្រប​សម្រួល​នយោបាយ​​យ៉ាង​សំខាន់​ផង​ដែរ៖ «លោក​ចេះ​ដឹង​យល់​នយោបាយ​ក្នុង​ប្រទេសក្រៅ​ប្រទេស​ច្បាស់លាស់​ណាស់ ហើយ​បាន​អនុវត្ត​ការ​គ្រប់គ្រង​រដ្ឋ គឺ​មាន​បទ​ពិសោធន៍ គឺ​មាន​បទពិសោធន៍ច្រើន​ណាស់​ដែល​អ្នក​ផ្សេង​ទៀត​គួរ​តែ​រៀន​សូត្រ​ពី​ព្រះអង្គ»

លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការ​អូស​បន្លាយ​វិបត្ត​នយោបាយ​នៅ​កម្ពុជា​ច្រើន​ឆ្នាំមក​នេះ ព្រោះ​កម្ពុជា​បាត់​បង់​តួអង្គ​សម្របសម្រួល​ដ៏​សំខាន់ គឺ​សម្តេច សីហនុ។ លោក​ស្នើ​ទៅ​អ្នក​នយោបាយ​ទាំង​ពីរ​ភាគី​គួរ​វិល​រក​ការ​ចរចា​ឡើង​វិញ ដោយ​មាន​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ជា​អ្នក​ផ្សះផ្សា៖ «ខ្ញុំ​បានប​ង្ហោះ​ជា​សាធារណៈ និយាយ​ជា​សាធារណៈ និង​និយាយ​ធ្វើ​អន្តរាគមន៍​ជា​ប្រយោល​ទេ​សុំ​ឲ្យ​ព្រះករុណា​ដើរ​តួនាទី​ជា​អ្នក​ផ្សះផ្សា​ជាតិ​ទៅ អ្នក​នយោបាយ​ថ្នាក់​ដឹក​នាំ​ទាំង​អស់​គូ​បដិបក្ស​បំពេញ​ករណី​កិច្ច​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ថា អនុវត្ត​គោល​នយោបាយ​បង្រួបបង្រួម​ជាតិ»

ពលរដ្ឋម្នាក់នៅខេត្តព្រៃវែង លោក ថន សុភាព យល់ថា បើសម្តេចព្រះ នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម ទ្រង់​នឹង​ផ្សះផ្សា​ជម្លោះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កន្លង​មក​ព្រះអង្គ​បាន​ចេញ​ព្រះភក្ត្រ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​កើត​ឡើង​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​ហ្វ៊ុនស៊ិន​ប៉ិច។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​ឈប់​ចោទ​ប្រកាន់​គ្នា​ថា ក្បត់​ជាតិ​ត​ទៅ​ទៀត៖ «ពោះ​ខ្ញុំ​ផ្ទាល់​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ចង់​ឲ្យ​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​ចូលរួម​ផ្សះផ្សា​រវាង​គណបក្ស​ធំៗ ទាំង​ពីរ​កុំ​ឲ្យ​មាន​ការ​រើសអើង ឬ​ចោទ​គ្នា​ក្បត់​ជាតិ ព្រោះ​អី​សុទ្ធតែ​ខ្មែរ​ដូច​គ្នា​ទេ»

ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ​បាន​សោយទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម ៩០ព្រះវស្សា។ នៅ​ក្នុង​ប្រតិទិន​ឈប់​សម្រាក​របស់​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី១៥ ខែ​តុលា ជា​ថ្ងៃឈប់​សម្រាក​ក្នុង​ពិធី​គម្រប់​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះបរម​រតនកោដ្ឋ។

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ លោក អ៊ឹម បុរិន្ទ ប្រាប់​អាស៊ី​សេរី​ថា ពិធី​គម្រប់​ខួប ៧ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះបរម​រតនកោដ្ឋ ប្រារព្ធ​ដូច​ឆ្នាំ​មុនៗ ដែរ គឺ​មាន​ទាំង​ពិធី​សាសនា និង​ការ​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះបរម​រូប ដែល​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ។

ប៉ុន្មាន​ថ្ងៃមក​នេះ ហ្វេសប៊ុកផេកមួយ​ឈ្មោះ រ៉ូយ៉ាល់ ឌុយ កាំបូដ (Royal du Cambodge) បាន​ម្លឹក​ពី​ស្នា​ព្រះហស្ថ និង​ស្ថាន​ភាព​ព្រះ​រាជ​អាការ​របស់​ព្រះ​បរម​រតនកោដ្ឋ​មុន​ពេល​ព្រះអង្គ​យាង​ចូល​ទិវង្គត កាល​ពី​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ប្រទេស​ចិន។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់​មិន​សព្វ​ព្រះទ័យ​ទាល់​តែ​សោះ ចំពោះ​ការ​មាន​ព្រះរាជ​ឱង្ការ (និយាយ) តាម​ទូរស័ព្ទ​ជា​មួយ​នរណា​ម្នាក់ ក៏​ប៉ុន្តែ​ទ្រង់​បែរ​ជា​មាន​ព្រះរាជ​ឱង្ការ​​ដោយ​ស្នាម​ញញឹម​ជាមួយ​ព្រះរាជបុត្រ គឺ​បរមនាថ នរោត្តម សីហមុនី ដែល​ជា​ការ​ផ្តែផ្តាំ​ចុង​ក្រោយ​ប៉ុន្មាន​ម៉ោង​មុន​ទ្រង់​សោយ​ព្រះទិវង្គត។

ស្នា​ព្រះហស្ថ​សំខាន់ៗ របស់​ព្រះ នរោត្ដម សីហនុ ដែល​ចារ​ទុក​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង ទាមទារ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ព្រះអង្គ​ដឹក​នាំ​ប្រទេស និង​បង្កើត​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀងសន្តិភាពក្រុង​ប៉ារីស ២៣ តុលា​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​នៅ​កម្ពុជា​ជា​ដើម ប៉ុន្តែ​ព្រះអង្គ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​របប​វាល​ពិឃាត​នោះ​ផង​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។