អ្នក​វិភាគ​និយាយ​ថា ​របប​ក្រុង​ភ្នំពេញ​បរាជ័យ​ក្នុង​ការ​អូស​ទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

ដោយ ហេង រស្មី
2019-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​វិភាគ​នយោបាយ​បាន​ចំអក​ដល់​របប​ក្រុង​ភ្នំពេញ​ថា​ បាន​បរាជ័យ​ក្នុង​ការ​អូសទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​របស់​ខ្លួន​ តាមរយៈ​ កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង​ ដើម្បី​បើក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើង​វិញ​នោះ។

រហូតមកដល់​ពេល​នេះ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តិចតួច​ប៉ុណ្ណោះ​ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ដែល​តុលាការ​កំពូល​ហាមឃាត់​មិន​អោយ​ធ្វើ​នយោបាយ​នោះ។

អ្នក​វិភាគ​នយោបាយ​ និង​សង្គម មើល​ឃើញ​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ធំធេង លើ​នយោបាយ​អូស​ទាញ​មន្ត្រី​បក្ស​ប្រឆាំង និង​បំបែក​បំបាក់​បក្ស​នេះ​ឲ្យ​ខ្ទេចខ្ទី​ដូច​បំណង​​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រឹងមាំ។

លោក​ បណ្ឌិត​ មាស នី​ មានប្រសាសន៍ កាល​ពី​ថ្ងៃ​ទី២១​ មេសា​ថា  ភាព​រឹង​មាំ​នេះ​ បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​កន្លង​មកនេះ​កំពុង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សមរភូមិ​នយោបាយ​របស់​ខ្លួន​ក្នុង​គោល​បំណង​​កម្ទេចគណបក្ស​ប្រឆាំង​តាម​រូបភាព អូសទាញ​ផង​ និង​គំរាម​ផង៖ «មិន​បាន​ទទួល​ជោគជ័យ​ខ្ញុំ​មិនថា​បរាជ័យ​ទេ គឺ​មិន​បាន​ជោគជ័យ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​អូសទាញ​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​បែក​បាក់​គ្នា​បាន​ន័យ​ថា​នៅ​ថ្នាក់​មូលដ្ឋាន​ក៏​មាំ​​ ហើយ​នៅ​ថ្នាក់​ជាតិ​ក៏​មាំ។ អា​ហ្នឹង​ហើយ​ដែល​គណបក្ស​កាន់​អំណាច​មាន​ការ​ពិបាក​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។​

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន​ បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​គំរាម​ផង សម្លុត​បំភិតបំភ័យ​ផង​ និង​ទិញ​ទឹក​ចិត្ត​ផង ដល់​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១៨នាក់ ដែល​តុលាការ​កំពូល​ដក​សិទ្ធិ​មិន​ឱ្យ​ធ្វើ​នយោបាយ។​

លោក​ ហ៊ុន សែន​ បាន​និយាយ​ថា​ លោក​ទុក​ឱ្យ​រយៈ​ពេល​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ការ​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ តែ​រហូត​មក​ដល់​ពេល​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ទើប​នឹង​កន្លង​ផុត​ហើយ​ មិន​មាន​អ្នក​នយោបាយ​ណា​ផ្សេង​ទៀត​បន្ត​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​ការ​អូសទាញ​ពី​របប​ក្រុង​ភ្នំពេញ​នោះ​ទេ។​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​លោក អេង ឆៃអ៊ាង​ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ពេល​នេះ​កាន់​តែ​រឹង​មាំ។ លោក​បញ្ជាក់​ទៀត​ថា ទាំង​សកម្មជន​គណបក្ស​ ថ្នាក់ដឹកនាំ​គណបក្ស ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ​មិន​ឱ្យ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​ក៏​ដោយ​ ប៉ុន្តែ​សកម្មជន​និង​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​នៅ​តែ​តស៊ូ​ ដោយ​មិន​បោះបង់​ចោល​គណបក្ស​នោះ​ឡើយ ​ដូច​ជា​កាល​ពី​ចុង​សប្ដាហ៍​នេះ​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បង្ហាញ​យ៉ាង​ច្បាស់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នូវ​តែ​រឹងមាំ​ដូច​មុន​ដដែល៖ «បាទ​លោក​ហ៊ុន សែន​បរាជ័យ​យុទ្ធសាស្ត្រ​ដើម្បី​ប៉ុនប៉ង​ព្យាយាម​អូសទាញ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​គឺ​បរាជ័យ​ធំ​មែនទែន។ ដូច្នេះ​បាន​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​មាន​ជំហរ​រឹងមាំ​ស្មោះត្រង់​ជាមួយ​ហ្នឹង​ប្រជាពលរដ្ឋ​ស្មោះត្រង់​ជាមួយ​ឧត្ដម​គតិ​ និង​មនសិការ​របស់​ខ្លួន។ អ៊ីចឹង​អ្វី​ដែល​សំខាន់​គឺ​លោក ហ៊ុន សែន បរាជ័យ​ធំ»

រហូត​មក​ទល់​ថ្ងៃ​ទី២១ មេសា មាន​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៩នាក់ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​ក្រុម​គាំទ្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត នៅ​តែ​ប្រកាស​ប្រកាន់​ជំហរ​រង់ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ថ្លែង​ថា ជំហរ​របស់​គណបក្ស​កាន់​អំណាច​មិន​មាន​គោល​នយោបាយ​អូសទាញ​ទៅ​លើ​សកម្មជន​មក​ពី​គណបក្ស​នយោបាយ​ណា​ទេ។ លោក​បញ្ជាក់​ថា​ទោះបី​ជា​មាន​ការ​ចូល​ធ្វើ​នយោបាយ ឬ​មិន​ចូល​គណបក្ស​គ្រប់គ្រង​អំណាច​នៅ​តែ​រឹងមាំ។ លោក​បញ្ជាក់​ថា​ បុគ្គល​ម្នាក់ៗ មាន​សិទ្ធិ​ធ្វើ​នយោបាយ​គ្មាន​អ្នក​ណា​មក​បង្ខិតបង្ខំ​ទេ៖ «ពីព្រោះ​យើង​បើក​សិទ្ធិ​សេរីភាព​ទៅតាម​គោល​ការណ៍​ច្បាប់​ហើយ​បើ​អ្នក​ណា​ចង់​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ។ អ្នក​ហ្នឹង​បំពេញ​បែប​បទ​ទៅតាម​គោល​ការណ៍​ច្បាប់​នឹង​នីតិវិធី​ដែល​ក្រសួង​មហាផ្ទៃ​បាន​កំណត់​ទៅ​បើ​គេ​មិន​ចង់​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ទេ គឺ​ស្រេច​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជា​អ្នក​សិទ្ធិ​សម្រេច​តើ»

ក្នុង​ចំណោម​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៩រូប​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាម​ការ​អូស​ទាញ​ពី​របប​ក្រុង​ភ្នំពេញ​ក្នុង​នោះ​មាន​អ្នកតំណាងរាស្ត្រ​​ទាំង​៥​នាក់​ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា និង​លោក កង គឹមហាក់ លោក​ រៀល ខេមរិន្ទ និង​ លោក​ គង់ បូរ៉ា និង លោក​ គង់ គាំ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

លោក​​ហ៊ុន សែន បាន​ព្រមាន​ទៅ​កាន់​ក្រុម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា នឹង​បិទ​ទ្វារ​លែង​ទទួល​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​មុន ឬ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​តែ​ការ​ព្រមាន​នេះ​មិនបាន​ជះ​ឥទ្ធិពល​ដល់​គណបក្ស​ សង្គ្រោះ​ជាតិ ទេ។​

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​រឹងមាំ ហើយ​នឹង​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នា​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល