អ្នកវិភាគ​ស្នើ​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ការ​ចំណាយ​ថវិកា ដើម្បី​បញ្ជាក់​ពី​តម្លាភាព​នៃ​ការ​ដឹក​នាំ

ដោយ ទីន ហ្សាការ៉ាយ៉ា
2018-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ អ្នកវិភាគ និង​អ្នកសិក្សាសង្គម
លោក គឹម សុខ អ្នកវិភាគ និង​អ្នកសិក្សាសង្គម
រូប៖ ហ្វេសប៊ុក Kim Sok

អ្នកវិភាគលើកស្នើឲ្យ​លោក ហ៊ុន សែន បង្ហាញ​ខ្ទង់​ចំណាយ ក្រោម​រូបភាព​មនុស្ស​ធម៌​ផ្សេងៗ។ ពួក​គេ​ចាត់​ទុក​ថា ការ​ចំណាយ​ថវិកា​នេះ គ្មាន​ឆ្លង​កាត់​សភា​អនុម័ត និង​គ្មាន​តម្លាភាព​ឡើយ។

ការ​លើកឡើងរបស់អ្នកវិភាគនេះ ធ្វើ​ឡើង​ស្រប​ពេល​លោក ហ៊ុន សែន បាន​ចំណាយ​ថវិកា​លើ​ការ​សាងសង់​សាលារៀន ការ​សង់​វិមាន​ឈ្នះ​ឈ្នះ និង​ការ​ទ្រង់ទ្រង់​ជីវភាព​បុគ្គលិក​ទូរទស្សន៍ CNC និង​បាយ័ន​ជា​ដើម។

លោក ទីន ហ្សាការីយ៉ា រាយការណ៍ព័ត៌មាន៖

អ្នកវិភាគនយោបាយ លោក គឹម សុខ​ អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​លើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក ក្នុង​ការ​ចាយ​វាយ​ថវិកា​ក្រោម​រូបភាព​មនុស្សធម៌ ដែល​មិន​បាន​បង្ហាញ​ពី​ប្រភព​ចំណូល​ច្បាស់​លាស់ ជាពិសេស​ករណី​ការ​ជះ​លុយ​ទៅ​លើ​អ្នក​សារព័ត៌មាន​គាំទ្រ​បក្ស​កាន់​អំណាច។

លោក គឹម សុខ ឲ្យដឹងនៅថ្ងៃទី២៧ធ្នូថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​ថវិកា​ជា​ច្រើន ផ្ទាល់​ខ្លួន​ផង និង​ករណី​នយោបាយ​ទាក់ទាញ​ការ​គាំទ្រ ក្រោម​រួប​ភាព​មនុស្ស​ធម៌​ផង ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​លោក មិន​បាន​លាត​ត្រដាង​ពី​ប្រភព​ចំណូល​ថវិកា ដែល​លោក​បាន​ចាយ​វាយ​លើ​ករណី​ជា​ច្រើន​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ប្រភព​ថវិកា​ឡើយ។ លោក​បញ្ជាក់​ថា ករណី​ទាំង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ស៊ើប​អង្កេត ព្រោះ​ថា នៅ​ក្នុង​របប​លោក ហ៊ុន សែន ត្រូវ​គេ​ចាត់​ទុក​ថា ជា​របប​មួយ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ៖ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើ​លោក ហ៊ុន សែន និង​បង្ក​សំណុំ​រឿង​ទៅ​តុលាការ ព្រោះ​អំពើ​ពុក​រលួយ​ជា​បទ​ឧក្រិដ្ឋ ហើយ​ការ​ចំណាយ​ទាំង​ឡាយ​របស់​លោក ហ៊ុន សែន ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ករណី​នេះ ជា​ករណី​ពុក​រលួយ​ធ្ងន់ធ្ងរ»

អាស៊ីសេរី​មិន​អាច​ទាក់ទង លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ធ្នូ។

អ្នកនំាពាក្យគណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី២៧ ធ្នូ​ថា ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី ត្រូវ​មាន​តួនាទី​ដឹក​នាំ និង​គ្រប់គ្រង​លើ​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម ត្រូវ​ដឹង​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ និង​នៅ​គ្រប់​មជ្ឈដ្ឋាន។ លោក សុខ ឥសាន អះអាង​ថា ដើម្បី​បម្រើ និង​បំពេញ​សំណូមពរ​នេះ លោក ហ៊ុន សែន ត្រូវ​តែ​មាន​ថវិកា​មួយ​ចំនួន​ជា​ចាំបាច់​សម្រាប់​សេចក្ដី​ត្រូវ​ការ ដើម្បី​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ។

ទោះបីជាយ៉ាង​នេះ​ក្ដី លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន ប្រើប្រាស់​ថវិកា​នេះ គ្មាន​ឆ្លង​កាត់​សភា​អនុម័ត​ឡើយ ការ​ចំណាយ​ថវិកា​លើ​ក្រុម​អង្គរក្ស និង​កម្លាំង​ផ្ទាល់​ខ្លួន​របស់​លោក ការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ ការ​ចំណាយ​លើ​ការ​ផ្ដល់​ថវិកា​ជូន​កម្មករ​ក្រោម​រូបភាព​មនុស្សធម៌ និង​ករណី​ជា​ច្រើន​ទៀត​ជា​ដើម។ លោក​បន្ថែម​ថា បើ​សិន​ជា​លោក ហ៊ុន សែន ពិត​ជា​មាន​ចិត្ត​មនុស្ស​ធម៌​មែន​នោះ លោក​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​ប្រជា​ពលរដ្ឋ កម្មករ និង​ប្រទេស​ជាតិ៖ «គាត់​យក​លុយ​ទៅ​ចាយ ចែក​កម្មករ ជា​របៀប​កេង​បន្លំ​នយោបាយ បើ​សិន​ជា​គាត់​គិតគូរ​ដល់​កម្មករ គាត់​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សង្គម​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ការ​ចំណាយ​ផ្សេង​ទៀត ដូច​ជា ការ​ចំណាយ​លើ​កម្លាំង និង​ការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ ជា​ចេតិយ​តម្កល់​ខ្មោច​ក្នុង​របប​របស់​លោក ហ៊ុន សែន។ ដូច្នេះ ចំណាយ​ទាំង​នេះ ត្រូវ​តែ​មាន​តម្លាភាព»

នៅក្នុងសារបែកធ្លាយ​របស់​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ នេះ ដែល​លោក​ខឹង​សម្បារ​នឹង​អគ្គនាយក​ទូរទស្សន៍ CNC នោះ លោក​អះអាង​ថា បុគ្គលិក​ទូរទស្សន៍ CNC និង​ទូរទស្សន៍​បាយ័ន​មួយ​ចំនួន លោក និង​ភរិយា​លោក ជា​អ្នក​ឧបត្ថម្ភ​ថវិកា៖ «CNC ខ្ញុំ​ធ្វើ​ការ​ជាប់​ជាមួយ គិត ម៉េង ជា​បន្ត​បន្ទាប់​មក ហើយ​បុគ្គលិក​ទាំង​អស់ គឺ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ គឺ​បុគ្គលិក​មួយ​ចំនួន​ណា​នោះ គឺ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ»

អ្នកវិភាគ​លើក​ឡើង​ថា អ្នក​ដែល​មាន​ឱកាស​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ គឺ​ក្រុម​គ្រួសារ​បក្ស​ពួក​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​របប​របស់​លោក។ ហើយ​អំពើ​ពុក​រលួយ​បាន​ចាក់​ស្រេះ​នៅ​ក្នុង​របប​នេះ រីឯ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​បំពេញ​តួនាទី​ឲ្យ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​លើ​មន្ត្រី​ទាំង​នេះ រួម​ទាំង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល