អ្នកវិភាគ​ព្រមាន​ពី​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ដោយសារ​បោះឆ្នោត​ចម្រូងចម្រាស

អាស៊ីសេរី
2018.07.30
បណ្ឌិត មាស នី ៦២២ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នកវិភាគ​នយោបាយ និង​សេដ្ឋកិច្ច បាន​ព្រមាន​អំពី​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​សកម្មភាព​អាជីវកម្ម និង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ រង​ឥទ្ធិពល​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ទាំង​ចម្រូងចម្រាស។ បញ្ហា​ទាំងនោះ​កើតឡើង​ដោយសារតែ គណបក្ស​កាន់អំណាច បាន​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ទៅលើ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ។

ស្ថាប័ន​ស្រាវជ្រាវ​មួយ​ចំនួន បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨ ថា អាច​នឹង​មាន​កំណើន​ទាប​ជាង ៧% ដោយសារតែ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដែល​ជួយ​ជ្រោមជ្រែង​កំណើន​សេដ្ឋកិច្ច​មាន ដូចជា​កាត់ដេរ សំណង់ កសិកម្ម​ជាដើម ហាក់​ដូច​ជា​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ភាព​មិន​ច្បាស់លាស់​ខាង​ផ្នែក​នយោបាយ។ បច្ចុប្បន្ន​គណបក្ស​កាន់អំណាច កំពុង​រៀបចំ​ការបោះឆ្នោត​ទាំង​ចម្រូងចម្រាស ខណៈ​បក្ស​បក្ស​ប្រឆាំង ស្រែក​តវ៉ា​ប្រឆាំង​ការបោះឆ្នោត​នៅ​ក្រៅ​ប្រទេស​យ៉ាង​កក្រើក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​តាម​វិស័យ​ដែល​ចូលរួម​ក្នុង​កំណើន​សេដ្ឋកិច្ច ភ័យខ្លាច​ចំពោះ​ស្ថានភាព​នយោបាយ​ដែល​កើតមាន​ជម្លោះ​ណាមួយ​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា វិស័យ​កាត់ដេរ​ពី​ឆ្នាំ​២០១៦ មកដល់​បច្ចុប្បន្ន​នេះ នៅតែ​រក្សា​កំណើន​នាំ​ចេញ​ធម្មតា ពោល​គឺ​៦​ខែ​ដើម​ឆ្នាំ នេះ វិស័យ​កាត់ដេរ​នាំចេញ​ចំនួន​ជាង​៤​ពាន់​លាន​ដុល្លារ ។ លោក​ព្យាករណ៍​ថា ប្រសិនបើ​បញ្ហា​នយោបាយ​មិន​ប៉ះពាល់​ទេ គឺ​ការនាំចេញ​អាច​ឈាន​ដល់​ជិត ៨​ពាន់​លាន​ដុល្លារ។ ទោះ​យ៉ាង​ណា​ក្តី លោក​ឲ្យ​ដឹង​ដែរ​ថា តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​អ្វី​ដែល​លោក​បាន​ដឹង​គឺ​មាន​រោងចក្រ​ប្រមាណ​១០ បាន​បិទ​ទ្វា​មួយរយៈ​ចុងក្រោយ​នេះ ក្រោម​ហេតុផល​ផ្សេងៗ​ដូចជា​រុះរើ​រោងចក្រ​ពី​រាជធានី ទៅ​ខេត្ត ក្រុមហ៊ុន​មានគំនិត​ទុច្ចរិត​មិន​ចង់​បង់​អតីតភាព​ការងារ ខ្លះ​ទៀត​ថៅកែ​ចាញ់​ល្បែង និង​មាន​កត្តា​នយោបាយ​រួម​ផ្សំ​ដែរ។ «»

ទន្ទឹម​គ្នា​នេះ លោក អាត់ ធន់ ព្រមាន​ដែរ​ថា អ្វី​ដែល​កាន់តែ​ព្រួយបារម្ភ​ធំ​នោះ គឺ​ប្រសិនបើ​សហភាព អឺរ៉ុប ឈាន​ដំណាក់កាល​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ កាត់ដេរ ដែល​បាន​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​កម្មករ​ជាង ៨​សែន​នាក់ នៅ​ទូទាំង​ប្រទេស។ «»

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា តែងតែ​ទទួលស្គាល់​ថា វិស័យ​ដែល​រង​ឥទ្ធិពល​អាក្រក់​ពី​អស្ថិរភាព​នយោបាយ គឺ​វិស័យ​កាត់ដេរ។ ការ​ប៉ះពាល់​ដល់​វិស័យ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​បាត់បង់​ប្រាក់​ចំណូល ដោយសារតែ​វិស័យ​កាត់ដេរ​អាច​រក​បាន​ទំហំ​ទឹកប្រាក់​ច្រើនជាង​វិស័យ​ផ្សេងទៀត។ ការ​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ​មាន​រយៈពេល​យូរ នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាត់បង់​ទំនុក​ចិត្ត​ដាក់​ទុន​បន្ថែម។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC) លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា អ្វី​ដែល​គេ​បារម្ភ​បំផុត​នោះ គឺ​ការបាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល។ លោក​បន្ថែម​ថា ដំណាក់កាល​នេះ គឺ អ្នក​វិនិយោគ​ភាគច្រើន កំពុង​ពិចារណា​ចាំ​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​សិន​ថា តើ​បោះឆ្នោត ហើយ​នឹង​មាន​បញ្ហា​នយោបាយ​អ្វី​កើតឡើង​ទៀត។ «»

បន្ថែម​លើ​បញ្ហា​នេះ លោក ង៉ែត ជូ កត់សម្គាល់​ឃើញ​ថា ការ​វិនិយោគ​ថ្មីៗ មិន​ទាន់​កើតឡើង នោះ​ទេ ក្នុង​ដំណាក់​កាល​នេះ។ លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ ក្រៅពី​វិស័យ​កាត់ដេរ​នោះ វិស័យ​សំណង់ អចលនទ្រព្យ ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​បណ្ដើរ​ពី​អស្ថិរភាព​នយោបាយ​នេះ​ដែរ។ «»

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​គេ​ចាត់ទុកថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ សហរដ្ឋ អាមេរិក និង​សហភាព​អឺរ៉ុប ដែល​មាន​អំណាច​សេដ្ឋកិច្ច​លើ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​របប​លោក ហ៊ុន សែន។ ចំពោះ​សហភាព​អឺរ៉ុប បាន​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA, Everything But Arms) ពី​កម្ពុជា ប្រសិនបើ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដទៃ​ទៀត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ នៅតែ​ទទួល​បរាជ័យ​ហើយ រាល់​កង្វល់​ទាំងអស់​ដែល​សហភាព​អឺរ៉ុប​ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​កន្លងទៅ នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​នោះ។ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី Cecilia Malmstrom ថ្លែង​សង្កត់ធ្ងន់​ថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោត​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន រួមមាន យុត្តិធម៌​សង្គម ការ​គោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារ​ជាដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​បាន​បញ្ជូន​អ្នក​ស្វែងរក​ការពិត ស្ដីពី​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ បច្ចុប្បន្ន​អ្នក​ស្វែងរក​ការពិត​អឺរ៉ុប​កំពុង​ធ្វើ​របាយការណ៍​លំអិត ជុំវិញ​បញ្ហា​នេះ ហើយ​ប្រសិនបើ​រក​ឃើញ​ថា កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស​ស្របតាម​គោលការណ៍ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ នោះ​សហគមន៍​អឺរ៉ុប​នឹង​មាន​វិធានការណ៍​ចំពោះ​កម្ពុជា។

រីឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន ដើរ​ទៅ​រក​ផ្លូវ​មួយ​ដែល​មាន​ភាព​ប្រក្រតី​វិញ​នោះ គឺ​កម្ពុជា​នឹង​មាន​ឱកាស​ល្អ ប្រៀប​ដូច​ធ្វើ​ដំណើរ​ចុះ​ភ្នំ ប៉ុន្តែ​បើ​រដ្ឋាភិបាល​នៅតែ​ប្រកាន់​ជំហរ​ដើរ​លើ​ផ្លូវ​រាល់ថ្ងៃ​នេះ គឺ​រដ្ឋាភិបាល​នឹង​ត្រូវ​ជួប​បញ្ហា លំបាក​ជាច្រើន​ប្រៀប​ដូច​អូស​រទេះ​ឡើង​ភ្នំ។ «»

លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ដែរ​ថា ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ គឺ​កំពុង​ចាប់​ផ្ដើម​ជះ ឥទ្ធិពល​អាក្រក់​បណ្ដើរ​ដល់​ការ​លក់ដូរ ឬ​អ្នក​ប្រកប​របរ​តូចតាច។ លោក​បន្ត​ប្រសិនបើ​ជម្លោះ​នយោបាយ​បន្ត​អូស​បន្លាយ​នោះ គឺ​វិស័យ​សេដ្ឋកិច្ច​ជាតិ​ធំៗ នឹង​ទទួល​ឥទ្ធិពល​អាក្រក់​កាន់តែ​ខ្លាំង។ «»

ទោះជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​បញ្ហា​សង្គម និង​អ្នកសេដ្ឋកិច្ច អះអាង​ស្រដៀង​គ្នា​ថា និន្នាការ​នយោបាយ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​នៅ​ក្នុង​ឆ្នាំ​២០១៨។ ការ​ថយ​ចុះ​នេះ ដោយសារ​សកម្មភាព​អាជីវកម្ម និង​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​រង​ឥទ្ធិពល​ពី​ភាព​មិន​ប្រាកដប្រជា​ដែល​អាច​កើតមានឡើង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។​ទំហំ​នៃ​ការ​ថយ​ចុះ កំណើន​សេដ្ឋកិច្ច គឺ​អាស្រ័យ​លើ​រយៈពេល​នៃ​ការ​ជាប់​គាំង​នយោបាយ ដែល​របប​លោក​ហ៊ុន សែន អាច​ប្ដូរ​ជំហរ​ដោះស្រាយ​ទៅ​រក​ភាព​ប្រក្រតី​វិញ និង​អាស្រ័យ​ទៅ​លើ​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប​ដែល​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​រដ្ឋាភិបាល ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត ហើយ​ថា​ពួកគេ ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ដែរ​ឬ​យ៉ាងណា?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។