អ្នកវិភាគ​មើល​ឃើញ​ផ្ទុយ​ពី​របប​លោក ហ៊ុន សែន ដែល​ថា​ពលរដ្ឋ​ទទួល​យក​ការ​រម្លាយ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2018.03.15
ឡៅ ម៉ុងហៃ មាស នី ៦២២ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ មើល​ឃើញ​ផ្ទុយ​ពី​ការ​អះអាង​របស់​ក្រសួងការបរទេស ដែល​ថា​ពលរដ្ឋ​ខ្មែរ​យល់ និង ទទួល​យក​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ពួកគាត់​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​មិន​ពេញចិត្ត ទៅលើ​ចំណាត់ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង មិន​ថមថយ​នោះ​ទេ គ្រាន់តែ​ប្រជាពលរដ្ឋ​រង​ការ​គាបសង្កត់ ទើប​ពួកគាត់​សុខចិត្ត​សម្ងំ​ស្ងៀម​សិន ប៉ុណ្ណោះ។

អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់ឃើញ​ថា ភាព​ស្ងៀមស្ងាត់​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ មិនមែន​មានន័យថា ពួកគាត់​យល់ និង​ទទួលយក​នូវ​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ដែល​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សំឡេង​ប្រឆាំង​នោះ​ទេ។ ផ្ទុយទៅវិញ ការ​មិន​តបត​នៅ​ពេល​នេះ គឺ​ដោយសារតែ​ការ​គំរាម​កំហែង ពី​ចំណាត់​ការ​ក្តៅ មក​លើ​គណបក្ស​សង្គ្រោះជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល។

លោក​បណ្ឌិត មាស នី បន្ត​ថា វិធានការ​ក្តៅៗ​ជាច្រើន ដែល​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ មាន​ជាអាទិ៍ ការប្រកាស​តាមដាន​រក​ក្រុម​អ្នកធ្វើ​បដិវត្តន៍​ពណ៌ ការ​បញ្ចេញ​សៀវភៅ​អំពី​បដិវត្តន៍​ពណ៌ និង​ការ​តាម​ឃ្លាំមើល​សកម្មភាព​ពលរដ្ឋ​គ្រប់​ច្រកល្ហក នៅ​តាម​មូលដ្ឋាន តាំងពី​តាម​ថ្នាក់​ភូមិ ដើម្បី​បង្ក្រាប​ការ​កកើត​ឡើងវិញ នៃ​ចលនា​សង្គ្រោះជាតិ ជាដើម។ លោក​បណ្ឌិត មាស នី ប្រៀបប្រដូច​ស្ថានការណ៍​មិន​ពុះកញ្ជ្រោល តវ៉ា​បែបនេះ ទៅ​នឹង​ស្ថានភាព​ទឹក ដែល​មាន​សភាព​នឹង​នៅ​ផ្ទៃ​ខាងលើ ប៉ុន្តែ កំពុងតែ​រលក​រញ្ជួយ​នៅ​ផ្ទៃ​បាត​ខាងក្រោម៖ «គាត់​សុខចិត្ត​ស្ងាត់ស្ងៀម ក៏ប៉ុន្តែ​វា​នៅតែ​មានការ​ខ្សឹបខ្សៀវ​គ្នា​ចុះឡើង​ជា​ធម្មតា។ បើ​យើង​មើល​ពី​ការ​ព្យាយាម​ស្ដាប់​ប៉ុស្តិ៍វិទ្យ​ផ្សេងៗ ដូចជា​ការទាក់ទង​គ្នា ដើម្បី​រក​ប៉ុស្តិ៍​វិទ្យុណា គាត់​ស្ដាប់​បាន​។ ឥឡូវនេះ គាត់​រក​ស្ដាប់​ប៉ុស្តិ៍ AM ឡើងវិញ។ សម្រាប់​ពលរដ្ឋ​ទូទៅ ខ្ញុំ​មើល​ទៅ សម្រាប់​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ ការ​គាំទ្រ​នៅ​ខាងក្រោយ នៅ​ថ្នាក់​មូលដ្ឋាន ដូចជា​មិនទាន់​ថមថយ​ទៅ​ណា ដូចជា​នៅ​មាន​ការ​ប្ដេជ្ញា​ចិត្ត នៅ​ក្នុង​ការ​រង់ចាំ​មើល ថា​តើ​ស្ថានការណ៍​នយោបាយ នឹង​វិវត្ត​ទៅជា​យ៉ាង​ណា ហើយ​តើ​សង្គ្រោះ​ជាតិ​នឹង​អាច​វិល​មកវិញ​ដោយ​របៀប​ណា»

ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃទី១៥ ខែមីនា​នេះ ពោល​គឺ​មួយថ្ងៃ​ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន ជួបពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត។ លោក ប្រាក់ សុខុន អះអាង​ថា សភាពការណ៍​ស្ងប់ស្ងាត់​ល្អ​នៅ​កម្ពុជា បន្ទាប់ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ប្រជាជន​កម្ពុជា​យល់ និង​ទទួលយក​នូវ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កន្លងមក។ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​បន្ថែម​ពណ៌ ទៅលើ​របាយការណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដោយ​អះអាង​ថា អ្នករាយការណ៍​ពិសេស​រូប​នេះ បញ្ជាក់​ថា កម្ពុជា​រីកចម្រើន​ជាច្រើន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស។

ប៉ុន្តែ របាយការណ៍ និង​ជំហរ​របស់​អ្នកស្រី រ៉ូណា ស្មី​ត ដែល​បញ្ជាក់​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ក្រោយ​ការ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ថ្ងៃ របស់​អ្នកស្រី អ្នកស្រី​បាន រក​ឃើញ​នៅ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​រីក​រាលដាល​ខ្លាំង​ជាង​មុន ជាពិសេស​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ធ្វើបាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី និង រឹតត្បិត​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។ អ្នកស្រី រ៉ូណា ស្មីត ថែមទាំង​ព្រមាន​របប​លោក ហ៊ុន សែន ថា​ឥឡូវនេះ​កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវបំបែក​ដ៏​សំខាន់​មួយ ដែល​គ្រោះថ្នាក់ និង​ទាមទារ​ឲ្យ​កម្ពុជា ត្រូវតែ​ងាក​មក​រក​គន្លង នៃ​មាគ៌ា​ត្រឹមត្រូវ នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ប្រសិនបើ​របប​លោក ហ៊ុន សែន អះអាង​ថា ពិតជា​ចង់​ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព មែន​នោះ។

អ្នកស្រី រ៉ូណា ស្មីត ព្រមាន​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​បែបនេះ ចៀស​មិន​ផុត ពី​គំរាមកំហែង​ដល់​ស្ថិរភាព​សង្គម ដែល​រដ្ឋាភិបាល និង ពលរដ្ឋ​ខ្មែរ ខិតខំ​ពុះពារ​សាង​វា​យូរ​មក​ហើយ។ សន្តិភាព ត្រូវ​តែ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​អ្នកនយោបាយ​ខ្មែរ ត្រូវតែ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ឡើង​កម្ដៅ និង​វិវាទ​នយោបាយ​សព្វថ្ងៃ ដោយ​សន្តិវិធី និង​ដោយ​មាន​ការសន្ទនា​គ្នា ដើម្បី​បញ្ចប់​ស្ថានភាព​តានតឹង​នេះ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​យល់ស្រប​ឲ្យ​មាន​ដំណោះស្រាយ ឲ្យ​សមស្រប ដើម្បី​ឲ្យ​មាន​យុត្តិធម៌ និង​ស្ងប់ចិត្ត​ទាំងសងខាង​នេះ​ដែរ។ លោក​ក៏​ធ្លាប់​ប្រាប់​អាស៊ីសេរី​ដែរ​ថា កំហឹង​របស់​ពលរដ្ឋ ដែល​មិន​ពេញចិត្ត​ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​របស់​របប​ក្រុងភ្នំពេញ មិន​បញ្ចេញ​ឲ្យ​ឃើញ​នៅ​ខាងលើ​មែន ប៉ុន្តែ កំពុងតែ​ពុះកញ្ជ្រោល​នៅ​ខាងក្រោម ដែល​ជា​ការ​គ្រោះថ្នាក់ បើ​មិន​រក​ដំណោះស្រាយ​ឲ្យ​សមស្រប​ទាន់​ពេល​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។