អ្នកវិភាគ​អះអាង​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ប្រើប្រាស់​ស្ថាប័ន​សភា​ជា​ឧបករណ៍​នយោបាយ

ដោយ ទីន ហ្សារីយ៉ា
2020-07-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ​ជួរមុខ) និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (ឆ្វេង​ជួរមុខ) [Prayut Chan-O-Cha] ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ​ជួរមុខ) និង​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (ឆ្វេង​ជួរមុខ) [Prayut Chan-O-Cha] ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​២ កម្ពុជា-ថៃ នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
AFP

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើកឡើង​ថា ស្ថាប័ន​នីតិប្រតិបត្តិ ឬ​ស្ថាប័ន​សភា ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ក៏ប៉ុន្តែ​ស្ថាប័ន​សភា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ត្រូវ​បាន​មេដឹកនាំ​ប្រទេស យក​មក​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ទៅវិញ​។ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​ធានា​ថា រដ្ឋសភា​អាច​បំពេញ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​នាម​ជា​អ្នកតំណាង​ពិតប្រាកដ​របស់​ពលរដ្ឋ។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា មេដឹកនាំ​អាស៊ាន​មួយ​ចំនួន កំពុង​ជាន់​ឈ្លី​ស្ថាប័ន​សភា​ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​នោះ គឺជា​ការ​មិន​គោរព​ឆន្ទៈ​រាស្ត្រ និង​រំលោភ​រដ្ឋធម្មនុញ្ញ។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន​លោក គឹម សុខ មាន​ប្រសាសន៍​ថា ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​ដែល​ជា​ប្រទេស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​ក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត ដែល​មេដឹកនាំ​រដ្ឋាភិបាល​កំពុង​តែ​រំលោភ​អំណាច​អង្គនីតិប្បញ្ញត្តិ ឬ​សភា​ខ្លាំង​ជាងគេ​នោះ​គឺ​ប្រទេស​ថៃ និង​កម្ពុជា​។ លោក​បញ្ជាក់​ថា មេដឹកនាំ​មិន​គោរព់់់់់់់់់់់់់់់់់់​រដ្ឋធម្មនុញ្ញ​ហើយ​ប្រើប្រាស់​ស្ថាប័ន​សភា​សម្រាប់​ធ្វើជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន៖ «គ្រាន់តែ​ជា​សភា​ឡប់ឡែ​សម្រាប់​បម្រើ​ផែនការ​អំណាច​របស់​មេដឹកនាំ​ផ្ដាច់ការ​តែប៉ុណ្ណោះ»

ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ​នេះ នៅ​ស្រប​ពេល​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៣០ មិថុនា ដែល​ពិភពលោក ប្រារព្ធ​ទិវា​អន្តរជាតិ ស្ដីពី​ប្រព័ន្ធ​សភានិយម ថា ប្រព័ន្ធ​សភា​នៅ​តំបន់ អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​ទាំងមូល កំពុងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ពេលខ្លះ​មិន​អនុញ្ញាត​ឱ្យ​តំណាងរាស្ត្រ អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ពេញលេញ​ឡើយ​។ អង្គការ​នេះ​ថា ប្រព័ន្ធ​បោះឆ្នោត ដែល​មាន​មុខងារ​សំខាន់​ក្នុង​ការ​ការពារ​ភាពជា​តំណាង​នៃ​ប្រព័ន្ធ​សភានិយម​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នោះ ជារឿយៗ​ត្រូវ​បាន​ជ្រៀតជ្រែក និង​ចាត់ចែង​ដើម្បី​ឱ្យ​មេដឹកនាំ​ប្រទេស អាច​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ហើយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ត្រួតពិនិត្យ របស់​សភា​ត្រូវ​ចុះ​ទន់ខ្សោយ។

ប្រទេស​កម្ពុជា មេដឹកនាំ​ប្រើ​អំណាច​ជ្រុល​ហួសហេតុ​គ្របដណ្ដប់​លើ​ស្ថាប័ន​សភា ដូចជា កម្ពុជា​សភា​ឯក​បក្ស​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តាម​ការ​ចង្អុល​បង្ហាញ​ពី​មេដឹកនាំ​យូរ​ជាងគេ​នៅ​ក្នុង​តំបន់ គឺ​លោក ហ៊ុន សែន ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំង​ចោល​កាល​ពី​ឆ្នាំ​២០១៧។

ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មាន​ប្រសាសន៍​ថា ទោះបីជា​ថៃ​សមាជិកសភា​បាន​មក​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​ជ្រើសរើស​ចេញពី​គណបក្ស​នយោបាយ និង​ការបោះឆ្នោត​ឯកត្តនាម​ក៏ដោយ ក៏ប៉ុន្តែ​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​ថៃ​កើត​ចេញ​ពី របប​យោធា បាន​ធ្វើ​អតីត​មេដឹកនាំ​យោធា​មក​ដឹកនាំ​ប្រទេស មាន​ឥទ្ធិពល​លើសលប់​ទៅលើ​ស្ថាប័ន​សភា​បច្ចុប្បន្ន៖ «ក្រោយ​នេះ មាន​បញ្ហា​ខាង​រដ្ឋាភិបាល​យោធា​នា ធ្វើ​ឱ្យ​ដំណើរការ​ត្រួតពិនិត្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ មិន​មាន​ឥទ្ធិពល​ឡើយ»

មេដឹកនាំ​ថៃ​និង​កម្ពុជា​មាន​ទម្រង់​នៃ​ការ​ពង្រឹង​អំណាច​របស់​ខ្លួន និង​បន្សាប​ឥទ្ធិពល​ស្ថាប័ន​សភា និង​ព្រឹទ្ធិ​សភា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​។ ថៃ​ដែល​ធ្លាប់​ជា​ប្រទេស​អនុវត្ត​របប​លទ្ធិប្រជាធិបតេយ្យ​ល្អ​នៅ​ក្នុង​តំបន់​នោះ បាន​ក្លាយ​ជា​ប្រទេស​មានឈ្មោះ មិនល្អ​ដូច​កម្ពុជា​ដែរ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ ដូចជា នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) នៅ​ដើម​ឆ្នាំ​២០១៧ បាន​ស្នើ​ព្រះមហាក្សត្រ​កែ​រដ្ឋធម្មនុញ្ញ ប្តូរ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០​រូប ពី​ការ​ជាប់​ដោយ​ការបោះឆ្នោត មក​ជា​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​វិញ ហើយ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​រក្សា​សន្តិភាព និង​របៀបរៀបរយ ដែល​មាន​លោក ប្រាយុទ្ធ ចាន់អូឆា ជា​ប្រធាន​នោះ គឺជា​អ្នក​សម្រេច​ជ្រើសរើស​បេក្ខភាព​ទាំង​ពួកគេ។

លោក គឹម សុខ មាន​ប្រសាសន៍​ថា ទាំង​មេដឹកនាំ​ថៃ និង​កម្ពុជា បាន​បន្សាប​ឥទ្ធិពល​ស្ថាប័ន​សភា និង​ព្រឹទ្ធសភា​នេះ មិនមែន​កើត​ចេញ​មកពី​ក្បាលម៉ាស៊ីន​នៃ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងមូល​ទេ គឺ​កើត​ចេញ​មកពី​បុគ្គល​មេដឹកនាំ​តែម្ដង​។ លោក​បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​៖ «ប្រទេស​អាស៊ាន​មួយ​ចំនួន ទាំង​ថៃ​និង​កម្ពុជា ដែល​មេដឹកនាំ​គាបសង្កត់​ស្ថាប័ន​សភា​បែបនេះ កើត​ចេញ​ពី​អំណាច​បុគ្គល​គ្របដណ្ដប់​លើ​ស្ថាប័ន​សភា ដើម្បី​តែ​អំណាច​បុគ្គល​និង​ក្រុម​គ្រួសារ»

នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម ១៩៣ ប្រទេស មាន​ប្រទេស​ចំនួន ៧៩ ក្នុង​នោះ​ក៏​មាន​កម្ពុជា​និង​ថៃ​ដែរ អនុវត្ត​ប្រព័ន្ធ​សភានិយម​ពីរ​ថ្នាក់ ដែល​មាន​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា​។ ក្រៅ​ពី​នេះ ប្រទេស​ចំនួន ១១៤​ផ្សេងទៀត អនុវត្ត​ប្រព័ន្ធ​សភានិយម តែមួយ​ថ្នាក់ មានន័យថា​មានតែ​រដ្ឋសភា​តែមួយ។

សមាជិក​ក្រុមប្រឹក្សា​នាយក​នៃ​អង្គការ APHR និង​ជា​តំណាងរាស្ត្រ ប្រទេស​ទីម័រ​ខាងកើត អ្នកស្រី ម៉ារីយ៉ា អេនជេលីណា ឡូប៉េស សារមែនតូ (Maria Angelina Lopes Sarmento) មាន​ប្រសាសន៍​ថា ប្រព័ន្ធ​សភា​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពជា​អ្នកតំណាង​ពិតប្រាកដ ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។ អ្នកស្រី​ថា នៅ​ពេល​ដែល​តួនាទី និង​មុខងារ​របស់​សភា ត្រូវ​បាន​ការពារ នោះ​តំណាងរាស្ត្រ​អាច​បំពេញ​ការងារ​របស់​ពួកគេ​បាន ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ ឡើង​នូវ​ការ​គោរព​សិទ្ធិមនុស្ស លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​សម្រាប់ មនុស្ស​គ្រប់គ្នា និង​កែ​លម្អ​ជីវិត​របស់​មនុស្ស​ដែល​ពួកគេ​តំណាង​ឱ្យ។

ក៏ប៉ុន្តែ អ្នកស្រី​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កំពុងតែ​ទទួលរង​នូវ​ការ​គំរាមកំហែង បំផ្លាញ​ដល់​សមត្ថភាព​របស់​តំណាងរាស្ត្រ​ក្នុង​ការ​អនុវត្ត​តួនាទី​ត្រួតពិនិត្យ​អំណាចនីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​។ អ្នកស្រី លើកឡើង​ថា សម្រាប់​នៅ​កម្ពុជា​របប​ឯក​បក្ស​បាន​រំលាយ​គណបក្សប្រឆាំង​ចោល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បោះឆ្នោត​ឈ្នះ​អាសនៈ​ទាំងអស់​នៅ​ក្នុង​សភា​ដែល​ជា​ការបំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។អ្នកនាំពាក្យ​រដ្ឋសភា​ឯក​បក្ស​របប​ក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង បដិសេធ​ការ​លើក​ឡើង​នេះ ហើយ​ថា ស្ថាប័ន​សភា​កម្ពុជា គ្មាន​ការ​ជ្រៀតជ្រែក​ពី​សំណាក់ មេដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​អំណាច​ទាំងពីរ​ជា​របស់​គណបក្ស​កាន់អំណាច​រួច​ទៅ​ហើយ៖ «និយាយ​ឱ្យ​ចំ អត់​មានអី​ចម្លែក អត់​មានអី​ដែល​ខុស​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រព័ន្ធ​សភានិយម​អី​ទេ។ អត់​មាន​ទេ​! អត់​មាន​អន់ថយ​អី​ទេ លទ្ធិប្រជាធិបតេយ្យ​មានការ​ចម្រើន​ទៅមុខ នៅ​កម្ពុជា​សព្វថ្ងៃ​។ ជ្រៀតជ្រែក​យ៉ាងម៉េច បើ​រដ្ឋាភិបាល​ក៏​ជា​គណបក្ស​កាន់អំណាច ហើយ​សភា​ក៏​ជា​គណបក្ស​កាន់អំណាច​? ដូច្នេះ​ហើយ វា​មាន​ឯកភាព​គ្នា​ទៅ​ហើយ​។ យើង​និយាយ​ថា ជ្រៀតជ្រែក​គឺ​អត់​ត្រឹមត្រូវ​ទេ»

ទោះបីជា​យ៉ាង​នេះ​ក្ដី លោក គល់ បញ្ញា អះអាង​ថា ស្ថាប័ន​សភា​សព្វថ្ងៃ​នេះ បាន​ក្លាយ​ជា​ស្ថាប័ន​ផ្ដាច់មុខ​របស់​គណបក្ស​កាន់អំណាច​ទៅ​ហើយ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​បាត់បង់​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថាប័ន​ប្រតិបត្តិ ហើយ​រាល់​ការ​ធ្វើ​ច្បាប់​ភាគច្រើន​បម្រើ​ឱ្យ​ផលប្រយោជន៍​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ដែល​ស្ថាប័ន​សភា​ចាំតែ​ប្រថាប់ត្រា ដើម្បី​ពង្រឹង​អំណាច​តែប៉ុណ្ណោះ ដូចជា ការ​ធ្វើ​ច្បាប់​ថ្មីៗ​នេះ គឺ​ច្បាប់​ដាក់​ប្រទេសជាតិ​នៅ​ក្នុង​ភាព​អាសន្ន​ជាដើម៖ «សភា​យើង​ដំណើរការ​ទៅ​មិន​មាន​ឥទ្ធិពល និង​ស្របច្បាប់​ពេញ​លេញ​ទេ»

សភា​ជា​ស្ថាប័ន​កំពូល​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បង្កើត​ឡើង​ក្នុង​គោលដៅ​រក្សា​តុល្យភាព​អំណាច និង​ការ​ត្រួត​ពិនិត្យ រវាង​អំណាចនីតិប្រតិបត្តិ នីតិ បញ្ញត្តិ និង​តុលាការ​។ សមាជិកសភា​បាន​ជ្រើសតាំង​រយៈពេល​៥​ឆ្នាំ​ម្ដង ហើយ​អាច​រំលាយ​បាន​លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​២​ដង​ក្នុង​រយៈពេល​១២​ខែ ឬ​១​ឆ្នាំ ទើប​ព្រះមហាក្សត្រ​អាច​រំលាយ​រដ្ឋសភា​មុន​ចប់​អាណត្តិ​បាន ក្រោយពី​ទ្រង់​បាន​ទទួល​សំណើ​ពី​នាយករដ្ឋមន្ត្រី និង​ទទួល​បាន​ការ​ឯកភាព​ពី​ប្រធានរដ្ឋសភា​។ ម្យ៉ាងទៀត ប្រធាន​សភា​គឺជា​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ ហើយ​ក្នុង​ករណី​រំលាយ​សភា​មុន​អាណត្តិ និង ការតែងតាំង​នាយករដ្ឋមន្ត្រី ចាំបាច់​ត្រូវ​ស្នើសុំ​ការ​ឯកភាព​ពី​ប្រធានរដ្ឋសភា។

លើស​ពី​នេះ​ទៀត​សមាជិកសភា​ម្នាក់ៗ ត្រូវ​បាន​ការពារ​ដោយ​អភ័យឯកសិទ្ធិ ហើយ​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ​ស្ថាប័ន​សភា​ទាំងមូល​។ តួនាទី​របស់​សភា​នេះ គឺ​មាន​អំណាច​លើសលប់ លើ​ការ​ត្រួត​ពិនិត្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ សមាជិកសភា​មាន​សិទ្ធិ​កោះហៅ​តំណាង​រដ្ឋាភិបាល​មក​សួរនាំ​ក្នុង​សភា និង​ដាក់​សំនួរ​ជា​លាយ​លក្ខ​អក្សរ និង​ចោទសួរ​ដោយ​ផ្ទាល់​មាត់។

ផ្ទុយទៅវិញ​ប្រព័ន្ធ​សភា​ដែល​មាន​អំណាច​លើសលប់​ដូចដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​របប​ឯក​បក្ស​បំផ្លាញ​ចោល ពិសេស​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ដែល​របប​ឯក​បក្ស​ហាម​មិន​ឱ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​តំណាងរាស្ត្រ​ខ្លះ​ត្រូវ​បាន​ក្រុម​ជនដៃ​ដល់​របស់​គណបក្ស​កាន់អំណាច​បាន​ប្រើ​អំពើ​ហិង្សា វាយតប់​នៅ​កណ្ដាល​ថ្ងៃ​។ តុលាការ​ក៏​ចេញ​ដីកា​ចាប់ចង​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ទាំង​មាន​អភ័យឯកសិទ្ធិ រួម​ទាំង​លោក កឹម សុខា ដែល​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល