អ្នក​វិភាគ​បារម្ភ​ពី​ហានិភ័យ​លើ​បក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ការ​គំរាម​រឹប​អូស​ទីស្នាក់ការ​បក្ស

ដោយ តាំង សារ៉ាដា
2017.01.31
មាស នី គឹម សុខ ៨៥៥ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី (ឆ្វេង) និង លោក គឹម សុខ។ RFA
Photo: RFA

ក្រុម​អ្នកឃ្លាំមើល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចាត់​ទុក​នយោបាយ​ក្តៅ​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ថា ជា​ដំណើរការ​បំផ្លាញ​បក្ស​ប្រឆាំង​មិន​អាច​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​ការ​បោះ​ឆ្នោតជាតិ​នៅ​ពេល​ខាង​មុខ។

ក្រុម​អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ហានិភ័យ​ដែល​នឹង​អាច​កើត​មាន​ឡើង​ទៅ​លើ​​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ជា​ប្រធាន ឬ​ជា​អនុ​ប្រធាន​គណបក្ស​នយោបាយ និង​ការ​ព្រមាន​រឹប​អូស​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សងបំណុល​ក្ដីក្ដាំ​របស់​លោក។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត មាស នី បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​យក​ចិត្ត​ទុក​ដាក់​អោយ​មែនទែន​ចំពោះ​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី​ថា រឹប​អូស​យក​ទីស្នាក់ការ​របស់​ពួកគេ​នោះ៖ «ប្រសិនបើ​យើង​មើល​ករណី​នៃ​ការ​រឹប​អូស​អគារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អី​នេះ គឺ​វា​ជា​ទំនោរ​ទៅ​រក​កន្លែង​មួយ​ស្រដៀង​គ្នា​នឹង​ការ​លុបបំបាត់​គណបក្ស​ហ្នឹង​ចោល​ដោយ​បំផ្លាញ​ទាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ទីតាំង​មូលដ្ឋាន​របស់​សង្គ្រោះ​ជាតិ តែម្ដង។ ប្រសិនបើ​ស្ថានភាព​នេះ​កើត​ឡើង​ដូច​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​មែន នោះ​វា​ជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។  គណបក្ស​សង្គ្រោះ​ជាតិ ក៏​កុំ​មើលស្រាល​ស្ថានភាព​បែប​នេះ ពីព្រោះ​នៅ​ស្រុក​ខ្មែរ​យើង ទោះ​មាន​ច្បាប់ ឬ​គ្មាន​ច្បាប់ រឿងរ៉ាវ​នឹង​អាច​កើត​ឡើង​បាន​ដែរ។ អ៊ីចឹង​ត្រូវ​រៀបចំខ្លួន​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​គ្រោះ​ថ្នាក់​ធំ​នៅ​ពេល​ខាង​មុខ​បាន​យ៉ាងម៉េច»

ក្រោយ​ពី​ធ្វើ​វិសោធនកម្ម​ជំពូក​១២ ប្រកា ៤៨ថ្មី (បី) នៃ​បទបញ្ជា​ផ្ទៃក្នុង​របស់​សភា​ក្នុង​ការ​លុបបំបាត់​ក្រុម​តំណាង​ភាគ​តិច និង​ភាគ​ច្រើន​ដោយ​ជោគជ័យ​នោះ កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ ខែ​មករា តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន នោះ លោក​ក៏​ស្នើ​សភា​ឲ្យ​ចែង​ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​ទោស​អាច​ធ្វើ​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​បាន​នោះ​ទេ ដោយសារ​ពួកគេ​មិន​អាច​បោះឆ្នោត ហើយ​ក៏​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​នោះ​ដែរ។

ជាង​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចោទ​លោក កឹម សុខា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ថា បាន​បោកប្រាស់​រូប​លោក​មិន​ធ្វើ​តាម​ការ​សន្យា​បី​ថ្ងៃ​ដែល​លោក និង​លោក កឹម សុខា ធ្លាប់​បាន​ព្រមព្រៀង​គ្នា​ជា​សម្ងាត់​នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​៧ ខែ​ធ្នូ នោះ​ឡើយ៖ «ថ្ងៃ​នោះ​យក​ទៅ​អោយ​ខ្ញុំ​ស៊ីញ៉េ​រឿង​មេ​ឃុំ ស៊ាង ចែត ហើយ​បោក​ទាំង​ខ្ញុំ​ទៀតៗ! ឯកឧត្ដម កឹម សុខា នៅ​ជំពាក់​អី​ខ្លះ​ដល់​ខ្ញុំ? សន្យា​ថា បី​ថ្ងៃ​ក្រោយ​មក​ថា​នឹង​ធ្វើ តែ​ឯកឧត្ដម​អត់​ធ្វើ»

​លោក ហ៊ុន សែន ក៏​បាន​គំរាម​បង្ហាញ​សារ​សន្ទនា​ជា​សំឡេង​ជាមួយ​លោក កឹម សុខា នៅ​ពេល​ខាង​មុខ ប៉ុន្តែ​លោក​បាន​និយាយ​បង្ហើប​ពីរ​ចំណុច​ថា លោក កឹម សុខា បាន​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ទណ្ឌិត ហើយ​ថា ក្រុម​អ្នក​ដែល​និយាយ​អំពី​កិច្ចការ​ព្រំដែន​ជា​មនុស្ស​របស់​លោក សម រង្ស៊ី។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​អាស៊ីសេរី ដឹង​ថា លោក ហ៊ុន សែន ចង់​ប្រើ​ដៃ​លោក កឹម សុខា បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​បក្ស ដោយសារ​មនុស្ស​បង្កប់​របស់​លោក ហ៊ុន សែន នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក សម រង្ស៊ី ធ្លាប់​បាន​និយាយ​រឿង​លោក ហ៊ុន ម៉ាណែត ជា​កូន​របស់​លោក ឡេ ដឹកថូ អតីត​មេដឹកនាំ​វៀតណាម នៅ​ក្នុង​ការ​ប្រជុំ​ផ្ទៃក្នុង​របស់​គណបក្ស។

ជា​ការ​ឆ្លើយ​តប លោក សម រង្ស៊ី បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ថា យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន គួរ​តែ​ប្ដឹង​រូប​លោក​ករណី​ឧក្រិដ្ឋកម្ម "ក៥" ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល​កាលពី​ទសវត្ស​ទី​៨០ នោះ​វិញ ជា​ជាង​ប្ដឹង​រូប​លោក​ករណី​បទ​បរិហារកេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​អ្នក​លេង​ហ្វេសប៊ុក (Facebook) ម្នាក់ នូវ​ទឹកប្រាក់ ១​លាន​ដុល្លារ ដើម្បី​បំផ្លាញ​បក្ស​ប្រឆាំង​នោះ៖ «ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន មក​លើ​ខ្ញុំ​រយៈពេល ចុង​ក្រោយ​នេះ បង្ហាញ​ថា គាត់​កំពុង​ស្លន់ស្លោ​ដោយសារ​គាត់​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លួន​គាត់​ផ្ទាល់​នឹង​ចាញ់​ឆ្នោត ហើយ​ចាញ់​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​សល់​តែ​បួន​ខែ​ទៀត ហើយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ។ ដូច្នេះ​គាត់​ស្លន់ស្លោ​បែរ​ជា​មក​គាប​សង្កាត់​ខ្ញុំ គំរាម​កំហែង​ខ្ញុំ ចង់​លក់​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ទង្វើ​នឹង​ការ​គំរាមកំហែង​ដោយ​ថោកទាប​បែប​នេះ មិន​មាន​ប្រសិទ្ធភាព​ទេ»

​អាស៊ីសេរី នៅ​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ ជុំវិញ​ប្រតិកម្ម​របស់​លោក សម រង្ស៊ី ទៅ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​លោក គឹម សុខ បាន​ហៅ​វិធានការ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន ដែល​នឹង​កម្ទេច​ទីតាំង​របស់​គណបក្ស​ប្រឆាំង​នោះ​ថា ជា​ការ​ប្លន់​ជ័យជំនះ​នៅ​មុន​ការ​បោះឆ្នោត៖ «វិធី​បែប​កំចាយ​ធ្វើ​ឲ្យ​កន្លែង​ហ្នឹង​ខ្ចាត់ខ្ចាយ​អត់​មាន​កន្លែង​ធ្វើ​ការ​ច្បាស់លាស់។ នេះ​ជា​វិធី​ប្លន់​ជ័យជំនះ​នៅ​មុន​ការ​បោះឆ្នោត។ នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈឺ​ចាប់​ក្នុង​កិច្ចការ​ហ្នឹង វា​អាច​ទៅ​ជា​រឿង​បាតុកម្ម​ធំ ឬ​បាតុកម្ម​ធំ ពេល​នោះ​គេ​ប្រើ​លេស​ក្នុង​ការ​បង្ក្រាប​អា​ហ្នឹង​កាល​ណា​វា​ប្លន់​ជ័យជំនះ​នៅ​មុន​ការ​បោះឆ្នោត​វា​ស្មើ​នឹង​ការ​ប្លន់ អំណាច​នៅ​មុន​ការ​ប្រកួតប្រជែង។ ដូច្នេះ​វិធី​បែប​ហ្នឹង​មាន​តែ ប៉ុល ពត ដែល​អាច​ប្រើ​បាន ហើយ​ប្រសិនបើ​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​សេចក្ដី​ថ្លៃថ្នូរ​ខ្ញុំ​ថា ប្រើ​មិន​កើត​ទេ គ្រាន់​តែ​ជា​ការ​កម្លា​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​មាន​ជំនឿ​ថា សភាពការណ៍​ចុង​ក្រោយ​នេះ​មិន​ធ្វើ​អោយ​ប្រជាប្រិយភាព​គណបក្ស​ប្រឆាំង​ថមថយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។