លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកអ្នករិះគន់ថា ព្រឹត្តិការណ៍ស៊ីហ្គេមមិនបានយាងព្រះមហាក្សត្រគឺមានបំណងបំបែកបំបាក់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ។ តែយ៉ាងណាអ្នកវិភាគយល់ថា លោក ហ៊ុន សែន មិនគោរពព្រះមហាក្សត្រតាមសកម្មភាពដែលលោកធ្វើកន្លងមកនេះ។
អ្នកវិភាគលើកឡើងថា ការឆ្លើយតបរបស់ លោក ហ៊ុន សែន ជុំវិញការមិនយាងព្រះមហាក្សត្រដើម្បីបើកពិធីស៊ីហ្គេមនោះគ្រាន់តែជាការដោះសារប៉ុណ្ណោះ ព្រោះសកម្មភាពកន្លងមកលោក ហ៊ុន សែន មិនបានគោរពព្រះមហាក្សត្រនោះទេ។
ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ខេត្តព្រះសីហនុ ក្នុងថ្ងៃទី១ ខែមេសា លោក ហ៊ុន សែន បានចាត់ទុកអ្នកដែលរិះគន់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមិនបានយាងព្រះមហាក្សត្រគឺជាមនុស្សព្រហើន និងមានបំណងបំបែកបំបាក់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ។
លោកហ៊ុន សែន៖«អ្នកឯងស្គាល់ឱ្យច្បាស់ទៅ!បើស្គាល់មិនច្បាស់ទេ កុំធ្វើជាអ្នកចេះ ហើយកុំធ្វើជាអ្នកព្រហើន ញុះញង់ ឱ្យមានជម្លោះជាមួយព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រព្រះអង្គ មិនដណ្ដើមតួនាទីនាយករដ្ឋមន្ត្រីទេ ហើយនាយករដ្ឋមន្ត្រីក៏មិនដណ្ដើមតួនាទីព្រះមហាក្សត្រដែរ ដូចជាប្រទានភ្លើង គឺព្រះមហាក្សត្រយាង នាយករដ្ឋមន្ត្រីដង្ហែ»។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា អ្នកដែលលោក ហ៊ុន សែន លើកឡើងនោះ គឺចង់សំដៅលើខ្លួនលោក ដែលលោកនៅលើកឡើងថា លោក ហ៊ុន សែន កំពុងតែបំផ្លាញសមិទ្ធផល ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងអតីតបុព្វបុរសខ្មែរតាមសកម្មភាពនាពេលកន្លងមក។
លោក គឹម សុខ៖«លោកហ៊ុនសែនមិនឱ្យព្រះករុណាព្រះមហាក្សត្រធ្វើជាអធិបតីភាពក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ។ នេះមិនមែនត្រឹមតែជាការបំពានព្រះរាជតួនាទីព្រះមហាក្សត្រទេ តែក្បត់ព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រ មិនត្រឹមតែនៅចំពោះមុខប្រជាពលរដ្ឋខ្មែរទេ តែនៅចំពោះមុខភ្ញៀវអន្តរជាតិពេញពិភពលោក»។
លោក គឹម សុខ បន្ថែមថា លោកហ៊ុន សែន បានចាត់ទុកអ្នកដែលរិះគន់គឺជាមនុស្សព្រហើន និងមានបំណងបំបែកបំបាក់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ នោះគ្រាន់តែជាការដោះសារនោះទេ ព្រោះថាប្រទេសជិតខាងគឺប្រទេសថៃរាល់ពេលដែលមានការប្រកួតស៊ី ហ្គេម មានការដាក់រូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រសម្រាប់កីឡាករកីឡាការិនីគោរព។
លោក គឹម សុខ៖«នៅប្រទេសថៃ នៅពេលមានការរៀបចំកីឡាធំៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិមុននឹងឱ្យកីឡាករ កីឡាការិនីនានា ដែលចូលសង្វៀនប្រកួត គឺគេរៀបចំព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រឱ្យកីឡាករ កីឡាការិនីគោរពព្រះអង្គជាមុនសិន មុននឹងចូលសង្វៀនប្រកួត ក៏ប៉ុន្តែក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង អត់ទាន់ឃើញគេរៀបចំបែបហ្នឹងនៅឡើយទេ»។
ព្រះសង្ឃសកម្មជនសង្គម ព្រះតេជព្រះគុណ បូរ បេត ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលកម្ពុជាតាមចាប់ និងបានភៀសព្រះកាយមកប្រទេសស្វីស (Switzerland) មានថេរដីកាថាតាមពិតការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែជាលេសនោះទេ ព្រោះថាជាក់ស្ដែងលោកមិនដែលឱ្យតម្លៃព្រះមហាក្សត្រនោះទេ ដូចជា តាមទីសាធារណៈ រូបលោក ហ៊ុន សែន មានច្រើនជាងព្រះមហាក្សត្រ សូម្បីតែថ្ងៃសៅរ៍ ឬអាទិត្យ ដូចជា លោកស្នើឱ្យព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីបក្សប្រឆាំង ដែលស្នើសុំចូលរួមគណបក្សប្រជាជន ទោះបីជាមិនមែនជារឿងចាំបាច់ក៏ដោយ។
ព្រះតេជព្រះគុណ បូរ បេត៖«ព្រោះលោក ហ៊ុន សែន មិនឱ្យតម្លៃទេ គឺទុកព្រះមហាក្សត្រគ្រាន់តែប្រើ គ្រាន់តែឡាយហត្ថលេខា តែងតាំងអ្នកនេះជារដ្ឋលេខាធិការ តែងតាំងអ្នកនេះជាអនុរដ្ឋលេខាធិការ គ្រាន់តែទុកព្រះមហាក្សត្រសម្រាប់ឱ្យក្រុមឯកបក្សឱ្យគណបក្សប្រជាជនអាចឈរជើងក្នុងប្រទេសកម្ពុជាបានប៉ុណ្ណឹង»។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី យល់ថា រាល់ពេលដែលមានអ្នករិះគន់ចំពោះទង្វើរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំលោភ ឬមិនបានគោរពអង្គព្រះមហាក្សត្រ លោក ហ៊ុន សែន តែងតែខឹង និងបង្ក្រាបទៅលើពួកគេ ដោយលោកយល់ថា ពលរដ្ឋខ្មែរនៅតែគោរពព្រះមហាក្សត្រ និងការពារដោយរដ្ឋធម្មនុញ្ញ ដូច្នេះប្រសិនបើមានការរិះគន់ចំពោះទង្វើផ្សេងៗ នោះលោកនឹងកាន់តែបាត់បង់ប្រជាប្រិយភាព។
បណ្ឌិត សេង សារី៖«រឿងនេះ សូម្បីតែលោកនាយករដ្ឋមន្ត្រីខ្លួនឯង ក៏ហាក់បីដូចជាមានអារម្មណ៍ស្រួចស្រាលដែរ បារម្ភដែរ នៅពេលដែលលោកត្រូវបានគេធៀបជាមួយអង្គព្រះមហាក្សត្រ ដែលអង្គព្រះមហាក្សត្រស្ថាប័នកំពូលការពារដោយរដ្ឋធម្មនុញ្ញ ជាស្ថាប័នកំពូល ដែលមិនអាចប៉ះបាន តែលោកនាយករដ្ឋមន្ត្រីគ្រាន់តែប្រធាននៃអង្គនីតិប្រតិបត្តិ»។
មិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្រជាក់ស្ដែងកាលពីចុងខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បាននិយាយប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត នៅក្នុងសារសំឡេងបែកធ្លាយមួយ ដែលលោក ហ៊ុន សែន ប្រើអំណាចរបស់ខ្លួនលូកដៃអន្តរាគមន៍ជម្លោះផ្ទៃក្នុង ក្រុមហ៊ុនទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) របស់លោក គិត ម៉េង ជាអ្នកជំនួញដ៏ធំមួយនៅកម្ពុជា។ ក្នុងសារសំឡេងបែកធ្លាយនោះ បង្ហាញថា លោក ហ៊ុន សែន បញ្ជា ឲ្យលោក គិត ម៉េង ដកហូតមុខតំណែងលោកអគ្គនាយកទូរទស្សន៍ CNC ចេញ។ លោក ហ៊ុន សែន ថា លោក គិត ម៉េង ត្រូវតែធ្វើតាមព្រោះអំណាចរបស់លោកធំណាស់ សូម្បីតែស្ដេចផែនដីក៏ដោយ ក៏លោកមិនព្រឺឆ្អឹងខ្នងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
