អ្នក​វិភាគ​ថា លោក ហ៊ុន សែន ឆ្លើយ​ដោះសា ចំពោះ​ការ​មិន​យាង​ព្រះ​មហាក្សត្រ​បើក​ស៊ីហ្គេម

0:00 / 0:00

លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​អ្នក​រិះគន់​ថា ព្រឹត្តិការណ៍​ស៊ីហ្គេម​មិន​បាន​យាង​ព្រះ​មហាក្សត្រ​គឺ​មាន​បំណង​បំបែក​បំបាក់​នាយក​រដ្ឋមន្ត្រី និង​ព្រះ​មហាក្សត្រ។ តែ​យ៉ាង​ណា​អ្នក​វិភាគ​យល់​ថា លោក​ ហ៊ុន សែន មិន​គោរព​ព្រះ​មហាក្សត្រ​តាម​សកម្មភាព​ដែល​លោក​ធ្វើ​កន្លង​មក​នេះ។

អ្នក​វិភាគ​លើក​ឡើង​ថា ​ការ​ឆ្លើយតប​របស់​ លោក ហ៊ុន សែន ជុំ​វិញ​ការ​មិន​យាង​​ព្រះ​មហាក្សត្រ​​ដើម្បី​បើក​ពិធី​ស៊ី​ហ្គេម​​នោះ​គ្រាន់​តែ​ជា​ការ​ដោះ​សារ​ប៉ុណ្ណោះ​ ព្រោះ​សកម្មភាព​កន្លង​មក​លោក ហ៊ុន សែន​ មិន​បាន​គោរព​ព្រះ​មហាក្សត្រ​នោះ​ទេ​។​ ​

ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ចំណត​ផែ​កុងតឺន័រ ខេត្ត​ព្រះសីហនុ ក្នុង​ថ្ងៃ​ទី១ ខែ​មេសា លោក ហ៊ុន សែន បាន​ចាត់​ទុក​អ្នក​ដែល​រិះ​គន់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​មិន​បាន​យាង​ព្រះ​មហាក្សត្រ​គឺ​ជា​មនុស្ស​ព្រហើន និង​មាន​បំណង​បំបែក​បំបាក់​នាយក​រដ្ឋមន្ត្រី​ និង​ព្រះ​មហាក្សត្រ។

លោកហ៊ុន សែន៖«អ្នក​ឯង​ស្គាល់​ឱ្យ​ច្បាស់​ទៅ!បើ​ស្គាល់​មិន​ច្បាស់​ទេ កុំ​ធ្វើ​ជា​អ្នក​ចេះ ហើយ​កុំ​ធ្វើ​ជា​អ្នក​ព្រហើន​ ញុះញង់ ឱ្យ​មាន​ជម្លោះ​ជា​មួយ​ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋមន្ត្រី។ ព្រះមហាក្សត្រ​ព្រះអង្គ មិន​ដណ្ដើម​តួ​នាទី​នាយក​រដ្ឋមន្ត្រី​ទេ ហើយ​នាយក​រដ្ឋមន្ត្រី​ក៏​មិន​ដណ្ដើម​តួនាទី​ព្រះមហាក្សត្រ​ដែរ ដូច​ជា​ប្រទាន​ភ្លើង គឺ​ព្រះ​មហាក្សត្រ​យាង នាយក​រដ្ឋមន្ត្រី​ដង្ហែ»។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា អ្នក​ដែល​លោក ហ៊ុន សែន លើក​ឡើង​នោះ គឺ​ចង់​សំដៅ​លើ​ខ្លួន​លោក ដែល​លោក​នៅ​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​តែ​បំផ្លាញ​សមិទ្ធផល ព្រះមហាក្សត្រ អតីត​ព្រះមហាក្សត្រ និង​អតីត​បុព្វបុរស​ខ្មែរ​តាម​សកម្មភាព​នា​ពេល​កន្លង​មក។

លោក គឹម សុខ៖«លោក​ហ៊ុន​សែន​មិន​ឱ្យ​ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ​ទេ។ នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​បំពាន​ព្រះ​រាជ​តួនាទី​ព្រះ​មហាក្សត្រ​ទេ​ តែ​ក្បត់​ព្រះ​រាជ​បល្ល័ង្ក និង​ព្រះ​មហាក្សត្រ មិន​ត្រឹម​តែ​នៅ​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ តែ​នៅ​ចំពោះ​មុខ​ភ្ញៀវ​អន្តរ​ជាតិ​ពេញ​ពិភព​លោក​»។​​​

លោក គឹម សុខ បន្ថែម​ថា លោក​​ហ៊ុន​ សែន​ បាន​ចាត់​ទុក​អ្នក​ដែល​រិះ​គន់​គឺ​ជា​មនុស្ស​ព្រហើន និង​មាន​បំណង​បំបែក​បំបាក់​នាយក​រដ្ឋមន្ត្រី​ និង​ព្រះ​មហាក្សត្រ នោះ​គ្រាន់​តែ​ជា​ការ​ដោះ​សារ​នោះ​ទេ ព្រោះ​ថា​ប្រទេស​ជិត​ខាង​គឺ​ប្រទេស​ថៃ​រាល់​ពេល​ដែល​មាន​ការ​ប្រកួត​ស៊ី ហ្គេម មាន​ការ​ដាក់​រូប​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​សម្រាប់​កីឡាករ​កីឡា​​ការិនី​គោរព។

លោក គឹម សុខ៖«នៅ​ប្រទេស​ថៃ នៅ​ពេល​មាន​ការ​រៀបចំ​កីឡា​ធំៗ ទាំង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​មុន​នឹង​ឱ្យ​កីឡាករ កីឡាការិនី​នានា ដែល​ចូល​សង្វៀន​ប្រកួត គឺ​គេ​រៀប​ចំ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​ឱ្យ​កីឡា​ករ កីឡា​ការិនី​គោរព​ព្រះ​អង្គ​ជា​មុន​សិន មុន​នឹង​ចូល​សង្វៀន​ប្រកួត​ ក៏ប៉ុន្តែ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​របស់​យើង​ អត់​ទាន់​ឃើញ​គេ​រៀប​ចំ​បែប​ហ្នឹង​នៅ​ឡើយ​ទេ»។

ព្រះសង្ឃ​សកម្មជន​សង្គម ព្រះតេជព្រះគុណ បូរ បេត ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តាម​ចាប់ និង​បាន​ភៀស​ព្រះកាយ​មក​ប្រទេស​ស្វីស (Switzerland) មាន​ថេរ​ដីកា​ថា​តាម​ពិត​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​លេស​នោះ​ទេ ព្រោះ​ថា​ជាក់​ស្ដែង​លោក​មិន​ដែល​ឱ្យ​តម្លៃ​ព្រះ​មហាក្សត្រ​នោះ​ទេ ដូច​ជា តាម​ទី​សាធារណៈ រូប​លោក ហ៊ុន សែន មាន​ច្រើន​ជាង​ព្រះមហាក្សត្រ សូម្បី​តែ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ដូច​ជា លោក​ស្នើ​ឱ្យ​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​តែងតាំង​មន្ត្រី​​បក្ស​ប្រឆាំង ដែល​ស្នើសុំ​ចូលរួម​គណបក្ស​ប្រជាជន ទោះបី​ជា​​មិន​មែន​ជា​រឿង​ចាំបាច់​ក៏ដោយ។

ព្រះតេជព្រះគុណ បូរ បេត៖«ព្រោះ​លោក ហ៊ុន សែន មិន​ឱ្យ​តម្លៃ​ទេ គឺ​ទុក​ព្រះមហាក្សត្រ​គ្រាន់​តែ​ប្រើ គ្រាន់​តែ​ឡាយ​ហត្ថលេខា ​តែងតាំង​អ្នក​នេះ​ជា​រដ្ឋ​លេខាធិការ តែងតាំង​អ្នក​នេះ​ជា​អនុ​រដ្ឋលេខាធិការ គ្រាន់​តែ​ទុក​ព្រះមហាក្សត្រ​សម្រាប់​ឱ្យ​ក្រុម​ឯក​បក្ស​ឱ្យ​គណបក្ស​ប្រជាជន​អាច​ឈរជើង​ក្នុង​ប្រទេស​កម្ពុជា​បាន​ប៉ុណ្ណឹង»។

ចំណែក​អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី យល់​ថា រាល់​ពេល​ដែល​មាន​អ្នក​រិះ​គន់​ចំពោះ​ទង្វើ​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​រំលោភ​ ឬ​មិនបាន​គោរព​អង្គ​ព្រះមហាក្សត្រ លោក ហ៊ុន សែន តែង​តែ​ខឹង និង​បង្ក្រាប​ទៅ​លើ​ពួក​គេ ដោយ​លោក​យល់​ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​គោរព​ព្រះមហាក្សត្រ និង​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ដូច្នេះ​ប្រសិន​បើ​មាន​ការ​រិះ​គន់​ចំពោះ​ទង្វើ​ផ្សេងៗ នោះ​លោក​នឹង​កាន់​តែ​បាត់​បង់​ប្រជាប្រិយភាព​។

បណ្ឌិត សេង សារី៖«រឿង​នេះ សូម្បី​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្លួន​ឯ​ង ក៏​ហាក់​បី​ដូច​ជា​មាន​អារម្មណ៍​ស្រួច​ស្រាល​ដែរ បារម្ភ​ដែរ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ធៀប​ជា​មួយ​អង្គ​ព្រះមហាក្សត្រ ដែល​អង្គ​ព្រះ​មហាក្សត្រ​ស្ថាប័ន​កំពូល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ជា​ស្ថាប័ន​កំពូល ដែល​មិន​អាច​ប៉ះ​បាន តែ​លោក​នាយក​រដ្ឋ​មន្ត្រី​គ្រាន់​តែ​ប្រធាន​នៃ​អង្គ​នីតិ​ប្រតិបត្តិ»។

មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ប្រមាថ​ព្រះ​មហាក្សត្រ​ជាក់​ស្ដែង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បាន​និយាយ​ប្រមាថ​ព្រះមហាក្សត្រ​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​របស់​ខ្លួន​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង ក្រុមហ៊ុន​ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) របស់​លោក គិត ម៉េង ជា​អ្នកជំនួញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ ក្នុង​សារ​សំឡេង​បែក​ធ្លាយ​នោះ បង្ហាញ​ថា លោក ហ៊ុន សែន បញ្ជា ឲ្យ​លោក គិត ម៉េង ដកហូត​មុខតំណែង​លោក​អគ្គនាយក​ទូរទស្សន៍ CNC ចេញ។ លោក ហ៊ុន សែន ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម​ព្រោះ​អំណាច​របស់​លោកធំ​ណាស់ សូម្បីតែ​ស្ដេច​ផែនដី​ក៏ដោយ ក៏​លោក​មិន​ព្រឺ​ឆ្អឹងខ្នង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។