អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរ​ទាក់ទាញ​មនុស្ស​ទៅ​រស់​នៅ​តាម​តំបន់​ព្រំដែន

ដោយ ហ៊ុំ ចំរើន
2024.08.30
អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរ​ទាក់ទាញ​មនុស្ស​ទៅ​រស់​នៅ​តាម​តំបន់​ព្រំដែន (រូបឯកសារ) បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា។
RFA

អ្នក​វិភាគ​ថា​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បង្កើត​គោលនយោបាយ​ផ្ដល់​ដីធ្លី​ដល់​ពលរដ្ឋ ដែល​គ្មាន​ដី​ឱ្យ​ទៅ​រស់នៅ​តាម​ព្រំដែន គឺ​ជា​រឿង​សំខាន់ ដើម្បី​ទប់ទល់​ការ​ពារ​ការ​ឈ្លានពាន ពី​សំណាក់​ប្រទេស​ជិត​ខាង។ តែ​យ៉ាង​ណា​ក្ដី ពួក​គាត់​ថា រដ្ឋាភិបាល ក៏​ត្រូវ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ជាពិសេស ផ្ដោត​សំខាន់​លើ​តម្លាភាព និង​ផល​ប្រយោជន៍​ជាតិ។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ការពារ​ផល​ប្រយោជន៍​ជាតិ និង​តម្លាភាព ពុំ​មាន​ការ​កេងប្រវ័ញ្ច​ដើម្បី ប្រយោជន៍​បុគ្គល​នោះ​ឡើយ។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែសីហា​ថា ដើម្បី​បញ្ឈប់​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ ជុំ​វិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម រដ្ឋាភិបាលគួរ​តែ​រៀបចំ​គោលនយោបាយ ឬ​គម្រោង​ទាក់ទាញ​ពលរដ្ឋ​ឱ្យ​ទៅ​រស់​នៅ​តាម​បន្ទាត់​ព្រំដែន​ឱ្យ​បាន​ច្រើន និង​អភិវឌ្ឍន៍​តំបន់​ទាំងនោះ ឱ្យ​មាន​សាលា​រៀន មន្ទីរពេទ្យ វត្ត​អារាម និង​ផ្លូវ​ជា​ដើម។ លោក​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ជិត​ខាង។ បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​យុទ្ធសាស្ត្រ​នេះ​ថា ជា​ការ «យក​មនុស្ស​ទៅ​ទប់​មនុស្ស» តាម​រយៈ​ជួយ​ពលរដ្ឋ​អត់​ដីធ្លី ពី​តំបន់​ផ្សេងៗ ឱ្យ​ពួក​គាត់​មក​រស់​នៅ​ទី​នោះ។

បន្ថែម​ពី​នោះ បណ្ឌិត ឡៅ ម៉ុងហៃ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ រួម​នឹង​មាន​តម្លាភាព និង​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ តាម​រយៈ​មធ្យោបាយ​មួយ​ចំនួន​ដូច​ជា ​រដ្ឋាភិបាល​ត្រូវ​មាន​ច្បាប់​លុប​ចោល និង​ហាម សម្បទាន លក់ ជួល​ដី ក្នុង​ភូមិ​ឃុំ ស្រុក​ជាប់​តាម​ព្រំដែន ឱ្យ​ទៅ​ពលរដ្ឋ​ណា​ដែល​គ្មាន​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ និង​តែង​តាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ជា​អភិបាល​ស្រុក​ ហើយ​តែង​តាំង​មេឃុំ និង​ជំទប់​ឃុំ នៅ​តាម​ព្រំដែន ដោយ​ពុំ​ចាំ​បាច់​បោះឆ្នោត។ លោក​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ឱ្យ​ពួក​គាត់​អាច​ទៅ​រស់​នៅ​តាម​បន្ទាត់​ព្រំដែន​។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «មុន​នឹង​ធ្វើ​បែប​នេះ គេ​គិតគូរ​ជា​ស្រេច​ថា តើ​វា​មាន​ការ​ខាត​អ្វី​ខ្លះ ចំណេញ​អ្វី​ខ្លះ។ ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ទេ រឿង​មូលនិធិ​យក​លុយ​ពី​ប្រជាពលរដ្ឋ ​ហ្នឹង ត្រូវ​តែ មាន​តម្លាភាព​ដែរ​ យក​ទៅ​ចាយ​ហ្នឹង ត្រូវ​គិត​គូរ​ទៅ ១គីឡូ​ម៉ែត្រ​អស់​ប៉ុន្មាន​អី​ប៉ុន្មាន ពី​ត្រឹម​ណា​ទៅ​ត្រឹម​ណា»

នៅ​ថ្ងៃ​ទី២៦ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន បង្កើត​មូលនិធិ​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ប្រមូល​លុយ​ពី​មន្ត្រី​រាជការ ឧកញ៉ា និង​ប្រជារាស្ត្រ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី២៩ ខែសីហា រដ្ឋ​ទទួល​បាន​ថវិកា ១១លាន​ដុល្លារ។ ការ​ធ្វើ​បែប​នេះ លោក ហ៊ុន ម៉ាណែត​ ថា​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ចូល​រួម​ ចំណែក​ដោយ​ផ្ទាល់​ជា​មួយ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​រក្សា​អធិបតេយ្យ បូរណភាព​ទឹក​ដី។ បន្ថែម​ពី​នោះ លោក ហ៊ុន ម៉ាណែត ប្រកាស​ថា រដ្ឋាភិបាល ក៏​ត្រៀម​រៀបចំ​ចែក​ដី​ជូន​ដល់​ប្រជាជន ដែល​គ្មាន​ដី​ឱ្យ​ទៅ​រស់​នៅ និង​តាំង​ទី​លំនៅៗ នៅ​តាម​ព្រំដែន​ផង​ដែរ។

ជុំ​វិញ​រឿង​នេះ​ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ តាំង​ទីលំនៅ​តាម​ព្រំដែន​រួច​មក​ហើយ។ ដូច​ជា​ តាម​តំបន់​ព្រំដែន ខេត្ត​កំពង់​ចាម និង​ត្បូង​ឃ្មុំ​ជា​ដើម។ លោក​ថា​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ ក៏​ប្ដេជ្ញា​ចិត្ត​រៀបចំ​កិច្ច​ការងារ​ទាំង​នេះ នៅ​តាម​ខេត្ត​ផ្សេងៗ ទៀត​ផង​ដែរ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព ពុំ​មាន​ការ​ កេងប្រវ័ញ្ច​ថវិកា​ជាតិ ឬ​ថវិកា​ដែល​ទទួល​បាន​ពី​ពលរដ្ឋ ដើម្បី​ផល​ប្រយោជន៍​បុគ្គល​នោះ​ដែរ។

លោក សុខ ឥសាន្ត៖ «នាយក​រដ្ឋមន្ត្រី​ទៅ​កេងប្រវ័ញ្ច​លុយ​ពី​សប្បុរសជន​យ៉ាង​ម៉េច។ មាន​តែ​គាត់​ខិតខំ​កសាង​ស្នាដៃ​គាត់ នៅ​តាម​ព្រំដែន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ប្រទេស គេ​ទុក​ចិត្ត​ថា ឥឡូវ​នេះ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គាត់​ធ្វើ​អ៊ីចឹង វា​ពិត​ប្រាកដ មាន​បង្គោល​ព្រំដែន​មួយ​ជាន់​ហើយ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទៀត ហើយ​មាន​ប្រជាជន​ទៅ​នៅ​ទៀត ហើយ​សុទ្ធ​តែ​ធ្វើ​ផ្ទះ​ល្អៗ ឱ្យ​ទៅ​នៅ»

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកវិភាគ និង​ពលរដ្ឋ​លើក​ឡើង​ថា ការ​រៀបចំ​ឱ្យ​មាន​មូលនិធិ​កសាង​សាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ចែក​ ដី​ដល់​ពលរដ្ឋ ឱ្យ​ទៅ​រស់​នៅ​ពេល​នេះ របស់​រដ្ឋាភិបាល ធ្វើ​ឡើង​ ភ្លាមៗ ក្រោយ​ពី​ពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ប្រទេស តវ៉ា​ទាមទារ​រដ្ឋាភិបាល ឱ្យ​ដក​ខេត្ត​ចំនួន៤ ចេញ​ពី​ ​កិច្ច​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។ ករណី​នេះ អ្នក​វិភាគ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ហាក់​ធ្វើ​ឡើង​ដោយ​គ្មាន​ផែនការ​ច្បាស់​លាស់​ ក្នុង ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដូច្នេះ ងាយ​ប្រឈម​បរាជ័យ និង ខ្វះ​តម្លាភាព ខណៈ​ដែល​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ផែនការ​ លម្អិត ដែល​រដ្ឋាភិបាល​នឹង​ធ្វើ​បែប​ណា​ខ្លះ​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ក្រុងបាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម លោក សួន វុត្ថា សាទរ​ប្រសិន​បើ​រដ្ឋាភិបាល​អាច​អភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​ព្រំដែន​មែន​នោះ ព្រោះ​ថា បច្ចុប្បន្ន​នេះ ដីធ្លី​ដែល​នៅ​តាម​បណ្ដោយ​ព្រំដែន គឺ​គ្មាន​ការ​អភិវឌ្ឍន៍ ចំណែក​ការ​ធ្វើ​កសិកម្ម ក៏​ពុំ​សូវ​បាន​ផល ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពុំ​សូវ​ចង់​រស់​នៅ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ដីធ្លី​នៅ​តាម​ព្រំដែន គឺ​ភាគ​ច្រើន​ ពលរដ្ឋ​ពុំ​សូវ​មាន​នោះ​ទេ តែ​ជា​កម្មសិទ្ធិ​របស់​អាជ្ញាធរ​ ដូច​ជា ប៉ូលិស និង​ទាហាន ដែល​ធ្លាប់​ឈរ​ជើង​ប្រចាំ​ការ​នៅ​ទី​នោះ ហើយ​ដី​មួយ​ចំនួន​បាន​ដាក់​ជួល​ឱ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើ​កសិកម្ម។

លោក សួន វុត្ថា៖ «គម្រោង​រដ្ឋាភិបាល​ជោគជ័យ​ទៅ​បាន​ទាល់​តែ​ឱ្យ​ពលរដ្ឋ​ទៅ​នៅ ប្រកប​របរ​កសិកម្ម មាន​ទឹក​មាន​ផ្លូវ មាន​ភ្លើង។ មួយ​ទៀត​ត្រូវ​តែ​មាន​ដី​ស្រែ​ សម្រាប់​ឱ្យ​គាត់​ធ្វើ​ស្រែ អាច​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ រស់​ដោយ​ស្រួល អា​ហ្នឹង​បាន​គាត់​អាច​រស់​នៅ​បាន​យូរ»

លោក​បន្ត​ថា កម្ពុជា​គួរតែ​ដល់​ពេល​ហើយ ដែល​ត្រូវ​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​ត្រឹម​ត្រូវ ដូច​នឹង​ប្រទេស​ជាតិ​ខាង ជា​ពិសេស ប្រព័ន្ធ​ទឹក​ ភ្លើង​ សាលារៀន មន្ទីរពេទ្យ​ជា​ដើម ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ឱ្យ​មក​រស់​នៅ ប្រកបរបរ​ចិញ្ចឹម​ឱ្យ​បាន​ច្រើន និង​ចូល​រួម​ការ​ការពារ​តាម​តំបន់​ព្រំដែន។ លោក​ថា ករណី​ឈ្លានពាន​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជាតិ​ខាង គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ ជា​ពិសេស បញ្ហា​ជួល លក់ និង​ការ​សម្បទាន​ដី​ឱ្យ​ទៅ​ប្រទេស​ដទៃ បង្ក​ឱ្យ​មាន​ការ​ហូរ​ចូល​ជនបរទេស​ខុស​ច្បាប់ អាច​នឹង​កើត​មាន​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។