អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំងលើកឡើងដូចៗគ្នាថា គណបក្សប្រជាជនកម្ពុជា មិនដែលប្ដូរគោលនយោបាយដឹកនាំប្រទេសរបស់ខ្លួនឱ្យខុសពីរបបកុម្មុយនិស្តនោះទេ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងស្នងតំណែងពីឪពុកអះអាងថា គណបក្សប្រជាជនកម្ពុជាមិនដែលផ្លាស់ប្ដូរទេ គឺនៅតែរក្សាទិសដៅដើម។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះឡើយ។ លោកបន្ថែមថា ក្រៅពីបន្តគោលនយោបាយដឹកនាំប្រទេសតាមបែបកុម្មុយនិស្តហើយនោះ គណបក្សប្រជាជនកម្ពុជា ក៏បានដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែទន់ខ្សោយ និងបាត់បង់ទឹកដីទៅឱ្យប្រទេសវៀតណាមផងដែរ។
លោក គឹម សុខ៖ « នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងមានដង្ហើមប្រជាធិបតេយ្យបន្តិចមែន ប៉ុន្តែដង្ហើមប្រជាធិបតេយ្យនេះ ក៏ត្រូវគណបក្សប្រជាជនកម្ពុជាកម្ទេច ដោយសារតែគណបក្សប្រជាជនរក្សាបុព្វហេតុ និងទិសដៅរួម ចង់ដឹកនាំប្រទេសតាមបែបកុម្មុយនិស្តដូចមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ឥឡូវយើងឃើញរូបភាពហើយ គឺឯកបក្ស ហើយនរណាមានយោបល់អ្វីមិនបានទេ គំរាមបំផ្លាញ និងកម្ទេច ចាប់ដាក់គុក រំលាយបក្សចោល » ។
ការលើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត អះអាងថា គណបក្សប្រជាជនកម្ពុជាតែងតែកែទម្រង់គោលនយោបាយ ដើម្បីឱ្យប្រទេសជាតិកាន់តែរីកចំរើន។ ថ្លែងក្នុងវីដេអូរយៈពេលប្រមាណ ៥នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែមិថុនា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនដែលប្ដូរទិសដៅនោះឡើយ ក៏ប៉ុន្តែតែងតែប្ដូរគោលនយោបាយដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត៖ « ទិសដៅរួមគឺអត់ដូរទេ គឺធ្វើឱ្យប្រទេសជាតិរបស់យើងដែលឱ្យបានរីកចំរើន ប៉ុន្តែយើងបានកែសម្រួលគោលនយោបាយ ទម្រង់នៃកម្មវិធីនយោបាយយើងច្រើនណាស់ ហើយនេះហើយ ដែលអ្វីដែលប្រែប្រួល គោលនយោបាយកំណែទម្រង់ ប្រែប្រួលគ្រប់កាលៈទេសៈ ដើម្បីឱ្យជាតិយើងខ្លាំង ឱ្យប្រជាជាតិយើងខ្លាំង » ។
ផ្ទុយពីការលើកឡើងនេះ គណបក្សប្រជាជនកម្ពុជា ដែលដំបូងឡើយ បង្កើតឡើងដោយមេដឹកនាំវៀតណាម លោក ហូ ជីមិញ តាំងពីឆ្នាំ១៩៥១ និងបានដឹកនាំប្រទេសតាំងពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩មកនោះ ត្រូវបានគេមើលឃើញថា ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងផ្ដល់ផលប្រយោជន៍ចំពោះតែថ្នាក់ដឹកនាំធំៗក្នុងជួរផ្ទៃក្នុង នៅក្នុងគណបក្សនេះតែប៉ុណ្ណោះ។ ក្រោយពីទទួលយកការផ្សះផ្សាជាតិ និងចូលរួមការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមគ្រប់រូបភាព។ ក្នុងនោះរួមមានដូចជា ការធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធិ កាលពីឆ្នាំ១៩៩៧ និងបន្តបន្ទាប់មកទៀត លោកបានកែរដ្ឋធម្មនុញ្ញរំលាយគណបក្សសង្គ្រោះជាតិ និងថ្មីៗនេះ លោករងនូវការរិះគន់ថា បានបញ្ជាឱ្យគណៈកម្មាធិការមជ្ឈិមរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខនេះ ដើម្បីរក្សាសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជាទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា។
ជុំវិញរឿងនេះ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន លើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែដឹកនាំប្រទេសតាមបែបកុម្មុយនិស្តតែប៉ុណ្ណោះទេ ប៉ុន្តែក៏ព្យាយាមបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យផងដែរ។ លោកបន្ថែមថា ក្រៅពីបំផ្លាញសម្បត្តិធនធានធម្មជាតិដែលមានតម្លៃមហាសាលមានដូចជា រ៉ែមាស រ៉ែប្រេង និងព្រៃឈើហើយនោះ គណបក្សប្រជាជនកម្ពុជាក៏បានធ្វើឱ្យប្រទេសជំពាក់បំណុលបរទេសរហូតដល់ខ្ទង់ម៉ឺនលានដុល្លារអាមេរិកផងដែរ។ លោក អ៊ំ សំអាន បន្តថា គណបក្សប្រជាជនកម្ពុជាមិនបានការពារទឹកដីកម្ពុជា ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះទេ ដែលលោកថា នេះហើយជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបាត់បង់កោះត្រល់ និងដីនៅតាមព្រំដែនជាច្រើនទៅឱ្យប្រទេសវៀតណាម។
លោក អ៊ំ សំអាន៖ « ចង់ឱ្យប្រទេសយើងរីកចំរើនរឹងមាំ អភិវឌ្ឍគ្រប់វិស័យហ្នឹង ធ្វើម៉េចឱ្យគណបក្សប្រជាជនហ្នឹង ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ឱ្យមានគណបក្សប្រឆាំងនៅកម្ពុជា ឱ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌ទៅ ប្រាកដជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប (EU) ២០ភាគរយ មកឡើងវិញ ហើយអាមេរិកក៏នឹងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ទៅដល់កម្ពុជា ហើយនឹងទទួលបានជំនួយពីប្រទេសសេរីដទៃទៀតមកអភិវឌ្ឍប្រទេសជាតិ ពេលហ្នឹងប្រាកដជាមានការរីកចំរើនហើយ » ។
អ្នកវិភាគនយោបាយលើកឡើងថា ដោយសារតែដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងស្ថាប័នឯករាជ្យរបស់រដ្ឋស្ទើរគ្រប់វិស័យ ក្នុងនោះរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធជាដើម។ បើទោះបីជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាព អឺរ៉ុប (EU)និង GSP របស់សហរដ្ឋអាមេរិក (United States)យ៉ាងណាក៏ដោយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មកររោងចក្ររាប់ម៉ឺននាក់ និងសេដ្ឋកិច្ចជាតិយ៉ាងណាក្ដី ក៏គណបក្សប្រជាជនដែលដឹកនាំដោយ លោក ហ៊ុន សែន នៅតែមិនព្រមបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
