អ្នក​វិភាគ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ប្ដូរ​គោល​ជំហរ​នយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់​ការ

0:00 / 0:00

អ្នក​វិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ដូចៗ​គ្នា​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ប្ដូរ​គោល​នយោបាយ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​ឱ្យ​ខុស​ពី​របប​កុម្មុយនិស្ត​នោះ​ទេ។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​នឹង​ស្នង​តំណែង​ពី​ឪពុក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​រក្សា​ទិស​ដៅ​ដើម។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ឡើយ។ លោក​បន្ថែម​ថា ក្រៅ​ពី​បន្ត​គោល​នយោបាយ​ដឹកនាំ​ប្រទេស​តាម​បែប​កុម្មុយនិស្ត​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ទន់ខ្សោយ និង​បាត់បង់​ទឹក​ដី​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ផង​ដែរ។

លោក គឹម សុខ៖ « នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៣ យើង​មាន​ដង្ហើម​ប្រជាធិបតេយ្យ​បន្តិច​មែន ប៉ុន្តែ​ដង្ហើម​ប្រជាធិបតេយ្យ​នេះ ក៏​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​កម្ទេច ដោយសារ​តែ​គណបក្ស​ប្រជាជន​រក្សា​បុព្វហេតុ និង​ទិសដៅ​រួម ចង់​ដឹកនាំ​ប្រទេស​តាម​បែប​កុម្មុយនិស្ត​ដូច​មុន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ឥឡូវ​យើង​ឃើញ​រូបភាព​ហើយ គឺ​ឯក​បក្ស ហើយ​នរណា​មាន​យោបល់​អ្វី​មិន​បាន​ទេ គំរាម​បំផ្លាញ និង​កម្ទេច ចាប់​ដាក់​គុក រំលាយ​បក្ស​ចោល »

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​កែ​ទម្រង់​គោលនយោបាយ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​រីក​ចំរើន។ ថ្លែង​ក្នុង​វីដេអូ​រយៈពេល​ប្រមាណ ៥នាទី ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី១៥ ខែមិថុនា លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ប្ដូរ​ទិសដៅ​នោះ​ឡើយ ក៏​ប៉ុន្តែ​តែងតែ​ប្ដូរ​គោលនយោបាយ​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត៖ « ទិស​ដៅ​រួម​គឺ​អត់​ដូរ​ទេ គឺ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​របស់​យើង​ដែល​ឱ្យ​បាន​រីក​ចំរើន ប៉ុន្តែ​យើង​បាន​កែ​សម្រួល​គោល​នយោបាយ ទម្រង់​នៃ​កម្មវិធី​នយោបាយ​យើង​ច្រើន​ណាស់ ហើយ​នេះ​ហើយ ដែល​អ្វី​ដែល​ប្រែប្រួល គោល​នយោបាយ​កំណែ​ទម្រង់ ប្រែប្រួល​គ្រប់​កាលៈទេសៈ ដើម្បី​ឱ្យ​ជាតិ​យើង​ខ្លាំង ឱ្យ​ប្រជាជាតិ​យើង​ខ្លាំង »

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដំបូង​ឡើយ បង្កើត​ឡើង​ដោយ​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ តាំង​ពី​ឆ្នាំ១៩៥១ និង​បាន​ដឹកនាំ​ប្រទេស​តាំង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​ដួល​រលំ​នៅ​ឆ្នាំ១៩៧៩មក​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​តែ​ថ្នាក់​ដឹកនាំ​ធំៗ​ក្នុង​ជួរ​ផ្ទៃ​ក្នុង នៅ​ក្នុង​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។ ក្រោយ​ពី​ទទួល​យក​ការ​ផ្សះផ្សា​ជាតិ និង​ចូលរួម​ការ​បោះឆ្នោត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាម​គ្រប់​រូបភាព។ ក្នុង​នោះ​រួម​មាន​ដូចជា ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រីទី១ សម្ដេច​ក្រុម​ព្រះ នរោត្តម ឬណរិទ្ធិ កាល​ពី​ឆ្នាំ១៩៩៧ និង​បន្ត​បន្ទាប់​មក​ទៀត លោក​បាន​កែ​រដ្ឋធម្មនុញ្ញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្មីៗ​នេះ លោក​រង​នូវ​ការ​រិះគន់​ថា បាន​បញ្ជា​ឱ្យ​គណៈកម្មាធិការមជ្ឈិម​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ នា​ខែកក្កដា​ខាង​មុខ​នេះ ដើម្បី​រក្សា​សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១២៥អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ជុំវិញ​រឿង​នេះ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​ដឹកនាំ​ប្រទេស​តាម​បែប​កុម្មុយនិស្ត​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព្យាយាម​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។ លោក​បន្ថែម​ថា ក្រៅ​ពី​បំផ្លាញ​សម្បត្តិ​ធនធាន​ធម្មជាតិ​ដែល​មាន​តម្លៃ​មហាសាល​មាន​ដូច​ជា រ៉ែ​មាស រ៉ែ​ប្រេង និង​ព្រៃឈើ​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​ជំពាក់​បំណុល​បរទេស​រហូត​ដល់​ខ្ទង់​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។ លោក អ៊ំ សំអាន បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ការពារ​ទឹកដី​កម្ពុជា ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ​ទេ ដែល​លោក​ថា នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​បង់​កោះត្រល់ និង​ដី​នៅ​តាម​ព្រំដែន​ជា​ច្រើន​ទៅ​ឱ្យ​ប្រទេស​វៀតណាម។

លោក អ៊ំ សំអាន៖ « ចង់​ឱ្យ​ប្រទេស​យើង​រីក​ចំរើន​រឹងមាំ អភិវឌ្ឍ​គ្រប់​វិស័យ​ហ្នឹង ធ្វើ​ម៉េច​ឱ្យ​គណបក្ស​ប្រជាជន​ហ្នឹង ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​នៅ​កម្ពុជា ឱ្យ​មាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ឱ្យ​មាន​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌​ទៅ ប្រាកដ​ជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាពអឺរ៉ុប (EU) ២០ភាគរយ មក​ឡើង​វិញ ហើយ​អាមេរិក​ក៏​នឹង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ទៅ​ដល់​កម្ពុជា ហើយ​នឹង​ទទួល​បាន​ជំនួយ​ពី​ប្រទេស​សេរី​ដទៃ​ទៀត​មក​អភិវឌ្ឍ​ប្រទេស​ជាតិ ពេល​ហ្នឹង​ប្រាកដ​ជា​មាន​ការ​រីក​ចំរើន​ហើយ »

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ដោយសារ​តែ​ដឹកនាំ​ប្រទេស​ជាង​៤០ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង​ស្ថាប័ន​ឯករាជ្យ​របស់​រដ្ឋ​ស្ទើរ​គ្រប់​វិស័យ ក្នុង​នោះ​រួម​មាន គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ប្រព័ន្ធ​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ជាដើម។ បើ​ទោះបីជា​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព អឺរ៉ុប (EU)និង GSP របស់​សហរដ្ឋ​អាមេរិក (United States)យ៉ាង​ណា​ក៏​ដោយ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់ និង​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ណា​ក្ដី ក៏​គណបក្ស​ប្រជាជន​ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។