តុលាការ​​ខេត្ត​កំពង់ចាម​កោះហៅ​​​យុវជន​បក្ស​ប្រឆាំង​ម្នាក់​ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ ក្រោយ​ពេល​ទៅ​​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី

ដោយ មួង ណារ៉េត
2019-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ក្នុង​ពេល​ទៅ​ជួប​អ្នកគាំទ្រ​លោក នៅម៉ាឡេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Sam Rainsy

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​កោះហៅ​យុវជន​ម្នាក់​ទៀត ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ស្ទឹងត្រង់ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​បទ​ញុះញង់ ក្រោយ​ពេល​យុវជន​ម្នាក់​នោះ បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី។ មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​​កោះ​ហៅ​នេះ​ថា ជា​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ជា​ការ​​បន្លាច​​ពលរដ្ឋ​ កុំ​ឲ្យ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា។

ក្នុង​ដីកា​កោះ​ហៅ ចុះ​ថ្ងៃ​ទី២៨ ខែ​សីហា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៦ កញ្ញា ព្រះរាជអាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ហាក់ ហ៊ាន់ បង្គាប់​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ លោក រិន រដ្ឋ រស់​នៅ​ភូមិ​ព្រះ​អណ្ដូង​ទី២ ឃុំ​ព្រះ​អណ្ដូង ស្រុក​ស្ទឹងត្រង់ ចូល​​បំភ្លឺ​នៅ​ម៉ោង ៨កន្លះ​ព្រឹក ថ្ងៃ​ទី១៩ សីហា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ លោក រិន រដ្ឋ ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ​(VOD) ​ថា តុលាការ​ចេញ​ដីកា​នេះ​ បន្ទាប់​ពី​លោក​បាន​ទៅ​ជួប​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ សីហា។ តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​ចូល​ខ្លួន​តាម​ដីកា​កោះ ឬ​យ៉ាង​ណា​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សោ ចាន់ដេត ប្រាប់​អាស៊ី​សេរី​ថា ការ​​ចេញ​​ដីកា​គំរាម​​យុវជន​ ដែល​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី គ្រាន់​តែ​ជា​ហេតុ​ផល​មួយ​របស់​របប​ក្រុង​ភ្នំពេញ​ប៉ុណ្ណោះ។ តែ​ហេតុ​ផល​ពិត​ប្រាកដ គឺ​របប​ក្រុង​ភ្នំពេញ​ចង់​កម្លា​ពលរដ្ឋ​ឲ្យ​ខ្លាច​ញញើត​ ក្នុង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី។ លោក​ថា ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​កាន់​តែ​មាន​កំហឹង​ទៅ​វិញ​ទេ៖ «(ចាប់) គោលដៅ​ ដោយសារ​គាត់ (លោក ហ៊ុន សែន) គិត​ថា កម្លាំង​ទាំង​នោះ គឺជា​កម្លាំង​​ស្រួច កម្លាំង​អ្នក​ដែល​ត្រៀម​ ដើម្បី​ទទួល​ សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ (បង្ក្រាប) គ្រប់​មនុស្ស​ទាំងអស់ សកម្មជន​ទាំង​អស់ ដែល​ហ៊ាន​ចេញ​មុខ ពី​ព្រោះ​អ្នក​ទាំង​អស់ ដែល​គេ​ចាប់​នោះ សុទ្ធ​តែ​មិន​ចុះ​ញ៉ម មិន​ចុះ​ចាញ់ ហើយ​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​តាម​ការ​លួង​លោម​កន្លង​មក»

ចាប់​តាំង​ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ បាន​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ខ្លាំង​ជាង​មុន។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់​ចាម ៣នាក់​ហើយ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ និង​ចាប់​ខ្លួន។ អ្នក​ទាំងនោះ​​ គឺ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក គង់ ស៊ីវង្ស មេឃុំ​ជាប់​ឆ្នោត​ឃុំ​បុស្ស​ខ្នុរ​ ស្រុក​ចំការ​លើ លោក ហ៊ុន សុគង់ ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី៥ កញ្ញា នៅ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ និង​សកម្មជន​ស្រុក​ស្ទឹងត្រង់ លោក រិន រដ្ឋ។ សកម្មជន​ខេត្ត​កំពង់ចាម​ខ្លះ​ទៀត ក៏​កំពុង​រត់​ភៀសខ្លួន ពី​ការ​ចាប់​ខ្លួន​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក យល់​ថា ការ​ចេញ​ដីកា និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម ជា​រឿង​នយោបាយ ជា​ជាង​ការ​អនុវត្ត​ច្បាប់។ សង្គម​ស៊ីវិល​ យល់​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ មិន​បាន​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ តែ​រដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​បង្ក្រាប​លើ​​សកម្មជន​បក្ស​ប្រឆាំង​ជា​ស្រេច ដោយ​ប្រើប្រាស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ក្នុង​ការ​ចាប់​ខ្លួន និង​តុលាការ៖ «ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​អនុវត្ត​ច្បាប់​ ពី​ព្រោះ​យើង​មើល​ទៅ​សកម្មជន​នៃ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង។ គាត់​ធ្វើ​សកម្មភាព​ក្នុង​បែប​នយោបាយ គាត់​មិន​បាន​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​អ្វី​ទេ ព្រោះ​សកម្មភាព​ទាំងអស់​ហ្នឹង ក្នុង​នាម​ជា​ពលរដ្ឋ ក្នុង​នាម​អ្នក​នយោបាយ ជា​ទូទៅ​សកម្មភាព​ទាំង​អស់​ហ្នឹង គឺ​ផ្ដល់​សិទ្ធិ​ដោយ​ច្បាប់​កំពូល​របស់​ជាតិ ហើយ​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»

ជុំវិញ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣នាក់ នៅ​ខេត្ត​កំពង់ចាម​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ហូត វុទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី៦ កញ្ញា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល​វិញ លោក ស៊ឹង សែនករុណា យល់​ថា ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​សកម្មជន​បក្ស​ប្រឆាំង​បែប​នេះ នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស​កាន់​តែ​អាប់អួ​ ហើយ​រដ្ឋាភិបាល​នឹង​ជៀស​មិន​ផុត​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ឡើយ។

គិត​មក​ដល់​ខែ​កញ្ញា​នេះ យ៉ាង​តិច​ណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស ២៣នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ នៅ​ក្នុង​ឆ្នាំ២០១៩ ក្រោម​បទ​ចោទ​ញុះញង់ និង​កាប់​ទន្ទ្រាន​ដី​រដ្ឋ។ ក្នុង​នោះ ២០នាក់​កំពុង​ជាប់​ឃុំ​នៅ​ឡើយ ឯ ២នាក់ ត្រូវ​បាន​ដោះលែង កាល​ពី​ពេល​ថ្មីៗ នេះ និង​ម្នាក់​ស្លាប់​ក្នុង​ពន្ធនាគារ។ អ្នក​ទាំង ២៣នាក់​នេះ មាន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ចាម ព្រះសីហនុ និង​កំពត​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល