ក្រុម​សភា​និយាយ​ភាសា​បារាំង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២៨ មករា

ដោយ ហង្ស សាវយុត
2016.01.27
ផែនទី​ខេត្ត​សៀមរាប ៨៥៥ ផែនទី​ខេត្ត​សៀមរាប។
Photo: RFA

ក្រុម​សភា​និយាយ​ភាសា​បារាំង មក​ពី ១៦​ប្រទេស មាន​គម្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ដោយ​ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា គណៈប្រតិភូ​នៃ​សភា​និយាយ​ភាសា​បារាំង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.ភី.អេហ្វ (APF) ទាំង​នោះ បាន​មក​ដល់​ខេត្ត​សៀមរាប ​ជា​បន្តបន្ទាប់។

ប្រធាន​ក្រុម​លេខាធិការដ្ឋាន​សភា​និយាយ​ភាសា​បារាំង គឺ​លោក ហេង រដ្ឋា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មករា ថា​ជា​រៀង​រាល់​ឆ្នាំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង តែង​ជួប​ប្រជុំ​គ្នា​ក្នុង ១​ឆ្នាំ​២​ដង។

លោក ហេង រដ្ឋា បញ្ជាក់​ថា កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នោះ នឹង​ធ្វើ​ការ​អនុម័ត​ទៅ​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កាល​ពី​ឆ្នាំ​២០១៥ និង​កិច្ចការ​មួយ​ចំនួន​ទៀត៖ «គេ​នឹង​និយាយ​អំពី​ការ​អនុម័ត​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​មាន​ប្រទេស​ដែល​ទើបតែ​ចូល​ថ្មី ឬ​ក៏​ប្រទេស​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ គេ​ព្យួរ​បេក្ខភាព​ជាដើម»

​សភា​និយាយ​ភាសា​បារាំង មក​ពី​ប្រទេស​ចំនួន​១៦ ដែល​នឹង​ចូល​រួម​ប្រជុំ​ទាំង​នោះ​មាន​មក​ពី​ប្រទេស​ស្វីស (Sweden) មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្គោ (Congo) មក​ពី​បែលហ្សិក (Belgium) ម៉ាដាហ្គាស្កា (Madagascar) វៀតណាម (Vietnam) ប្រទេស​សេណេហ្គាល់ (Senegal) ប្រទេស​ម៉ារ៉ុក (Morocco) ប្រទេស​កាណាដា និង​លុចហ្សំបួរ (Luxembourg) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។