សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​គណបក្ស​ប្រឆាំង ១០នាក់

ដោយ ហេង រស្មី
2020.06.09
សកម្មជន​បក្ស​សង្គ្រោះ​ជាតិ សមាជិក​គណបក្ស​ប្រឆាំង ៤រូប ក្នុង​ចំណោម ១០រូប ដែល​របប​ក្រុង​ភ្នំពេញ​ចាប់ឃុំ​ខ្លួនជាបន្តបន្ទាប់ ​តាំង​ពី​ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​គណបក្ស​ប្រឆាំង ១០នាក់ បន្ទាប់​ពី​បើក​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​មិថុនា ។ មេធាវី និង​សាច់​ញាតិ ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​របស់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ លោក សួស សំអាត សម្រេច​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង ១០នាក់ បន្ត​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស (ម១) ដដែល ដោយ​សំអាង​ថា សំណុំ​រឿង​នេះ មាន​វិសាលភាព​ធំធេង និង​មិន​ទាន់​បិទ​បញ្ចប់​ដំណើរការ​ស៊ើប​អង្កេត​នៅ​ឡើយ។

មេធាវី​ការពារ​ក្ដី​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង ១០នាក់ លោក សំ សុគង់ មាន​ប្រសាសន៍​ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ គឺ​ជា​រឿង​អយុត្តិធម៌ មិន​អាច​ទទួល​យក​បាន​ទេ ។ លោក​បន្ត​ថា កូន​ក្តី របស់​លោក សុទ្ធតែ​មាន​ហេតុផល និង​លក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​រស់​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន ដូច​ជា​ពួក​គេ មាន​ជំងឺ​ប្រចាំ​កាយ មាន​មុខ​របរ និង​ទីលំនៅ​ច្បាស់លាស់ និង សន្យា មិន​គេចវេះ​ជា​ដើម៖ «សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​រសៀល​នេះ​គឺ​មិន​អាច​ទទួល​យក​បាន ហើយ​គ្មាន​ភាព​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​ខ្ញុំ​បាទ​ទាំង ១០នាក់ ដែល​ប្រជាជន​សាមញ្ញ ធម្មតា​គ្មាន​ឥទ្ធិពល គ្មាន​អំណាច​អី​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ ឬ​បង្ក​ឲ្យ​ការ​លំបាក​ដល់​ការ​ស៊ើប​អង្កេត​នោះ​ទេ»

សមាជិក​គណបក្ស​ប្រឆាំង​ទាំង ១០នាក់​នេះ រួម​មាន លោក សុខ ចាន់ថា លោក ញ៉ែម វាន លោក ជុំ ចាន់ លោក ឃុត ច្រឹប លោក កែវ ថៃ និង​លោក ឃឹម ភាណា ជា​ដើម។ អ្នក​ទាំង ១០នាក់ ត្រូវ បាន​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ជាបន្តបន្ទាប់ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ២០២០។ តុលាការ បាន​ចោទ ប្រកាន់​ពួក​គេ​ដូចៗ គ្នា​គឺ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម១)

ភរិយា​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់​ឆ្នាំង​លោក កែវ ថៃ គឺ​លោកស្រី សំ ចិន្តា សម្ដែង​ការ​សោក​ស្ដាយ ដែល​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ មិន​អាច​ផ្ដល់​ការ​កាត់​សេចក្ដី​ដែល​ត្រឹម​ត្រូវ​មួយ។ លោក​ស្រី​បន្ត​ថា ការ​សម្រេច​សេចក្ដី​បែប​នេះ បាន​ផ្ដល់​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដល់​គ្រួសារ​លោកស្រី៖ «តុលាការ​កាត់​ក្តី​ឲ្យ​ប្តី​ខ្ញុំ​នេះ គឺ​អត់​ត្រឹម​ត្រូវ និង​អត់​យុត្តិធម៌ ចំពោះ​អ្នក​ដែល​អត់​មាន​ទោស។ ក្រុម​គ្រួសារ​រឹត​តែ​ពិបាក​ចិត្ត និង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង»

រី​ឯ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ទទួល​ស្គាល់​ថា ករណី​សមាជិក​បក្ស​ប្រឆាំង​ទាំង​នេះ គឺ​មាន​លក្ខណៈ​សម​ស្រប​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​យល់​ថា នៅ​ពេល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​រស់នៅ ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​បែប​នេះ កាន់​តែ​ធ្វើឲ្យ​សាធារណជន​យល់​ថា ករណី​នេះ គឺ​ជា​រឿង​នយោបាយ៖ «បើ​សិន​ជា​ស្ថានភាព​នយោបាយ​នៅ​តែ​បែប​នេះ សកម្មជន​នៃ​អ្នក​នយោបាយ​ទាំង​អស់​នេះ នៅ​តែ​បន្ត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់​អ៊ីចឹង​ហើយ ដូច្នេះ​មិន​មែន​ជា​រឿង​អី​ចម្លែក​ទេ ចំពោះ​សំណុំ​រឿង​នយោបាយ​អ៊ីចឹង​នោះ លុះត្រា​តែ​ស្ថានភាព​នយោបាយ មាន​សភាព​ធូរ​ស្រាល ទើប​ពួក​គាត់​អាច​នឹង​មាន​សេរីភាព​ឡើង​វិញ»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់ថា រដ្ឋាភិបាល​កម្ពុជា​ គួរ​តែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​ប្រញាប់​កែ​លម្អ​ស្ថានការណ៍​នយោបាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​រក្សា​បាន​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប និង​មាន​ឱកាស បាន​រើខ្លួន​រួច​ចេញ​ពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក មាន​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​រ ហើយ​ជិត ២០នាក់​ផ្សេងទៀត ត្រូវ​ជន​បិទ​មុខ​វាយ​ឱ្យ​រង​របួស​នៅ​តាម​ដង​ផ្លូវ។

ទោះ​ជា​យ៉ាង​ណា មេធាវី​ការពារ​ក្តី​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង ១០នាក់ ឲ្យ​ដឹង​ថា លោក នឹង​ចូល​ជួប​កូន​ក្ដី​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ផ្លូវ​ច្បាប់​និង​សិទ្ធិ​ដែល​ពួក​គេ​ត្រូវ​មាន​ក្នុង ការ​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។