សង្គម​ស៊ីវិល​បន្ត​រិះគន់​ការ​ផ្ដល់​ឋានៈ​ទីប្រឹក្សា​ និង​ជំនួយការ​ជាង​ ៨០​នាក់​​បន្ថែម​​ទៀត

ដោយ វ៉ែន សុមេធ
2018-10-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
តំណាង​គណបក្ស​១៦ ចូល​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

សង្គម​ស៊ីវិល​បន្ត​ការ រិះគន់​របប​ក្រុងភ្នំពេញ ជុំវិញ​ការ​បន្ដ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ យ៉ាង​ច្រើន​ស្កេះស្កះ សម្រាប់​ស្ថាប័ន​​ទីស្ដីការគណៈរដ្ឋមន្ត្រី។ អ្នក​នាំ​ពាក្យ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា​ការតែងតាំង​ជា តម្រូវការ​ចាំបាច់​របស់​របប​លោក ហ៊ុន សែន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង កត់សម្គាល់​ឃើញ​ថា ងារ​ឯកឧត្ដម និង​លោកជំទាវ​ហាក់​​​កំពុង​​កើន​​ឡើង ដល់​​កម្រិត​​ខ្ពស់​​នៅ​​កម្ពុជា។ លោក យង់ គឹមអេង មិន​ដឹង​ថា ទីប្រឹក្សា ឬ​ជំនួយការ​ខ្លះ ដែល​មាន​ភារកិច្ច ជា​មន្ត្រីរាជការ នៅ​តាម​ស្ថាប័នរដ្ឋ រួច​ទៅ​ហើយ បែង​ចែង​ពេលវេលា​បែប​ណា ដើម្បី​ទៅ​បំពេញការងារ ជាទី​ប្រឹក្សា ឬ​ជា​ជំនួយការ បន្ថែម​​លើ​​មុខងារ​​របស់​ខ្លួន​បច្ចុប្បន្ន​នោះ​ទេ។ សង្គម​ស៊ីវិល​រូប​នេះ ក៏​ដូច​សង្គម​ស៊ីវិល​ផ្សេងទៀត​ដែរ គឺ​បារម្ភ​ថា ប្រធាន​ស្ថាប័ន ឬ​ប្រធាន​របស់​ទីប្រឹក្សា ជំនួយការ​ទាំងនោះ អាច​មិន​ស្គាល់ មុខ​ទីប្រឹក្សា និង​ជំនួយការ​ខ្លួនឯង​អស់​ផង៖ «ប៉ុន្តែ​អា​រឿង​ដែល​សំខាន់ អា​ការ​​តែងតាំង​​មិន​​មាន​​ជា​​បញ្ហា​អ្វី​ទេ​។ ក៏​ប៉ុន្តែ​ការតែងតាំង​ហ្នឹង បម្រើ​ឲ្យ​ស្ថាប័នរដ្ឋ យ៉ាង​ម្ដេច​ដែរ​វិញ។ ធ្វើជា​ប្រយោជន៍​ឲ្យ​សង្គម​បាន អា​ហ្នឹង​គឺ​វា​មិនមែន​ជា​បញ្ហា​ទេ។ តែ​ផ្ទុយទៅវិញ បើសិនជា​ការតែងតាំង​ហ្នឹង គ្រាន់តែ​ដើម្បី​ទទួល​បាន​ប្រាក់ខែ ឋានៈ មុខងារ ប៉ុន្តែ អត់​ដឹង​ថា ត្រូវ​ធ្វើការ​អ្វី​ឲ្យ​ក្រសួង ឬ​ស្ថាប័ន​ហ្នឹង ឲ្យ​ពិតប្រាកដ អាហ្នឹង​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ នៅ​ក្នុង​ករណី​ហ្នឹង»

កាលពី​ថ្ងៃ​ទី​៥ តុលា ប្រមុខ​រដ្ឋ​ស្ដីទី បាន​តែងតាំង និង​ផ្ដល់​ឋានៈ ជាទី​ប្រឹក្សា និង​ជំនួយការ សម្រាប់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចំនួន​៨៤​នាក់។ លោក សាយ ឈុំ ផ្ដល់​​ទីប្រឹក្សា ឲ្យ​គណៈរដ្ឋមន្ត្រី​ចំនួន​៤៦​នាក់ និង​ផ្ដល់​ឋានៈ​ឲ្យ​ទីប្រឹក្សា​ទាំងនោះ ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។ ចំណែក​ជំនួយការ​វិញ មាន​ចំនួន ៣៨​នាក់ ទទួល​បាន​ឋានៈ​ស្មើ​អគ្គនាយក។

នៅ​មុន​ការតែងតាំង និង​ផ្ដល់​ឋានៈ​ឲ្យ​ទីប្រឹក្សា និង​ជំនួយការ​ទីស្ដីការគណៈរដ្ឋមន្ត្រី មួយថ្ងៃ គឺ​កាលពី​ថ្ងៃ​ទី៤ តុលា លោក សាយ ឈុំ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្ដល់​ឋានៈ ទីប្រឹក្សា និង​ជំនួយការ ឲ្យ​អនុប្រធាន​ទី​២ រដ្ឋសភា អ្នកស្រី ឃួន សុដា​រី ចំនួន ២៧នាក់​ដែរ។ ក្នុង​នោះ ១១​នាក់ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៧នាក់​មាន​ឋានៈ​ស្មើ​​អនុរដ្ឋលេខាធិការ និង ៩​នាក់​​ទៀត មាន​​ឋានៈ​​ស្មើ​​អគ្គនាយក។

ចំណែក​តួនាទី​របស់ លោក ហេង សំរិន ជា​ប្រធានរដ្ឋសភា​ឯក​បក្ស នៃ​របប​ក្រុងភ្នំពេញ ក៏​ត្រូវ​បាន​លោក សាយ ឈុំ ចេញ​​ព្រះរាជក្រឹត្យ កាល​​ពី​​​ថ្ងៃ​​​ទី​២៧ កញ្ញា ត្រាស់​​បង្គាប់​​​តែងតាំង ផ្ដល់​ឋានៈ​ជាទី​ប្រឹក្សា និង​​ជំនួយការ​ឲ្យ​​ចំនួន ​៤៦​នាក់​ដែរ។

ឯ​មេដឹកនាំ​កំពូល​នៃ​របប​ក្រុងភ្នំពេញ ហ៊ុន សែន វិញ ទទួល​បាន​ទីប្រឹក្សា ជំនួយការ ក្រុម​ពិធីការ ក្រុម​លេខាធិការ មន្ត្រី​ខុទ្ទកាល័យ​​ច្រើន​​​ជាង​គេ។ លោក សាយ ឈុំ និង​លោក ហ៊ុន សែន បានចេញ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ តែងតាំង​សមាជិក​បក្ស​កាន់អំណាច ជាង​៥០០​នាក់ ដើម្បី​ឲ្យ​ធ្វើជា​ទីប្រឹក្សា ជំនួយការ ក្រុម​ពិធីការ ក្រុម​លេខា មន្ត្រី​ខុទ្ទកាល័យ របស់​លោក ហ៊ុន សែន និង​​​របស់​​​របប​​​ថ្មី លោក ហ៊ុន សែន។ ក្រៅពី​ទីប្រឹក្សា និង​ជំនួយការ ជាង​៥០០​នាក់​នេះ របប លោក ហ៊ុន សែន ក៏បាន​តែងតាំង​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រយ​នាក់​ផ្សេងទៀត ធ្វើជា​មន្ត្រី​នយោបាយ តាម​ក្រសួង ស្ថាប័នរដ្ឋ​ដែរ។

សម្រាប់ លោក សាយ ឈុំ ខ្លួនឯង​វិញ ក្នុង​នាទី​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​គេ​សង្កេត​ឃើញ​ថា ជា​ស្ថាប័ន ចាំតែ​យល់ព្រម​ពី​រដ្ឋសភា មាន​​ទីប្រឹក្សា នាយក នាយករង​ខុទ្ទកាល័យ និង​ជំនួយការ ៣៨​រូប និង​បាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រហូតដល់​អគ្គនាយក។ នេះ​យោង​តាម ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ជុំវិញ ការ​ផ្ដល់​តំណែង និង​ឋានៈ​ជូន​ទីប្រឹក្សា និង​​​ជំនួយការ​​​ចំនួន​ ៨៤​រូប សម្រាប់​ស្ថាប័ន​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានទេ នៅ​ថ្ងៃ​ទី​១១ តុលា ដោយសារ មិន​លើក​ទូរស័ព្ទ។ ប៉ុន្ដែ កន្លងមក លោក​ធ្លាប់​អះអាង​ថា នេះ​ជា​តម្រូវ​ការចាំបាច់ នៃ​របប​ក្រុងភ្នំពេញ ហើយ​របប​មួយ​នេះ មាន​ថវិកា​ជាតិ​គ្រប់គ្រាន់​​សម្រាប់​​បើក​​ឲ្យ​​ទីប្រឹក្សា និង​ជំនួយការ​ទាំងនោះ៖ «ចំនួន​មនុស្ស​ដែល​ជា​ទីប្រឹក្សា​សមាមាត្រ ទៅ​នឹង​ចំនួន​ចំណូល​របស់​រដ្ឋ មិនមែន​ជា​បញ្ហា​ទេ។ យើង​មើល​ចំណាយ​របស់​រដ្ឋាភិបាល និង​ចំណូល​របស់​រដ្ឋាភិបាល»

បើ​ទោះ​ជា មន្ត្រី​របប​ក្រុងភ្នំពេញ បាន​អះអាង​ពី​ការ​មាន​ថវិកាជាតិ​គ្រប់គ្រាន់​បើក​ឲ្យ​ទីប្រឹក្សា និង​ជំនួយការ​ទាំងនោះ​ក្ដី ប៉ុន្តែ​ក្រុម​​អ្នកឃ្លាំមើល និង​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា របប​ក្រុងភ្នំពេញ បាន​បង្កើន​ការខ្ចី​លុយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​បង្កើន​ការ​យក​ពន្ធ​គ្រប់​វិស័យ រួម​ទាំង​បាន​ដំឡើងថ្លៃ​ប្រេងសាំង។ ក្រុម​សង្គម​ស៊ីវិល មាន​ដូចជា នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង សុទ្ធតែ​ចង់​ឃើញ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្វើការ​បែងចែក​តួនាទី ដោយមាន​តារាង​ការងារ​ច្បាស់លាស់ របស់​ទីប្រឹក្សា និង​ជំនួយការ ហើយ​ឲ្យ​ត្រូវ​នឹង​ជំនាញ វិស័យ​ដែល​​ពួកគេ​មាន សម្រាប់​ជួយ​សម្រួល​កិច្ចការ​របស់​ប្រធាន​ស្ថាប័ន​ទាំងនោះ​ពិតប្រាកដ។ ក្រុម​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ចម្រាញ់​យក​ទីប្រឹក្សា ដែល​មាន​ជំនាញ​ច្បាស់លាស់ ហើយ​បង្វែរ​ថវិកាជាតិ​សម្រាប់​ទីប្រឹក្សា​ដែល​គ្មាន​ជំនាញ​ត្រឹមត្រូវ យក​ទៅ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​គ្រូបង្រៀន និង​ពង្រឹង​វិស័យ​សុខាភិបាល​បន្ថែម​ទើប​ជា​ការ​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល