តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី លោក ហុង លីម គ្រោង​សុំ​ទោស​ពលរដ្ឋ​ខ្មែរ

ដោយ តាំង សារ៉ាដា
2016.08.19
ហុង លីម ៨៥៥ ២០១៦ តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦។
Photo: RFA

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ដែល​ចាត់​ទុក​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជា​របប​តិរច្ឆាន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ប្រកាស​ថា លោក​មាន​បំណង​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចំពោះ​ការ​ខកខាន​មិន​សូវ​បាន​យក​ចិត្ត​ទុកដាក់​អំពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​កន្លង​មក ដោយសារ​តែ​លោក​ជាប់​រវល់​គិតគូរ​អំពី​ការងារ​ជា​តំណាងរាស្ត្រ​របស់​លោក​ពេក។

លោក ហុង លីម៖ «ខ្ញុំ​មាន​មនោសញ្ចេតនា សឹង​តែ​ថា​ទទួល​ខុស យើង​សឹងតែ​សុំ​ទោស​ជាតិ​ខ្មែរ​ទាំង​មូល គឺ​ដោយសារ​ខ្ញុំ​មិន​បាន​ធ្វើ​តាំង​ពី​ដើម​មក ហើយ​ធ្វើ​ឲ្យ​ខ្លាំង​តាំង​ពី​ដើម​មក ដោយសារ​ខ្ញុំ​ធ្វេសប្រហែស ហើយ​ដោយសារ​តែ​ខ្ញុំ​គិតគូរ​តែ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ឋានៈ​ជា​សមាជិក​សភា​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា​នេះ»

លោក​បន្ត​ថា លោក​នឹង​មិន​សុំ​ទោស​ជា​ដាច់​ខាត​ចំពោះ​ការ​រិះគន់​របស់​លោក​ដែល​ហៅ​របប​ដឹកនាំ​នៅ​កម្ពុជា ជា​របប​តិរច្ឆាន​នោះ។

នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​សីហា ចុង​សប្ដាហ៍​នេះ លោក​គ្រោង​នឹង​បើក​វេទិកា​សាធារណៈ​មួយ​ដើម្បី​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ដាក់​សម្ពាធ​ដល់​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ជំរុញ​ឲ្យ​រដ្ឋសភា​អូស្ត្រាលី បិទ​ទិដ្ឋាការ​មិន​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចូល​ប្រទេស​អូស្ត្រាលី បាន។ លោក​រំពឹង​ថា វេទិកា​នោះ​នឹង​មាន​មនុស្ស​រាប់​រយ​នាក់​ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។