សមាជិក​ព្រឹទ្ធ​សភា​ស្នើ​លុប​ចោល​ការ​អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ចូលរួម​ជំនួប​កំពូល​អាស៊ាន-​អូស្ត្រាលី

ដោយ មួង ណារ៉េត
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​ជា​ប្រធាន​គណបក្ស​បៃតង (the Australian Greens) លោក រីឆាត ឌី-នីថាឡេ (Richard Di Nitale)។
សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​ជា​ប្រធាន​គណបក្ស​បៃតង (the Australian Greens) លោក រីឆាត ឌី-នីថាឡេ (Richard Di Nitale)។
Screenshot

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​បៃតង (the Australian Greens) និង​គណបក្ស​ពលករ (the Labor Party) ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី លុប​ចោល​ការ​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​រួម​ជំនួប​កំពូល​អាស៊ាន-​អូស្ត្រាលី ដោយសារ​តែ​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ជា​ច្រើន​រយ​នាក់​ក៏​គ្រោង​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ប្រសិនបើ​រដ្ឋាភិបាល​អូស្ត្រាលី មិន​លុបចោល​ការ​អញ្ជើញ​នេះ។

​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ពី​ខាង​គណបក្ស​បក្ស​បៃតង ដាក់​ញត្តិ​ជា​ផ្លូវការ​ដោយ​គ្មាន​ការ​ជំទាស់​នៅ​ក្នុង​សម័យប្រជុំ​ព្រឹទ្ធ​សភា​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ ដោយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី  លុប​ចោល​សេចក្តី​អញ្ជើញ​លោក ហ៊ុន សែន ដោយ​កុំ​ឲ្យ​លោក​មាន​វត្តមាន​ក្នុង​ជំនួប​កំពូល​ពិសេស​អាស៊ាន-​អូស្ត្រាលី ដែល​គ្រោង​ធ្វើ​នៅ​ខែ​មីនា ខាង​មុខ​នេះ។

សមាជិក​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​បៃតង លោក រីឆាត ឌី-នីថាឡេ (Richard Di Nitale) ចាត់​ទុក​ការ​លុប​ចោល​ការ​អញ្ជើញ​នេះ ថា​គឺ​ជា​ទណ្ឌកម្ម​មួយ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា៖ «ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុងតែ​រង​ការ​បំផ្លាញ​ឲ្យ​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​ចំពោះ​មុខ​ក្រសែភ្នែក​យើង​រាល់​គ្នា។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ចោល​នៅ​មុន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ ប្រើ​ប្រើ​ធៀប​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា គឺ​វា​ស្មើ​នឹង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និរទេស​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អូស្ត្រាលី លោក ប៊ីល ស្ស៊តថេន (Bill Shorten) ចាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដាក់​គុក រួច​ហើយ​បញ្ជា​ឲ្យ​តុលាការ​កំពូល រម្លាយ​គ​ណ​បក្ស​ពលករ​ចោល​ទាំង​ស្រុង  និង​ហាម​ឃាត់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​អស់​លែង​ឲ្យ​ធ្វើ​នយោបាយ។ នេះ​គឺ​ជា​ស្ថានភាព​ដែល​កំពុង​តែ​កើត​មាន​នៅ​ស្រុក​ខ្មែរ។ ដូច្នេះ​ក្នុង​នាម​យើង​ជា​អ្នក​ជិត​ខាង​របស់​កម្ពុជា ប្រទេស​អូស្ត្រាលី ត្រូវ​តែ​បង្ហាញ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ ថា​រដ្ឋាភិបាល​អូស្ត្រាលី យក​ចិត្ត​ទុក​ដាក់ និង​គាំទ្រ​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទាមទារ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ។ យើង​គប្បី​អនុវត្ត​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន រួម​ទាំង​ការ​លុបចោល​ការ​អញ្ញើញ​នេះ​ផង​ដែរ។ ខ្ញុំ​សូម​អំពាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ក្រោក​ឈរ​ឡើង​ដើម្បី​លើក​ស្ទួយ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់»

​សមាជិក​ព្រឹទ្ធសភា​មក​ខាង​គណបក្ស​ពលករ លោក អែនថូនី គ្រីសហុម (Anthony Chrisholm) គាំទ្រ​ខ្លឹម​សារ​ញត្តិ​នេះ ដោយ​លោក​រម្លឹក​រដ្ឋាភិបាល​អូស្ត្រាលី អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ប្រទេស​អូស្ត្រាលី បាន​ចូលរួម​យ៉ាង​ច្រើន​រួច​មក​ហើយ​ពេល​កន្លង​មក​នេះ។

លោក អែនថូនី គ្រីសហុម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី  យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​អូស្ត្រាលី ជុំវិញ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​លើក​យក​ខ្លឹមសារ​នៃ​ញត្តិ​នេះ​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន សែន ពេល​ដែល​លោក​អញ្ញើញ​ចូលរួម​ក្នុង​ជំនួប​ពិសេស ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ីដនី នៅ​ខែ​មីនា ខាង​មុខ​នេះ ក្នុង​ករណី​ដែល​សេចក្តី​អញ្ជើញ​នេះ​មិន​ត្រូវ​បាន​លុប​ចោល​នោះ។

ក្នុង​ករណី​ដែល​រដ្ឋាភិបាល​អូស្ត្រាលី នៅ​តែ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី បាន​ប្តេជ្ញា​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ធំ​មួយ​ដែល​មាន​អ្នក​ចូលរួម​មិន​តិច​ជាង ៥០០​នាក់ ដើម្បី​បង្ហាញ​អំពី​ការ​មិន​ពេញចិត្ត និង​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន។

លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ពី​ខាង​គណបក្ស​ពលករ បញ្ជាក់​ថា ការ​តវ៉ា​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ឈឺ​ចាប់ និង​ឈឺ​ឆ្អាល​បញ្ហា​ខ្មែរ​ដូច​គ្នា។ ស្របពេល​ជាមួយគ្នា​នេះ លោក​ក៏​បាន​សម្តែង​ការ​ហួស​ចិត្ត​ដែល​ឮ​ថា មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ នឹង​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា ជួល​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​ទទួល​លោក ហ៊ុន សែន។

លោក​អំពាវនាវ​ឲ្យ​អ្នក​ទាំង​នោះ​ភ្ញាក់​រលឹក​ឡើង កុំ​គាំទ្រ​មេដឹកនាំ​បែប​ផ្ដាច់ការ​បំផ្លាញ​ខ្មែរ​ដូច្នេះ ព្រោះ​មិន​ល្អ​ទេ៖ «មិន​នឹក​គិត អាណោចអាធម​ខ្លួន​ឯង ថា​ខ្លួន​ឯង​ថោកទាប​ដល់​ប៉ុណ្ណឹង ទៅ​ស៊ី​បាយ​ខ្មោច​ពែ ជាមួយ​មនុស្ស​ដែល​ពុករលួយ​បំផុត​បែប​នេះ? គួរ​នឹក​ឃើញ​ផង ថា​មួយ​ពិភពលោក​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​គេ​យក​ទៅ​តុលាការ ICC។ សហរដ្ឋអាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប ជាដើម គេ​ដាក់​ទណ្ឌកម្ម​ស្រុក​ណា​ខ្លះ? គេ​ដាក់ទណ្ឌកម្ម​តែ​ស្រុក​ខ្មែរ​មួយ ដោយសារ​យើង​វា​ហួសហេតុ វា​អស់សាច់ វា​ផុត​កំពូល​គ្មាន​នរណា​ដូច ហើយ​បងប្អូន​ទៅ​ចូលរួម​អង្គុយ​ស៊ី​ខ្មោច​ពែ​ពួក​ហ្នឹង ពួក ហ៊ុន សែន នាំ​មក​ហ្នឹង រួម​ទាំង​លោក ហ៊ុន សែន ផង តើ​បងប្អូន​មាន​សេចក្ដី​ថ្លៃថ្នូរ​ប៉ុណ្ណា? បងប្អូន​ចេញ​ពី​ញ៉ាំ​វិញ លេប​រួច​ទេ ដេក​យប់​ហ្នឹង​លក់​ទេ តើ​ទទួល​លុយ​ហ្នឹង បើ​បង​ប្អូន​គ្មាន​ការងារ​ក៏​រដ្ឋ​អូស្ត្រាលី គេ​ចិញ្ចឹម​យើង​ដែរ ហេតុ​អ្វី​បាន​ជា​ធ្លាក់​ខ្លួន​ថោកទាប​ដល់​ប៉ុណ្ណឹង ទៅ​ចូលរួម​​អំពើ​បាបកម្ម​បំផ្លិចបំផ្លាញ​ជាតិ ក្បត់​ជាតិ​នឹង​គេ​យ៉ាង​ដូច្នេះ? ខ្ញុំ​មិន​យល់​ទាល់តែសោះ!»

អាស៊ីសេរី ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ។

ចូល​ដល់​ខែ​កុម្ភៈ​នេះ ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ កាន់​តែ​កើន​ឡើង​យ៉ាង​សន្ធាប់​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ សមាជិក​សភា និង​ព្រឹទ្ធសភា​អាមេរិក​ឯណោះ កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ជា​ច្រើន​ចំណុច​ទៀត ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពន្យារ​ពេល​​ពិភាក្សា​ដើម្បី​លុប​បំណុល​អាមេរិក ដែល​កម្ពុជា ជំពាក់​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ ក្នុង​សម័យ​សង្គ្រាម​ផង​ដែរ។ សមាជិកសភា​អាមេរិក បាន​បញ្ជាក់​ថា ទណ្ឌកម្ម​បន្ថែម​ទាំង​នេះ​នឹង​ចេញ​មិន​ឲ្យ​ហួស​ខែ​កុម្ភៈ នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី Take this dictator to custody please...

Congratulations Mr.Richard and 100% we all supported u by without welcome comrade HunSen come to join the Pacific Ocean Economic submit in Australia"bravo Sir".As the Cambodian people inside and abroad would like to appeal to the Australia govm't"POES" please keep this horrible man HunSen out of the submit in coming day ahead.This monster committed atrocity on Cambodian people since 1970-1979,till today.He gotten ton of crimes committed in the past and recent day by unsolved mysteries like destroyed top an opposition political contender"CNRP"before national election coming months ahead"July 2018",because dictator HunSen fears himself to lost election,violated human rights,woman abuse,child labor,human trafficking,drug cartel,smuggling weapons,sexual abuse,rape,domestic violence,murder,extermination,injustice,inhumane,enslavement,torture,imprisonment,sexual violence,force labor,coup d'etat bloodshed,fear of collection punishment is used to arrest or silence political dissent...there is no independent media,functioning civil society etc and etc.The appointment that provoked global-scratching and outrage because dictator HunSen's bad track record of human rights abuse was high red alert to the international community,including violent crackdowns on political dissent"CNRP top political contender",which earned bad dude dictator HunSen international sanctions"ban this criminal travel on the international airspace or take him into custody if necessary/face a criminal justice",thank you very much to the world and Australia govm't ally.

Feb 13, 2018 03:43 PM

គេហទំព័រ​ទាំងមូល