ស្ថានទូត​អូស្ត្រាលី​​រៀបចំ​​ពិព័រណ៍​រូបថត​​រំឭក​ខួប​លើកទី៣០ឆ្នាំ​របស់​អ៊ុនតាក់

ដោយ សុជីវី
2022.04.25
ស្ថានទូត​អូស្ត្រាលី​​រៀបចំ​​ពិព័រណ៍​រូបថត​​រំឭក​ខួប​លើកទី៣០ឆ្នាំ​របស់​អ៊ុនតាក់ លោកឧត្តមសេនីយ៍ឯក ចន សេនដឺសុន (John Murray Sanderson AC) អតីតមេបញ្ជាការអូស្ត្រាលីផ្នែកយោធារបស់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធី ANZAC ដែលបានប្រារព្ធនៅក្នុងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
រូប៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា រៀបចំ​ពិព័រណ៍​រូបថត​រំឭក​ខួប​លើកទី៣០ឆ្នាំ​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)។ ពិព័រណ៍​នេះ​នឹង​បើកជូន​សាធារណជន​ដោយ​សេរី ចាប់ពី​ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា នៅសណ្ឋាគារ រ៉ាហ្វល ហូតែល ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្រុងភ្នំពេញ។

អូស្ត្រាលី​ គឺជា​ប្រទេសដ៏សំខាន់​មួយ​ដែលបាន​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អ៊ុនតាក់​នៅកម្ពុជា​កាលពី​ឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣។ បេសកកម្ម​នេះ​បើកផ្លូវ​ឱ្យ​កម្ពុជា​អាច​រៀបចំ​ការបោះ​ឆ្នោត​​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាលើក​ដំបូង ក្រោយពី​ប្រទេស​នេះ​បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​អស់ជាង ២ទសវត្ស។ អូស្ត្រាលី​បាន​ផ្តល់​បុគ្គលិក​ជាង១២០០នាក់ដល់​អ៊ុនតាក់។

អតីតអគ្គមេបញ្ជាការ​របស់​អ៊ុនតាក់​ជា​ជនជាតិ​អូស្ត្រាលី គឺឧត្តមសេនីយ៍ឯក ចន សេនដឺសុន (John Murray Sanderson AC) និង​ភរិយា បច្ចុប្បន្ន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជាចាប់ពី​ថ្ងៃទី២៣ ខែមេសា ដល់​ថ្ងៃទី២ ខែឧសភា ដើម្បី​អបអរ​ខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ និង​ជាផ្នែកមួយ​នៃ​ការអបអរ​ខួបទី៧០ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​អូស្ត្រាលី និង​កម្ពុជា។

លោកគ្រោង​ជួបជាមួយ​ក្រុមមេដឹកនាំ​កម្ពុជា និង​តំណាង​សង្គមស៊ីវិល ដើម្បី​ឆ្លុះបញ្ចាំង​ពីការចូលរួមចំណែក និង​មិត្តភាព​រវាង​អូស្ត្រាលី និង​កម្ពុជា។

កាលពី​៣០ឆ្នាំមុន អតីតអគ្គមេបញ្ជាការ​របស់​អ៊ុនតាក់​រូបនេះ បាន​បញ្ជាកងកម្លាំង​ពហុភាគី​ដ៏ធំមួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​ អ្នកសង្កេតការណ៍​យោធា និង​នគរបាល​ស៊ីវិល សរុបចំនួន ២ម៉ឺន២ពាន់នាក់ (២២.០០០នាក់) មកពី​ជាង​៤០ប្រទេស​នៅលើ​ពិភពលោក។

អ៊ុនតាក់​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ១៩៩២ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ការធ្វើមាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​កម្ពុជា​ដែលបាន​ផ្លាស់ទី​លំនៅ​ដោយសារ​សង្គ្រាមស៊ីវិល និង​ការបោះឆ្នោតជាតិ​ឆ្នាំ១៩៩៣។ បេសកកម្ម​នេះ បាន​ចំណាយ​អស់ទឹកប្រាក់​ជាង ២ពាន់លានដុល្លារ ដោយ​បានជួយ​នាំមក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ឈាន​ទៅបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅកម្ពុជា​នៅចុងឆ្នាំ១៩៩៨។ ក៏ប៉ុន្តែ បេសកកម្ម​របស់​អ៊ុនតាក់​នេះ រង​នូវ​ការរិះគន់​ថា មិនបាន​សម្រេចបាន​នូវ​គោលដៅ​ចម្បង​នៃ​ការធានា​ឱ្យមាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ជាយូរអង្វែង​នៅកម្ពុជា​ឡើយ។

គណបក្សប្រជាជនកម្ពុជា ដែលបាន​ចាញ់ឆ្នោតកាលពីឆ្នាំ១៩៩៣ បានគំរាម​បំបែកទឹកដីកម្ពុជាជាពីរផ្នែក។ ​ការសម្រុះសម្រួល​នយោបាយ​បាននាំឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេសតែ​មួយ​ក្នុង​ប្រវត្តិសាស្ត្រពិភពលោក ដែលមាន​តំណែង​នាយករដ្ឋមន្ត្រី​ដល់ទៅពីរនាក់។ មិន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន ដែល​កាល​នោះ​ជា​នាយករដ្ឋមន្ត្រីទី២ បាន​ដឹកនាំ​ធ្វើរដ្ឋប្រហារ​​បង្ហូរ​ឈាម​ដណ្តើម​អំណាច​នៅ​ដើមខែកក្កដា ឆ្នាំ១៩៩៧។ ទាហានដែលស្មោះស្ម័គ្រ​នឹង​អតីត​នាយក​រដ្ឋមន្ត្រីទី១ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​ជនស៊ីវិល​រាប់រយនាក់​ត្រូវបាន​សម្លាប់ និង​រងរបួស​ក្នុង​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។