​អ្នក​​ជំនាញ​​កិច្ចការ​​អន្តរជាតិ​​ជឿ​ថា កម្ពុជា​ចំណេញ​​នយោបាយ​ការ​ទូត និង​សេដ្ឋកិច្ច​​ពី​​ការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​-អូស្ត្រាលី

ដោយ មាន ឫទ្ធិ
2021.11.07
​អ្នក​​ជំនាញ​​កិច្ចការ​​អន្តរជាតិ​​ជឿ​ថា កម្ពុជា​ចំណេញ​​នយោបាយ​ការ​ទូត និង​សេដ្ឋកិច្ច​​ពី​​ការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​-អូស្ត្រាលី (ឆ្វេង) អ្នកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។
រូប៖ ក្រសួងការបរទេសកម្ពុជា និងអូស្ត្រាលី

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ជឿ​ជាក់​​ថា​​ កម្ពុជា​​​​​​​​​ចំណេញ​​​​នយោបាយ​ការ​ទូត និង​សេដ្ឋកិច្ច​​ ពី​​​​​​ការ​ពង្រឹង​ទំនាក់​ទំនង​អាស៊ាន​-អូស្ត្រាលី​ ​នៅ​ក្រោយ​​ជំនួប​​រដ្ឋាភិបាល​​ជាមួយ​​​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​លើក​នេះ​​។ តែ​យ៉ាង​ណា​ សង្គម​ស៊ីវិល​​​​ស្នើសុំ​រដ្ឋាភិបាល​ដោះលែង​អ្នក​​​ទោស​មនសិការ​ ​ស្ដារ​​​លទ្ធិ​ប្រជាធិបតេយ្យ និង​​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​​​។​​

ក្រុម​​អ្នក​ឃ្លាំមើល​ ​មាន​ជំនឿ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលីអ្នកស្រី ម៉ារីស ផេន (Marise Payne) មក​កម្ពុជា​លើក​​នេះ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ក្រោយ​ពេល​​​​​អូស្ត្រាលី​​​បាន​​ដំឡើង​​គោល​នយោបាយ​ការ​ទូត​ជាមួយ​​អាស៊ាន ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​រួច​មក​។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព (CICP) ​លោក វណ្ណ ប៊ុនណា ឲ្យ​ដឹង​ថា ​​​អូស្ត្រាលី​មាន​បំណង​​​ចង់​ពង្រឹង​​ទំនាក់​ទំនង​ជា​មួយ​​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ ព្រោះ​ថា​​អាស៊ាន ​គឺ​ជា​តំបន់​សំខាន់​មួយ​របស់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​អូស្ត្រាលី​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ ​​​និង​ពង្រឹង​ឥទ្ធិពល ​សន្តិសុខ​​របស់​ខ្លួន​នៅ​​​ក្នុង​តំបន់​នេះ។​​​

លោក​បន្ត​ថា​ កម្ពុជា​នឹង​មិន​ខាត​បង់​ទេ ពី​នយោបាយ​ការ​ទូត​ជាមួយ​អូស្ត្រាលី​។ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ជំនាញ​​កិច្ចការ​អន្តរជាតិ​រូប​នេះ​​ ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​​ដាក់​ចេញ​គោល​នយោបាយ​ចម្រុះ​ ដោយ​មិន​លម្អៀង​ទៅ​រក​មហា​អំណាច​ណា​មួយ​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​​ទាញ​យក​​​ផល​ប្រយោជន៍​​​​ផ្នែក​ការ​ទូត​​ពី​​ក្រុម​ប្រទេស​​សេរី​​មក​វិញ ព្រម​ទាំង​​​អាច​ចំណេញ​​​ផ្នែក​សេដ្ឋកិច្ច​​ផង​ដែរ៖ «ក្នុង​បរិបទ​ដែល​កម្ពុជា​ដឹកនាំ​វេទិកា​​អាស៊ាន​ វា​ជា​មុខ​មាត់​ធំ​មួយ​សម្រាប់​កម្ពុជា។ អ៊ីចឹង​ហើយ​ភាគី​មហា​អំណាច​​មួយ​ៗ​ គេ​ចង់​ចូល​​លូក​ដៃ​ចែចូវ​ ដើម្បី​ពង្រឹង​អំណាច​របស់​គេ​ក្នុង​វេទិកា​ការ​ទូត​ហ្នឹង ហើយ​វា​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា ដែល​ត្រូវ​បង្ហាញ​ជំហរ​ថា​យើង​មាន​គោល​នយោបាយ​​ចម្រុះ​ពណ៌​ផ្កា​រីក​ មិន​ទោរ​ទន់​​ទៅ​រក​មហា​អំណាច​ណា​មួយ​ទេ។ យើង​ចាប់​យក​ទាំង​អស់។ ​បើ​សិន​ជា​កម្ពុជា​បង្ហាញ​ជំហរ​​ច្បាស់​ជាក់​លាក់​ទៅ​រក​មហា​អំណាច​ណា​មួយ​ ជា​ពិសេស​ចិន វា​ធ្វើ​ឲ្យ​យើង​​ហ្នឹង​ខាត​ប្រយោជន៍ មិន​បាន​ផល​ប្រយោជន៍​ពី​ប្រទេស​ផ្សេង​ ជា​ពិសេស​សហរដ្ឋ​អាមេរិក អូស្ត្រាលី»។

​ការ​លើក​ឡើង​នេះ ចំ​ពេល​​​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី​ អ្នកស្រី ម៉ារីស ផេន (Marise Payne) កំពុង​បំពេញ​ទស្សនៈ​កិច្ច​២​ថ្ងៃ​នៅ​កម្ពុជា គឺ​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​០៨ វិច្ឆិកា។ ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​​សង្គម​(Twitter)​ថា​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ម៉ារីស ផេន មក​​​ទស្សនៈ​កិច្ច​កម្ពុជា​​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​​ពង្រឹង​​កិច្ច​ទំនាក់​ទំនង​​​ជិត​៧០​ឆ្នាំ​​រវាង​កម្ពុជា អូស្ត្រាលី។

ចំណែក​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ វិច្ឆិកា​ ​​បាន​​ប្រកាស​ព័ត៌មាន​ថា​ ​អ្នកស្រី ម៉ារីស ផេន ​មក​​កម្ពុជា​​ដើម្បី​ពង្រឹង​​ទំនាក់ទំនង​ទ្វេ​ភាគី និង​ពហុភាគី ​សម្រាប់​​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រទេស​ទាំងពីរ។ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នេះ អ្នកស្រី​​​ត្រូវ​ជួប​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​​រដ្ឋ​មន្ត្រី​ការ​បរទេស លោក ប្រាក់ សុខុន​ ដោយ​ជជែក​គ្នា​​ផ្ដោត​សំខាន់​លើ​បញ្ហា​តំបន់​ ​អន្តរជាតិ និង​តួនាទី​​កម្ពុជា​ជា​ប្រធាន​អាស៊ាន​​​ឆ្នាំ​២០២២​ខាងមុខ​។ អ្នកស្រី​ ក៏​នឹង​​ទៅ​ទស្សនា​មជ្ឈមណ្ឌល​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ជំនួប​នេះ​ដែរ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា លោក កុយ គួង និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​ នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា។

នៅ​​មុន​ពេល​​ដំណើរ​ទស្សនៈ​កិច្ច​នេះ​​មួយ​ថ្ងៃ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ Human Rights Watch​ បាន​ជំរុញ​​ឲ្យ​ អ្នកស្រី ម៉ារីស ផេន ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ជំនួប​ជាមួយ​លោក​ ហ៊ុន សែន និង​​ លោក ប្រាក់ សុខុន​។

នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការនេះ គឺ​លោក ហ្វីល រ៉ូបឺត​សុន ​(Phil Robertson) ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ អូស្ត្រាលី​ត្រូវ​បញ្ជាក់​ជំហរ​ច្បាស់​លាស់​​ក្នុង​ការ​គាំទ្រ​សកម្មជន​​សិទ្ធិ​មនុស្ស សកម្ម​ជន​បរិស្ថាន សកម្ម​ជន​ដីធ្លី សហជីព និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ព្រម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​​អ្នក​នយោបាយ​ គោរព​សិទ្ធិ​មនុស្ស និង​​ស្ដារ​​ប្រជាធិបតេយ្យ​ឡើងវិញ។

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក នី​ សុខា ​ជឿ​ជាក់​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​នឹង​លើក​យក​បញ្ហា​នេះ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​រូប​នេះ ​ក៏​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​​ឃុំ​​​​ផ្នែក​នយោបាយ​ ​ស្ដារ​​​លទ្ធិ​ប្រជាធិបតេយ្យ និង​​​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​​ដែរ​ ដើម្បី​ស្ដារ​មុខ​មាត់​ និង​ការ​ទទួល​បាន​ជំនួយ​ពី​បរទេស​វិញ៖ «យើង​មិន​ព្រម​ស្ដារ​ឡើង​វិញ​នូវ​ស្ថាន​ភាព​​ប្រជាធិបតេយ្យ ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​ ហើយ​នៅ​​តែ​ពោល​អះអាង​ដដែល​ៗ​ថា​ អំពី​បញ្ហា​មិន​ជ្រៀតជ្រែក​​មិន​អ្វី ខ្ញុំ​គិត​ថា​មិន​មែន​ជា​រឿង​ចំណេញ​​ដល់​ប្រទេស​កម្ពុជា​យើង​ទេ ជា​រួម​មក​បាទ ហើយ​អ្នក​ខាត​បង់​គឺ​កម្ពុជា ហើយ​អ្នក​ដែល​រង​គ្រោះ​មែន​ទែន​ហ្នឹង​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ហ្នឹង​តែ​ម្ដង»។

​​​រយៈ​ពេល ​៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​​ របប​ក្រុង​ភ្នំពេញ​បាន​​​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ តាម​រយៈ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​ចាប់​អ្នក​​តវ៉ា ឬ​​​បញ្ចេញ​មតិ​រិះគន់​ដាក់​ពន្ធនាគារ​​ជា​ច្រើន​នាក់​។

ក្រុម​អ្នក​ឃ្លាំមើល​ តំណាង​អង្គការ​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ ​បាន​ហៅ​​​ការ​បង្ក្រាប​នោះ​ថា ​​ជា​ការ​បំពាន​​សិទ្ធ​របស់​​ពលរដ្ឋ។ ពួក​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ បញ្ឈប់​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយ​សារ​ការ​ប្រើ​ប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។