តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អូស្ត្រាលី ប្ដេជ្ញា​បង្កើត​ច្បាប់​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​​សិទ្ធិ​​មនុស្ស​​ឡើង​វិញ

ដោយ មាន ឫទ្ធិ
2019-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជូលៀន ហ៊ីល (Julian Hill) សមាជិកសភា​អូស្ត្រាលី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​គ្រួសារ ហ៊ុន។ រូប៖ ហ្វេសប៊ុក ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨
លោក ជូលៀន ហ៊ីល (Julian Hill) សមាជិកសភា​អូស្ត្រាលី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​សភា ​ថ្កោលទោស​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​គ្រួសារ ហ៊ុន។ រូប៖ ហ្វេសប៊ុក ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨
រូប៖ ហ្វេសប៊ុក​លោក ជូលៀន ហ៊ីល (Julian Hill) ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨

តំណាងរាស្ត្រ​អូស្ត្រាលី​មកពី​គណបក្ស​ការងារ ដែល​ជា​គណបក្ស​ប្រឆាំង លោក ជូលៀន​ ហ៊ីល ​(Julian Hill) ប្ដេជ្ញា​បង្កើត​ច្បាប់​ដាក់​សម្ពាធ​របប​លោក​ ហ៊ុន ​សែន ​ឲ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ប្រសិនបើ​គណបក្ស​ការងារ​របស់​លោក​ ​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​អូស្ត្រាលី​ ​​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ និង​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០១៩ ខាង​មុខ។

ក្រៅពី​បាន​ថ្លែង​សារ​ជូរ​ពរ​ប្រជាពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ​ក្នុង​ឱកាស​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ លោក​ ​ជូលៀន​ ហ៊ីល ​មានប្រសាសន៍​ថា គណបក្ស​ការងារ​របស់​លោក​ ​តែងតែ​ធ្វើ​ការ​ ដើម្បី​ទាមទារ​ឲ្យ​មាន​សន្តិភាព​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា​ ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ការងារ​ កាល​ពី​ឆ្នាំ១៩៩១ ​ដែល​កាល​ណោះ​មាន​លោក​ ហ្ការ៉េត ​អេវ៉ាន ​(Gareth Evans) ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ ​ប្រទេស​អូស្ត្រាលី បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​កម្ពុជា។ លោក ជូលៀន​ ហ៊ីល ​សង្កត់​ធ្ងន់​ៗ ថា ក៏​ប៉ុន្តែ​ ​បច្ចុប្បន្ន​នេះ​ ​កិច្ចសន្យា​នានា ដូច​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ​ពុំ​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ ដោយ​កម្ពុជា​អាច​មាន​សន្តិភាព​ច្រើន​ជាង​កាល​ពី​ពេល​មុន​ តែ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ៖ «ប្រសិន​បើ​គណបក្ស​យើង​ឈ្នះ​ឆ្នោត ខ្ញុំ និង​តំណាងរាស្ត្រ​ដទៃ​ទៀត​របស់​យើង​នឹង​លើក​យក​មក​និយាយ​ឲ្យ​បាន​ផុលផុស​ក្នុង​រដ្ឋសភា​ជាតិ ដើម្បី​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ជាង​នេះ​ មក​លើ​របប​លោក​ ហ៊ុន សែន ក្រោម​រូបភាព​ជា​បម្រាម​ទិដ្ឋាការ​ ការ​បង្កក​ទ្រព្យ​សម្បត្តិ​ ​និង​ធ្វើ​ការងារ​ផ្សេងៗ ទៀត ដើម្បី​ផ្ញើ​សារ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា អ្នក​ឯង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​ឯង​រស់​នៅ​ក្នុង​សភាព​ភ័យខ្លាច​នោះ​ទេ។ អ្នក​ត្រូវ​ចាត់​ទុក​ពលរដ្ឋ​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស។ នេះ​គឺ​ជា​អ្វី ដែល​យើង​ក្នុង​នាម​ជា​មិត្ត និង​អ្នក​ជិត​ខាង រំពឹង​ចង់​បាន​ពី​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​គោរព​សិទ្ធិ​មនុស្ស»

លោក​ ជូលៀន​ ហ៊ីល ​បន្ត​ថា​ ​ក្រៅពី​បញ្ហា​សំខាន់ៗ ទាំង​នេះ សម្រាប់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី បញ្ហា​ដទៃ​ទៀត​ដែល​សំខាន់​ដូច​គ្នា​សម្រាប់​ពលរដ្ឋ​អូស្ត្រាលី​ជា​រួម​ ជា​គោល​នយោបាយ​របស់​គណបក្ស​ការងារ​ ​រួមមាន​ ការ​រួម​គ្នា​បង្កើត​ប្រទេស​អូស្ត្រាលី​មួយ​ មាន​ភាព​យុត្តិធម៌​ប្រសើរ​ជាង​មុន​ ​ការ​វិនិយោគ​លើ​មន្ទីរពេទ្យ​ ​សាលារៀន​ សេវា​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កាត់​បន្ថយ​គម្លាត​ពន្ធដារ​សម្រាប់​ពលរដ្ឋ​អូស្ត្រាលី ​ដែល​ជា​អ្នក​ធ្វើ​ការ។

គណបក្ស​ការងារ​របស់​អូស្ត្រាលី​ ​បច្ចុប្បន្ន ​ដឹក​នាំ​ដោយ​លោក ប៊ីល សតធែន ​(Bill Shorten)​។ ​គណបក្ស​នេះ​ ​​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី ​ចាប់​តាំង​ពី​ឆ្នាំ២០១៣ មក។ ​ការបោះឆ្នោត​ជាតិ​អូស្ត្រាលី​ ​ថ្ងៃ​ទី១៨ ខែ​ឧសភា ​ខាងមុខ​នេះ​ គឺជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អាណត្តិ​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ​លើក​ទី៤៦ ក្រោយ​ពី​មាន​ការ​រម្លាយ​រដ្ឋសភា​អាណត្តិ​ចាស់​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល