សមត្ថកិច្ចចាប់មន្ត្រីគណបក្សប្រឆាំង៣នាក់ទៀតនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ
2024.03.30
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង ៣នាក់ទៀតនៅភ្នំពេញ និងខេត្តកំពង់ស្ពឺក្នុងសំណុំរឿងរួមគំនិតក្បត់ពាក់ព័ន្ធការគាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ប៉ុន្តែមន្ត្រីបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្សយល់ថា អាជ្ញាធរចាប់ខ្លួនមន្ត្រីបក្សប្រឆាំងទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានចាប់ខ្លួនបេក្ខជនព្រឹទ្ធសភាលេខរៀងទី១ នៅភូមិភាគ៧ និងជាហេរញ្ញឹករបស់គណបក្សកម្លាំងជាតិគឺលោក អ៊ំ វីរៈរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែមីនា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថាប៉ូលិសឃាត់ខ្លួនលោក អ៊ំ វីរៈរដ្ឋ អំឡុងពេលលោកធ្វើដំណើរចេញពីកន្លែងដាក់កម្រងផ្ការំលឹកខួបនៃព្រឹត្តិការណ៍គប់គ្រប់បែកលើក្រុមបាតុករអហិង្សានៅមុខរដ្ឋសភាចាស់។ លោកទទួលដំណឹងថា មន្ត្រីបក្សកម្លាំងជាតិរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនចេញពីភ្នំពេញទៅឃុំខ្លួននៅខេត្តកំពង់ស្ពឺ ប៉ុន្តែលោកមិនដឹងសមត្ថកិច្ចឃុំខ្លួននៅកន្លែងណាឡើយទេ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមីនា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែមីនា។ ចំណែកអ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺលោក ផេង សុភណ្ឌ មិនទាន់ឆ្លើយតបសំនួររបស់វិទ្យុអាស៊ីសេរីនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
លោក អ៊ំ វីរៈរដ្ឋ និងសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ ១០នាក់ទៀតធ្លាប់ត្រូវបានតុលាការខេត្តនេះចោទប្រកាន់ពីបទ រួមគំនិតក្បត់ ទាក់ទងពួកគេគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងក្រុមទំនាក់ទំនងហ្វេសប៊ុកមួយឈ្មោះ កំពង់ស្ពឺប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៩។
នៅក្នុងសំណុំរឿងជាមួយលោក អ៊ំ វីរៈរដ្ឋ នេះដែរ សមត្ថកិច្ចក៏បានចាប់ខ្លួនមានប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច ព្រមទាំងអតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិ និងជាប្រធានប្រតិបត្តិស្តីទីបច្ចុប្បន្នរបស់គណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺលោក ឯក បេន កាលពីដើមខែមីនា គឺបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានលើកយកសំណុំរឿងចាស់នោះមកផ្តន្ទាទោសឱ្យពួកគេជាប់ពន្ធនាគារម្នាក់ ៧ឆ្នាំ ហើយតុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនពួកគេយកមកអនុវត្តទោស។ តុលាការលើកយកសំណុំរឿងចាស់កាត់ទោសនេះបន្ទាប់ពីអ្នកស្រី គុណ ម៉ាច និង ឯក បេន ធ្លាប់រត់ភៀសខ្លួននយោបាយនៅប្រទេសថៃ បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញកាលពីដើមឆ្នាំ២០២៣។
លោក រ៉ុង ឈុន ថ្លែងថា ការដែលតុលាការយកសំណុំរឿងចាស់ចោទប្រកាន់និងចាប់ខ្លួនសមាជិកបក្សជំទាស់គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ ពីព្រោះលោក ហ៊ុន សែន បានប្រកាសហៅសកម្មជនកំពុងគេចខ្លួនទាំងអស់ចូលប្រទេសកំណើតវិញ។ លោកអំពាវនាវដល់តុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដើម្បីធានាបរិកាសនយោបាយល្អប្រសើរសម្រាប់ការបោះឆ្នោតខាងមុខនេះ។ «»
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត យល់ឃើញថា ការចាប់ខ្លួន និងការគាបសង្កត់ជាហូរហែ មកលើសកម្មជននយោបាយជំទាស់ គឺឆ្លុះបញ្ចាំងពីការធ្លាក់ចុះលំហសិទ្ធិសេរីភាពនយោបាយនៅកម្ពុជា។ លោកជំរុញអ្នកនយោបាយដោះស្រាយបញ្ហានយោបាយដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់ពលរដ្ឋ សិទ្ធិនយោបាយដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៥០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។ ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ តែងតែថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ គឺជារឿងនយោបាយ និងធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងទាមទារឲ្យដោះលែងពួកគេវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។