អាជ្ញាធរខេត្តព្រះវិហារគំរាមកំហែងសមាជិកបក្សឆន្ទៈខ្មែរ ៣៤នាក់ មិនឱ្យឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្ត
សមាជិកគណបក្សឆន្ទៈខ្មែរនៅខេត្តព្រះវិហារអះអាងថា អាជ្ញាធរ និងមេឃុំមួយចំនួនក្នុងខេត្តនេះ បានគំរាមកំហែងសមាជិកបក្សនេះ ៣៤នាក់ មិនឱ្យដាក់ពាក្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្តឡើយ។ មន្ត្រីបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សហៅទង្វើរបស់អាជ្ញាធរខេត្តព្រះវិហារថា ព្យាយាមបំបិទសំឡេងអ្នកប្រជាធិបតេយ្យ និងជារឿងខុសច្បាប់។ មន្ត្រីគ.ជ.បបញ្ជាក់ថា នឹងពិនិត្យករណីនេះ។
ប្រធានប្រតិបត្តិនៃគណបក្សឆន្ទៈខ្មែរខេត្តព្រះវិហារលោក ផាន់ សុផៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមីនា ថា យ៉ាងហោចណាស់មានសមាជិកបក្សនេះ ៣៤នាក់ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរ និងមេឃុំ គំរាមកំហែង និងមិនព្រមចុះហត្ថលេខា និងបោះត្រាលើលិខិតដែលពួកគាត់ដាក់ពាក្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ នេះឡើយ។ លោក ផាន់ សុផៃ ឱ្យដឹងថា មេឃុំដែលភាគច្រើនមកពីគណបក្សកាន់អំណាច ក្នុងស្រុកជាំក្សាន្តបានគំរាមសមាជិកបក្សទាំងនោះថា នឹងដកប័ណ្ណក្រីក្រ ប្រសិនបើពួកគេនៅតែបន្តធ្វើសកម្មភាពជាមួយគណបក្សប្រឆាំងក្នុងការស្នើឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាខេត្ត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មេឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក អេង ស្រូត ដើម្បីសាកសួរចំពោះបញ្ហានេះបានទេ នៅថ្ងៃទី៧ ខែមីនា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានប្រកាសបិទបញ្ចប់ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌហៅកាត់ថា ក្រុមប្រឹក្សាអាណត្តិទី៤ កាលពីថ្ងៃទី៦ ខែមីនា។ បក្ខជនឈរឈ្មោះសម្រាប់អាណត្តិនេះ មកគណបក្សនយោបាយ៥ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរួបរួមជាតិខ្មែរ ដែលមានបេក្ខជនពេញសិទ្ធិ និងបម្រុងសរុបជិត ២ម៉ឺន ៨ពាន់នាក់ (២៧.៩៥៣)។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យគ.ជ.បលោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា លោកទាន់អាចសន្និដ្ឋានថា ពលរដ្ឋ ទាំង៣៤នាក់ នៅខេត្តព្រះវិហាររងការគំរាមកំហែង ដោយសារតែការស្នើឈរឈ្មោះបេក្ខជនក្រុមប្រឹក្សាខេត្តនោះ ឬយ៉ាងណានោះទេ។ ប៉ុន្តែ លោកសន្យាថា គ.ជ.បនឹងពិនិត្យដោះស្រាយលើករណីនេះ និងផ្ដល់ដំណឹងដល់តំណាងគណបក្សនយោបាយនៅពេលក្រោយ។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពចូលរួមជីវភាពនយោបាយ និងមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ហើយប្រសិនបើតំណាងបេក្ខជនគណបក្សនយោបាយណាមួយគំរាមកំហែងលើដៃគូប្រកួតប្រជែង នោះគឺជាការអនុវត្តខុសពីច្បាប់ជាតិ និងអន្តរជាតិ។
ប្រធានប្រតិបត្តិនៃគណបក្សឆន្ទៈខ្មែរខេត្តព្រះវិហារលោក ផាន់ សុផៃ ស្នើឱ្យគ.ជ.បពន្លឿននីតិវិធីដោះស្រាយ និងផ្ដល់សិទ្ធិដល់សមាជិកបក្សឆន្ទៈខ្មែរចំនួន ៣៤នាក់ ដើម្បីអាចឱ្យពួកគាត់ដាក់ពាក្យឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ក្នុងអាណត្តិទី៤ ឡើងវិញ។ លោកក៏ស្នើដល់អាជ្ញាធរស្រុកជាំក្សាន្តបញ្ឈប់ការគំរាមកំហែងលើពលរដ្ឋ និងសមាជិកគណបក្សប្រឆាំងបន្តទៀត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅចុង ខែឧសភា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។