ប៉ូលិស​បន្ត​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ​ករណី​ចុះ​មូលដ្ឋាន

ដោយ ហេង រស្មី
2019-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូ​បង្រៀន​នៅ​ខេត្ត​កំពង់ធំ​ទាំង ២​រូប គឺ​លោក ថៃ ធីម និង​លោក ស៊ុន ធន់ កំពុង​តវ៉ា នៅ​មុខ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០១៨ ដើម្បី​ទាមទារ​ការ​ពន្យល់​មូលហេតុ​នៃ​កំហុស​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពួក​គាត់។
គ្រូ​បង្រៀន​នៅ​ខេត្ត​កំពង់ធំ​ទាំង ២​រូប គឺ​លោក ថៃ ធីម និង​លោក ស៊ុន ធន់ កំពុង​តវ៉ា នៅ​មុខ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ២០១៨ ដើម្បី​ទាមទារ​ការ​ពន្យល់​មូលហេតុ​នៃ​កំហុស​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពួក​គាត់។
រូបថត៖ ហ្វេសប៊ុក​លោក ថៃ ធីម

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​រទេះ ឃ្លាំមើល​សកម្មភាព​លោក រាល់ថ្ងៃ ទោះជា​ពេល​លោក​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ​ក៏ដោយ។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់​រទេះ បដិសេធ​កា​លើកឡើង​បែប​នេះ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស នៅ​ខេត្ត​កំពង់ធំ ថា មិនទាន់​បាន​ដឹង​ពី​ករណី​នេះ​ទេ ដោយសារ​មិនទាន់​មានការ​ពឹង​ពាក់​ពី​សាមីខ្លួន តែ​ប្រសិនបើ​ករណី​នេះ ជា​ការ​ពិត សាមីខ្លួន​គួរ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ និង​ស្ថាប័ន​នានា រួម​ទាំង​សមាគម​ក្រៅ​រដ្ឋាភិបាល។

គ្រូបង្រៀន​ម្នាក់ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត កំពង់ធំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ថៃ ធីម អះអាង​ថា ជា​រៀងរាល់ថ្ងៃ តែង​មាន​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​មក​ក្រវែល និង​ឃ្លាំមើល​ដល់​មុខ​ផ្ទះ​សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន រួម​ទាំង​ផ្ទះ​របស់​លោក​ផង។ លោក​បន្ត​ថា ទោះ​ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ផ្លាស់​លោក ឱ្យ​ទៅ​ធ្វើ​ការ​ដល់​មន្ទីរអប់រំ​ខេត្ត ក៏​ពេលខ្លះ មាន​សមត្ថកិច្ច​បាន​ទៅ​ឃ្លាំមើល​លោក​ដល់​កន្លែងធ្វើការ​ដែរ។

លោក ថៃ ធីម ប្រាប់​ថា សមត្ថកិច្ច​បាន​ឃ្លាំមើល លោក​ជាប្រចាំ​តាំង​ពី តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ឆ្នាំ​២០១៧។ ប៉ុន្តែ​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​កំណត់​មុខ​សញ្ញា​លោក ដើម្បី​ឃ្លាំមើល ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់លើ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ប្រាប់​ថា កាលពី​ថ្ងៃ​ទី២ មករា នគរបាល​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​លោក ឱ្យ​គេចខ្លួន មួយ​រយៈ​សិន តែ​លោក​មិន​គេច ហើយ​ស្អែក​ឡើង​គ្រូបង្រៀន និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ ដែល​បាន​ដឹង​ផែន​ការណ៍​សមត្ថកិច្ច​ចង់​ចាប់​លោក បាន​ប្រាប់​ឱ្យ​លោក​រត់​ដូចគ្នា តែ​លោក​មិន​រត់​ទេ។ លោក​រៀបរាប់​ថា សមត្ថកិច្ច​បាន​ដកចេញ​ពីមុខ​ផ្ទះ​លោក នៅ​ថ្ងៃ​ទី​១៣ មករា ប៉ុន្តែ​ត្រលប់​មក​យាម​វិញ នៅ​ក្រោយ​ពេល មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ឱ្យ​ធ្វើ​ទុក្ខបុកម្នេញ មន្ត្រី​បក្ស​ប្រឆាំង បើ​សហភាព​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ៖ «នៅផ្ទះ​ជាទូទៅ​(​ប៉ូលិស​)​ម្នាក់។ ថ្ងៃ​ខ្លះ មក​ពីរ បី​នាក់ រហូតដល់​បងប្អូន អ្នក​នៅ​ជុំវិញ គេខល (ទូរស័ព្ទ​) ប្រាប់​ខ្ញុំ​ថា កុំ​ទាន់​អាល​មក ប៉ូលិស​មក​ច្រើន​ណាស់ ហើយ​ខ្ញុំ​នៅតែ​មក។ ខ្ញុំ​ឃើញ​ប៉ូលិស​គេ​នៅមុខ​ផ្ទះ ហើយ​ខ្ញុំ​ដើរចូល​ទៅ​ក្នុង​ផ្ទះ​ទៅ។ ខ្ញុំ​មិនដែល​សួរនាំ អ្វី​គេ​ទេ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ពួកគេ គឺ​ពួកគេ​តាមដាន​សកម្មភាព​របស់​ខ្ញុំ ព្រោះ​គេ​ខ្លាច​ខ្ញុំ​ទៅ​មូលដ្ឋាន​! បាទ​.... ប៉ូលិស​ហ្នឹង គឺ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​កំពង់​រទេះ បាទ!»

លោក ថៃ ធ​ម អះអាង​ថា មន្ត្រី​គណបក្សប្រឆាំង​ម្នាក់ទៀត គឺជា​គ្រូបង្រៀន ឈ្មោះ រស់ គឹមសៀង ជា​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ ក៏​រង​ការ​ឃ្លាំមើល​សកម្មភាព​រាល់​ពេល ដូច​លោក​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង ក្រៅ​ពី​នេះ ដូចជា មេឃុំ​ជាប់ឆ្នោត នៅ​ឃុំ​ក្លែង ស្រុក​សណ្ដាន់ លោក ព្រំ វុធ សមាជិក​ក្រុមប្រឹក្សាឃុំ​បារាយណ៍ ស្រុក​បារាយណ៍ លោក ស៊ុន ប៊ុនថុន ជំទប់​ទី​២ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក លោក ថេង ធីម ជាដើម ត្រូវ​បាន​ប៉ូលិស​កោះហៅ​ទៅ​សួរនាំ ដោយសារតែ​សកម្មភាព​ជួបជុំគ្នា នៅ​តាម​មូលដ្ឋាន។

នាយ​ប៉ុស្តិ៍​នគរបាល​​រដ្ឋបាល​សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន លោក សេង ចាន់ភក្ដី បដិសេធ ការ​ចោទប្រកាន់​នេះ​។ នាយ​ប៉ុស្តិ៍ លោក សេង ចាន់ភក្ដី ប្រាប់​អាស៊ីសេរី​ថា គ្មាន​សមត្ថកិច្ច​សង្កាត់​កំពង់​រទេះ​ណា​ម្នាក់ តាមដាន ឬ​ឃ្លាំមើល​មន្ត្រី​បក្ស​ប្រឆាំង​ទេ៖ «ទេ​! បង ដូច​អត់​ដែល​ទេ ខ្ញុំ​អត់​ដែល​ធ្វើ​ទេ មាន​អ្វី​ទៅ​ឃ្លាំចាំ​បង​។ អត់​ដឹង​រឿង​អ្វី​ផង​។ ខ្ញុំ​ចុះ​ធ្វើការ​ងារ​តាម​ភូមិ ជាប្រចាំ រាល់ពេល អត់​ដែល​អ្វី​ទេ អត់​ដឹង​រឿង​អ្វី​ទេ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា ប្រាប់​ថា ខាង​ការិយាល័យ​អាដហុក (Adhoc) នៅ​ខេត្ត​កំពង់ធំ ក៏​មិន​ទាន់​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​ខាង​សាមីខ្លួន​ដែរ។ ប៉ុន្តែ​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ថា ប្រសិនបើ​មាន​ករណី​បែប​នេះ កើតឡើង​មែន​ជា​ការ​រំលោភ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​សេរីភាព​នៃ​ការ​ដើរ​ហើរ សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​ណាស់៖ «កម្ពុជា ជា​ប្រទេស​មួយ ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ហើយ មិនមែន​ប្រទេស​កុំមុយនិស​ទេ។ អ៊ីចឹង​ទេ វា​អត់​មាន​អ្វី​ចាំបាច់ ទៅតាម​ដាន ទៅ​ឃ្លាំមើល​សកម្មភាព គ្រប់​នូវ​អំពើ​របស់​ប្រជាពលរដ្ឋ ប្រកបមុខរបរ​រក​ស៊ី ដើរហើរ ឬ​ធ្វើការ​អ្វី​ផ្សេង​ទេ​។ វា​អត់​ត្រូវ​ចាំបាច់​អ្វី មក​តាមដាន ឃ្លាំមើល​ពួកគាត់​ទេ»

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ធំ លោក ថៃ ធីម ប្ដេជ្ញា​ថា បើ​ទោះ​ជា រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​ណា ក៏​នៅតែ​បន្ត​សកម្មភាព​ចុះ ជួប​សកម្មជន​បក្ស​ប្រឆាំង នៅ​តាម​មូលដ្ឋាន និង​បន្ត​ការងារ​របស់​លោក​ដដែល ព្រោះ​អ្វី​ដែល​លោក​ធ្វើ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល