អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​រារាំង​មិន​ឲ្យ​លោក កឹម សុខា ចុះ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់

ដោយ ជាតិ ចំណាន
2020-10-16
Share
កឹម សុខា 101620 លោក កឹម សុខា (ក្រមា​ពណ៌​ខៀវ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ចែក​ស្បៀង​ដល់​ពលរដ្ឋរងគ្រោះដោយ​ទឹក​ជំនន់ នៅ​ខេត្ត​បាត់ដំបង។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​មិន​អនុញ្ញាត​​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​នេះ​ឡើយ កាល​ពី​ថ្ងៃ​ទី១៥ តុលា។ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​ប្រកាន់​និន្នាការ​នយោបាយ។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​បាន​អម​ដំណើរ​លោក កឹម សុខា ចុះ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​ឃុំ​ចំណោម​ ស្រុក​មង្គលបូរី បាន​រារាំង​ក្រុម​ការងារ​របស់​លោក​មិន​ឱ្យ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នោះ​ឡើយ។ លោក​បញ្ជាក់​ថា អំណោយ​ទាំង​នោះ​មាន​​ដូចជា អង្ករ ២៥គីឡូ មី ត្រីខ កំប៉ុង ទឹកត្រី ទឹក​ស៊ីអ៊ីវ ជា​ដើម ដែល​បាន​មក​ពី​សប្បុរស​ជន​នៅ​ឯ​នាយ​សមុទ្រ ពុំ​មែន​ជា​ថវិកា​បក្ស​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​នាម​ជាខ្មែរ​ដូចគ្នា និង​ជួយ​សង្គ្រោះ​គ្នា​នៅ​គ្រា​មាន​អាសន្ន ដោយ​មិន​ត្រូវ​រារាំង​អំណោយ​សប្បុរស​ធម៌​ទាំង​នោះ​ទេ។ លោក​ចាត់​ទុក​ការ​រារាំង​របស់​អាជ្ញាធរ​នេះ គឺ​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ ស្រប​ពេល​ពលរដ្ឋ​កំពុង​រង​គ្រោះ៖ «គណបក្ស​ប្រជាជន​ខ្លាច​និន្នាការ​នយោបាយ​ហ្នឹង​ច្រើន​ជាង​មនុស្ស​ធម៌ ហើយ​បាន​គាត់​យក​ហេតុ​ផល​លេស​អញ្ចឹង​ទៅ យើង​ក៏​លុប​ចោល​កម្ម​វិធី​ហ្នឹង​ទៅ ចាំ​មើល​ពេល​ក្រោយ​អី​ទៀត។ ខាង​ហ្នឹង​បាន​តែ​ចោទ​បក្ស​ប្រឆាំង​បាន​តែ​រិះគន់ បាន​តែ​អី មិន​ចុះ​ជួយ មិន​ចុះ​អី ដល់​ពេល​គេ​ទៅចុះ​ជួយ យើង​រិះគន់ យើង​រារាំង យើង​មិន​ឲ្យ​គេ​ទៅ​អ៊ីចឹង​មាន​ន័យ​ថា វា​ជា​រឿង​នយោបាយ​ហ្នឹង គឺ​ធ្វើ​អ៊ីចឹង វា​អត់​ត្រឹម​ត្រូវ»

លោក មាជ សុវណ្ណារ៉ា ស្នើ​ឱ្យ​រដ្ឋាភិបាល​ចេញ​ប្រកាស ឬ​ការ​ណែនាំ ដល់​អាជ្ញាធរ​គ្រប់​​ខេត្ត​ក្រុង ឲ្យ​បញ្ឈប់​ការ​រើស​អើង​បែបនេះ និង​ជួយ​សម្រប​សម្រួល​ពេល​មាន​ការ​ចុះ​ចែក​អំណោយ​បែប​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ អ្នកនាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក លី សារី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់​ទង​បាន។ ប៉ុន្តែ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា អាជ្ញាធរ​ខេត្ត​គ្មាន​គោល​ការណ៍​រើស​អើង​ក្រុម​នយោបាយ​ណាមួយ​នោះ​ទេ ព្រោះ​ពលរដ្ឋ​កំពុង​ត្រូវ​ការ​ជំនួយ។ លោក​បក​ស្រាយ​ថា ការ​មិន​អនុញ្ញាត​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​​នោះ អាច​មក​ពី​ថ្ងៃ​ជាមួយ​គ្នា​នោះ មាន​ក្រុម​ការងារ​មនុស្សធម៌​ផ្សេង​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ដែរ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់​គ្រង​គ្រោះ​មហន្តរាយ​លោក ឃុន សុខា សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​ចាត់​ទុក​ថា ជា​រឿង​នយោបាយ៖ «សំនួរ​នេះ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ព្រោះ​ពាក់​ព័ន្ធ​រឿង​នយោបាយ ខ្ញុំ​សុំ​មិន​ឆ្លើយ អាច​សួរ​ទៅ​ស្ថាប័ន​ផ្សេង​បាន»

ទោះជា​យ៉ាងណា អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​សិទ្ធិ​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ហើយ​សកម្មភាព​នេះ​ក៏​មិន​ស្ថិត​ក្នុង​បម្រាម​របស់​តុលាការ​ដែរ។ លោក​ថា ទង្វើ​រារាំង​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ គឺជា​ការ​រើស​អើង​នយោបាយ ដែល​មិន​គួរ​កើត​មាន​ឡើយ ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​ពលរដ្ឋ​ជាច្រើន​កំពុង​ដង្ហោយ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់៖ «មិនមែន​មាន​តែ​សិទ្ធិ​គណបក្ស​ប្រជាជន ឬក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្នាក់​ឯង​ទេ ក្នុង​ការ​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​នេះ ប្រធាន​គណបក្ស​ប្រឆាំង គឺ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បុណ្យ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ឈឺ​ឆ្អាល​រឿង​សង្គម​ជាតិ អញ្ចឹង​ខ្ញុំ​គិត​ថា នេះ​គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង គឺ​ឯកឧត្ដម កឹម សុខា ហ្នឹង​ឯង»

អ្នក​ឃ្លាំង​មើល​សង្គម​រូប​នេះ​ថ្លែង​ថា ​ស្នើ​ឱ្យ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ប្រញាប់​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ​ ជា​ពិសេស គឺ​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​គ្រោះ​ទឹក​ជំនន់ និង​វិបត្តិ​កូវីដ-១៩។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចុះ​ជួប​​ និង​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ជា​ហូរហែ។ ក្រៅ​ពី​នេះ លោក​បាន​ផ្តល់​ថវិកា​ចំនួន ៥ពាន់​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​ដែរ នៅ​ថ្ងៃ​ទី១៦ តុលា។

លោក កឹម សុខា បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ថា ជំនួយ​ជា​ថវិកា និង​សម្ភារៈ​ទាំង​នេះ​ គឺ​ជា​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដែល​មាន​ចិត្ត​សប្បុរស និង​អាណិត​ស្រឡាញ់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។ លោក​បន្ថែម​ថា “យើង​ខិតខំ​រួម​គ្នា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ដោយ​គ្មាន​ការ​រើស​អើង និង​មិន​គិត​ពី​និន្នាការ​នយោបាយ”។

ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​អរគុណ និង​ជូន​ពរ​លោក កឹម សុខា វិញ។ ក្នុង​លិខិត​នោះ លោក​ ហ៊ុន សែន នៅ​ហៅ​លោក កឹម សុខា ថា​ជា​ឯកឧត្ដម​នៅ​ឡើយ ផ្ទុយ​ពី​មន្ត្រី​មួយ​ចំនួន​ និង​ប្រព័ន្ធ​ឃោសនា​របស់​លោក​ដែល​ហៅ​លោក កឹម សុខា ពេញៗ មាត់​ថា ជា​ជន​ក្បត់​ជាតិ នៅមុន​ការ​សម្រេច​តុលាការ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៦ តុលា ថវិកា​សប្បុរស​ធម៌​ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះ​ទឹក​ជំនន់​ទៅ​កាន់​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​កើន​ឡើង​ដល់​ជាង ៦លាន ៥សែន​ដុល្លារ​អាមេរិក។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចាត់​ចែង​ថវិកា​នេះ​ប្រកប​ដោយ​តម្លាភាព និង​ចំ​ទិស​ដៅ ដើម្បី​ធានា​ថា ជំនួយ​ទាំងនេះ​នឹង​មិន​បាត់​បង់​ទៅ​អំពើ​ពុក​រលួយ និង​បាន​ដល់​ដៃ​ពលរដ្ឋ​រងគ្រោះ​ពិត​ប្រាកដ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។