មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក បោន ប៊ិន នៅព្រឹកថ្ងៃទី១៣ មករា បានប្រជុំផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទប្រមាណ ១០០នាក់ នៅទីបញ្ជាការអាវុធហត្ថខេត្តនេះ ដើម្បីត្រៀមកម្លាំងការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ក្នុងដំណើរការសវនាការជម្រះក្ដី ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ មករាខាងមុខ។
គេហទំព័រទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ មករាបានចុះផ្សាយឱ្យដឹងថា លោក បោន ប៊ិន បានដាក់ចេញវិធានការដល់គ្រប់ទីបញ្ជាការកងរាជអាវុធហត្ថ ក្រុង ស្រុកក្នុងខេត្តនេះ ត្រូវយកចិត្តស្រាវជ្រាវ តាមដាន និងក្ដាប់ព័ត៌មាន មុខសញ្ញារបស់ក្រុមសកម្មជនគណបក្សប្រឆាំង និងត្រូវសហការល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទប់ស្កាត់ ការប្រមូលផ្ដុំ តវ៉ាទាំងឡាយ ដែលអាចនឹងកើតមាននៅក្នុងការជម្រះក្ដីនេះ។
លោកមេបញ្ជាការរូបនេះ បញ្ជាក់ថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានដាក់បទបញ្ជាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឱ្យកងកម្លាំងការពារសន្តិសុខក្នុងពេលបើកសវនាការរាជធានីភ្នំពេញនៅថ្ងៃទី១៥ មករាខាងមុខនេះ ហើយលោកក៏បានបញ្ជាដល់កងកម្លាំងទាំងអស់ថា ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជានេះ។
មន្ត្រីអង្គការសង្គមស៊ីវិលនិងសកម្មជនបក្សប្រឆាំង ចាត់ទុកសកម្មភាពរបស់ប៉ូលិសនេះថា ជាការត្រៀមកម្លាំងជ្រុលហួសហេតុ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ឃិន រឿង ចាត់ទុកសកម្មភាពរបស់មន្ត្រីអាវុធនេះថា ការជាការខ្ជះខ្ជាយថវិកាជាតិឥតប្រយោជន៍។ លោកថា គណបក្សសង្គ្រោះជាតិមិនបានជូនដំណឹងដល់អ្នកគាំទ្រឱ្យទៅប្រមូលផ្ដុំគ្នានៅមុខក្នុងពេលបើកសវនាការជម្រះក្ដី លោក កឹម សុខា នៅពេលខាងមុខនោះទេ។
ចំណែកឯប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា វិញ យល់ថា ការត្រៀមកងកម្លាំងដ៏ច្រើននេះ ដោយសារអាជ្ញាធរព្រួយបារម្ភខ្លាចកម្លាំងមហាជនងើបបះបោរ ក្នុងថ្ងៃបើកសវនាការនោះ ហើយធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់ខ្លួន។
តុលាការក្រុងភ្នំពេញនឹងបើកសវនាការជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី១៥ មករា។ ក្នុងដំណើរស៊ើបអង្កេតសំណុំរឿងនេះ តុលាការ បានកោះហៅមនុស្សមួយចំនួនដែលអ្នកខ្លះធ្លាប់ធ្វើការជាមួយលោក កឹម សុខា និងអ្នកខ្លះមិនដែលសោះ ក្នុងនោះមាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល យុវជនដែលឈឺឆ្អាលការងារសង្គមចំនួន ២នាក់ និងនៅពេលថ្ងៃសវនាការជំនុំជម្រះកាន់តែខិតជិតចូលមកដល់ តុលាការក៏បានចេញដីកាជាបន្តបន្ទាប់កោះហៅសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនឱ្យចូលខ្លួនក្នុងនាមសាក្សីដែរ។
លោក កឹម សុខា ត្រូវតុលាការចោទប្រកាន់ក្នុងសំណុំរឿងសន្ទិដ្ឋភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ សហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកវិធានការច្បាប់របស់រដ្ឋាភិបាលក្រុងភ្នំពេញទៅលើមេបក្សប្រឆាំងលោកកឹម សុខា ថា ជារឿងនយោបាយ និងទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់លោក បានចូលរួមការងារនយោបាយឡើងវិញ និងបើកឱ្យមានការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយត្រឹមត្រូវ និងយុត្តិធម៌៕
(មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។