មន្ត្រី​បក្ស​កាន់​អំណាច​​ប្ដឹង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ ៣នាក់​ពី​បទ​រារាំង​អ្នក​បោះ​ឆ្នោត

ដោយ តាំង សារ៉ាដា
2018.07.21

ប្រធាន​គណបក្ស ​សង្គ្រោះ​ជាតិ ​ខេត្ត​បាត់ដំបង​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​នៅ​ស្រុក​សង្កែ ដើម្បី​បកស្រាយ​បណ្ដឹង​ពី​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា ​ដោយ​ចោទ​ប្រកាន់​ពួកគេ​ថា បាន​បង្ហោះ​រូប​ថត​ជា​ក្រុម​ដោយមាន​លើក​ចង្អុល​ដៃ​ដាក់​នៅ​ក្នុង​ហ្វេស​ប៊ុក (Facebook) ​របស់​ខ្លួន ដើម្បី​​ជា​សញ្ញា​បង្ហាញ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ខាង​មុខ។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​នៅ​ស្រុក​សង្កែ​ បាន​កោះ​ហៅ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន ​រំលាយ​ចោល​នោះ ទៅ​បំភ្លឺ​ភ្លាមៗ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជំទប់​ទី​២ ឃុំ​អន្លង់​វិល​គណបក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី​២០ កក្កដា​នោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ លោក ជា ជីវ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា​ថា មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែល​មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា ​ប្ដឹង​នោះ​ទាំង​អស់​បី​រូប រួម​ទាំង​លោក​ម្នាក់​ផង​ដែរ។ លោក ជា ជីវ អះអាង​ថា ការ​ប្ដឹង​នេះ​ដោយសារ​តែ​ពួក​គាត់​បាន​បង្ហោះ​រូប​ថត​មាន​លើក​ចង្អុល​ដៃ​ដាក់​នៅ​ក្នុង​ហ្វេស​ប៊ុក​​​ គឺ​ក្រោយ​ពី​ពួកគាត់​បញ្ចប់​កម្មវិធី​ហូប​​នំបញ្ចុក​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៩​កក្កដា។ លោក​ ជា ជីវ បន្ថែម​ទៀត​ថា ពួក​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ គឺ​​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន សម្ដែង​ការ​​​មិន​ពេញ​ចិត្ត​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​តែ​ប៉ុណ្ណោះ«ខ្ញុំ​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ​ ដែល​បាន​ថា​​ខ្ញុំ​នឹង​ធ្វើ​យុទ្ធនាការ​​ ឬ​បង្កើត​ក្រុម​ធ្វើ​វិទ្ធំសនា រដ្ឋាភិបាល​គឺ​អត់​មាន​ទាល់​តែ​សោះ​ គឺ​យើង​ធ្វើ​ដោយចិត្ត​នឹង​ឆន្ទៈ​រៀងៗ​ ខ្លួន​ទេ»

មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ ៣នាក់​នោះ​ ត្រូវ​មន្ត្រី​គណបក្ស ​ប្រជាជន​កម្ពុជា ​ប្ដឹង​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​ម្នាក់ ត្រូវ​ចូល​បំភ្លឺ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​អន្លង​វិល​ស្រុក​សង្កែ​ និង ​២នាក់​ទៀត​ ត្រូវ​បំភ្លឺ​នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង។

ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​អន្លង់វិល លោក ហម សាវ៉ុន មាន​ប្រសាសន៍​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អន្លង់​វិល លោក ទីវ ហូយ ប្ដឹង​លោក ជា ជីវ ពី​បទ​ញុះញង់ និង​រារាំង​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៩ ​កក្កដា។ លោក ហម សាវ៉ុន យល់​ថា រឿង​នេះ​គឺ​ជា​ការ​បញ្ចេញ​មតិ ដូច្នេះ​លោក​ថា នឹង​ព្យាយាម​សម្រុះសម្រួល​ឲ្យ​ភាគី​ទាំង ២ មក​ជួប​ពិភាក្សា​ដើម្បី​ឲ្យ​ត្រូវ​គ្នា​បញ្ចប់​លើ​សំណុំ​រឿង​នេះ​នៅ​រសៀល​ថ្ងៃ​ដដែល«ហើយ​ខ្ញុំ​ក៏​អញ្ជើញ​លោក ជា ជីវ តាំង​ពី​ល្ងាច​ ប៉ុន្តែ​ប្រពន្ធ​គាត់​បដិសេធ ហើយ​ព្រឹក​ឡើង​ខ្ញុំ​ទៅ​ម្ដង​ជួប​គាត់​ផ្ទាល់ ហើយ​គាត់​មក​ចូល​រួម​នៅ​ម៉ោង​៩កន្លះ​ព្រឹកមិញ​នេះ។ ខ្ញុំ​ចេះ​តែ​រក​វិធី​សាស្ត្រ​ធ្វើ​មិច​លួង​ឲ្យ​គាត់​ព្រម ប៉ុន្តែ​បើ​គាត់​មិន​ព្រម​ខ្ញុំ​នឹង​ឲ្យ​គាត់​ប្ដឹង​​ទៅ​ថ្នាក់​លើ​ទៀត»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​នោះ​ទេ ព្រោះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​បុគ្គល​ម្នាក់ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ លោក ​យិន ម៉េង​លី​ ចាត់​ទុក​បញ្ហា​នេះ​ថា ​ជា​រឿង​នយោបាយ ដោយ​សារ​តែ​ជា​រឿង​ចម្រូងចម្រាស​នៃដំណើរ​ការ​បោះឆ្នោត៖ «ការ​បញ្ចេញ​មតិ​គឺ​គាត់​ចង់​ឲ្យ​គេ​ដឹង​ ថា​គាត់​មិន​សប្បាយ​ចិត្ត​រឿង​អី​មួយ​គាត់​ត្រូវ​បញ្ចេញ​មតិ។ ដូច្នេះ​សរុប​សេចក្ដី​មក​ខ្ញុំ​គិត​ថា​ អ្នក​ប្ដឹង​ឬ​ក៏​គណបក្ស​នយោបាយ​បញ្ចប់​បញ្ហា​នេះ​ទៅ​​ ហើយ​កុំ​បញ្ហា​នេះ​ធ្វើ​ជា​ឧបសគ្គ»

សង្គម​ស៊ីវិល​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ចាត់​ទុក​ជា​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​នេះ ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ដែល​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ជា​មេ​យោធា​ផ្ដាច់​ការ​អាច​បន្ត​អំណាច​ទៅ​មុខ​ទៀត​បាន។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​គណបក្ស​ ប្រជាជន​កម្ពុជា មិន​ព្រម​ផ្សះផ្សា​​​តាម​យោបល់​របស់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​នោះ​ទេ ហើយ​គ្រោង​បញ្ជូន​ពាក្យ​បណ្ដឹង​​ទៅ​ដោះស្រាយ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត និង​ថ្នាក់​ជាតិ​បន្ត​ទៀត ដើម្បី​ឲ្យ​ចាត់​វិធានការ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ។លោក ជា ជីវ អះអាង​ថា​ ពួក​គាត់​នឹង​នៅ​តែ​បន្ត​បង្ហោះ​សារ​នេះ​បន្ត​ទៀត បើ​ទោះ​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ប្ដឹង​ទៅ​ដល់​ណា​ក៏​ដោយ​ ហើយ​​មិន​រត់​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ខេត្ត​បាត់ដំបង​នោះ​ដែរ។ លោក​មេធាវី ជួង ជូងី បាន​វិភាគ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​អះអាង​ថា រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ថា អ្នក​ប្រើប្រាស់​សិទ្ធិ​មិន​ទៅ​បោះ​ឆ្នោត​នោះ​នឹង​មាន​ទោស​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា អ្នក​ដែល​គំរាម​គេ​ឲ្យ​ចេញ​ទៅ​បោះ​ឆ្នោត​ទៅ​វិញ​ទេ ទើប​មាន​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។