ប៉ូលិស​ខេត្ត​បាត់ដំបង​បន្ត​គំរាម​កំហែង​សកម្មជន​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​រឿង​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុម

ដោយ សេក បណ្ឌិត
2019-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ប្រឆាំង​ជួបជុំ​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​សកម្មជន​មួយ​រូប មុន​ពេល​ចូល​ជួប ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩។
សកម្មជន​ប្រឆាំង​ជួបជុំ​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​សកម្មជន​មួយ​រូប មុន​ពេល​ចូល​ជួប ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ពលរដ្ឋ

ប៉ូលិស​នៅ​ខេត្ត​បាត់ដំបង​ជា​ច្រើន​នាក់​បន្ត​​ទៅ​គំរាមកំហែង​មន្ត្រី​គណបក្ស​ប្រឆាំង​ប្រចាំ​ស្រុក​រុក្ខ​គិរី និង​ស្រុក​សំឡូត​ជា​ថ្មី​ទៀត​ និង​មាន​សកម្មភាព​ភាព​កាត់​តែ​ខ្លាំង​ជាង​មុន​ទៀត​ផង។ ការ​គំរាមកំហែង​នេះ​​​ ដោយ​សារ​តែ​មន្ត្រី​បក្ស​ប្រឆាំង​ប្រមូលផ្ដុំ​គ្នា​ពង្រឹង​សាមគ្គីភាព​ និង​ការ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​និង​ពលរដ្ឋ និង​ជា​អំពើ​ខុស​ច្បាប់។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​នៅ​តែ​ប្រកាន់​ជំហរ​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​គំរាមកំហែង​មក​លើ​ពួកគាត់​យ៉ាង​នេះ​ក្ដី ក៏​ពួក​គាត់​នៅ​តែ​មិន​បោះបង់​ការ​ជួបជុំ​គ្នា​នោះ​ទេ ព្រោះ​ការ​ជួប​ជុំ​គ្នា​​ គឺ​​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​ប្រចាំ​ស្រុក​សំឡូត លោក លី សារុន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី៩ មករា​ថា រូប​លោក​និង​អតីត​មេឃុំ​សំឡូត​គណបក្ស​ប្រឆាំង​លោក គិត សុខនី បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំឡូត​កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មករា។ លោក​បន្ត​ថា នាយ​ប៉ុស្តិ៍​នគរបាល​សំឡូត​ទទូច​ឲ្យ​លោក​ឈប់​ជួប​ជុំ​គ្នា​ថ្លែង​សារ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត៖ «គេ​ហាម​ថា​កុំ​ឲ្យ​ប្រាប់​ថា​គេ​និយាយ​ប្រាប់​ខ្ញុំ​ ហើយ​កុំ​ឲ្យ​យើង​ដើរ​និយាយ​ត​ទៅ​អ្នក​ផ្សេង។ ខ្ញុំ​បារម្ភ​ដែរ​ខ្លាច​គេ​មិន​មាន​គំនិត​មិន​ល្អ​មក​លើ​ខ្ញុំ​ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​កន្លង​មក​យើង​ឃើញ​តែ​ការ​គាបសង្កត់​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ វា​មិន​សូវ​មាន​ភាព​យុត្តិធម៌​ ច្រើន​តែ​ពលរដ្ឋ​និង​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋអំណាច​ធ្វើ​អី​ច្រើន​តែ​ខុស​ ចំណែក​សមត្ថកិច្ច​ធ្វើ​អ្វី​ក៏​ត្រូវ​រហូត»

ចំណែក​នៅ​ឯ​ស្រុក​រុក្ខ​គិរី​ឯណោះ ​មិន​ត្រឹមតែ​ប៉ូលិស​នោះ​ទេ​ដែល​ខ្វល់​ខ្វាយ​អំពី​សកម្មភាព​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ សូម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​អម​ដំណើរ​សមត្ថកិច្ច​ទៅ​ដល់​ផ្ទះ​មន្ត្រី​បក្ស​ប្រឆាំង​ដែរ។

អតីត​ជំទប់​ទី២ ឃុំ​ស្ដុក​ប្រវឹក​គណបក្ស ​សង្គ្រោះ​ជាតិ​ លោក ប្រាក់ ឈន អះអាង​ថា ប៉ូលិស​អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី​ចំនួន​ ៤​នាក់​ ដែល​មាន​កាំភ្លើង​មួយ​ដើម​​ និង​មេភូមិ​ទូល​គគីរ​ម្នាក់​ផង បាន​ទៅ​គំរាមកំហែង​មក​លើ​​លោក​ដល់​ផ្ទះ​ជា​ថ្មី​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ មករា។ អតីត​មន្ត្រី​ទាហាន​យោធភូមិភាគ​ទី៥ ​រូប​នេះ​បន្ថែម​ទៀត​ថា ប៉ូលិស​មិន​ឲ្យ​លោក​ជួប​ជុំ​គ្នា​ជា​ក្រុម​នោះ​ឡើយ​ ទោះ​បី​ជា​ក្នុង​រូប​ភាព​ណា​ក៏​ដោយ​ក្រោម​ហេតុ​ផល​ថា ​លោក​ធ្វើ​ខុស​ច្បាប់​ បើ​មិន​ដូច្នេះ​ទេ​ប៉ូលិស​នឹង​មាន​វិធាន​ការ​ថ្មី​ទៀត​មក​លើ​រូប​គាត់៖ «គាត់​មក​ចោទ​ប្រកាន់​ថា​ខ្ញុំ​ប្រមូល​មនុស្ស​ប្រជុំ​ នេះ​ជា​យុទ្ធសាស្ត្រ​របស់​សមត្ថកិច្ច​ដែល​រៀប​គម្រោង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ខ្ញុំ​ ព្រោះ​ខ្ញុំ​ដឹង​តាំង​ពី​គេ​មក​ហាម​ខ្ញុំ​ថ្ងៃ​ដំបូង​ម្ល៉េះ។ ដូច្នេះ ​អ្វី​ដែល​គេ​រៀប​ចំ​ហើយ​ គេ​មិន​អនុគ្រោះ​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​បាន​ប្រាប់​គេ​ដែរ​ថា ​ខ្ញុំ​រាល់​ថ្ងៃ​ចេញ​តែ​ពី​ផ្ទះ​ទៅ​ផ្សារ ហើយ​មក​ផ្ទះ​វិញ​ ទិញ​ឥវ៉ាន់​តិចតួច​យក​មក​លក់​ដូរ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ ហើយ​បើ​អស់​លោក​នៅ​តែ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្ញុំ​អ៊ីចឹង​ តើ​ខ្ញុំ​រស់​នៅ​មិច​នឹង​កើត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​រុក្ខ​គិរី លោក ស៊ា ធី មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស​មិន​បាន​ទៅ​គំរាមកំហែង​ទេ​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ​ ដោយ​គ្រាន់​តែ​ទៅ​ហាមឃាត់​ ដោយសារ​លោក ប្រាក់ ឈន តែង​តែ​ដឹក​នាំ​មនុស្ស​ជួប​ជុំ​គ្នា​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​លោក​យល់​ថា​ ជា​អំពើ​ខុស​ច្បាប់៖ «ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​អស់​ហើយ​ ដូច្នេះ​សូម​កុំ​ឲ្យ​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​អី​ ការ​ធ្វើ​ញត្តិ​ឬ​ស្រែក​គាំទ្រ​អី​ វា​ខុស​ច្បាប់​ហើយ​សូម​កុំ​ឲ្យ​ធ្វើ​អី​ សូម​ឲ្យ​ធ្វើ​រឿង​បែប​នេះ»

ប៉ុន្តែ​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េង​លី លើក​ឡើង​ថា​ ទង្វើ​របស់​ប៉ូលិស​នេះ ​គឺ​ជា​ការ​គំរាមកំហែង​បំបិទ​សិទ្ធិ​សេរីភាព​ក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង។ លោក​​ថា សកម្មជន​បក្ស​ប្រឆាំង​ជួប​ជុំ​គ្នា​គាំទ្រ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ឬ​ថ្លែង​សារ​គាំទ្រ​គណបក្ស​ណា​មួយ​នោះ​ គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​មិន​ខុស​ច្បាប់​នោះ​ឡើយ៖ «ដូច្នេះ​ទេ​សកម្មភាព​នេះ​ល្មម​ផ្អាក​ហើយ​ ហើយ​ក៏​សំណូម​ពរ​ដល់​អធិការ​ និង​ស្នងការ​ផង​ សូម​លោក​ធ្វើ​ការ​ពិនិត្យ​មើល​ឡើង​វិញ​ ទៅ​លើ​សកម្មភាព​របស់​មន្ត្រី​ទាំង​នេះ ​ដើម្បី​កុំ​ឲ្យ​គេ​ចោទ​ថា​មាន​បញ្ជា​ពី​លើ​មក​។បើ​សិន​ជា​ទង្វើ​ខុស​ច្បាប់​ខ្ញុំ​មិន​ថា​ទេ​ តែ​ទង្វើ​នេះ​គ្មាន​ច្បាប់​ណា​ចែង​ថា​ខុសច្បាប់​ទេ​ ហើយ​ខ្ញុំ​គិត​បើ​សិន​ជា​រឿង​នេះ​ខុស​ច្បាប់​ម្ល៉េះ​សមត្ថកិច្ច​មិន​មែន​ចុះ​ទៅ​ណែនាំ​ទេ​ គឺ​ចាត់​វិធានការ​រួច​បាត់​ហើយ»

មួយ​រយៈ​ចុងក្រោយ​នេះ​ប៉ូលិស​នៅ​តាម​ខេត្ត​មួយ​ចំនួន​រួម​មាន​ខេត្ត​បន្ទាយមានជ័យ​ ស្វាយ​រៀង ​និង​ខេត្ត​កណ្ដាល​ជា​ដើម​ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ជួប​ជុំ​គាំទ្រ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ ប៉ុន្តែ​សកម្មជន​គណបក្ស​ប្រឆាំង​​យល់​ថា​ ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​​គាំទ្រ​ឲ្យ​លោក​ សម​ រង្ស៊ី ​វិល​ចូល​ស្រុក​ ព្រោះ​មាន​តែ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ​ទេ ដែល​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ទាំង ២​រូប​ ​អះអាង​ថា បើ​ទោះ​បី​ជា​​ប៉ូលិស​មាន​ការ​គំរាមកំហែង​មក​លើ​ពួកគាត់​​យ៉ាង​នេះ​ក្ដី​ ក៏​ពួក​គាត់​មិន​បោះបង់​ការ​ជួប​ជុំ​ពង្រឹង​សាមគ្គីភាព​របស់​សមាជិក​គណបក្ស​ខ្លួន​ដែរ ព្រោះ​ពួក​គាត់​យល់​ថា ការ​សាមគ្គី​រឹងមាំ​ទើប​អាច​យក​ឈ្នះ​របប​លោក ហ៊ុន សែន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល