លោក ស ខេង ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ប្ដូរ​ទីតាំង​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ

សេក បណ្ឌិត
2018.09.16
ស ខេង កឹម សុខា ៨៥៥ ២០១៦ ៦២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
RFA/Rann Samnang

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អួតអាង​ថា លោក​ជា​អ្នកបញ្ជា​ឲ្យ​ដឹកជញ្ជូន លោក កឹម សុខា ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទាំង​យប់ និង​ខិតខំ​កែច្នៃ​អោយ​ការ​ឃុំខ្លួន​នៅផ្ទះ​ស្របតាម​ច្បាប់។ ទង្វើ និង​សេចក្ដី​សម្រេច​របស់ លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ហាក់​ធ្វើ​ឡើង​ជំនួស​កិច្ចការ​របស់​តុលាការ ដែល​បាន​ប្រកាស​ថា ការ​ដោះលែង លោក កឹម សុខា គឺ​ដោយសារ​ស្ថានភាព​ជំងឺ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ អ្នកវិភាគ មើល​ឃើញ​ថា ការ​ប្ដូរ​ទីតាំង​ឃុំខ្លួន លោក កឹម សុខា មិនមែន​ដោយសារ​ចិត្តធម៌​នោះ​ទេ គឺ​ដោយសារ​ក្រុម​មេដឹកនាំ​របប ហ៊ុន សែន បារម្ភ​ពី​សម្ពាធ​អន្តរជាតិ​លើ​របប​ថ្មី​របស់​បក្ខ​ពួក​ខ្លួន។

អនុប្រធាន​គណបក្ស​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង អះអាង​ថា លោក​បាន​រៀបចំ​យុទ្ធសាស្ត្រ បញ្ជា​ឲ្យ​មន្ត្រី​ម្នាក់ ទៅ​សម្របសម្រួល​ជាមួយ លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​យក​លិខិត​មួយ​ច្បាប់ ឲ្យ​លោក កឹម សុខា សរសេរ​ផ្ទាល់ដៃ ស្នើសុំ​កងកម្លាំង​ការពារ​ខ្លួន​នៅ​ក្នុង​ផ្ទះ មុននឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ លោក កឹម សុខា ត្រលប់​មក​ឃុំខ្លួន​ក្នុង​ផ្ទះ​វិញ។ លោក ស ខេង បញ្ជាក់​ថា លោក ជា​អ្នក​រៀបចំ​គូស​វាស់ដី​ឲ្យ​លោក កឹម សុខា ដើរ៖ «បើ​កម្លាំង​យើង​ដាក់​នៅផ្ទះ​អត់​បានទេ ពីព្រោះ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​វា​អត់​មាន​ច្បាប់ តែ​យើង​ដាក់​ខុសច្បាប់។ អ៊ីចឹង​មានតែ​គូស​រង្វង់​ផ្ទះ កឹម សុខា នៅ​ហ្នឹង​អ៊ីចឹង​ទៅ អា​រង្វង់​ផ្លូវ​ខាងជើង ខាង​ត្បូង ខាងលិច ខាងកើត ហ្នឹង​ប៉ុន្មានៗ អ៊ីចឹង​ទៅ ហើយ​យើង​ការពារ​ហ្នឹង។ ដល់​អ៊ីចឹង វា​នៅ​ក្នុង​បរិវេណ​ខាងក្នុង ក្នុង​រង្វង់​ហ្នឹង​វា​ទូលាយ​ពេក ដល់​អ៊ីចឹង​យើង​រក​វិធី​មួយ​ថា ឥឡូវ​ចេះ​ព្រាង​សំបុត្រ​មួយ​ឲ្យ​ហើយ ដើម្បី​ធានា​សន្តិសុខ ដោយ​បញ្ហា​សន្តិសុខ អ៊ីចឹង​ទៅ ខ្ញុំ​សូម​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ខ្ញុំ ហើយ​យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា​ឯកភាព។ ឯកភាព តែ​យើង​អត់​យក​ក្រដាស​វ៉ៃ​ពុម្ព​​​ហើយ​ទៅ​ទេ អក្សរ​កុំព្យូទ័រ អូស​ពី​កុំព្យូទ័រ ហើយ​ទៅ​ទេ ឲ្យ​សរសេរ​ដៃ។ ដំបូង​ដាក់​ថា ការពារ​គេហដ្ឋាន ហើយ​ដល់​បងប្អូន​រាយការណ៍​មក​ថា ឥលូវ​គេ​សុំ​លុប​ពាក្យ​គេហដ្ឋាន​ហ្នឹង ខ្ញុំ​ថា​ក៏បាន​ដែរ​ឲ្យ​តែ​ការពារ​សន្តិសុខ​ហ្នឹង​បាន​ហើយ ការពារ​សន្តិសុខ​ហ្នឹង មិនមែន​២​គីឡូ​ទេ ការពារ​សន្តិសុខ​នៅ​ជាប់​ហ្នឹង ការពារ​បាន។ អ៊ីចឹង​លុប​អា​ពាក្យ​ហ្នឹង មិនមែន​ថា ដាក់​នៅ​ផ្ទះ​មិនបាន​ណា ដើម្បី​ការពារ​សន្តិសុខ​ដាក់​នៅ​ហ្នឹង​ផ្ទះ​ហ្នឹងហើយ។ មាន​អី គាត់​អត់​ចោទ​យើង​កើត​ទេ ពីព្រោះ​អី គាត់​អ្នក​សុំ​កម្លាំង​ការពារ ព្រោះ​ច្បាប់​យើង​អ៊ីចឹង ច្បាប់​យើង​អត់​មាន​ឲ្យ​ឃុំខ្លួន​នៅផ្ទះ​ផង។ សម្រាប់លោក កឹម សុខា នេះ​គឺ​ទេ ខ្ញុំ​និយាយ​ទៅ​វា​នេះ ប៉ុន្តែ​ថា យើង​ត្រូវតែ​ដំណើរការ​តាម​នីតិវិធី​ឲ្យ​ចប់ ពីព្រោះ​បើកាលណា យើង​មិន​ធ្វើតាម​នីតិវិធី​តាម​តុលាការ​ទេ រដ្ឋាភិបាល​ជា​អ្នក​ខុស ជា​អ្នក​ខុស ការចោទប្រកាន់​គេ​មិន​ត្រឹមត្រូវ។ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដឹង​ទាំងអស់​គ្នា​ថា​អ៊ីចឹង។ ទោះបីយ៉ាងណា​ក៏ដោយ វា​ត្រូវ​មាន​ទី​បញ្ចប់​បញ្ហា»

លោក ស ខេង ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ក្នុង​ពេល​លោក ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូកសរុប​សកម្ម​ភាព​ការងារ និង​លទ្ធផល ព្រឹត្តិការណ៍​បោះឆ្នោត ថ្ងៃ​ទី​២៩ កក្កដា ២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សាខា​ខេត្ត​ព្រៃវែង។

កាលពី​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ នៅ​ថ្ងៃទី១០ ខែ​កញ្ញា តុលាការ​របប​ហ៊ុន សែន បាន​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន និង​បាន​ដឹក​លោក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ដល់​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ស្ងាត់ៗ ទាំង​យប់។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា​។ ប៉ុន្តែ លោក ស ខេង អះអាង​ថា នៅ​ពីក្រោយ​រឿង​នេះ លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ទៅ​ចរចា​ជាមួយ លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ទាំង​យប់ ហើយ​បញ្ជា​ឲ្យ​ដឹកជញ្ជូន​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទាំង​យប់ ធ្វើ​យ៉ាងណា យក​ទៅ​ដល់​ផ្ទះ​លោក កឹម សុខា វិញ ឲ្យ​បាន​មុន​ម៉ោង​ ៥​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា៖ «ឥឡូវនេះ យើង​យក​មក​ទុក​នៅ​ហ្នឹង​ផ្ទះ។ ច្បាប់​យើង អត់​មាន​ច្បាប់ អា​ដែង​នែ ព្រហ្មទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​នៅផ្ទះ​ទេ អត់​មាន​ទេ គឺថា ឃុំខ្លួន​នៅ​ក្នុង​ដែនដី​ណាមួយ​ជា​កំណត់ ជា​កំណត់ អ៊ីចឹង​ធ្វើ​ម៉េច​ឥលូវ ចន្លោះ​ដែរ អ្នក​សរសេរ​ច្បាប់ព្រហ្មទណ្ឌ​ហ្នឹង អត់​មាន​ច្បាប់​ឃុំខ្លួន​នៅផ្ទះ ដល់​អ៊ីចឹង​រក​វិធី។ ខ្ញុំ​ថា ឥឡូវ​​ព្រាង​​ឲ្យ​​ហើយ​​ទៅ ឲ្យ​ ផាន យក​ទៅ ប៉ាវ ហមផាន ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ ទៅដល់​ចរចា​ជាមួយ កឹម សុខា ខ្លួនឯង ព្រោះ​ ផាន ហ្នឹង​ទៅ​យក​មក។ ជជែក​គ្នា​ម៉ោង​៣ ប៉ុន្តែ​ថា ធ្វើ​ម៉េច​ម៉ោង​ ៥​ភ្លឺ​យ៉ាង​យូរ ត្រូវ​យក​មនុស្ស​ហ្នឹង​មក​ឲ្យ​ដល់​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព ហើយ​ទម្រាំ​ជជែក​គ្នា​ហើយ ម៉ោង​៦​ហើយ បាន​ចែក​ផ្លូវ​គ្នា​ធ្វើការ»

នៅ​ថ្ងៃ​ទី​១០ កញ្ញា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សេចក្ដីប្រកាស​ព័ត៌មាន​អះអាង​ថា ការ​ដោះលែង​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ហេតុផល​សុខភាព និង​ដោយមាន​ការធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់ ថា លោក កឹម សុខា និង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ លោក គង់ ម៉ាស់ ឲ្យ​ដឹង​ថា នៅមុខ​ផ្ទះ​ដែល​គេ​ឃុំឃាំង លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក មាន​កងកម្លាំង​ប៉ូលិស​ជាច្រើន​ត្រូវ​បាន​គេ​ពង្រាយ​គ្រប់​ទិស​ជុំវិញ​ផ្ទះ​នោះ ហើយ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ទៅ​គាំទ្រ លោក កឹម សុខា នៅ​ខាងក្រៅ​ផ្ទះ​នោះ កងកម្លាំង ដែល​ស្លៀកពាក់​ស៊ីវិល បាន​ទៅ​ថតរូប​អ្នកគាំទ្រ ធ្វើ​ឲ្យ​សកម្មជន​មួយ​ចំនួន​មានការ​ភ័យខ្លាច។ ទោះជា​យ៉ាងណា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក កឹម សុខា មិនដែល​បាន​ចេញ​ពី​ក្នុង​ផ្ទះ មក​ជួប​អ្នកគាំទ្រ​នៅមុខ​ផ្ទះ​ទេ៖ «ប៉ូលិស​គេ​ដាក់​គ្រប់​ជ្រុង កន្លែង​ខាងជើង ខាង​ត្បូង ហ្នឹង​គ្រប់កន្លែង​តែម្ដង គេ​ពាក់​ឯកសណ្ឋាន​ជា​លក្ខណៈ​ស៊ីវិល ហើយ​ចាំ​ថត​សកម្មជន ឬក៏​អ្នក​មោ ចុះ​មក​សួរសុខទុក្ខ មក​អើតមើល​ផ្ទះ​លោក​ប្រធាន គេ​តែងតែ​យក​កាមេរ៉ា​ថត គេ​ចាប់​កាមេរ៉ា​គ្រប់​ទិស​តែម្ដង​អ៊ីចឹង​ណា។ ហើយ​ជាពិសេស​គេ​ថត​យក​មុខ​តែម្ដង។ សំនួរ​មាន​តំណាងរាស្ត្រ​មក​ទេ​។ មាន មាន​តំណាងរាស្ត្រ​យើង​មួយ​ចំនួន​គាត់​បាន​មកដល់​មុខ​ផ្ទះ​ដែរ តែ​គាត់​ចុះ​មក​មួយ​ភ្លេតៗ អ៊ីចឹង​ទៅ គាត់​អត់​មាន​ចូល​ទេ ព្រោះ​មាន​គេ​តាម​ថត តាម​អីចឹង​ទៅ គេ​ការពារ​ខ្លាច គេ​ចោទ​ប្រកាន់​ថា តំណាងរាស្ត្រ​ចូល​មក​ផ្ទះ​លោក​ប្រធាន​អីចឹង​ទៅ​ណា។ អ៊ីចឹង​គាត់ (ក្រុម​តំណាងរាស្ត្រ​) មក​ដែរ មក​ជួប​គ្នា​ចឹង​ទៅ អង្គុយ​ជជែក​គ្នា​តិច​ទៅ គាត់​ចេញទៅ​វិញ​ទៅ»

ក្នុង​ដីកា​ដោះលែង ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​ព្រមាន​មិន​ឲ្យ​លោក កឹម សុខា ជួប​និយាយ​ជាមួយ​អ្នកនយោបាយ ឬ​ជនបរទេស​ទេ។ លោក ស ខេង ឲ្យ​ដឹង​ថា ប្រធាន​បក្ស​ប្រឆាំង​ខេត្ត​ព្រៃវែង​ម្នាក់ គ្រោង​រៀបចំ​កេណ្ឌ​អ្នកគាំទ្រ​ឲ្យ​ទៅ​រៀបចំ​ពិធីជប់លៀង នៅផ្ទះ លោក កឹម សុខា តែ​មិនបាន​សម្រេច។ លោក ស ខេង អះអាង​ថា លោក បាន​អនុញ្ញាត​រួចហើយ ឲ្យ​លោក កឹម សុខា ផ្ញើ​សារ​ជា​សំឡេង បណ្ដេញ​អ្នកគាំទ្រ​ចេញពី​មុខ​ផ្ទះ​វិញ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ លោក កឹម សុខា អំពាវនាវ​មនុស្ស​ទៅ​ជួបជុំ​នៅមុខ​ផ្ទះ​លោក​ទេ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា លោក ស ខេង ខិតខំ​ប្រឹងប្រែង រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ក្នុង​ការ​ដោះលែង លោក កឹម សុខា បែបនេះ គឺ បង្ហាញ​ថា មេដឹកនាំ​របប ហ៊ុន សែន ទាំងអស់ កំពុង​ភ័យខ្លាច ឥទ្ធិពល​សហគមន៍​អន្ដរជាតិ ដែល​កំពុង​សើរើ ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក បុង ដែត បញ្ជាក់​ថា ក្រុម​មេដឹកនាំ​របប​ហ៊ុន សែន បារម្ភ​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ ជាង​នរណា​ទាំងអស់ ពីព្រោះ​អ្នក​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​ពិតប្រាកដ​មិនមែន​ពលរដ្ឋ​ខ្មែរ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​បន្តិចបន្តួច​ទេ គឺ​ក្រុម​មេដឹកនាំ​របប​ហ៊ុន សែន និង​ក្រុមហ៊ុន​ចិន​ទេ ដែល​ទទួល​បានការ​ចំណេញ​យ៉ាង​ច្រើន ពី​ការ​អនុគ្រោះ​ពន្ធ​នេះ៖ «​ជា​ការ​ភ័យខ្លាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​របស់ លោក ស ខេង ម្នាក់ឯង​ទេ គឺ​តាំងពី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំងពី លោក ស ខេង។ អ៊ីចឹង​អ្វី​ទាំង​អស់ហ្នឹង គឺ​សុទ្ធតែ​ជា​ការភ័យខ្លាច​ការ​សើរើ​ឡើងវិញ លទ្ធិប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប»

អ្នកវិភាគ​រូប​នេះ យល់ថា ជំហាន​បន្ត ក្រុម​មេដឹកនាំ​នៃ​របប​លោក ហ៊ុន សែន នឹង​រិះរក​យុទ្ធសាស្ត្រ បន្ត ដើម្បី​ដោះលែង លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ ប៉ុន្តែ​ត្រូវតែ​ប្ដូរ​នឹង​ភាព​ស្របច្បាប់​នៃ​របប​ថ្មី ដើម្បី​បក្ខពួក លោក ហ៊ុន សែន អាច​បន្ត​ក្ដោប​ក្ដាប់​អំណាច​បន្ដ​ទៀត។ លោក បុង ដែត យល់ថា នៅ​ពេល​ដែល​សម្ពាធ​អន្តរជាតិ កាន់តែ​ធ្ងន់ធ្ងរ របប ហ៊ុន សែន អាច​នឹង​ប្រើ​ហេតុផល​បង្រួបបង្រួម​ជាតិ ដើម្បី​ជា​ថ្នូរ​ដោះលែង លោក កឹម សុខា និង​ការ​បន្ត​រក្សា​អំណាច​របស់​បក្ខ​ពួក​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។