មេដឹកនាំ​បក្ស​ប្រឆាំង​ត្រៀម​សើរើ​ឯកសារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង

ដោយ ដែន អយុធ្យា
2014-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។
RFA/Uon Chhin

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពេល​អ្នក​តំណាងរាស្ត្រ​គណបក្ស​នេះ​ចូល​សភា នឹង​ស្រាវជ្រាវ ឬ​សើរើ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ត្រឹមត្រូវ។

សម្រាប់​មេដឹកនាំ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ថ្លែង​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បង្ហាញ​ឆន្ទៈ​សើរើ​ឯកសារ​បោះ​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស​កន្លង​មក។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ កើត​ឡើង​នៅ​គ្រា​អ្នក​តំណាងរាស្ត្រ​ទាំង ៥៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល គឺ​មិន​សម្រាប់​គណបក្ស​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​សម្ងំ​ស្ងៀម ឬ​បៀម​ដៃ​មើល​បរទេស​ឈ្លានពាន ឬ​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា បាន​ជា​ដាច់ខាត។ លោក​ថា កន្លង​មក​តាម​រយៈ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម មាន​ពលរដ្ឋ​លើក​ឡើង​ថា បាន​នាំ​ឲ្យ​បាត់បង់​ដីស្រែ​ធ្លាប់​បង្កបង្កើនផល​របស់​ពួកគាត់​ជា​ច្រើន​គ្រួសារ។

ត្រង់​ចំណុច​នេះ លោក កឹម សុខា បញ្ជាក់​ថា ទិសដៅ​នៅ​ថ្ងៃ​អនាគត គណបក្ស​នេះ​នឹង​ស្រាវជ្រាវ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​អ្នក​ពាក់ព័ន្ធ​អាច​នឹង​ត្រូវ​កោះ​ហៅ​មក​ឆ្លើយ​តប​បំភ្លឺ​ក្នុង​រដ្ឋសភា បើ​រក​ឃើញ​កំហុស​ឆ្គង​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ។

លោក កឹម សុខា៖ «នេះ​ជា​បញ្ហា​របស់​ជាតិ បញ្ហា​សម្រាប់​ទាំង​អស់​គ្នា មិនមែន​បញ្ហា​របស់​គណបក្ស​ណា​មួយ​នោះ​ទេ។ អ៊ីចឹង​ហើយ ពេល​ដែល​យើង​ចូល​ទៅ​សភា ដូច​ដែល​ខ្ញុំ​បាន​លើក​នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​ហើយ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ចុះ​ទៅ​តាម ឬ​ទៅ​ត្រួតពិនិត្យ តើ​គេ​ធ្វើ​ដោយ​តម្លាភាព ឬ​ធ្វើ​ទៅ តើ​វា​មាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ឬ​ប្រជាពលរដ្ឋ​យ៉ាង​ណា? ហើយ​បើ​បាន​ព័ត៌មាន​ច្បាស់លាស់​ហើយ យើង​នឹង​លើក ឬ​ស្នើ​សុំ​ក្នុង​រដ្ឋ​សភា ស្នើ​គណៈកម្មការ​ក្នុង​រដ្ឋ​សភា ដើម្បី​ស្នើ​សុំ​រដ្ឋមន្ត្រី​មក​សាកសួរ»

ទាក់ទង​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣ បាន​បង្កើន​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ជិត​ខាង​កម្ពុជា មាន​វៀតណាម និង​ថៃ ជា​ដើម ចប់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​សកម្មភាព​នេះ មិន​ទាន់​បាន​ជោគជ័យ​ទេ។

បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បញ្ជាក់​ថា កម្ពុជា​មិន​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់បង់​ទឹកដី​ខ្លួន​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មាន​អ្នក​ជំនាញ​សម្រាប់​គិតគូរ​ក្នុង​ការ​បោះ​កំណត់​បង្គោល​ព្រំដែន​បាន​ច្បាស់​លាស់ គឺ​មិន​មែន​ដូច​ការ​រិះគន់​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​នោះ​ទេ។

​យ៉ាង​ណា​ក៏ដោយ លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ស្នើ​ដល់​មេដឹកនាំ​គណបក្ស​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥​ទាំង​ពីរ ត្រូវ​រួម​សហការ​គ្នា​ពិនិត្យ​ទៅ​លើ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ច្បាស់លាស់។

​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​ចូល​សភា គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ នឹង​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដែល​រង​ការ​រិះគន់​កន្លង​មក។

មេដឹកនាំ​និស្សិត​រូប​នេះ​រិះគន់​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​វៀតណាម កន្លង​មក ត្រូវ​ពលរដ្ឋ​ចោទ​ថា នាំ​ឲ្យ​បាត់បង់​ដីស្រែ​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ៖ «ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​យ៉ាង​ម៉េច​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​កម្ពុជា។ ព្រោះ​ថា នៅ​ពេល​ថ្មីៗ​នេះ ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម គឺ​ជា​ការ​សាកល្បង​នូវ​ភាព​ជា​អ្នក​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា របស់​យើង។ ហើយ​ខ្ញុំ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា វៀតណាម​កំពុង​តែ​ធ្វើ​តេស្ត​នូវ​យុទ្ធសាស្ត្រ​ច្រេះ​ស៊ី​ដែក​របស់​គេ ដែល​បំពេញ​ទៅ​ដល់​ទស្សនវិស័យ ឬ​ចក្ខុវិស័យ​របស់​លោក ហូ ជីមិញ គឺ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច។ អ៊ីចឹង​ទេ នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​បញ្ញវន្ត​របស់​យើង ក៏​ដូចជា​អ្នក​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​តែ​ដោះស្រាយ រក​វិធីសាស្ត្រ ឬ​រក​មធ្យោបាយ ធ្វើ​យ៉ាងម៉េច​ទប់ស្កាត់​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​ច្រេះ​ស៊ី​ដែក​របស់​វៀតណាម​ឲ្យ​បាន»

​ប្រទេស​កម្ពុជា មាន​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ ដែល​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល និង​លាតសន្ធឹង​តាម​ព្រំដែន​ប្រមាណ ៨០០ គីឡូម៉ែត្រ។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ ក៏​បាន​ឯកភាព​រួមគ្នា​ថា នឹង​ស្រាវជ្រាវ​រក​ចំណុច​ដើម​នៃ​បង្គោល​ព្រំដែន​ដែល​បោះ​នៅ​ជំនាន់​បារាំង ដើម្បី​កំណត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត។ ចំណែក​ព្រំដែន​ជាមួយ​វៀតណាម ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​គោក និង​ព្រំ​ដែន​ទឹក​សរុប​ជាង ២.៥០០​គីឡូម៉ែត្រ (២.៥៧២)។ មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ជិត ៣០០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដីគោក​សរុប ៣១៤​បង្គោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Mr.Sam & Mr.kem are impossible to do that they are real in parliament yet.NEC is not done yet and everything look like the same no change.If you reconsidere a border with Vietnam Samdach Ach Nhok will not allow you to do and he will say not yet 35 year from now will be okay Mr.Sam and Kem.

Jul 30, 2014 01:29 AM

អ្នក​អាន​អនាមិក

អង្គុយមិនទាន់បានក្តៅគូថផង​ ចាប់ផ្តើមភ្លាម តែខ្ញុំចង់សួរថាធ្វើមែន​ឬថា​លែងទេលោក? តែបើថាលែងកុំផោមនាំតែឆ្កែអរ ហើយបើ​ធ្វើមែនទែន កុំយកក្រដាស់មកចង្អុលព្រោះនៅលើក្រដាស់ដី​វាពិត​ជាអត់មានបាត់អីទេ តែបើដើរទៅមើលដើរទៅសួរអ្នកស្រុកដែល​គាត់រស់តាមព្រុំដែន អាចនិងគាំងបេះដូងបើមិនប្រយ័ត្នទេ ព្រោះវា​បាត់​​នោះបាត់បង់ហួសពីការស្មាន បើមិនជឿដើរទៅមើលនៅខេត្តកំពត នៅខេត្តតាកែវ នៅខេត្ត​បន្ទាយមានជ័ជាដើម។

Jul 29, 2014 09:48 PM

អ្នក​អាន​អនាមិក

CPP is almost finished their job there are only 14 more will be done.CNRP if you want to reconsiderer a border .What will CPP do about you ?

Jul 29, 2014 11:25 AM

ភាពភ្នំពេញ

ពី Phnom Penh

តើលោកស៊ី និងលោកខាធ្វើមែន ឬគ្រាន់តែលួងចិត្តអ្នកគាំទ្រ?

Jul 29, 2014 07:35 AM

គេហទំព័រ​ទាំងមូល