កម្ពុជាបង្កើនការពង្រឹងសន្តិសុខសុវត្ថិភាពនិងការអភិវឌ្ឍតំបន់ព្រំដែនជាមួយប្រទេសជិតខាង
2019.01.10
មន្ត្រីរបបលោក ហ៊ុន សែន ថា កម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីពង្រឹង សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងបណ្ដាខេត្តដែលនៅជាប់តាមបណ្ដោយព្រំដែននោះ។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបដាច់ដោយឡើងពីគ្នា រវាងភាគីកម្ពុជាជាមួយប្រទេសវៀតណាម និងថៃ។ នៅក្នុងកិច្ចប្រជុំលើកទី១០ រយៈពេល ២ថ្ងៃ ស្ដីពីសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងហូជីមិញ កម្ពុជា និងវៀតណាម បានព្រមព្រៀង មិនអនុញ្ញាតឲ្យមានអង្គការចាត់តាំង ឬបុគ្គលណាមួយ ប្រើប្រាស់ ទឹកដីរបស់ប្រទេសម្ខាង ដើម្បីបង្កអន្តរាយដល់សន្តិសុខជាតិ និងស្ថិរភាពរបស់ប្រទេសទាំងសងខាងឡើយ។
ភាគីទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ក្រោយកិច្ចប្រជុំលើកទី១០ ដោយមានការចូលរួម ពី លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយលោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការថែរក្សាទំនាក់ទំនងជាមិត្តភាព ក្នុងលក្ខណៈជា ភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពជំរុញកសាងផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនផងដែរ ដោយបានឯកភាពដាក់ចេញនូវទិសដៅរួមគ្នា សំដៅពង្រឹង និងបង្កើនកិច្ចសហការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យសុខាភិបាល វិស័យព័ត៌មាន និងឃោសនាការជាដើម។
ដោយឡែកជាមួយភាគីថៃវិញ ភាគីទាំងពីរ ក្នុងនោះមានមេបញ្ជាការកងទ័ព ជួរមុខនៅតាមព្រំដែន ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ បានប្ដេជ្ញាបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីភាពរីកចម្រើនរបស់ប្រទេស និងប្រជាពលរដ្ឋទាំងពីរផងដែរ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំនៅច្រកអានសេះ ស្ថិតក្នុងភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា។
កាសែតក្នុងស្រុក បានដកស្រង់ប្រសាសន៍ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ឱ្យដឹងថា បច្ចុប្បន្ននេះសភាពការណ៍នៃការប៉ះទង្គិចគ្នា គឺមិនមានទេ មានតែការណាត់ជួបគ្នាសម្រួលរាល់បញ្ហា មានការស្និទ្ធស្នាលគ្នា ហើយកម្លាំងជួរមុខ មិនមានបញ្ហាប្រឈម ពិសេសប្រជាជនទាំងពីរមានការទំនាក់ទំនងល្អ។ ជាមួយគ្នានោះ លោកបានជំរុញឱ្យភាគីថៃ ត្រូវធ្វើអ្វី ដែលដូចពីមុនចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ ដោយកុំឱ្យមានការដាក់កំហិត លើការទិញមុខទំនិញផ្សេងៗ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង។
ភាគីថៃថា នឹងយកសំណើនេះទៅរាយការណ៍ជូនលោកមេបញ្ជាការកងទ័ពថៃ ដើម្បីដោះស្រាយនៅពេលក្រោយ៕