"ការ​បោះ​បង្គោល​ព្រំដែន​ខែត្រ​រតនគីរី និង​មណ្ឌលគិរី​ត្រូវ​បាន​បញ្ចប់​ទោះ​មាន​ភាព​ចម្រូងចម្រាស"

ដោយ ទីន ហ្សាការីយ៉ា
2018-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
Photo: RFA

អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​អះអាង​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀតណាម​បាន​បញ្ចប់​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគីរី​ទាំងស្រុង​ហើយ។

អ្នកស្រី​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​កាល​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ទោះបីជា​បេសកកម្ម​ចុះ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខែត្រ​ទាំងពីរ​នេះ មាន​ឧបសគ្គ​ខ្លះ​យ៉ាងណាក៏ដោយ ក៏​គណៈកម្មាធិការ​ព្រំដែន បាន​ខិតខំ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ដែរ។

កន្លងមក​ក៏​មាន​ភាព​ចម្រូងចម្រាស​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខែត្រ​មណ្ឌលគិរី និង​ខែត្រ​រតនគិរី​នេះ ដោយសារតែ​អាជ្ញាធរ​វៀតណាម បាន​ឈ្លានពាន​ចូល​មក​ទឹកដី​កម្ពុជា នៅ​តំបន់​ស ដែល​ជា​តំបន់​ហាម​ឃាត់។ ក្រៅ​ពី​នេះ​ទៀត ក៏​នៅ​មាន​ខែត្រ​ផ្សេងទៀត ដូចជា​នៅ​ខែត្រ​ស្វាយរៀង និង​ខែត្រ​ព្រៃវែង​ជាដើម ដែល​ពលរដ្ឋ​កម្ពុជា​ចោទ អាជ្ញាធរ​វៀតណាម​ថា បាន​បោះ​បង្គោល​ព្រំដែន​រំកិល​ចូល​ដី​ខ្មែរ ដូចជា​ស្រែចំការ​របស់​ពួកគាត់ ដូចជា​ការ​បោះ​បង្គោល​ព្រំ​ដែន​លេខ​១៤៧ និង​១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង មាន​ពលរដ្ឋ​ជិត ១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់ និង​គំរាមកំហែង​ពី​អាជ្ញាធរ​ខ្មែរ។

កម្ពុជា​-​វៀតណាម មាន​ព្រំដែន​ដីគោក​រួមគ្នា ប្រវែង​ប្រមាណ ១.២៧០គីឡូម៉ែត្រ និង​ត្រូវ​បោះ​បង្គោល​ព្រំដែន​រួមគ្នា ចំនួន ៣១៤​បង្គោល ដែល​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បោះ​បង្គោល​ព្រំដែន​បាន​ជាង ៨០​ភាគរយ​ហើយ។

លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់​បាន​ប្ដេជ្ញា​រួមគ្នា​ថា នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​កសាង​ព្រំដែន​រួមគ្នា​មួយ ប្រកប​ដោយ​សន្តិភាព និង​ស្ថិរភាព។ នាយករដ្ឋមន្ត្រី​វៀតណាម​សន្យា​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍។ ទំនាក់ទំនង​ការទូត និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្រប់​វិស័យ ព្រមទាំង​រឹតចំណង​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ទ្វេ​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល