អាជ្ញាធរ​ខេត្ត​ស្វាយរៀង​សហការ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​ការ​លើ​ករណី​ជួល​ដី​នៅ​តាម​ព្រំដែន

ដោយ ថា កិត្យា
2017.01.25
អ្នក​ភូមិ​បង្ហាញ​ដី​ស្រែ​វៀតណាម ជួល​ដី​ខ្មែរ ស្វាយរៀង ២០១៦ ៨៥៥ ពលរដ្ឋ​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បង្ហាញ​ទីតាំង​ដី​ស្រែ​ដែល​ជនជាតិ​វៀតណាម ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Yeang Socheameta
RFA/Yeang Socheameta

អាជ្ញាធរ​ខេត្ត​ស្វាយរៀង បើក​កិច្ច​សហការ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង ដើម្បី​រុករក​ករណី​ជួល​ដី​នៅ​តាម​ព្រំដែន​ឲ្យ​ប្រទេស​ជិត​ខាង​ដើម្បី​ចាត់​វិធានការ។ កិច្ច​ព្រមព្រៀង​ថ្មី​មួយ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នៅ​សាលា​ខេត្ត​ស្វាយរៀង ដើម្បី​ពិភាក្សា​បន្ថែម​ជុំវិញ​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​ប្រឆាំង​ដែល​រក​ឃើញ​ថា មាន​ករណី​ជួល​ដី​នៅ​ស្រុក​ចន្ទ្រា ប្រមាណ​ជាង ១​ពាន់​ហិកតារ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម។

ការ​បើក​កិច្ច​សហការ​រវាង​ភាគី​អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ស្វាយរៀង នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្រោយ​ពី​រឿង​ព្រំដែន​បាន​ក្លាយ​ជា​បញ្ហា​ដ៏​តានតឹង និង​ចម្រូងចម្រាស​រវាង​ភាគី​ទាំង​ពីរ។

សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ បាន​ថ្លែង​ប្រាប់​អាស៊ីសេរី ក្រោយ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា កិច្ច​ប្រជុំ​នោះ ភាគ​ទាំង​ពីរ​នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​ថា តើ​ករណី​វៀតណាម ជួល​ដី​តាម​ព្រំ​ប្រមាណ ១០,៤៧​ហិកតារ នៅ​ក្នុង​ស្រុក​ចន្ទ្រា នោះ ពិត ឬ​មិន​ពិត​នោះ​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ថា នឹង​ពួតដៃ​គ្នា​បន្ត​ទៀត​ដើម្បី​ស្រាវជ្រាវ​ស្វែង​ការ​ពិត​អំពី​ករណី​ជួល​ដី​នៅ​តាម​ព្រំដែន ហើយ​មាន​វិធានការ​បញ្ឈប់៖ «ការ​ជួល​ដី​អោយ​យួន​នេះ ខ្ញុំ​មិនទាន់​ទទួល​បាន​ទិន្នន័យ​ពិត​ប្រាកដ ប៉ុន្តែ​ទិន្នន័យ​នេះ ខ្ញុំ​ទទួល​បាន​ពី​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្ញុំ តែ​បញ្ជាក់​ជាមួយ​ឃុំ​របស់​គេ​គឺ​ខុស​គ្នា។ ប៉ុន្តែ​យើង​មិន​បដិសេធ និង​ចាប់​កំហុស​ខាង​ណា​ដែរ​ក្នុង​កិច្ច​ប្រជុំ​នោះ។ យើង​រួមគ្នា​ធ្វើ​ការ​ត​ទៅ​ទៀត បើ​សិន​មាន​គំនិត​សង្ស័យ។ ខ្ញុំ​បញ្ជាក់​ហើយ​ថា ប្រសិនបើ​ស៊ើប​ដឹង​នោះ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង»

​កិច្ចប្រជុំ​រវាង​មន្ត្រី​បក្ស​ប្រឆាំង និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៤ ខែ​មករា គឺ​ដើម្បី​ជជែក​ពិភាក្សា​គ្នា​បន្ថែម​អំពី​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​រក​ឃើញ​ថា មាន​ករណី​ជួល​ដី​ចំនួន​ប្រមាណ ១០,៤៧​ហិកតារ នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ទួលស្ដី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ ក៏ប៉ុន្តែ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ព្រំដែន​ខេត្ត​ស្វាយរៀង អះអាង​ថា រក​មិន​ឃើញ​មាន​ករណី​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម នោះ​ទេ បន្ទាប់ពី​ចុះ​ស្រាវជ្រាវ​ជាបឋម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។

​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នោះ មានប្រសាសន៍​ថា លោក​អបអរ​សាទរ​ចំពោះ​របាយការណ៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ ហើយ​ចង់​ឲ្យ​មាន​កិច្ច​សហការ​ជាមួយគ្នា​ត​ទៅ​ទៀត៖ «រដ្ឋបាល​ខេត្ត​ស្វាយរៀង ចង់​ឲ្យ​គាត់​សហការ​បន្ត​នៅ​ថ្ងៃ​ខាង​មុខ​នេះ ស្រាវជ្រាវ​អោយ​ឃើញ ហើយ​បង្ហាញ​វត្ថុតាង​មក​អោយ​គ្រប់គ្រាន់។ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ច្បាប់ មិន​អនុញ្ញាត​អោយ​ជន​ណា​ម្នាក់​នៅ​តែ​បន្ត​ធ្វើ​ការ​ខុស​ឆ្គង​នឹង​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ទៀត​ទេ»

​មន្ត្រី​បក​សង្គ្រោះ​ជាតិ វាយ​តម្លៃ​ថា ខាង​អភិបាល​ខេត្ត​ហាក់​ដូចជា​ចង់​ឃើញ​ភាគី​ទាំង​ពីរ មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា ដោះស្រាយ​ករណី​ជួល​ដី​នៅ​តាម​ព្រំដែន​នេះ​រួម​គ្នា ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-​ឃុំ ដែល​នៅ​ជាប់​ព្រំដែន​ទាំង​អស់ ត្រូវ​សហការ​ចូលរួម​ជាមួយ​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។