"បក្សជាប់ឆ្នោតទាំង២បរាជ័យលើការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រទេសក្នុងឆ្នាំ២០១៥"
2016.01.01
ឆ្នាំ២០១៥ កន្លងផុតទៅ ក៏ប៉ុន្តែឆ្នាំចាស់រយៈពេល ១២ខែនោះ អ្នកនយោបាយបានបញ្ចេញសារនយោបាយជាច្រើនបង្ហាញពីការប្ដេជ្ញាចិត្តអភិវឌ្ឍប្រទេសជាតិ ការផ្សះផ្សា ការបង្រួបបង្រួមជាតិដែលធ្វើឡើងដោយគណបក្សជាប់ឆ្នោតទាំងពីរ។ ក៏ប៉ុន្តែការប្ដេជ្ញាចិត្ត ឬសារនយោបាយល្អៗ ដែលរដ្ឋាភិបាលធ្វើកំណែទម្រង់នោះ ត្រូវបានអ្នកវិភាគមើលឃើញថា រដ្ឋាភិបាល ឬអ្នកនយោបាយបក្សប្រឆាំងមិនទាន់អនុវត្តបានពេញលេញចំពោះការប្ដេជ្ញាចិត្ត ឬសានយោបាយរបស់ខ្លួន ដែលថ្លែងទៅកាន់ប្រជាពលរដ្ឋនោះឡើយ។
ឆ្នាំចាស់កន្លងផុតទៅ គឺឆ្នាំ២០១៥ ក៏ប៉ុន្តែការចងចាំរបស់ប្រជាពលរដ្ឋមិនអាចភ្លេចបានឡើយនូវសារដ៏ល្អៗរបស់អ្នកនយោបាយ ឬរដ្ឋាភិបាល ដែលបានប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ដោយបំបាត់ចោលនូវវប្បធម៌សងសឹកគ្នារបស់អ្នកនយោបាយ។
សារនយោបាយទាំងនោះ ធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល រួមទាំងមន្ត្រីរាជការផង អបអរសាទរ ហើយផ្ញើវាសនាប្រទេសជាតិទៅលើថ្នាក់ដឹកនាំ ឬអ្នកនយោបាយ ក៏ប៉ុន្តែផ្ទុយទៅវិញ ក្ដីរំពឹងទាំងនេះមិនដូចបំណងទាំងស្រុងនោះឡើយ។
សារនយោបាយសំខាន់ៗ នៅឆ្នាំ២០១៥ ដែលជាការចាប់អារម្មណ៍ពីសាធារណជននោះ មានដូចជា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបោសសំអាតមន្ត្រីពុករលួយ ការធ្វើកំណែទម្រង់ក្រសួងនានា បំបាត់វប្បធម៌បក្សពួកនិយម ការបង្រួបបង្រួមជាតិ ការកសាងប្រទេសរួមគ្នារវាងអ្នកនយោបាយមានទស្សនៈផ្ទុយគ្នា ការធានាសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមជាដើម។
លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលបានផ្ញើសារជាសាធារណៈថា ជំរុញឲ្យប្រជាពលរដ្ឋចេះតស៊ូមតិ ដោយយកគោលការណ៍គោរពសិទ្ធិមនុស្សជាធំ ដើម្បីកែប្រែសង្គមកម្ពុជា ឲ្យក្លាយទៅជាសង្គមស្អាតស្អំ។ ការធ្វើដូច្នេះ ដើម្បីជំរុញឲ្យមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីបម្រើការនៅតាមស្ថាប័នក្រសួងទាំងអស់ខិតខំធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការចេះតស៊ូមតិជារឿងសំខាន់ណាស់ ដើម្បីឲ្យមន្ត្រីទាំងអស់បម្រើការងារមានប្រសិទ្ធភាព ហើយនឹងទប់ស្កាត់មិនឲ្យមានការចាក់ឫសបក្សពួកនិយម និងពុករលួយនៅក្នុងស្ថាប័នរដ្ឋ៖ «បើសិនជាឃើញមិត្តភ័ក្ដិអ្នកធ្វើការជាមួយយើងខុស យើងត្រូវតស៊ូមតិថា បងធ្វើចេះវាខុសហើយ ធ្វើចេះត្រូវហើយ! បើចេះតែហៃអើៗ អាជ័យធ្លាក់ទឹកបណ្ដោយ»។
ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលនេះ ត្រូវបានអ្នកវិភាគលើកឡើងថា គ្រាន់តែជាល្បែងនយោបាយបាយឡុកបាយឡតែប៉ុណ្ណោះ ព្រោះកំណែទម្រង់របស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាពនោះឡើយ។ ការជំរុញឲ្យប្រជាពលរដ្ឋចេះតស៊ូមតិ ក៏ប៉ុន្តែការបង្ក្រាបក្រុមអ្នកតវ៉ារឿងដីធ្លី និងការទាមទារសិទ្ធិសេរីភាពនៅតែមានដដែលនៅឆ្នាំ២០១៥។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបានជោគជ័យលើកំណែទម្រង់របស់ខ្លួនទេ ផ្ទុយទៅវិញ សារនយោបាយរបស់រដ្ឋាភិបាលគ្រាន់តែជាសារមួយដើម្បីទាញយកការចាប់អារម្មណ៍ពីប្រជាពលរដ្ឋតែមួយពេលៗប៉ុណ្ណោះ៖ «សារនយោបាយចង់ឲ្យមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ប៉ុន្តែមកដល់ពេលនេះ កាន់តែមានការបែកបាក់កាន់តែខ្លាំងឡើង អ្នកជាប់គុក អ្នករត់ចោលស្រុក អ្នករងគ្រោះ អ្នកត្រូវគេសម្លាប់កាន់តែច្រើន ហើយមួយទៀតហ្នឹង គឺធានាសន្តិសុខជាតិ សន្តិសុខសង្គម តែមកដល់ពេលនេះ អំពើឆក់ប្លន់ គ្រឿងញៀនកាន់តែច្រើន»។
ចំពោះសារនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងវិញ គឺមានការតាំងចិត្តខ្ពស់ទៅលើការធ្វើកំណែទម្រង់រដ្ឋសភា ដោយអះអាងថា មិនឲ្យសភាជិះសេះលែងដៃដូចកាលពីមុនទៀតទេ ដោយសារគណបក្សប្រឆាំងបានដឹកនាំក្បាលម៉ាស៊ីនរដ្ឋសភា និងបានដឹកនាំគណៈកម្មការជំនាញចំនួន៥ នៃរដ្ឋសភាក្នុងចំណោមគណៈកម្មការទាំងអស់ ១០ ផងនោះ។ គណបក្សប្រឆាំងក៏តាំងចិត្តយ៉ាងមុតមាំដែរថា គណបក្សនេះ នឹងធ្វើការកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធ្វើឲ្យការបោះឆ្នោតនៅអាណត្តិក្រោយមានយុត្តិធម៌។ ក៏ប៉ុន្តែការប្រកាសជ្រើសរើសអគ្គលេខាធិការអគ្គលេខាធិការរង គ.ជ.ប កំពុងរងការរិះគន់ពីសាធារណជន។
ការប្ដេជ្ញាចិត្តនេះ គណបក្សប្រឆាំងនៅតែមិនអាចធ្វើបានទៅតាមអ្វីដូចខ្លួនចង់បានទាំងស្រុងនោះឡើយ នៅទីបំផុតតួនាទីរបស់លោក កឹម សុខា ក៏មិនអាចការពារបានដែរ គឺរបូតចេញពីអនុប្រធានទី១រដ្ឋសភាមួយរំពេច។
ក្រៅពីនេះទៀត សារនយោបាយដែលប្រជាពលរដ្ឋបានលឺជាញឹកញយនៅក្នុងឆ្នាំ២០១៥ ដែរនោះ មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរបានឆ្លើយឆ្លងគ្នាម្ដងហើយម្ដងទៀត គឺបំបាត់វប្បធម៌ "ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី" ដែលជាវប្បធម៌បញ្ឈប់ការសងសឹកគ្នារវាងអ្នកនយោបាយខ្មែរ។
ការប្រកាសឆ្លងឆ្លើយគ្នាបែបនេះ នៅខណៈដែលមេដឹកនាំគណបក្សទាំងពីរ ពោលគឺលោក សម រង្ស៊ី និងលោក ហ៊ុន សែន កំពុងតែមានទំនាក់ទំនង ឬចាប់ដៃគ្នាយ៉ាងស្អិតល្មួត ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិនឹកស្មានមិនដល់ ដោយការប្រើប្រាស់វប្បធម៌សន្ទនាជាគោល។
ទោះបីជាវប្បធម៌សន្ទនា គណបក្សទាំងពីរបានបង្កើតឡើងតាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មកហើយក្ដី ក៏ប៉ុន្តែសារនយោបាយរបស់អ្នកនយោបាយអះអាងពីវប្បធម៌សន្ទនាក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិនោះ នៅតែមានប្រជាប្រិយភាពនៅក្នុងឆ្នាំ២០១៥។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីខែមេសា ឆ្នាំ២០១៥ ថា រូបលោក និងលោក ហ៊ុន សែន បានបង្កើតទំព័រក្រាំងមាសជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា។ ការអះអាងលើកពីមោទនភាពរបស់លោក សម រង្ស៊ី ដូច្នេះ ដោយសារលោកបានបង្កើតវប្បធម៌សន្ទនាជាមួយលោក ហ៊ុន សែន នៅក្នុងអាណត្តិទី៥។ ទន្ទឹមនឹងនោះ លោក សម រង្ស៊ី ថែមទាំងអះអាងថា វប្បធម៌សន្ទនានេះ ត្រូវបញ្ជ្រាបពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានថែមទៀត៖ «ឲ្យអ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ គឺចាប់យក ហើយប្រកាន់ភ្ជាប់វប្បធម៌សន្ទនារបស់យើង ហើយត្រូវបញ្ជ្រាបដល់មូលដ្ឋាន និងត្រូវពង្រឹងសម្រាប់ប្រទេសយើង។ ខ្ញុំយល់ថា សម័យរបស់យើង យើងបានបើកទំព័រថ្មីមួយ គឺទំព័រក្រាំងមាស ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសយើង»។
នៅក្នុងដំណាក់កាលដែលលោក សម រង្ស៊ី និងលោក ហ៊ុន សែន កំពុងទុំជោរនៃការប្រើប្រាស់វប្បធម៌សន្ទនាធ្វើឲ្យប្រជាពលរដ្ឋមានសង្ឃឹមមួយរយៈពេលថា មេដឹកនាំទាំងពីរមានបំណងផ្សះផ្សាជាតិដែលធ្លាប់តែវាយប្រហារគ្នានៅលើសង្វៀននយោបាយរយៈពេលជាង ២០ឆ្នាំមកនោះ លោក ហ៊ុន សែន ក៏លើកពីមោទនភាពរបស់ខ្លួនដែរ នៅក្រោយពីកិច្ចប្រជុំសភាបោះឆ្នោតអនុម័តជ្រើសរើសសមាជិក គ.ជ.ប ចំនួន ៩រូប។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា វប្បធម៌សន្ទនាមានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សជាប់ឆ្នោតទាំងពីរ និងធ្វើជាគំរូដល់យុវជនជំនាន់ក្រោយទៀតក្នុងការប្រើប្រាស់វប្បធម៌សន្ទនានេះ៖ «ឯកឧត្ដម សម រង្ស៊ី ពិតជាបន្តធ្វើការងារនេះក្នុងនាមជាសហស្ថាបនិកវប្បធម៌សន្ទនា វប្បធម៌សន្ទនាពិតជាមិនអាចធ្វើតែម្នាក់ឯងបានទេ វប្បធម៌សន្ទនាខ្ញុំរវាងឯកឧត្ដម សម រង្ស៊ី។ ខ្ញំមិនមែនតែសន្ទនាតាមការនិយាយផ្ទាល់ទេ យើងសន្ទនាតាមទូរស័ព្ទថែមទៀត»។
អ្វីដែលជាការកត់សំគាល់ទៀតនោះ លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកនយោបាយខ្មែរ ទោះបីជាមានទស្សនៈផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែជម្រើសដ៏ល្អនោះ គ្មានអ្វីក្រៅពីរួបរួមគ្នា រួមរស់ជាមួយគ្នានៅក្នុងប្រទេសតែមួយនោះទេ៖ «យើងគ្មានជម្រើសណាក្រៅពីរួមរស់ជាមួយគ្នា ទោះបីជាមានទស្សនៈខុសគ្នា ក៏ប៉ុន្តែយើងជាខ្មែរដូចគ្នាដែលត្រូវរស់នៅលើទឹកដីដ៏កម្សត់នេះ ហើយមានភារកិច្ចដើម្បីកសាងទឹកដីនេះឲ្យក្លាយជាទឹកដីដ៏សម្បូរសប្បាយឲ្យប្រជាជនមានសេចក្ដីសុខ។ ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម ស ខេង ដែលបានខិតខំឲ្យបាននូវថ្ងៃនេះ»។
សារនយោបាយទាំងនេះពិតជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងឆ្នាំ២០១៥ ដែលប្រជាពលរដ្ឋចង់បានភាពសម្បូរសប្បាយគ្រប់ៗគ្នា និងមិនចង់ឃើញអ្នកនយោបាយឈ្លោះគ្នាគ្មានទីបញ្ចប់ ដោយងាកមកចាប់ដៃគ្នា រួមគ្នាអភិវឌ្ឍប្រទេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក៏ប៉ុន្តែក្ដីសុបិនទាំងនេះបានរលាយទៅវិញភ្លាមៗនៅចុងឆ្នាំ២០១៥។
ពាក្យពេចន៍មេដឹកនាំគណបក្សទាំងពីរធ្លាប់តែលើកពីគុណតម្លៃគ្នាទៅវិញទៅមកនោះ បែរជានាំគ្នាបំភ្លេចធ្វើឲ្យប្រជាពលរដ្ឋស្ទើរតែបត់តាមការវិវឌ្ឍន៍នយោបាយនេះមិនទាន់។ ក្រោយពេលតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី តាមបណ្ដឹងរបស់លោក ហោ ណាំហុង និងបណ្ដឹងពីរផ្សេងទៀតនោះ ភាពប្រេះឆាគ្នា និងបានបន្តឡើងកម្ដៅជាបន្តបន្ទាប់ក្នុងរង្វង់អ្នកនយោបាយគណបក្សទាំងពីរ។
សារនយោបាយរបស់លោក សម រង្ស៊ី ចុងក្រោយ គឺលោកបានប្រៀបធៀបការដឹកនាំរបស់លោក ហ៊ុន សែន ដូចជាការដឹកនាំរបៀបហ្វាស៊ីស (Fascism) របស់អ៊ីតាលី និងអាល្លឺម៉ង់ នៅពេលឃើញមានអំពើហិង្សាវាយដំតំណាងរាស្ត្ររបស់ខ្លួននោះ។
រីឯលោក ហ៊ុន សែន វិញ បានប្រកាសសារនយោបាយចុងឆ្នាំនេះថា លោកនឹងមិនលើកលែងទោសឲ្យលោក សម រង្ស៊ី ជាលើកទី៣ឡើយ។ លោកលើកឡើងបែបនេះនៅក្រោយពីលោកធ្លាប់បានសច្ចាថា លោកនឹងកាត់កលោកចោល បើសិនជាការពារព្រៃឈើមិនបាន។ នៅពេលនេះ លោក ហ៊ុន សែន ក៏សច្ចាទៀតថា បើលោកចុះហត្ថលេខាលើលិខិតលើកលែងទោសឲ្យលោក សម រង្ស៊ី នោះលោកនឹងកាត់ដៃចោល៖ «លេងជាមួយគេ លេងម្ដងហើយម្ដងទៀត ចាក់កើត ចាក់ខាងលិច ដល់គេទះពីរបីកំផ្លៀងឡឺកឺៗ ឥឡូវចាំឲ្យច្បាស់ បើខ្ញុំហើយចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ខ្ញុំនឹងកាត់ដៃស្ដាំខ្ញុំក្រវាត់ចោល។ អ្នកឯងចាំទៅ!»។
សារនយោបាយរបស់មេដឹកនាំចុងក្រោយនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ជាសារនយោបាយឆ្លុះបញ្ចាំងពីការយកឈ្នះចាញ់ ពោលគឺអ្នកនយោបាយខ្មែរកំពុងប្រើប្រាស់នយោបាយសងសឹកគ្នា។ វប្បធម៌សងសឹកគ្នាបែបនេះ អ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺប្រជាពលរដ្ឋ។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា រកចំណូលបានចំនួន ៥ពាន់រៀលក្នុង ១ថ្ងៃ មានប្រមាណ ៦លាននាក់។ លោក កែម ឡី លើកឡើងថា បើសិនជាអ្នកនយោបាយនៅតែបន្តយកឈ្នះចាញ់គ្នាដូច្នេះ នៅឆ្នាំ២០១៦ កម្ពុជាអាចនឹងមានស្ថានភាពអាក្រក់ជាងឆ្នាំ២០១៥ ក៏ថាបាន ព្រោះប្រជាពលរដ្ឋប្រមាណ ៧០% បានជំពាក់បំណុលធនាគារ៕