លោក ប្រ៊ែដ អាដាម ថា​លោក ហ៊ុន សែន ​ទេ​ជា​អ្នក​បង្កើត​ឲ្យ​មាន​ចំណង​កម្មពៀរ

ដោយ មួង ណារ៉េត
2017-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​និយាយ​តែ​អាក្រក់​ពី​រដ្ឋាភិបាល មិន​ចេះ​សរសើរ​អ្វី​ដែល​ល្អ ដូចជា​ដំណើរការ​បោះឆ្នោត​ឃុំ-​សង្កាត់​កន្លង​ទៅ ដែល​ស្ថានទូត​បរទេស​មួយ​ចំនួន​ចាត់​ទុក​ថា ប្រព្រឹត្តទៅ​បាន​ល្អ។

លោក ហ៊ុន សែន មិន​យល់ ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ប្រ៊ែដ អាដាម (Brad Adams) ចងកម្មចងពៀរ​ជាមួយ​លោក​ម្ល៉េះ! ប៉ុន្តែ​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា អង្គការ​លោក​នឹង​លើក​សរសើរ​រដ្ឋាភិបាល ប្រសិនបើ​ចេះ​កែ​ឥរិយាបថ​បច្ចុប្បន្ន។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា អ្នក​ដែល​បង្កើត​ឲ្យ​មាន​កម្មពៀរ គឺ​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ឯ​ណោះ​ទេ មិន​មែន​ខាង​អង្គការ​សិទ្ធិមនុស្ស​នោះ​ទេ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា លោក​រីករាយ​នឹង​ដក​ខ្លួន​ប្រសិនបើ​ស្ថានភាព ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ៖ «ខ្ញុំ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ឈប់​រំលោភ​សិទ្ធិមនុស្ស។ បើ​អស់​មាន​រឿង​នេះ​កើត​ឡើង​ត​ទៀត តើ​ខ្ញុំ​មាន​អ្វី​ទៀត​ដែល​ត្រូវ​និយាយ​រិះគន់? កន្លង​មក​អ្វី​ដែល​ខ្ញុំ​លើក​ឡើង គឺ​សុទ្ធតែ​ផ្អែក​លើ​ការ​ពិត។ លោក ហ៊ុន សែន ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​កម្មពៀរ​ទាំង​អស់​នេះ គឺ​គាត់​ហ្នឹង​ឯង​ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​នេះ»

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លួនឯង និង​កែ​ចរិត​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់។ បើ​គាត់​ឈប់​ចាប់​មនុស្ស​ដាក់​គុក​ដាក់​ច្រវាក់ ឈប់​គំរាមកំហែង​គេ​ឯង និង​បង្គាប់​ឲ្យ​មនុស្ស​របស់​គាត់​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​ជាដើម បើ​គាត់​អាច​ធ្វើ​រឿង​ទាំង​អស់​នេះ​បាន តើ​អង្គការ​សិទ្ធិមនុស្ស​នៅ​មាន​អី​ទៀត ដែល​អាច​និយាយ​រិះគន់​បាន​នោះ? ដូច្នេះ​ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ខ្លួន​ឯង​ឯ​ណោះ​ទេ! ប្រសិនបើ​លោក ហ៊ុន សែន មាន​ឆន្ទៈ​កែប្រែ​ឥរិយាបថ និង​ការ​ប្រព្រឹត្ត​របស់​គាត់ និង​កែលំអ​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ខ្ញុំ​នឹង​សាទរ ហើយ​លើក​សរសើរ​ចំណុច​វិជ្ជមាន​ទាំង​នេះ​ទាំង​ត្រេកអរ​បំផុត។

កាល​ពី​ថ្ងៃ​១៥ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​លោក ប្រ៊ែដ អាដាម ឈប់​ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ហ៊ុន សែន ចោទ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា​មិន​ដែល​និយាយ​ល្អ​ពី​រដ្ឋាភិបាល​កម្ពុជា សូម្បី​តែ​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ថ្មីៗ​នេះ ដែល​ស្ថានទូត​បរទេស​មួយ​ចំនួន រួម​ទាំង​ស្ថានទូត​សហរដ្ឋអាមេរិក​ផង​ថា ប្រព្រឹត្ត​ទៅ​បាន​ល្អ ក៏​លោក ប្រ៊ែដ អាដាម ថា​អាក្រក់៖ «អា​ហ្នុង​ស្អី​ក៏​មិន​ល្អ​ដែរ អា​ហ្នុង​នោះ! ទាល់តែ​ថា គណបក្ស​ប្រជាជន​រលាយ​តែម្ដង បាន​អា​ហ្នឹង​ថា​ល្អ! សូម​ផ្ដាំ​ទៅ ប្រ៊ែដ អាដាម អើយ! ល្មម​កែ​ខ្លះ​ទៅ អី​ក៏​ចងកម្មចងពៀរ​មាំ​ម្ល៉េះ?»

​តប​ទៅ​នឹង​ចំណុច​នេះ​ដែរ លោក ប្រ៊ែដ អាដាម ផ្តាំ​ទៅ​លោក ហ៊ុន សែន ឲ្យ​មើល​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​បាន​ចប់​ទាំង​ស្រុង មុន​នឹង​ចោទ​លោក​ថា ចងកម្មចងពៀរ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា មិន​ខុស​ពី​ស្ថានទូត​អាមេរិក លោក​ពេញ​ចិត្ត​នឹង​ដំណើរការ​ល្អ និង​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះ​ឆ្នោត។ ប៉ុន្តែ​ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​បោះឆ្នោត​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​លោក ហ៊ុន សែន បាន​គំរាមកំហែង​ថា នឹង​មាន​សង្គ្រាម​ក្រោយ​ការ​បោះឆ្នោត បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត និង​ដោយសារ​មាន​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ព្រមាន​បំបែក​ធ្មេញ​អ្នក​តវ៉ា​លទ្ធផល​បោះ​ឆ្នោត និង​ភាព​មិន​ស្មើគ្នា​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ចាប់​មន្ត្រី គ.ជ.ប ដាក់​ពន្ធនាគារ​ជាដើម។

លោក ប្រ៊ែដ អាដាម លើក​ឡើង​ថា ដើម្បី​ស្តា​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ រួម​ទាំង​ការ​គោរព​សិទ្ធិមនុស្ស​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ និង​រក​ដំណោះស្រាយ ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សេរី និង​សុវត្ថិភាព រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដែល​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​គាត់​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​គ្នា។

លោក​បញ្ជាក់​ទៀត​ថា ការ​បោះឆ្នោត​ជាតិ ដែល​គ្មាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខ្វះ​ភាព​ស្រប​ច្បាប់។ លោក​ប្រមើល​មើល​ឃើញ​ថា កាល​ណា​សម្ពាធ​កាន់​តែ​កើន​ឡើង​ខ្លាំង​ជុំវិញ​បញ្ហា​នេះ នឹង​មាន​ដំណោះស្រាយ​ក្នុង​រូបភាព​ណា​មួយ​ដែល​ធានា​ដល់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា វិញ នៅ​មុន​ពេល​បោះឆ្នោត​ខាង​មុខ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី Battambang

ខ្ញុំនិយាយតាមការមើលឃើញ មិនមែននិយាយកាន់ជើងខាងណាទេ

ខ្ញុំមិនដែលស្គាលលោកអាដាមទេ តែខ្ញុំឆ្ងល់គាត់បានលើកឡើងពីសិទ្ធិមនុស្សនៅកម្ពុជាពេលបច្ចុប្បន្ន និងកន្លងមកខ្លះ តែកាលពីសម័យខ្មែរក្រហមរំលោភសិទ្ធិមនុស្សសម្លាប់ប្រជារាស្រ្តខ្មែរ មិនឃើញមកស្រែកផងទេ រួមទាំងអាមេរិកផងដែរ ដល់ពេលមកសព្វថ្ងៃបានមកស្រែកថាគោរពសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស ជាពិសេសអាមេរិកតែម្តង បង្កើតសង្គ្រាមនៅស្រុកខ្មែរហើយ ទុកចោលឲ្យខ្មែរក្រហមសម្លាប់រាស្រ្តខ្មែរស្លូតត្រង់អស់រាប់លាននាក់មិនឃើញអើតក្បាលមកជួយផងទេ អួតខ្លួនថាមហាអំណាច មហាអំណាចខ្មោចយក៍អីដើរបង្កើតតែសង្គ្រាម ធ្វើឲ្យតែអ្នកស្លូតត្រង់រងទុក្ខ មើលតែនៅមជ្ឈឹមបូពា៌ទៅឃើញហើយ មិនឃើញស្រែកថារំលោភសិទ្ធិមនុស្សអីទេ គ្រាន់បើណាស់ម៉េចមិនទៅស្រែកដាក់ពួកនិយមជ្រុលរដ្ឋឥស្លាមទៅ បានតែមាត់អត់ប្រយោជន៍

Jun 18, 2017 11:52 PM

អ្នក​អាន​អនាមិក

លោកហ៊ុន សែននៅបេលនេះហាក់ដូចជានិយាយត្រូវច្រើន ត្រង់ពាក្យថា អង្គការសិទ្ធិមនុស្សចង់អោយបក្សប្រជាជនរលាយទើបលោកប្រែ អាដាមពេញចិត្ត...ការការពិតបក្សនេះកើតចេញពីយួនដែលបានបង្កើតកាលអាណានិគមបារាំងគ្រប់គ្រងនៅឥណ្ឌូចិន (កម្ពូជា+លាវ+វៀតណាម).ហើយការបាត់បង់សិទ្ធិមនុស្សខ្មែរ លុះត្រាគ្មានមេរោគកញ្ជះយួនទើបយើងខ្មែរស្គាល់សេរីភាពពិតប្រាកដ ដូចប្រទេសនានាដែលគេមានការគោរពសិទ្ធិមនុស្សជាគោលដូចបានចែងលើច្បាប់សាកលខ្នាតអន្តរជាតិ៕

Jun 18, 2017 09:11 AM

tmil Hun Sen face a justice ahead

Next Hitler manslaughter coming to lay egg at the wrong nest at the wrong time and at the wrong place after the killing fields"horrible man of beast episode II",the world and ICC keep eyes on this heinous crime in next round election.

Jun 17, 2017 11:02 AM

អ្នក​អាន​អនាមិក


លោក Brad Adams ជាអ្នករៀនចេះដឹងជ្រៅជ្រះហើយបកស្រាយចំៗចូលត្រចៀកអ្នកស្តាប់ ចំណែក ហ៊ុន សែន មិនបានរៀនសូត្រ និយាយមកឆ្គង មិនដឹងក្បាលមិនដឹងកន្ទុយ និយាយឲ្យតែរួចពីមាត់។ អំពើអាក្រក់ទាំងប៉ុន្មានដែល ហ៊ុន សែន បានប្រព្រឹត្តមកលើកូនខ្មែរស្លូតត្រង់ ដូចជា ក៥ ដែលជាគោលបំណងប្រល័យពូជសាសន៍ខ្មែរពីសំណាក់យួន ហ៊ុន សែន ចាត់ទុកថាជាអំពើគួរឲ្យគេសរសើរ? ការបាញ់សម្លាប់កូនខ្មែរនៅផ្លូវវែងស្រេងជាអំពើដែល ហ៊ុន សែន ចង់ឲ្យអន្តរជាតិគេសរសើរ? ការគំរាមកំហែងបង្កើតសង្គ្រាមជាអំពើដែល ហ៊ុន សែន ចង់ឲ្យអន្តរជាតិគេសរសើរ?

អ្នកចេះដឹងគេមិនយកហិង្សាមកប្រើ តែ ហ៊ុន សែន ហាមាត់ពេលណាហិង្សាមកជាមួយជានិច្ច។ យួនវាស្រួលប្រើណាស់មនុស្សខ្លៅបែបនេះ។ យួនសម្លាប់ខ្មែរអស់រាប់សែននាក់ពី ក៥ តែមួយគត់ ហើយយើងមិនទាន់រាប់បញ្ចូលការស្លាប់ផ្សេងៗទៀតពីល្បិចកលយួន។

Jun 17, 2017 06:54 AM

គេហទំព័រ​ទាំងមូល