អ្នកស្រី ប៊ុន រ៉ានី កោត​សរសើរ​ក្រុម​ឧកញ៉ា ដែល​តែងតែ​ផ្ដល់​លុយ​ឱ្យ​កាកបាទ​ក្រហម​ជា​ប្រចាំ

ដោយ ឡេង ម៉ាលី
2024.06.21
អ្នកស្រី ប៊ុន រ៉ានី កោត​សរសើរ​ក្រុម​ឧកញ៉ា ដែល​តែងតែ​ផ្ដល់​លុយ​ឱ្យ​កាកបាទ​ក្រហម​ជា​ប្រចាំ (ឆ្វេង) លោក លី យ៉ុង ផាត់ ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និង​អ្នកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ពេល​យក​​លុយ​ជាង ១លាន ៥សែន​ដុល្លារ ទៅ​ចូល​លុយ​កាកបាទ​ក្រហម​កម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា នាថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកកាកបាទក្រហមកម្ពុជា

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី វាយ​តម្លៃ​ខ្ពស់​អំពី​កិត្តិយស​របស់​សមាគម​ឧកញ៉ា និង​ចាត់​ទុក​សមាគម​ឧកញ៉ា​កម្ពុជា​ជា​ដៃគូ​ដ៏​សកម្ម​របស់​រដ្ឋាភិបាល។ ការ​លើក​ឡើង​របស់​អ្នកស្រី ប៊ុន រ៉ានី បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី ដែល​អ្នកស្រី​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ឧកញ៉ា នៅ​ថ្ងៃ​ទី២១ ខែមិថុនា ក្នុង​ពេល​ដែល​ក្រុម​ឧកញ៉ា​ទាំង​នោះ វេចលុយ​ជិត ១លាន​ដុល្លារ​អាមេរិក​ឱ្យ​ស្ថាប័ន​កាកបាទ​ក្រហម​កម្ពុជា។ អ្នក​ឃ្លាំមើល​សង្គម​មើល​ឃើញ​ថា ការណ៍​ដែល​សមាគម​ឧកញ៉ា​កម្ពុជា​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​នេះ គឺ​ដើម្បី​ជួយ​លាក់បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មិន​បាន​រួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ឡើយ។

ស្រប​ពេល​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន កំពុង​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ប្រើប្រាស់​អំណាច​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ដូច​ជា ករណី​ឧកញ៉ា បាញ់​សម្លាប់​យុវជន​ពីរ​នាក់​ថ្មីៗ នេះ ស្រាប់តែ​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​ភរិយា​របស់​លោក ហ៊ុន សែន ហើយ​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ផង​នោះ វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិត្តិយស និង​កោត​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ទង្វើ​សប្បុរស​របស់​ក្រុម​ឧកញ៉ា។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិធី​ទទួល​លុយ​ជាង ១លាន ៥សែន​ដុល្លារ​អាមេរិក (.៥៥៥.៥៥៥) របស់​ក្រុម​ឧកញ៉ា ដែល​ដឹកនាំ​ដោយ​លោក លី យ៉ុង ផាត់ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែមិថុនា អ្នកស្រី ប៊ុន រ៉ានី វាយ​តម្លៃ​ខ្ពស់ ចំពោះការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​សមាគម​ឧកញ៉ា​កម្ពុជា​នេះ​ឡើង ដោយ​មាន​លក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃក្នុង និង​មាន​ឯកសណ្ឋាន​ប្រកប​ដោយ​កិត្តិយស បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ និង​មាន​ព្រះរាជក្រឹត្យ ទទួល​ស្គាល់​ជា​ផ្លូវការ​ថា សមាគម​ឧកញ៉ា​កម្ពុជា គឺ​ជា​ដៃគូ​ដ៏​សកម្ម​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សកម្មភាព​ផ្សេងៗ ទៀត ដើម្បី​ប្រយោជន៍​ដល់​សង្គម​ជាតិ។ នៅ​ក្នុង​ព័ត៌មាន ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី បាន​លើក​ឡើង​ទៀត​ថា ឧកញ៉ា តែងតែ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​ចែក​រំលែក ដើម្បី​សេចក្ដី​សុខ​របស់​ប្រជាជន តាមរយៈ​ព្រះករុណា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​កាកបាទ​ក្រហម​កម្ពុជា ក្នុង​នោះ បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​បម្រើ​ឱ្យ​សង្គម​ជាតិ ពេល​មាន​គ្រោះ​មហន្តរាយ​ទឹកជំនន់ រាំងស្ងួត យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ និង​ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​នោះ​ដែរ ក្រៅពី​ប្រគល់​លុយ​ជិត ២លាន​ដុល្លារ​ជូន​កាកបាទ​ក្រហមកម្ពុជា ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ បាន​ប្រគល់ «ពាន​មាស​ឧកញ៉ា» ដល់​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ពាន​ដ៏​ល្អ​ឯក និង​មាន​អត្ថន័យ ដែល​សក្ដិសម​ទៅ​នឹង​បាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កាកបាទ​ក្រហម។

ទោះ​ជា​យ៉ាង​ណា ក្ដី អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែមិថុនា ថា ការ​បរិច្ចាគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ឱ្យ​ទៅ​ស្ថាប័ន​កាកបាទ​ក្រហម​នេះ គឺ​មិនមែន​ជា​ជំនួយ​មនុស្សធម៌​នោះ​ទេ ប៉ុន្តែ ក្រុម​ឧកញ៉ា​ទាំង​នោះ​បរិច្ចាគ​លុយ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ។ លោក​សង្កេត​ឃើញ​ថា ក្រុម​ឧកញ៉ា ដែល​ស្ថិត​ក្រោម​សមាគម​ឧកញ៉ា​ទាំង​នោះ​ភាគ​ច្រើន មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ជា​ដើម។

លោក ប៉ោ មករា៖ «ការ​ដែល​ប្រព្រឹត្ត​ខុស​មួយ​ចំនួន​របស់​អ្នក​មាន របស់​អ្នក​អំណាច​របស់​ឧកញ៉ា​មួយ​ចំនួន​ចូល​ចិត្ត​វប្បធម៌ ឯង​ជួយ​អញ អញ​ជួយ​ឯង។ មាន​ន័យ​ថា យក​អ្នក​ធំ យក​អ្នក​នយោបាយ ដែល​ល្បី អ្នក​នយោបាយ ដែល​មាន​ឥទ្ធិពល​មក​កាង​ខ្លួន​ឯង ដើម្បី​បិទបាំង​អា​ទង្វើ​របស់​ខ្លួន។ អ៊ីចឹង ទង្វើ​ទាំង​អស់​ហ្នឹង វា​ធ្វើ​ឱ្យ​តម្លៃ​របស់​ឧកញ៉ា តម្លៃ​អ្នក​ធំ​មួយ​ចំនួន​ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​ថា ជា​ទង្វើ ដែល​អាក្រក់ ជា​ទង្វើ ដែល​បំផ្លាញ​សង្គម»

បើ​ទោះ​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ ចូល​លុយ​កាកបាទ​ក្រហម​កម្ពុជា​រាប់​លាន​ដុល្លារ ដើម្បី​ធ្វើ​ជំនួយ​មនុស្សធម៌​បែប​នេះ​ក្ដី ក៏​កន្លង​ទៅ អ្នក​ឧកញ៉ា​រូប​នេះ ជាប់​ឈ្មោះ​អាស្រូវ​ពី​ការ​ផលិត​ស្ករ​អំពៅ​ឈាម ដោយ​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​តវ៉ា​អំពី​ការ​រំលោភ​ដីធ្លី និង​ថ្មីៗ នេះ សារព័ត៌មាន​អន្តរជាតិ អេភី (AP) រក​ឃើញ​ថា សណ្ឋាគារ និង​កាស៊ីណូ​នៅ​អូរស្មាច់​ជាប់​ព្រំដែន​ថៃ​របស់​លោក លី យ៉ុងផាត់ មាន​ជាប់​ទាក់ទង​នឹង​ការ​ជួល​ក្រុម​ឧក្រិដ្ឋ​ជន​ឱ្យ​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស។ ជាង​នេះ​ទៅ​ទៀត ឧកញ៉ា​ល្បីៗ ជា​ច្រើន​នាក់ មានកេរ្តិ៍ឈ្មោះ​អាស្រូវ រឿង​ប្រើប្រាស់​អំពើ​ហិង្សា អំពើ​ឃាតកម្ម ការ​ជួញដូរ​ព្រៃឈើ គ្រឿងញៀន ការ​រកស៊ី​បោក​លុយ​ប្រជាពលរដ្ឋ និង​បណ្ដេញ​ពលរដ្ឋ​យក​ដីធ្លី​ជាដើម ដូចជា ឧកញ៉ា ស្រី ស៊ីណា ឧកញ៉ា ឡេង ចាន់ណា ឧកញ៉ា ជា សារ៉ន ឧកញ៉ា ហ៊ី គឹមហុង ឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ថោង សារ៉ាត់ ឧកញ៉ា គិត ធាង ឧកញ៉ា ឡាវ ម៉េងឃីន និង​ឧកញ៉ា ទ្រី ភាព ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន ឡាក់ បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែមិថុនា។

ជុំវិញ​រឿង​នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា ឧកញ៉ា​មួយ​ចំនួន​ផ្ដល់​លុយ​ឱ្យ​អ្នកស្រី ប៊ុន រ៉ានី ជា​ប្រចាំ ហើយ​ការ​ឱ្យ​លុយ​នេះ មិន​មែន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ទេ គឺ​ដើម្បី​ធានា​ដល់​ការ​រកស៊ី និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»។ លោក​បន្ត​ថា នេះ​ជា​វប្បធម៌ ឯង​ជួយ​អញ អញ​ជួយ​ឯង ដើម្បី​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​នយោបាយ និង​អ្នក​ជំនួញ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

លោក គឹម សុខ៖ ««មាន​ន័យ​ថា ប្រព័ន្ធ​គ្រប់គ្រង​ហ្នឹង បង្កើត​ឧក្រិដ្ឋកម្ម​គ្រប់​ទម្រង់​ស្ដារ​មិន​រួច​ទេ ហើយ​ប្រទេស​ជាតិ​កាន់តែ​ក្រីក្រ​ទៅ ហើយ​ញក់ញី​ដោយ​ឧក្រិដ្ឋកម្ម​នៃ​បក្ខពួក​និយម នៃ​អ្នក​ដឹកនាំ​ប្រទេស ពួក​អ្នក​ឧកញ៉ា​មាន​លុយ​មាន​កាក់ ហើយ​អ្នក​មាន​អំណាច អ៊ីចឹង ប្រទេស​ជាតិ​របស់​យើង នឹង​ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំង​មិន​អាច​ស្ដារ​បាន ឬ​ក៏​ពិបាក​នឹង​ស្ដារ»

អ្នក​ឃ្លាំមើល​សង្គម​សង្កេត​ឃើញ​ថា ថ្វី​ដ្បិត​កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកស្រី ប៊ុន រ៉ានី ជា​ច្រើន​ទសវត្ស​មក​នេះ ទទួល​បាន​លុយ​ធំ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ស្ថាប័ន​មនុស្សធម៌​មួយ​នេះ រង​ការ​រិះគន់​ថា ជា​សេនាធិការ​ជួយ​ពង្រឹង​បក្ស​កាន់​អំណាច និង​មិន​បាន​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ពិត​ប្រាកដ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​រើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ នៅ​ពេល​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ម្ដងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។