ពលរដ្ឋ​ភូមា​អាមេរិកកាំង​​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន

ដោយ ទីន ហ្សាការីយ៉ា
2022.06.09

ពលរដ្ឋ​មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) នៅ​សហរដ្ឋ​អាមេរិក ប្រមាណ ៥០នាក់ ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន (Washington) នៅ​ល្ងាច​ថ្ងៃ​ទី៩ មិថុនា ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ជួប​ជជែក​ជាមួយ​រដ្ឋាភិបាល​ស្រប​ច្បាប់ (NUG) របស់​ភូមា ដើម្បី​ស្វែង​ដំណោះស្រាយ​នយោបាយ​នៅ​មីយ៉ាន់ម៉ា។

អ្នក​សម្របសម្រួល​យុទ្ធនាការ​សង្គ្រោះ​ភូមា លោក កូ យីនអាយ (Ko Yin Aye) ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី៩ មិថុនា​ថា លោក ប្រាក់ សុខុន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់ៗ នេះ គឺ​មិន​ត្រូវ​ជួប​តែ​ខាង​របប​សឹក​ខុស​ច្បាប់​តែ​ម្ខាង​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រេសិត​របស់​អាស៊ាន ត្រូវ​ជួប​ទាំង​ពីរ​ភាគី​គឺ​ខាង​តំណាង​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ម៉ីយ៉ាន់ម៉ា (NUG) ទើប​បង្ហាញ​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា​ដោយ​តម្លាភាព។ លោក កូ យីនអាយ បាន​ហៅ​របប​យោធា​ភូមា​សព្វថ្ងៃ​នេះ​ថា ជា​របប​ភេរវករ៖ «(ប្រសិន​បើ​អាស៊ាន​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​ភូមា​មែន​នោះ ពួក​គេ​ត្រូវ​តែ​ជជែក​ជាមួយ​គ្រប់​ភាគី​ទាំង​អស់ មិន​មែន​ជជែក​ជាមួយ​របប​ខុស​ច្បាប់​តែ​មួយ​នោះ​ទេ។ ហើយ​ត្រូវ​តែ​ទាមទារ​ឲ្យ​របប​ខុស​ច្បាប់​នេះ គោរពគោលការណ៍ទាំង៥ចំណុចរបស់អាស៊ាន ដែល​បាន​ព្រមព្រៀង​គ្នា​រួច។ ម្យ៉ាង​ពួក​គេ (អាស៊ាន) ក៏​មិន​ដែល​ទាមទារ​ឲ្យ​របប​ខុស​ច្បាប់​នេះ ដោយ​លែង​ក្រុម​មេ​ដឹកនាំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ពួក​យើង​វិញ​ទេ រួម​ទាំង​អ្នកស្រី អ៊ុងសាន សូជីផង (Aung San Sukyi) ពួក​គេ​បាន​ត្រឹម​តែ​ជជែក​ជាមួយ​របប​សឹក​អំពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​ភូមា​នៅ​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ អាស៊ាន​មិន​បាន​ជជែក​អំពី​អ្វី ដែល​ពលរដ្ឋ​ត្រូវ​ការ​ពិត​ប្រាកដ​នោះ​ទេ»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី៩ មិថុនា។

ប្រេសិត​ពិសេស​អាស៊ាន​ដឹក​នាំ​ដោយ​លោក ប្រាក់ សុខុន ទៅ​ភូមា កាល​ពី​ខែមីនា ឆ្នាំ២០២២ មិន​បាន​ជួប អ្នកស្រី អ៊ុង សានស៊ូជី ឬ​ខាង​តំណាង រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ។ លោក ប្រាក់ សុខុន បាន​ត្រឹម​ជជែក​អំពី​ការ​ចែក​ជំនួយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ភូមា​តែ​ប៉ុណ្ណោះ។

ក្រុម​បាតុករ​នេះ​ព្រមាន​ថា ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ប្រាក់ សុខុន នៅ​ពេល​លោក​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​នៅ​ក្នុង​ខែមិថុនា​នេះ បើសិនជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​នៅ​តែ​មិន​បើក​ចំហ​ជជែក​ជាមួយ​គ្រប់​ភាគី ស្វែងរក​ដំណោះស្រាយ​នៅ​ភូមា​ទេ​នោះ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR កាល​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា អស់​រយៈ​ពេល ១ឆ្នាំ​មកនេះ ក្រុម​យោធា​ភូមា​បាន​បើក​សង្គ្រាម​ពេញទំហឹង​ប្រឆាំង​នឹង​ពលរដ្ឋ​ភូមា​ដែល​មិន​ពេញ​ចិត្ត​នឹង​ការដឹកនាំ​ខុសច្បាប់​របស់​ខ្លួន។ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ទង្វើ​របស់​ក្រុម​យោធា​ភូមា​នេះ​ថា ជា «អំពើ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​កំពុង​រីក​រាល​ដាល» ដែល​អាច​ចាត់​ទុក​ថា ជា «ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។