"រដ្ឋាភិបាល​កាន់​តែ​ភ័យ​ខ្លាច​ការ​ក្រោក​តវ៉ា​ដោយសារ​អំពើ​អយុត្តិធម៌​ខ្លាំង​មក​លើ​សំឡេង​ប្រឆាំង"

ដោយ មួង ណារ៉េត
2017-12-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
អ្នក​នយោបាយ​ជើង​ចាស់ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រោយ​ពី​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​អន្តរជាតិ (NDI) និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន​សម្រេច រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​ការ​បង្ក្រាប​រាល់​ការ​ប្រមូល​ផ្តុំ កា​បញ្ចេញ​មតិ​ប្រឆាំង ឬ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​តវ៉ា​ទៅ​នឹង​ចំណាត់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​នេះ។ រដ្ឋាភិបាល​អះអាង​ថា នេះ​ជា​ការ​រក្សាសុខ​សន្តិភាព។ ប៉ុន្តែ អ្នក​វិភាគ​ចាត់​ទុក​ចំណាត់ការ​បែប​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ និង​ចៀស​មិន​ផុត​ពី​ការ​ផ្ទុះ​តវ៉ា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម​ស្រប។

​សារ​ព្រមាន​ខ្លាំងៗ និង​ថ្កោលទោស​ចុង​ក្រោយ​បំផុត​ទៅ​នឹង​ការ​ប៉ុនប៉ង​ទាមទារ​រក​យុត្តិធម៌ គឺ​ចេញ​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារជាតិ ដែល​ចោទ​អ្នក​នយោបាយ​ជើងចាស់​ម្នាក់ គឺ​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថា​មាន​គោលដៅ​ញុះញង់​ឲ្យ​មានការ​បះបោរ។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ការ​លើក​ឡើង​របស់​លោក លឺ ឡាយស្រេង ជា​អំពើ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល និង​ជា​អំពើ​ពិសពុល ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​កងកម្លាំង​ប្រដាប់​អាវុធ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឈុំ សុជាត ប្រាប់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ (The Phnom Penh Post) ថា ក្រសួង​ការពារជាតិ មិនទាន់​សម្រេច​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​លោក លឺ ឡាយស្រេង ឬ​យ៉ាង​ណា​ទេ ដោយ​លោក​ថា "នោះ​ជា​ដំណាក់កាល​បន្ទាប់"។

​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​ត្រូវ​និរទេស​ខ្លួន​ចេញ​ពី​ស្រុក​ខ្មែរ ដើម្បី​រួច​ផុត​ពី​ការ​ចាប់ចង​ដោយសារ​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចេញ​វីដេអូ​តាម​ហ្វ៊េសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​ធ្នូ ដោយ​គ្រាន់តែ​ថ្លែង​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក ក្រែង​ចៀស​មិន​ផុត​ពី​ផ្ទុះ​ការ​ក្រោក​តវ៉ា​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​អំពើ​អយុត្តិធម៌ និង​ការ​ស៊ូទ្រាំ​រង​ទុក្ខវេទនា​មិន​បាន ក្រោយ​ពេល​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

លោក លឺ ឡាយស្រេង ថ្លែង​ដូច្នេះ៖ «ដល់​ពេល​ហ្នឹង​ហើយ ខ្ញុំ​ក្រែង​ទេ ខ្ញុំ​ក្រែង​ថា បង​ប្អូន​មិន​សុខ​ចិត្ត ងើប​ឈរ​ទាំង​អស់​តវ៉ា​ជាមួយ​នឹង​រដ្ឋាភិបាល ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ធុន​នេះ។ ខ្ញុំ​ថា បើ​សិន​បង​ប្អូន​ងើប​ឈរ​ឡើង​មក បង​ប្អូន​ប៉ូលិស ទាហាន ប្រដាប់​អាវុធ​ទាំង​អស់ តើ​បងប្អូន​ហ៊ាន​កេះកៃ​សម្លាប់​ឈាម​ឯង ឬ​ទេ? យើង​ទើប​ងើប​ពីរ​បប ប៉ុល ពត កាប់​សម្លាប់ ឥឡូវ​ដល់​របប ប៉ុល ពត ទី​២ ហើយ​មក​បញ្ជា​គ្នា​ឲ្យ​មក​សម្លាប់​គ្នា​ឯង​អ៊ីចឹង តើ​បង​ប្អូន​លើកដៃ​សម្លាប់​ទៅ​រួច ឬ​មិន​រួច?»។

វា​ស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ​ដែល​កងកម្លាំង​ប្រដាប់​អាវុធ ក៏​ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ចេញ​មុខ​ចោទ​ប្រកាន់ និង​ថ្កោលទោស​ប្រឆាំង​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា មតិ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រូប​នេះ វា​មិន​ខុស​ទាស់​អ្វី​នឹង​ច្បាប់​ឡើយ។ អ្នក​វិភាគ​នយោបាយ​ចាស់​វង្សា​រូប​នេះ​ចាត់​ទុក​ថា ផ្អែក​តាម​គោលការណ៍​ច្បាប់ ពលរដ្ឋ​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ​ស្មើៗ​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ម្យ៉ាង​វិញ​ទៀត វា​សម​ល្មម​ណាស់​ពេក​ហើយ ដែល​កម្ពុជា ត្រូវ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​កំពុង​ហែកហួរ​នេះ។

​ការ​ភ័យ​ខ្លាច​កម្លាំង​ក្រោក​តវ៉ា​ពី​មហាជន​នេះ ធ្វើ​ឲ្យ​ស្ថាន​ប័ន​យោធា និង​ស៊ីវិល​ដែល​គាំទ្រ​លោក ហ៊ុន សែន ជា​ច្រើន​ផ្សេង​ទៀត ធ្វើ​ញត្តិ​ថ្កោលទោស លោក សម រង្ស៊ី បន្ត​កន្ទុយ​គ្នា។ ខាង​យោធា​បាន​ដាក់​ពាក្យ​ប្តឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ដោយ​ចោទ​ពីបទ​ញុះញង់​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​របស់​មេ ដោយ​លោក សម រង្ស៊ី គ្រាន់​តែ​ស្នើ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្ដាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ក្នុង​ករណី​មាន​ការ​ក្រោក​តវ៉ា​ដោយ​អហិង្សា ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដោយសារ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ កុំ​ធ្វើ​តាម​បញ្ជា​មេ​កើយ​ប្តេជ្ញា និង​អមនុស្សធម៌ ដែល​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​ទាមទារ​សេរីភាព និង​យុត្តិធម៌​ដោយ​សន្តិវិធី»

​គ្រាន់តែ​សារ​អំពាវនាវ​កុំ​ឲ្យ​ទាហាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់​នេះ ធ្វើ​ឲ្យ​បញ្ឆេះ​កំហឹង​លោក ហ៊ុន សែន ខឹង​ច្រឡោត​នឹង​លោក សម រង្ស៊ី ដាច់​ក្បាល​ដាច់​កន្ទុយ រហូត​ឈាន​ដល់​ថ្នាក់​ប្រមាថកាតទាន​ដល់​ពូជ​អម្បូរ​លោក​ថែម​ទៀត​ផង។ នេះ​ហាក់​ដូចជា​បង្ហាញ​ការ​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​សន្ទុះ​ទឹកចិត្ត​របស់​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ឧស្សាហ៍​ស្បថស្បែ​ថា ប្ដេជ្ញា​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ចាត់​ទុក​ការ​អំពាវនាវ​សុំ​មេត្តា​ពី​អ្នក​កងកម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​ថា​ជា​អំពើ​ក្បត់​ជាតិ៖ «មាន​ការ​ប្រកាស​សង្គ្រាម​ពី​ជន​ក្បត់​ជាតិ​ដែល​ជា​ការ​ក្បត់​ជាតិ​ត​ជំនាន់។ ឪពុក​ក៏​ក្បត់​ជាតិ ហើយ​ទី​ចុង​បំផុត​ជន​ក្បត់​ជាតិ​នេះ​ក៏​ត្រូវ​ស្លាប់​តៃហោង។ ឥឡូវ​មក​ដល់​កូន ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​រឿង​ក្បត់​ជាតិ​នេះ​បន្ត​ទៀត ព្រោះ​មនុស្ស​អស់​នេះ ជា​មនុស្ស​អ្នក​បង្កើត​សង្គ្រាម​តែម្តង។ យើង​កាន់​តែ​មាន​មូលហេតុ​សមស្រប​ដើម្បី​បញ្ជាក់​ថា ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ឈាន​ទៅ​ដល់​ការ​រម្លាយ​បក្ស​នយោបាយ និង​កាត់​ទោស​ជន​ក្បត់​ជាតិ ជា​វិធានការ និង​ចំណាត់​ការ​ត្រឹមត្រូវ ព្រោះ​អំពើ​ក្បត់​ជាតិ​នេះ​ហើយ ដែល​យើង​តែង​និយាយ​ថា បើ​ពួក​នេះ​នៅ គឺ​វា​នឹង​មាន​សង្គ្រាម»

​ភាព​រសើប​នៃ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​ថ្នាំងថ្នាក់​ចិត្ត និង​ឲ្យ​ប៉ះពាល់​ដល់​រាស្ត្រ​ម្ចាស់​ឆ្នោត​ជាង​ពាក់​កណ្តាល​នគរ​បែប​នេះ ងាយ​នឹង​មាន​ចលនា​រើ​បម្រះ​ណាស់ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមស្រប​ឆាប់ៗ​នោះ​ទេ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ស្ថានការណ៍​គ្មាន​ការ​តវ៉ា​ក្នុង​ប្រទេស​សព្វថ្ងៃ មិន​មែន​បង្ហាញ​ពី​ភាព​ពេញចិត្ត និង​យល់​ស្រប​តាម​នោះ​ទេ ប៉ុន្តែ​វា​ជា​ស្ថានភាព​រង​សម្ពាធ​ដែល​មិន​ខុស​អ្វី​ពី​ស្ថានភាព​ទឹក​ដាំ​នៅ​លើ​ចង្ក្រាន​មាន​ភ្លើង។ ក្នុង​ស្ថានភាព​បែប​នេះ ផ្ទៃ​ទឹក​មាន​សភាព​នឹង​នៅ​ផ្នែក​ខាងលើ ប៉ុន្តែ​មាន​ចរន្ត​កំពុង​ពុះពោរ​នៅ​ផ្ទៃ​ខាង​ក្រោម ដែល​អាច​ផុល​ឡើង​ជា​យថាហេតុ៖ «មុន​ពេល​ពុះ​កញ្ជ្រោល គឺ​មាន​ពពុះ​បន្តិចៗ ចេញ​មក​ពី​បាត​កំសៀវ ឬ​បាត​ឆ្នាំង​ដែល​ដាំ​ទឹក​នោះ»

​ដោយសារ​តែ​ភាព​រសើប​នេះ ទើប​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ចាត់​ការ​បង្ក្រាប និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ក៏​ត្រូវ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ប្រទេស​ក្រៅ​ដើម្បី​សុវត្ថិភាព ក្រោយ​ពី​តុលាការ​បង្គាប់​ឱ្យ​លោក​ចូល​បង្ហាញ​ខ្លួន​ទៅ​បំភ្លឺ​ពី​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ការ​ចោទ​ប្រកាន់​នេះ ដោយសារ​យុវជន ឡេង សេងហុង កាល​ពី​ខែ​តុលា បាន​អំពាវនាវ​មហាជន​ខ្មែរ​ទាំង​អស់​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា តវ៉ា​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

​ការ​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី​ណា​មួយ​ប្រឆាំង​អំពើ​អយុត្តិធម៌ ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំង​រំលោភ​រដ្ឋធម្មនុញ្ញ​ផង​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​អង្គុយ​បក់​ផ្សែង​ជា​ជាង​ពន្លត់​ភ្លើង។ លោក​បណ្ឌិត ឡៅ  ម៉ុងហៃ អះអាង​ថា ដំណោះស្រាយ​ដែល​សមស្រប​បំផុត គឺ​ពន្លត់ភ្លើង​នោះ។ លោក​បណ្ឌិត​បន្ត​ថា ប្រភព​ភ្លើង​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​រំលោភ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ដែល​ផ្អែកលើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ឆ្នាំ​១៩៩៣ បាន​សម្រេច​មូល​មាត់​គ្នា​ច្បាស់លាស់​ហើយ អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ អំពី​ការ​បែង​ចែង​អំណាច​ឯករាជ្យ​ពីគ្នា​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ និង​ការ​ប្ដេជ្ញា​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ផង​ដែរ៖ «ដូច្នេះ​ការ​គាបសង្កត់ ការ​បង្ក្រាប និង​ការ​ប្រើប្រាស់​យោធា​ខុស​តួនាទី​អី​ហ្នឹង គឺ​វា​ចាក​ចេញ​ពី​រដ្ឋធម្មនុញ្ញ​ហ្នឹង​ហើយ ដូច្នេះ​ត្រូវ​តែ​វិល​មក​រក​ការ​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ​វិញ»

​ទោះ​បី​មាត្រា​ច្បាប់​ជា​ច្រើន ទាំង​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី ច្បាប់​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា ចុះ​ហត្ថលេខា សុទ្ធតែ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា ឬ​ដង្ហែ​ក្បួន​តវ៉ា និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​យ៉ាង​ណា សហគមន៍​អន្តរជាតិ​យល់​ឃើញ​ថា សិទ្ធិ​សេរីភាព​ទាំង​នេះ កំពុង​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ខំប្រឹង​ការពារ​អំណាច​បុគ្គល និង​បក្ស ជា​ជាង​ការពារ​អំណាច​ប្រជាពលរដ្ឋ​ទូទៅ។

​ទោះ​បី​ក្នុង​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​អាច​បន្ត​បង្ក្រាប​ការ​តវ៉ា​ណា​មួយ​នៅ​ក្នុង​ស្រុក​បាន​ក៏​ពិត​មែន ប៉ុន្តែ​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ស្រុក រួម​ទាំង​សហគមន៍​អន្តរជាតិ​ផង កំពុង​តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា និង​បញ្ចេញ​មតិ​នេះ​យ៉ាង​ទូលំទូលាយ ដោយ​មិន​រង​ការ​បង្ក្រាប​ណា​មួយ​នោះ​ឡើយ។  សន្ទុះ​នៃ​ការ​តវ៉ា​នៅ​ក្រៅ​ប្រទេស​នេះ ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​កំពុង​ពិចារណា​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានការណ៍​ប្រទេស​កម្ពុជា ហើយ​រិះរក​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បណ្តើរៗ ដែល​អាច​ឈាន​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថែម​ទៀត​ផង ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​មិន​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ស្តារ​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​មួយ​ដែល​មាន​ការ​ចូល​រួម​ស្មើ​ភាព​គ្នា និង​ពេញលេញ​ពី​ភាគី​ដែល​ពាក់ព័ន្ធ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូនកម្ពុជា

ចរឹក កូនខ្មែរខ្លះ បានបុណ្យស័ក្ត មិនខំ ជួយជាតិ ជួយប្រជាពលរដ្ឋ ធ្វើម៉េច កុំអោយ ក្រ ជំពាក់បំណុលបរទេស តទៅទៀត បែរជា ចោទមួលបង្កាច់អ្នកនិយាយការពិតប្រាប់ថា កុំអោយធ្វើខុស តទៅទៀត បើអន្តរជាតិ ផ្តាច់ជំនួយ ប្រទេសជាតិ និងប្រជាពលរដ្ឋ រាប់លាននាក់ មុខជាជួបការលំបាក ដល់ពេលនោះខ្លាចប្រជាពលរដ្ឋគាត់ងើប តវ៉ា ប្រឆាំងរដ្ឋាភិបាលហ៑ុនសែន ដែលធ្វើនយោបាយ ផ្តាច់ការ !

Dec 23, 2017 09:55 AM

អ្នក​អាន​អនាមិក

ចេះតែឆ្ងល់ អួតថាមានកងទ័ព មានកិញសំងាត់កន្លះលាននាក់ មាន
អ្វីៗទាំងអស់តែបែរជាទៅខ្លាចមនុស្សចាស់ម្នាក់និយាយប៉ុន្មានម៉ាត់ហើយ
អាចកើតចលាចលសង្គមនិងមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ? នេះមិន
មែនជាភាពទន់ជ្រាយនិងអន់ខ្វោយទេឬ? តើភាពខ្លាំងនៅណា? បាន
តែមាត់ឬក៍កើតជម្ងឺភ័យពេកដូច Hitler ញ័រដៃ ញ័រជើង?

Dec 22, 2017 07:51 PM

អ្នក​អាន​អនាមិក

សូមនិយាយរឿងថៃ លោក ថាក់ សុីង
កាលពីឆ្នាំណា (មិនបានចាំច្បាស់) លោក ថាក់ សុីង គាត់មកស្រុកខ្មែរ ជួប លោក ហ៑ុន សែន (ពេលនោះគាត់2នាក់ នាយករដ្ឋមន្ត្រី ដូចគ្នា) និយាយគ្នាលេង រួចក៏ឈានដល់ការធ្វើពួកម៉ាក(ក្លើ)នឹងគ្នា
មិនយូរប៉ុន្មាន លោក ថាក់ សុីង ក៏ត្រូវមន្ត្រីស្តេច លែងទុកចិត្ត ខ្លាចល្មោភអំណាចដូចលោក ហ៑ុន សែន ដូច្នេះក្រុមមន្ត្រីស្តេច ក៏រកវិធីកំចាត់លោក ថាក់ សុីង ចេញទៅ !
សារុបសេចក្តីមក ក្រុមមន្ត្រីស្តេច ខ្លាចអ្នកនយោបាយល្មោភអំណាច បង្កើតបក្សពួក នាំអោយអន្តរាយដល់ប្រទេសជាតិ !
សូមជួយពិចារណា ផ្ញើទៅផង ..

Dec 22, 2017 11:02 AM

អ្នក​អាន​អនាមិក

. ហេតុម៉េច បានជាចរឹកកូនខ្មែរ ខ្លះ ចូលចិត្តចោទមួលបង្កាច់ លាបពណ៏ ខ្មែរ ខ្លួនអែង ម្លេះ ?
. ទឹកដីខ្មែរ រួមតូច .ជ័យភ័ណ្ឌជាតិ ទ្រព្យសម្បត្តិជាតិ ត្រូវបានបរទេសជិតខាង ដឹកជញ្ជូនទៅស្រុក វា អស់ជាបណ្តើរៗ ហើយនៅមិនដឹងខ្លួនទៀត
. ហេតុអី បានជា មេដឹកនាំខ្មែរ ឆោតល្ងង់ម្លេះ ? . មិនដូចមេដឹកនាំប្រទេសថៃ ប្រទេសវៀតណាម គេឆ្លាត ការពារទ្រព្យសម្បត្តិជាតិ ការពារទឹកដីបានគង់វង្សធំធេងរហូតរបស់គេ !

Dec 22, 2017 10:16 AM

គេហទំព័រ​ទាំងមូល