"វៀតណាម​ស្នើ​កម្ពុជា​កុំ​ឲ្យ​មាន​អមិត្ត​ប្រើ​ដី​កម្ពុជា​ប្រឆាំង​វៀតណាម​ជា​សិទ្ធិ​របស់​វៀតណាម"

ដោយ ប្រាជ្ញ ចេវ
2017.06.28
ផៃ ស៊ីផាន ២០១៦ ៨៥៥ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ថា សំណើ​របស់​វៀតណាម ដែល​ស្នើ​កម្ពុជា ​កុំ​ឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ប្រឆាំង​វៀតណាម នោះ ជា​សិទ្ធិ​របស់​វៀតណាម។ ចំណែក​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​យល់​ថា កម្ពុជា​គួរ​ប្រកាន់​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​ភាគី​វៀតណាម ដើម្បី​បញ្ជាក់​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។

ទាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​នៃ​រដ្ឋសភា សុទ្ធតែ​អះអាង​ថា សំណើ​របស់​វៀតណាម ស្នើ​កម្ពុជា​ ការពារ​កុំ​ឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ប្រឆាំង​វៀតណាម នោះ ជា​សិទ្ធិ​របស់​វៀតណាម។ ប៉ុន្តែ​ពួកគេ​មិនទាន់​បញ្ជាក់​ថា ភាគី​កម្ពុជា នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​វៀតណាម នោះ​ឡើយ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា នេះ​ជា​កិច្ចការ​ទូទៅ​របស់​វៀតណាម ដែល​លើក​ឡើង​ក្នុង​នាម​ប្រទេស​ជិត​ខាង និង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ។ លោក​ថា កម្ពុជា ក៏​តែងតែ​ស្នើ​ទៅ​ភាគី​វៀតណាម ដូច​គ្នា​ទៅ​នឹង​វៀតណាម លើក​ឡើង​ក្នុង​ពេល​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា វៀតណាម អាច​លើក​ជា​សំណើ​បាន តែ​បើ​ជា​ការ​បង្គាប់​បញ្ជា ​វៀតណាម គ្មាន​សិទ្ធិ​បញ្ជា​កម្ពុជា ឲ្យ​ធ្វើ​អ្វី​មួយ​​បាន​ឡើយ៖ «គ្មាន​រឿង​ធ្វើ​បទបញ្ជា​មក​កម្ពុជា នោះ​ទេ គ្រាន់​តែ​ជា​សំណើ​ប៉ុណ្ណោះ»

ការ​លើក​ឡើង​របស់​មន្ត្រី​កម្ពុជា ដូច្នេះ ក្រោយ​ពេល​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចុះ​ថ្ងៃ​ទី​២៦ មិថុនា បញ្ជាក់​ថា ភាគី​វៀតណាម ស្នើ​ទៅ​ប្រធាន​រដ្ឋ​សភា​កម្ពុជា លោក ហេង សំរិន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​ប្រទេស​វៀតណាម កាល​ពី​ចុង​សប្ដាហ៍​មុន។ វៀតណាម​ស្នើ​កម្ពុជា ឲ្យ​រក្សា​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្ក្រាប​អំពើ​រត់​ពន្ធ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការពារ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹកដី​កម្ពុជា ប្រឆាំង​វៀតណាម។ យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ផៃ ស៊ីផាន មិន​ទាន់​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ឆ្លើយ​តប​បែប​ណា​ទៅ​ភាគី​វៀតណាម នោះ​ឡើយ។

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ នៃ​រដ្ឋសភា លោក ឈាង វុន និយាយ​ថា អ្វី​ដែល​វៀតណាម លើក​ឡើង​ជា​បញ្ហា​រួម​រវាង​កម្ពុជា និង​វៀតណាម។ លោក​ថា បើ​បញ្ហា​នេះ​កើត​ឡើង​ដូច​ទៅ​នឹង​វៀតណាម ស្នើ​មែន​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា និង​វៀតណាម ជួប​បញ្ហា ជាពិសេស​នៅ​តំបន់​ព្រំដែន៖ «ប្រទេស​ជិត​ខាង​របស់​យើង​គេ​ចង់​នៅ​ក្បែរ​យើង​ឲ្យ​បាន​សុខ​ទៅ​តាម​ធម្មនុញ្ញ​នៃ​សហគមន៍​អាស៊ាន»

​លោក ឈាង វុន ថា កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​ផ្លូវ​ការ​ទៅ​កាន់​ភាគី​វៀតណាម នៅ​ឡើយ​ទេ ហើយ​ចម្លើយ​បែប​ណា​នោះ ក៏​លោក​មិន​អាច​ប្រាប់​បាន​ដែរ ដោយ​លើក​ឡើង​ថា នេះ​ជា​កិច្ចការ​របស់​រដ្ឋាភិបាល។

​ទោះ​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ប្រាប់​ថា សំណើ​របស់​វៀតណាម ដែល​ធ្វើ​តាម​រយៈ​ដំណើរ​ទស្សនៈ​ប្រធាន​រដ្ឋ​សភា​ដូច​នេះ ជា​កិច្ច​ការងារ​របស់​រដ្ឋ​សភា ដូច្នេះ​លោក​មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ទេ។

ទាក់ទង​ការ​ឆ្លើយ​តប​របស់​កម្ពុជា ទៅ​ភាគី​វៀតណាម នេះ អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ឆ្លើយ​តប​ទៅ​ភាគី​វៀតណាម តាម​គោលការណ៍​ច្បាប់​ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ​ដោយ​គោរព​គោលការណ៍​សិទ្ធិមនុស្ស ហើយ​ត្រូវ​ស្ថិត​ក្នុង​ជំហរ​រក្សា​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

លោក បណ្ឌិត ចាន់ វិបុល ថា លោក​មើល​មិន​ឃើញ​ប្រទេស​កម្ពុជា មាន​ចលនា​ណា​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ទេ ប៉ុន្តែ​កម្ពុជា ត្រូវ​ការ​សិទ្ធិ​របស់​ខ្លួន​ដែល​ជា​ជនជាតិ​ដើម​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ន័យ គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​​ប្រទេស​វៀតណាម ព្រោះ​បារាំង កាត់​ដី​ខ្មែរ​ឲ្យ​វៀតណាម គឺ​វៀតណាម ត្រូវ​គោរព​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ជនជាតិ​ដើម៖ «ខ្ញុំ​មិន​បាន​ឃើញ​សញ្ញាណ​ណា​មួយ​នៃ​ការ​ធ្វើ​បដិវត្តន៍ ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទេ ខ្ញុំ​ឃើញ​មាន​តែ​ចលនា​មួយ​ដែល​ស្វែង​ការ​គោរព​សិទ្ធិមនុស្ស»

សំណើ​របស់​វៀតណាម ដែល​ស្នើ​កម្ពុជា កុំ​ឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ប្រឆាំង​វៀតណាម នោះ ជា​សិទ្ធិ​របស់​វៀតណាម ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា បាន​រំឭក​ខួប​បាត់បង់​ទឹកដី​លើក​ទី​៦៨ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​២៦ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ទៅ​រដ្ឋសភា​តាម​រយៈ​ញត្តិ​ដើម្បី​សុំ​បញ្ចូល​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​បុណ្យជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។