កម្ពុជា-​វៀតណាម​នឹង​ពិភាក្សាអំពី​​សំណើ​ជំនួយ​បច្ចេកទេស​ពី​បារាំង​រឿង​ព្រំដែន​​នៅ​សប្ដាហ៍​ក្រោយ

ដោយ សាន សែល
2016-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​វៀតណាម​កំពុង​សាងសង់​ប៉ុស្តិ៍ នៅ​តំបន់​ស ត្រង់​ចំណុច​អូរកុមារ ក្នុង​ភូមិ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។
សកម្មភាព​វៀតណាម​កំពុង​សាងសង់​ប៉ុស្តិ៍ នៅ​តំបន់​ស ត្រង់​ចំណុច​អូរកុមារ ក្នុង​ភូមិ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។
RFA

ជំនួប​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម ស្ដីពី​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នឹង​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ដើម​សប្ដាហ៍​ក្រោយ។ ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​សេចក្ដី​ព្រាង​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ផ្នែក​បច្ចេកទេស​ព្រំដែន​ពី​ប្រទេស​បារាំង។ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្រកាន់​ជំហរ​ប្រើ​យន្តការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ចំណែក​ឯ​សមាជិក​សភា​គណបក្ស​ប្រឆាំង និង​អ្នក​ស្រាវជ្រាវ​ព្រំដែន​ស្វាគមន៍​ចំពោះ​យន្តការ​នេះ ក៏ប៉ុន្តែ​ពួកគាត់​ស្នើ​ឲ្យ​ភាគី​កម្ពុជា បង្ហាញ​តម្លាភាព និង​បើក​ឲ្យ​មាន​ការ​ចូលរួម​ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​ចរចា​រឿង​ព្រំដែន​នេះ។

តាម​គម្រោង​នៅ​ថ្ងៃ​ច័ន្ទ គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ប្រទេស​កម្ពុជា និង​គណៈកម្មការ​កិច្ចការ​ព្រំដែន​របស់​វៀតណាម នឹង​ពិចារណា​សម្រេច​លើ​សំណើ​សុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង អតីត​ម្ចាស់​អាណាព្យាបាល និង​អាណានិគម​របស់​កម្ពុជា និង​វៀតណាម។

​ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះបោះ​បង្គោល​​ព្រំដែន​គោក​​កម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​លើ​លិខិត​សុំ​ជំនួយ​បច្ចេកទេស​ផ្នែក​ការ​គូស​ចម្លង​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (1/100.000) និង​ផែនទី យូ.ធី.អឹម (UTM) ខ្នាត​មួយ​លើ​ហាសិប​ពាន់ (1/50.000)។

​លោក វ៉ា គឹមហុង បញ្ជាក់​ថា កិច្ចប្រជុំ​នឹង​មិន​មាន​សមាសភាព​នាយករដ្ឋមន្ត្រី​ទេ ដោយ​នេះ​ជា​កិច្ច​ប្រជុំ​សម​ភាគី​រវាង​គណៈកម្មការ​របស់​ប្រទេស​ទាំង​ពីរ។ ទោះបីជា​យ៉ាង​ណា លោក​មិន​បាន​បង្ហើប​ពី​សមាសភាព​លម្អិត​នោះ​ទេ។

​តំណាង​ភាគី​កម្ពុជា រូប​នេះ​ប្ដេជ្ញា​ថា ក្រុម​ការងារ​របស់​លោក​នឹង​តស៊ូ​មតិ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ​ដោយ​សន្តិវិធី៖ «គឺ​ការ​ដោះស្រាយ​ព្រំដែន គឺ​ការ​ចរចា​ទៅ​តាម​សន្តិវិធី មិន​មែន​យក​ហិង្សា​សង្គ្រាម​ទៅ​ដោះស្រាយ​ទេ»

​ដោយ​លើក​យក​បទពិសោធន៍​នៃ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ពី​ប្រទេស​ផ្សេង លោក វ៉ា គឹមហុង បន្ថែម​ទៀត​ថា ការ​ដោះស្រាយ​រឿង​ព្រំដែន​នេះ នឹង​ស៊ី​ពេល​យូរ ហើយ​លោក​ថា ប្រសិនបើ​យន្តការ​ការទូត និង​ទ្វេ​ភាគី​មិន​មាន​ប្រសិទ្ធភាព កម្ពុជា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ៖ «នៅ​ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​គិត​ថា យើង​មិន​ទាន់​បាន​គិត​ទៅ​ដល់​ហ្នឹង​ទេ។ យើង​ដោះស្រាយ​ទ្វេ​ភាគី​ប្រទេស​នឹង​ប្រទេស​ជិត​ខាង តាម​គោល​ការណ៍​របស់​សម្ដេច (ហ៊ុន សែន) ឈ្នះ ឈ្នះ ទាំង​អស់​គ្នា»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​រឿង​ផែនទី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្វើ​សន្និសីទ​កាសែត​ទាក់ទង​រឿង​ផែនទី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith

ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​រវាង​ចិន និង​វៀតណាម ទីភ្នាក់ងារ​សារព័ត៌មាន អេ.អេហ្វ.ភី (AFP) រាយការណ៍​ថា ប្រធានាធិបតី​វៀតណាម កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ស្នើ​ឲ្យ​ប្រទេស​បារាំង និង​ប្រទេស​ដទៃ​ទៀត អន្តរាគមន៍​រក្សា​សន្តិភាព​នៅ​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ប្រទេស​ចិន កំពុង​ដំឡើង​សាច់​ដុំ​ក្នុង​ជម្លោះ​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ។

​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-​វៀតណាម សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា លោក​លើក​ទឹក​ចិត្ត ហើយ​នឹង​តាមដាន​កិច្ច​ប្រជុំ​នេះ។ លោក​ថ្លែង​បន្ត​ថា ទំនាស់​ព្រំដែន​កម្ពុជា-​វៀតណាម ត្រូវ​ការ​ភាគី​ទី​បី​ចូល​អន្តរាគមន៍៖ «យើង​ស្នើ​ទៅ​បារាំង​ទៅ បើ​មិន​ហ៊ាន​ទៅ​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ កុំ​បញ្ហា​វា​ធំ​ដុំ​ទៅ​ទៀត។ ទោះ​បី​ជា​យ៉ាង​​ណា​ក៏ដោយ ការ​ប្រជុំ​ដែល​តវ៉ា​ភ្លាម​ចំពោះ​វៀតណាម វា​ជា​ការងារ​មួយ​ដែល​រដ្ឋាភិបាល​បាន​បំពេញ។ យើង​លើក​ទឹក​ចិត្ត។ តែ​មិន​ជឿ​ថា វា​នឹង​ដោះស្រាយ​បញ្ហា​ទេ»

​លោក សុន ឆ័យ ក៏​ស្នើ​ឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​តម្លាភាព​ពី​ដំណើរការ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​លោក​ថា រដ្ឋាភិបាល​គួរ​អញ្ជើញ​អ្នក​ឯកទេស​ព្រំដែន​កម្ពុជា ចូល​រួម​តុ​ចរចា​ជាមួយ​វៀតណាម ដោយ​មិន​រើសអើង៖ «យើង​តែង​សុំ​ឲ្យ​មាន​អ្នក​ឯកទេស​សំខាន់ៗ​ទាំង​អស់ (ពលរដ្ឋ​ខ្មែរ​យើង) ចូល​រួម​ផង មិន​អាច​រំពឹង​តែ​លើ​លោក វ៉ា គឹមហុង ម្នាក់​ឯង»

​យ៉ាងណាមិញ អ្នក​ស្រាវជ្រាវ​ព្រំដែន បណ្ឌិត សុខ ទូច បញ្ជាក់​ថា លោក​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ចប្រជុំ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ​ទេ។ លោក​ពន្យល់​ពី​មូលហេតុ​ថា កិច្ច​ការងារ​នេះ​មិន​មែន​ជា​ការងារ​របស់​លោក​ទេ។

​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ផ្ញើ​កំណត់​ទូត និង​លិខិត​តវ៉ា​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ ស្ដីពី​ការ​រំលោភ​បំពាន​របស់​វៀតណាម នៅ​តាម​ព្រំដែន​ចំនួន​ប្រមាណ ២៣​លើក​ហើយ។ កំណត់​ទូត​ចុង​ក្រោយ​ដែល​ផ្ញើ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ស្ដីពី​ការ​សាងសង់​ប៉ុស្តិ៍​យាម​នៅ​តំបន់​ស​ក្នុង​ខេត្ត​រតនគិរី ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា កម្ពុជា បាន​ផ្ញើ​លិខិត​មួយ​រម្លឹក​វៀតណាម រឿង​រំលោភ​បំពាន​ទឹកដី​កម្ពុជា។

​បណ្ឌិត សុខ ទូច មើល​ឃើញ​ថា យន្តការ​ការទូត​ដែល​កម្ពុជា កំពុង​ប្រើ មាន​ប្រយោជន៍ និង​ស្រប​តាម​នីតិវិធី​អន្តរជាតិ​ដើម្បី​បញ្ចៀស​ហិង្សា៖ «នេះ ​សម្រាប់​ករណី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​ណា​មួយ​កើតហេតុ​ឡើង កម្ពុជា បាន​ធ្វើ​កំណត់​ទូត​នឹង​ឆ្អែតឆ្អន់​ហើយ។ កម្ពុជា ត្រូវ​តែ​ធ្វើ​កំណត់​ទូត​ឲ្យ​បា​ន​ច្រើន​ដើម្បី​បញ្ជាក់​ពិភពលោក​ថា កម្ពុជា មុន​ធ្វើ​អី គឺ​បាន​បំពេញ​តួនាទី កាតព្វកិច្ច​ជា​ប្រទេស​ជិត​ខាង​ល្អ ជា​ផ្លូវ​ការទូត​បាន​គ្រប់គ្រាន់។ ប៉ុន្តែ​ភាគី​ទី​ពីរ​ទេ ដែល​មិន​ឆ្លើយ​តប ឬ​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​ប្រទេស​ទាំង​ពីរ»

​កិច្ច​ប្រជុំ​ទ្វេភាគី​នៅ​ថ្ងៃ​ច័ន្ទ ក៏​នឹង​ជជែក​អំពី​ការ​សាងសង់​ប៉ុស្តិ៍​យាម ការ​សង់​អគារ ការ​ជីក​ស្រះ ការ​ធ្វើ​ផ្លូវ និង​បញ្ហា​ចម្រូងចម្រាស​សំខាន់ៗ​ផ្សេង​ទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Is it that hard to use one correct map everyone agreed on?

Aug 27, 2016 11:40 AM

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

យួនប្រើកលល្បិចមុខព្រួញចម្រុះ ក្នុងវិធានការលេបយកស្រុកខ្មែរ។ តាមពិតទៅ ចំពោះយួន បញ្ហាទល់ដែន គ្រាន់តែជា"ចំណុចបច្ចេកទេសបន្ថែម"តែប៉ុណ្ណោះ ៖ ចម្បងបំផុតគឺបញ្ជូនជនជាតិគេមកតាំងលំនៅក្នុងស្រុកខ្មែរឱ្យមានចំនួនច្រើនលើសខ្មែរតែម្ដង: ក្នុងគោលដៅ យកឈ្នះតាមការបោះឆ្នោត។ ផែនការនេះកំពុងដំណើរការណ៍
ប្រព្រឹត្តទៅយ៉ាងរលូន តាមរយៈទាហានចាស់ដែលមកច្បាំងតាំងពីបំណាច់ឆ្នាំ១៩៧៨ ជាអ្នកចាត់ចែង ហើយដែលមកដល់បច្ចប្បន្ន បានបង្កើតកូនចៅពីរតំណរួចមកហើយ; ទាំងអស់សុទ្ធកាន់តំណែងធំៗនៅគ្រប់ក្រសួង(sic)
បើយើងចេះតែនាំគ្នារត់តាមពីក្រោយយួនពង្វក់បែបសព្វថ្ងៃ វាជាឱកាសទុកឱ្យយួនពូនកូនចៅលេបយកស្រុកយើង
ដោយស្របច្បាប់។ នេះជាភាពពិតដែលបណ្ឌិតកែម ឡី បានខំរំឭករាល់ថ្ងៃ រហូតដល់ក្រុមអាយ៉ងបាសម្លាប់......

Aug 27, 2016 11:27 AM

គេហទំព័រ​ទាំងមូល