HRW​រម្លឹក​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ភ្លាមៗ​បើ​បក្ស​ប្រឆាំង​ត្រូវ​រម្លាយ

ដោយ មួង ណារ៉េត
2017.11.15
ប្រ៊ែដ អាដាម ហ៊ុន សែន ៨៥៥ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​អង្គទូត​នានា ចាត់​វិធានការ​ភ្លាមៗ បើ​គណបក្សប្រឆាំង​ត្រូវ​តុលាការ​កំពូល រម្លាយ​ដូច​ការប៉ុនប៉ង របស់​បក្ស​កាន់អំណាច មែន​នោះ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច ស្នើ​ឲ្យ​ទាំងអស់​គ្នា រក្សា​ភាព​ស្ងប់ស្ងៀម ដើម្បី​ទុក​លទ្ធភាព​ឲ្យ​តុលាការ សម្រេច​សេចក្ដី​ឲ្យ​បាន​ត្រឹមត្រូវ។ ចំណែក​ឯ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មាន​សង្ឃឹម​តិចតួច​ណាស់ ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា អាច​ផ្ដល់​យុត្តិធម៌ ក្នុង​រឿង​ក្តី ពាក់ព័ន្ធ​នឹង​នយោបាយ​បែបនេះ។

នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បាន​អះអាង ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រឈម​គ្រោះថ្នាក់​ដល់​ស្លាប់ ប្រសិនបើ​មន្ត្រី​អង្គទូត និង​ប្រទេស​ម្ចាស់​ជំនួយ មិន​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បាន​ឆាប់ៗ​នោះ​ទេ។

លោក ប្រ៊ែដ អាដាម បញ្ជាក់​បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​បំផ្លាញ​គោលការណ៍​សេរី​ពហុបក្ស បំផ្លាញ​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​បំផ្លាញ​សិទ្ធិ​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស តាំងតែ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ មក​ម្ល៉េះ។ លោក​លើក​ឡើង​បន្ថែម ថា​ប្រទេស​ម្ចាស់​ជំនួយ និង​មន្ត្រី​អង្គទូត​បរទេស ត្រូវ​សម្រេច​ឥឡូវ ថា​តើ​ត្រូវ​ឈរ​ឱប​ដៃ​មើល ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ ឈាន​ទៅ​រលំរលាយ ឬ​ក៏​ត្រូវ​ចាត់វិធានការ​ជាក់ស្ដែង​ភ្លាមៗ ទៅលើ​រដ្ឋាភិបាល​កម្ពុជា ដូចជា​វិធានការ​តឹងរ៉ឹង តាម​ផ្លូវ​នយោបាយ សេដ្ឋកិច្ច និង​ការទូត ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​ប៉ុនប៉ង​ប្រែក្លាយ​ប្រទេស​កម្ពុជា ឲ្យ​ទៅជា​រដ្ឋ​ឯក​បក្ស​ដូច្នេះ។

សារ​របស់​លោក ប្រ៊ែដ អាដាម ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ វិច្ឆិកា ពោល​គឺ​មួយថ្ងៃ នៅ​មុន​សវនាការ កាត់ក្ដី​រឿង​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ ប្ដឹង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ​ជាង ៣​លាន​នាក់ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ ពុធ​ទី១៦ ខែ​វិច្ឆិកា​នេះ។

ទោះបី​លោក ប្រ៊ែដ អាដាម នៅតែ​ចាត់​ទុក​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់​នៅ​កម្ពុជា ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់អំណាច លោក​ក៏​បាន​ផ្ញើ​សារ ដាស់តឿន​មន្ត្រី​តុលាការ​កំពូល​កម្ពុជា ថា នេះ​ជា​ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​តុលាការ​ផុត​លេខ​មួយ​នេះ អាច​បង្ហាញ​ពិភពលោក ថា​ស្ថាប័ន​តុលាការ​មួយ​នេះ អាច​មាន​ឯករាជ្យ​ភាព និង​អាច​រក្សា​គោលការណ៍​នីតិរដ្ឋ​បាន។ បើ​តាម​លោក ប្រ៊ែដ អាដាម (Brad Adams) តុលាការ​កំពូល អាច​បង្ហាញ​ភាព​ឯករាជ្យ​នេះ​បាន ប្រសិនបើ​មន្ត្រី​តុលាការ​កំពូល ហ៊ាន​ក្រោក​តតាំង ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប៉ុនប៉ង​ដាក់​សម្ពាធ ឲ្យ​តុលាការ​នេះ សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅតាម​ការ​ចង់​បានរ​បស់លោក ហ៊ុន សែន។

មន្ត្រី​តុលាការ​កំពូល ដែល​នឹង​សម្រេច​សេចក្ដី​លើ​ករណី​រម្លាយ​គណបក្ស​ប្រឆាំង​នេះ គឺ​សុទ្ធ​តែ​ជា​មន្ត្រី​ជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​តុលាការ​កំពូល​លោក ឌិត មន្ទីរ គឺ​ជា​មនុស្ស​សំខាន់​មួយ​រូប ក្នុង​ជួរ​គណៈ​អចិន្ត្រៃយ៍​បក្ស​កាន់អំណាច។ អនុប្រធាន​តុលាការ​កំពូល​មួយ​រូប គឺ​លោក ឃឹម ប៉ុណ ជា​សមាជិក​ជាន់ខ្ពស់​មួយ​រូប ក្នុង​គណៈ​មជ្ឈិមបក្ស។ អនុប្រធាន​តុលាការ​កំពូល​មួយ​រូប​ទៀត គឺ​លោក ជីវ កេង ដែល​ពីមុន​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក សុខ អាន។ លោក សុខ អាន ជា​ដន្លង​របស់​លោក ហ៊ុន សែន។ អ្នកស្រី ជា លាង ដែល​ជា​ក្មួយបង្កើត​របស់​លោក សុខ អាន ជា​អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​តុលាការ​កំពូល។

ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​សង្ឃឹម​តិចតួច​ណាស់ ដែល​ថា​តុលាការ​កំពូល​កម្ពុជា អាច​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន។ មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា លើកឡើង ថា​តុលាការ​កំពូល ពិបាក​នឹង​ធ្វើ​ឲ្យ​សាធារណជន ជឿ​ថា ពួកគាត់​អាច​សម្រេច​សេចក្ដី​ដោយ​គ្មាន​ការ​រង​សម្ពាធ​ពី​គណបក្ស​កាន់​អំណាច​ខ្លាំង​ណាស់។ លោក​បន្ថែម ថា​ករណី​នេះ មាន​បញ្ហា​ខាង​ទំនាស់​ផលប្រយោជន៍ ព្រោះ​អ្នក​សម្រេច​សេចក្ដី​នៅ​ក្នុង​រឿង​ក្តី សុទ្ធ​តែ​ជា​មន្ត្រី និង​មនុស្ស​ជំនិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង សុំ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ លោក យឿង សុធារ៉ា អះអាង​ថា តាម​ស្មារតី​ច្បាប់ មន្ត្រី​តុលាការ ដែល​ជាប់​ពាក់ព័ន្ធ នឹង​ទំនាស់​ផលប្រយោជន៍​បែបនេះ គប្បី​ត្រូវ​ដក​ខ្លួន​ចេញពី​ការ​ជំនុំជម្រះ​ក្តី​នេះ ដោយ​ទុក​ឲ្យ​មន្ត្រី​តុលាការ​ឯទៀត ដែល​មិនមែន​ជា​សមាជិក​របស់​ភាគី​ដើមចោទ៖ «ដើម្បី​ឲ្យ​សវនាការ​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ អ្នក​ដែល​មាន​ទំនាស់​ផលប្រយោជន៍ ត្រូវតែ​ដក​ខ្លួន​ចេញ មិន​ថា​ផលប្រយោជន៍​នោះ ជា​ផលប្រយោជន៍​នយោបាយ ឬ​ផ្សេង​ពី​នេះ​នោះ​ឡើយ»

ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍​នេះ គឺ​ភាគី​ចុងចោទ មាន​សិទ្ធិ​ដាក់​បណ្ដឹង​ដិត​ចិត្ត ដើម្បី​សុំ​ឲ្យ​ផ្លាស់ប្ដូរ​សមាសភាព​ចៅក្រម និង​មន្ត្រី​តុលាការ ដែល​កាន់​រឿង​ក្ដី​នេះ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​មិន​រៀបចំ ឲ្យ​មាន​មេធាវី ដើម្បី​ការពារ​ក្ដី​រឿង​នេះ​ទេ ព្រោះ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ធ្លាប់​ផ្ញើ​សារ​តាមរយៈ​មេធាវី​របស់​លោក ថា​រឿង​នេះ គឺជា​រឿង​នយោបាយ ត្រូវ​ទុក​ឲ្យ​មាន​ដំណោះស្រាយ​ក្រៅ​ផ្លូវ​តុលាការ។

ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់ស្រប ថា​រឿង​នេះ ជា​រឿង​នយោបាយ​នោះ​ទេ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ទាំង​បង្ហាញ​ការ​ជឿជាក់​ថា តុលាការ​កំពូល នឹង​សម្រេច​សេចក្ដី​ដោយ​ឯករាជ្យ។ លោក​ថែម​ទាំង​សង្ឃឹម ថា ស្ថានការណ៍​នយោបាយ នឹង​ល្អ​ប្រសើរ​ជាង​មុន ក្រោយ​ការសម្រេច​ក្តី​របស់​តុលាការ​កំពូល ដែល​អាច​ឈាន​ទៅ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ លោក​ស្នើ​ឲ្យ​គ្រប់​ភាគី រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​រំខាន​តុលាការ ដោយ​ទុក​ឲ្យ​តុលាការ​កំពូល​នេះ សម្រេច​សេចក្ដី​ទៅ​តាម​ឆន្ទានុសិទ្ធ ដោយ​ឯករាជ្យ​របស់​ខ្លួន។ លោក សុខ ឥសាន អះអាង​ថា បើ​ទោះ​បី​ជា​មន្ត្រី​តុលាការ ជា​មន្ត្រី​របស់​បក្ស​កាន់អំណាច​យ៉ាង​ណា​ក្តី ក៏​មិនមែន​ជា​រឿង​អ្វី​ចម្លែក​នោះ​ដែរ ព្រោះ​បក្ស​ដែល​ឈ្នះ​ការ​បោះឆ្នោត គេ​ធ្វើ​តែ​អ៊ីចឹង៖ «បក្ស​ណា​ឈ្នះ​ឆ្នោត បក្ស​នោះ​ជា​អ្នក​រើស​មនុស្ស។ តែ​យ៉ាង​តុលាការ គេ​សម្រេច​លើ​ច្បាប់ និង​អំណាច​ពលរដ្ឋ»

ស្រប​ពេល​ដែល​លោក សុខ ឥសាន ស្នើសុំ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ថ្លែង​សារ​អ្វី ដែល​ជ្រៀតជ្រែក ដល់​ការ​សម្រេច​សេចក្ដី​របស់​តុលាការ តាំងពី​មុន​មាន​បណ្ដឹង​ប្ដឹង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ថ្លែង​សារ​ជា​សាធារណៈ​ព្រមាន​អំពី​ការប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង​ឲ្យ​ខាង​តែ​បាន។ មិន​តិច​ជាង​បី​ដង​ទេ ក្នុង​រយៈពេល​ត្រឹមតែ ជាង​មួយ​ខែ​កន្លង​ទៅ​នេះ ដែល​លោក ហ៊ុន សែន ព្រលយ​ពាក្យ​ជាសាធារណៈ អំពី​ភាព​ជឿជាក់​ដល់​តុលាការ​កំពូល ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រម្លាយ​ជាដាច់ខាត បើ​ទោះ​បី​តុលាការ មិន​ទាន់​បាន​សម្រេច​ក្តី​យ៉ាងណា នៅឡើយ​ក៏ដោយ។ លើកទីមួយ​លោក ហ៊ុន សែន ច្បាស់ ៩៩,៩៩% លើក​ទីពីរ​លោក ហ៊ាន​ដាក់​ជីវិត និង​លើក​ចុងក្រោយ​លោក​ហ៊ាន​ភ្នាល់ ១ សង ១០០ បើ​គណបក្ស​សង្គ្រោះជាតិ មិន​រម្លាយ​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​នេះ នោះ​ទេ។

សហគមន៍​អន្តរជាតិ​ឯណោះ​វិញ កំពុង​តាម​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នេះ យ៉ាង​យកចិត្តទុកដាក់។ ពួកគេ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រង់ចាំ​ចាត់វិធានការ​បន្ថែម ក្នុង​ករណី​ស្ថានការណ៍​បច្ចុប្បន្ន​កាន់តែ​ដុនដាប​ខ្លាំង។ តំណាងរាស្ត្រ​អាមេរិក​ជា​ច្រើន​រូប បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ផ្នែក​ការទូត និង​ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​បញ្ឈប់​ការប៉ុនប៉ង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។