កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13 ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណៈកម្មការអឺរ៉ុប ថ្លែងក្នុងពេលបើកកិច្ចប្រជុំថា ក្រោយវិបត្តិនៃជំងឺកូវីដនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងអាស៊ី និងអឺរ៉ុប កាន់តែមានសារៈសំខាន់បំផុត ដើម្បីរក្សាពហុភាគីយមដែលរឹងមាំ និងរួមចំណែកធានានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានមេដឹកនាំកំពូលៗនៃប្រទេសតំបន់អាស៊ីនិងអឺរ៉ុបចំនួន៥១រូបចូលរួម ប៉ុន្តែមិនឃើញមានវត្តមានមេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសភូមា ឬមីយ៉ាន់ម៉ា(Myanmar) លោក មីន អុងឡាំង (Min Aung Hlaing) នោះទេ។ មូលបទសម្រាប់ការជជែកពិភាក្សាក្នុងកិច្ចប្រជុំកំពូលនេះ គឺផ្តោតលើ''ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះគឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំប្រទេសអាស៊ី និងអឺរ៉ុប បញ្ជាក់ជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់និងសកលដែលជាក្តីបារម្ភរួមគ្នា។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអ្នកសម្របសម្រួលប្រចាំតំបន់អឺរ៉ុប លោក ឆាឡេស មិឆែល (Charles Michel) ថ្លែងសន្ទរកថា តាមរយៈអ្នកបកប្រែថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះគឺជាឱកាសល្អបំផុត ដើម្បីពិនិត្យអ្វីដែលសម្រេចបាន និងកំណត់ទិសដៅទៅអនាគត។ លោកបន្តថា កិច្ចប្រជុំនេះ គឺជាវេទិកាតែមួយគត់សម្រាប់ការសន្ទនានយោបាយសម្រាប់ទាំងអស់គ្នា និងជាកន្លែងបង្កើតពហុភាគីនិយម និងស្តារជាសកលឡើងវិញ ក្រោយរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
ដូចគ្នានេះដែរ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺស៊ុឡា វូនឌឺឡែន (Ursula von der Leyen) សង្ឃឹមថា កិច្ចប្រជុំនេះ នឹងជួយកសាងឡើងវិញនូវពិភពលោកមួយដែលមានសមភាពកាន់តែធំជាងមុន និងពង្រឹងពហុភាគីនិយម។ អ្នកស្រីបញ្ជាក់ហេតុថា អាស៊ី និងអឺរ៉ុប មានចំណងទាក់ទងគ្នាយ៉ាងជិតស្និត និងទម្ងន់យ៉ាងខ្លាំងនៅក្នុងពិភពលោក ព្រោះថា ទំហំពាណិជ្ជកម្មរវាងតំបន់ទាំងនេះ គឺធំជាងតំបន់ផ្សេងៗនៅលើពិភពលោក ហើយអឺរ៉ុប គឺជាអ្នកវិនិយោគដ៏ធំនៅតំបន់អាស៊ី។ «»
បន្ទាប់ពីថ្លែងសុន្ទរកថាបើកកិច្ចប្រជុំហើយ ក្រុមមេដឹកនាំទាំងនេះ ក៏បន្តប្រជុំបិទទ្វារ ដោយមិនមានការផ្សព្វផ្សាយផ្ទាល់ជាសាធារណៈនោះទេ។ ក្រសួងការបរទេសកម្ពុជាក៏មិនទាន់ចេញសេចក្តីប្រកាសព័ត៌មានអំពីខ្លឹមសារលម្អិតនៃកិច្ចប្រជុំនេះដែរ ខណៈកិច្ចប្រជុំនឹងត្រូវធ្វើមួយថ្ងៃទៀត គឺថ្ងៃទី ២៦វិច្ឆិកា។
ទាក់ទងនឹងកិច្ចប្រជុំនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា ថ្វីដ្បិតតែលោក ហ៊ុន សែន លើកឡើង ពីការពង្រឹងពហុភាគីនិយមក្តី ក៏មេដឹកនាំរូបរដ្ឋាភិបាលឯកបក្សរូបនេះ មិនបានលើកឡើងអំពីលក្ខខណ្ឌអ្វីខ្លះនោះទេ ។ លោកយល់ថា ដើម្បីពង្រឹងភាពជាដៃគូនិងកិច្ចសហប្របត្តិការរវាងអាស៊ីនិងអឺរ៉ុប នោះ គឺសហភាពអឺរ៉ុប ប្រាកដទាមទារឲ្យកម្ពុជា ស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឡើងវិញ ព្រមទាំងលើកឡើងអំពីសន្តិសុខក្នុងតំបន់ ជាពិសេសទាក់ទងនឹងការសង្ស័យរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា។ «»
នៅមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch)បានអំពាវនាវដល់សហភាពអឺរ៉ុប និងរដ្ឋសមាជិកនៃតំបន់នេះ ឱ្យថ្កោលទោសរដ្ឋាភិបាលកម្ពុជាឱ្យបានខ្លាំងក្លាចំពោះការណ៍ដែលកម្ពុជាមិនព្រមអើពើដោះស្រាយបញ្ហាសិទ្ធិមនុស្សស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។
អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) គូសបញ្ជាក់ថា សហភាពអឺរ៉ុប និងរដ្ឋសមាជិក គួរលើកយកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជារបៀបវារៈស្នូលនៅក្នុងកិច្ចសន្ទនារវាងសហភាពអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍។ អង្គការនេះ បានរំឮកឡើងវិញពីការណ៍ដែលសហភាពអឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ដោយសារតែរកឃើញថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់ថា ការលើកឡើងពីបញ្ហានេះមកធ្វើជារបៀបវារៈ មិនមែនជាអ្វីដែលលោក ហ៊ុន សែន ចង់ឃើញនោះទេ ក៏ប៉ុន្តែ ក្រោយពីលោកបានដឹកនាំបែបផ្ដាច់ការអស់រយៈពេលជាង ៣៦ឆ្នាំមក ការថ្កោលទោសជុំវិញបញ្ហាសិទ្ធិមនុស្សនេះ គឺជាអ្វីដែលលោក ហ៊ុន សែន សមនឹងទទួលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។