លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ

ដោយ ទីន ហ្សាការីយ៉ា
2024.12.03
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ លោក ហ៊ុន សែន និងលោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ក្នុង​ជំនួប​ កាល​ពី​រសៀល​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤។
Photo: RFA

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្ដេជ្ញា​ថា កាលៈទេសៈ​បែប​ណា​ក៏​ដោយ កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​នយោបាយ​ដោយ​ឥត​ងាករេ​លើ​គោល​នយោបាយ​ចិន​តែ​មួយ។ ការ​អះអាង​ដូច្នោះ​ធ្វើ​ឡើង​ក្នុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ប្រទេសចិន។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​កំពុង​ដឹកនាំ​កម្ពុជា​រណប​ប្រទេសចិន ដើម្បី​ពង្រឹង​អំណាច និង​គ្មាន​ជំហរ​នយោបាយ​ឯករាជ្យ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ។

លោក ហ៊ុន សែន ប្រាប់​មេដឹកនាំ​ចិន​ថា បញ្ហា​នៅ​កោះតៃវ៉ាន់ គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន។ ជាង​នេះ​ទៅ​ទៀត លោក​អះអាង​ថា តាម​រយៈ​ការ​បង្កើន​ទំនាក់ទំនាក់​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន បច្ចុប្បន្ន​ចិន​មិន​ត្រឹមតែ​ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែក​ជំនួយ ប្រាក់​កម្ចី ដល់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិន​បាន​គាំទ្រ​ដល់​ឯករាជ្យ​ភាព​ផ្នែក​នយោបាយ​កម្ពុជា​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៣ ខែធ្នូ។

ជំហរ​របស់​ប្រធាន​បក្ស​កាន់​អំណាច​បែប​នេះ​ធ្វើ​ឡើង​ក្នុង​នៅ​ជំនួប​ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​លោក វ៉ាង ហ៊ូនីង (Wang Huning) កាល​ពី​រសៀល​ថ្ងៃ​ទី២ ខែធ្នូ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ចំនួន ៣ថ្ងៃ​នៅ​ប្រទេសចិន។

Hun_Sen_meets_Wang_Huning_in_China_120224_HS_FB_1.jpg
ជំនួប​គណៈប្រតិភូ​កម្ពុជា (ជួរឆ្វេង) ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ លោក វ៉ាង ហ៊ូនីង (Wang Huning) កាល​ពី​រសៀល​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ហ៊ុន សែន ចំនួន ៣ថ្ងៃ​នៅ​ប្រទេសចិន។

ជា​ការ​ឆ្លើយតប​នឹង​ការ​សរសើរ​របស់​លោក ហ៊ុន សែន​នេះ លោក វ៉ាង ហ៊ូនីង បញ្ជាក់​ថា ប្រទេសចិន​នឹង​បន្ត​គាំទ្រ​នូវ​គោល​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​បន្ត​ទៀត និង​សន្យា​ថា នឹង​ជួយ​ផ្សព្វផ្សាយ​ប្រពៃណី​កម្ពុជា និង​ជំរុញ​អ្នក​ទេសចរណ៍​ចិន​ទៅ​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។ មន្ត្រី​កំពូល​របស់​ចិន​រូប​នេះ ក៏​បាន​គូស​បញ្ជាក់​ថា ការ​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន និង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា គឺ​មាន​សារៈសំខាន់​ក្នុង​ការ ពន្លឿន​ការ​សម្រេច​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រក​របៀង​មច្ឆា អង្ករ និង​ការ​អភិវឌ្ឍ​កសិកម្ម​បែប​ទំនើប​ជា​ដើម។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា ភាគី​កម្ពុជា និង​ចិន ក៏​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​បន្ត​អនុវត្ត​លើ​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កសាង​ជោគវាសនា​រវាង​កម្ពុជា-ចិន​រួម​គ្នា។

កន្លង​មក កិច្ច​សហប្រតិបត្តិការ​សហគមន៍​នៃ​ជោគវាសនា​រួម​គ្នា គឺ​មាន​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) ជា​មេ​គំនិត​នេះ​រង​ការ​រិះគន់​ថា បង្កើត​ឡើង​សម្រាប់​ស្រូប​ទាញ​ប្រទេស​ក្រីក្រ​ក្នុង​តំបន់ និង​ទន់​ខ្សោយ​ដូចជា​កម្ពុជា​សម្រាប់​ធ្វើ​ជា​ឈ្នាន់​ពង្រឹង​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា ដើម្បី​ឱ្យ​ក្លាយ​ជា​មហា​អំណាច​ក្នុង​តំបន់​អាស៊ី។ កាល​ពី​ឆ្នាំ២០២២ ភាគី​កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ចុះ​កិច្ច​ព្រមព្រៀង និង​ប្ដេជ្ញា​ចិត្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ «ត្បូងពេជ្រ» ផ្ដោត​លើ​វិស័យ​សំខាន់ៗ ដូចជា នយោបាយ ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​សន្តិសុខ។ ក្នុង​វិស័យ​សន្តិសុខ កម្ពុជា និង​ចិន បាន​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ដោយ​ចាប់​យក​សក្តានុពល រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ និង​ហ្វឹកហ្វឺន​យោធា​រួម​គ្នា​ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន លើ​ការ​បន្ត​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ គឺ​ជា​ថ្នូរ​ពឹង​ពាក់​ឱ្យ​ចិន​ជួយ​ពង្រឹង និង​ការពារ​អំណាច​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ បន្ថែម​ពី​នេះ​លោក​សង្កត់ធ្ងន់​ថា នៅ​ពេល​លោក ហ៊ុន សែន កាន់​តែ​បង្ហាញ​ជំហរ​ពឹង​ពាក់​ចិន​កាន់​តែ​ខ្លាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​ដើរ​ថយ​ក្រោយ។

លោក អ៊ុំ សំអាន៖ «កម្ពុជា​នឹង​ក្លាយ​ជា​កន្លែង​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ពីរ​គឺ​សហរដ្ឋអាមេរិក និង​ចិន​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​កូន​អុក​របស់​ចិន ពឹង​ផ្អែក​តែ​ទៅ​លើ​ចិន​មិន​មាន​ទំនាក់ទំនង​ស្មើភាព​គ្នា​រវាង​ចិន និង​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ជាដើម។ ប្រទេស​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន អាច​នឹង​មិន​សប្បាយ​ចិត្ត អ៊ីចឹង​វា​អាច​បង្ក​អសន្ដិសុខ​ក្នុង​តំបន់​ដែរ។ មួយ​ទៀត​នៅ​ពេល​ដែល​កម្ពុជា​ពឹង​ផ្អែក​តែ​ទៅ​លើ​ចិន គឺ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​កើន​ឡើង ការ​ចាប់​ចង​នឹង​កើន​ឡើង​ដោយសារ​តែ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត ដូច្នេះ​គេ​អត់​ខ្វល់​ពី​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ទេ»

លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​កំពូល​ចិន​គឺ​លោក ស៊ី ជីនពីង នៅ​ថ្ងៃ​ទី៤ ខែធ្នូ។ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេសចិន ២ថ្ងៃ​កន្លង​មក​នេះ ភាគី​កម្ពុជា និង​ចិន​មិន​ទាន់​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ឡើយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​លោក ម៉ម ប៊ុននាង ដើម្បី​ឆ្លើយតប​ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣ ខែធ្នូ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​ពន្យល់​ថា កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​រវាង​កម្ពុជា និងចិន គឺ​ច្រក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ប្រទេសចិន ដែល​ខិតខំ​អោបក្រសោប​កម្ពុជា​ឱ្យ​បន្ត​អនុវត្ត​លើ​កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​សម្រាប់​ប្រឆាំង និង​ប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​លោក​សេរី។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រមាន​ថា បញ្ហា​អសន្ដិសុខ​ក្នុង​តំបន់​អាច​នឹង​បន្ត​កើត​មាន​កាន់​តែ​ខ្លាំង ហើយ​កម្ពុជា​អាច​នឹង​រង​ការ​រិះគន់​ចំពោះ​ការ​ផ្ដល់​ទីតាំង​អនុញ្ញាត​ឱ្យ​ចិន​ពង្រីក​ឥទ្ធិពល​យោធា និង​ធ្វើ​ជា «កូនជឹង» បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។