ថៃ​មិន​ចង់​និយាយរឿង​​ជម្លោះ​​ព្រះវិហារ​​ឯ​កម្ពុជា​សន្យា​មិន​ផ្ដល់​ជម្រក​ឲ្យ​ក្រុម​អាវ​ក្រហម​ថៃ

ដោយ វោហារ ជាតិ
2014-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
០៧-កុម្ភៈ-២០១១: រថយន្ត​យោធា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
០៧-កុម្ភៈ-២០១១: រថយន្ត​យោធា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ទៅ​កាន់​ភូមិ​ថ្នល់​បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
RFA/Hang Savyouth

កម្ពុជា​បាន​សន្យា​ថា នឹង​មិន​ផ្ដល់​ជម្រក​ឲ្យ​ក្រុម​អាវ​ក្រហម​ថៃ ស្នាក់​នៅ​ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ថៃ​បច្ចុប្បន្ន​ទេ ខណៈ​ដែល​ភាគី​កម្ពុជា​ បរាជ័យ​ក្នុង​ការ​លើកឡើង​អំពី​ដំណោះ​ស្រាយ​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ជាមួយ​ភាគី​ថៃ។

កាសែត​បាងកក ​ប៉ុស្តិ៍ (Bang Kok Post) ផ្សាយ​ថ្ងៃ​ទី​៣០ កក្កដា ថា ក្នុង​ជំនួប​រវាង​មេ​ដឹក​នាំ​យោធា​ខ្មែរ និង​ថៃ ​នៅ​ទី​ក្រុង​បាងកក រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ ភាគី​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​បដិសេធ​នូវ​មន្ទិល​ទាំង​ឡាយ​របស់​ភាគី​ថៃ ដែល​សង្ស័យ​ថា សកម្មជន​អាវ​ក្រហម​ថៃ បាន​គេចខ្លួន​មក​ជ្រក​កោណ​នៅ​កម្ពុជា ហើយ​ធ្វើ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​យោធា​ថៃ​សព្វថ្ងៃ​។

ចំណែក​ភាគី​ថៃ​ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​កាសែត​នេះ​ហៅ​ថា ជា​មេ​ដឹក​នាំ​រដ្ឋប្រហារ​ថៃ​នោះ អះអាង​ថា ថៃ​មាន​ផែនការ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍។

ក្នុង​ជំនួប​នោះ​ដែរ ភាគី​កម្ពុជា បាន​ប្រកាស​ថា ព្រះមហាក្សត្រ​ខ្មែរ ព្រមទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ គាំទ្រ​សកម្មភាព​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ ឬ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ ដែល​កំពុង​ប្រឈម​នា​បច្ចុប្បន្ន​នេះ។

តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន ធ្វើទស្សនកិច្ច​នៅ​ថៃ​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់ ២៩ កក្កដា ក្នុង​បំណង​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ និង​លើក​ឡើង​អំពី​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ ដ៏​រ៉ាំរ៉ៃ​ជាមួយ​ថៃ​ផង។ ក៏ប៉ុន្តែ​ភាគី​ថៃ​ឆ្លើយ​ថា ពេលនេះ​មិន​មែន​ជា​ពេលវេលា​ជជែក​គ្នា​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ទេ។

កម្ពុជា​និង​ថៃ​មាន​ជម្លោះ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​មួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៨ មក ដោយ​ថៃ​អះអាង​ថា តំបន់​ក្បែរ​ប្រាសាទ​ជា​ទឹកដី​ថៃ ​ហើយ​បាន​បញ្ជូន​ទ័ព​មក​កាន់កាប់​តំបន់​នោះ។ កម្ពុជា​បាន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ឲ្យ​បកស្រាយ​សាល​ដីកា​កាល​ពី​ឆ្នាំ​១៩៦២ ឡើង​វិញ។ ដូច​សាលដីកា​ឆ្នាំ​១៩៦២ ដែរ តុលាការ​​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​ថា ប្រាសាទ​ព្រះវិហារ​រួម​ទាំង​តំបន់​ជុំវិញ​ព្រះវិហារ​ស្ថិត​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា​ ហើយ​បង្គាប់​ឲ្យ​ភាគី​ទាំង​ពីរ​ដកទ័ព​ចេញពី​តំបន់​ជម្លោះ​នោះ។ ក៏ប៉ុន្តែ​មកទល់​ពេលនេះ ភាគី​ថៃ​នៅ​មិន​ព្រម​ដកទ័ព​តាម​ការ​បង្គាប់​របស់​សាល​ដីកា​នោះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

LISA

ពី Riverfront

May be Gen.Prayuth Chan-Ocha who was the topped thai military coup junta " means toward Red-shirts ousters in recent months " probably fear their security in jeopardy and fear the red-shirt leaders will regroup in jungle warfare at n-eastern territory with cambodia border .But matter fact it means that Gen. Prayuth wants to blame game disputed over Preah Vihear temple once again and whatsoever.....???????? . Remeber ! the strong and smart army will win the battle...and the loser and weak army will be smash off " rule of war " .

Jul 30, 2014 05:02 PM

គេហទំព័រ​ទាំងមូល