កម្ពុជា​​ថៃ​​រក​មធ្យោបាយ​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទៅ​ជា​ពលករ​ស្រប​ច្បាប់

ដោយ វណ្ណ វិចារ
2014-06-17
Share
ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០ រថយន្ត​របស់​អាជ្ញាធរ​ថៃ ដឹក​ពលករ​ខ្មែរ​យក​មក​ដាក់​នៅ​ខាង​មុខ​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
Photo: RFA

ក្រសួង​ការ​បរទេស​ថៃ បាន​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា ជួប​ដើម្បី​បកស្រាយ​អំពី​ដំណឹង​ថា ទាហាន​កាន់​អំណាច​នៅ​ប្រទេស​ថៃ បាន​ដេញ​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយ​បង្ខំ​ចេញ​ពី​ប្រទេស​ថៃ និង​បាន​ជជែក​ឯកភាព​គ្នា​រក​មធ្យោបាយ​ឲ្យ​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់ ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។

អគ្គលេខាធិការ​ទទួល​បន្ទុក​ជា​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការ​បរទេស​ថៃ បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា អ្នកស្រី អ៊ាត សោភា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ឯកអគ្គរាជទូត​កម្ពុជា ជួប​ជជែក​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការ​បរទេស​ថៃ ដោយ​ពិភាក្សា​គ្នា​សំខាន់​ផ្ដោត​លើ​មូលហេតុ​ដែល​ភាគី​ថៃ សម្រេច​បញ្ជូន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ត្រឡប់​មក​វិញ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ ៥​ចំណុច​ធំៗ រួម​មាន បង្កើត​បណ្ដាញ​ទំនាក់ទំនង ឬ ហ៊តឡាញ (Hotline) រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ផ្លាស់​ប្ដូរ​ព័ត៌មាន​ទៅ​វិញ​ទៅ​មក។

លើស​ពី​នេះ ថៃ បញ្ជាក់​ថា មិន​មាន​គោលការណ៍ និង​ផែនការ​បណ្ដេញ​ពលករ​ខ្មែរ​ទេ ហើយ​ភាគី​ថៃ ចង់​ឲ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំងអស់​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់ ជៀសវាង​ការ​កេង​ប្រវ័ញ្ច​ជួញ​ដូរ​កម្លាំង​ពលកម្ម។ ភាគី​ថៃ ស្នើ​ឲ្យ​ពលករ​ដែល​ថៃ ចាប់​បញ្ជូន​មក​វិញ បើ​ចង់​ត្រឡប់​ទៅ​ថៃ ត្រូវ​រៀបចំ​ឯកសារ​ស្រប​ច្បាប់។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា ក្រសួង​ការ​បរទេស​កម្ពុជា មិន​ដែល​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ នោះ​ទេ។ លោក​បន្ថែម​ថា អនុ​គណៈកម្មការ​ថៃ ទទួល​បន្ទុក​កិច្ចការ​បរទេស កំពុង​ពិនិត្យ​មធ្យោបាយ​ដើម្បី​ឲ្យ​កម្មករ​ខ្មែរ​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ឲ្យ​ទៅ​ជា​ពលករ​ស្រប​ច្បាប់​ទៀត​ផង៖ «បច្ចុប្បន្ន​ពលករ​ខ្មែរ ៥​ម៉ឺន​នាក់​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ ដើម្បី​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់ មាន​ន័យ​ថា យើង​បាន​ជួប​ជា​ប្រចាំ មាន​ន័យ​ថា យើង​ដល់​ដំណាក់​កាល​បង្កើត ហ៊តឡាញ (Hotline) ទៀត»

តួលេខ​ចុង​ក្រោយ​នៃ​ចំនួន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​វិញ​មាន​ប្រមាណ​ជិត ២០​ម៉ឺន​នាក់​ទៅ​ហើយ។

ទាក់ទង​នឹង​បញ្ហា​នេះ កាសែត​ថៃ បាងកក​ប៉ុស្តិ៍ បាន​ស្រង់​ប្រភព​អគ្គ​លេខា​អចិន្ត្រៃយ៍ នៃ​ក្រសួង​ការ​បរទេស​ថៃ គឺ​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថា ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ បាន​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៧ របស់​ថៃ ដើម្បី​ផ្លាស់​ប្ដូរ​វិធានការ​គ្រប់គ្រង​ពលករ​បរទេស ដែល​ចូល​ធ្វើ​ការ​នៅ​ថៃ មិន​មាន​ឯកសារ​ស្រប​ច្បាប់ ឲ្យ​ចុះ​បញ្ជី​ការងារ​ស្រប​ច្បាប់ ដើម្បី​ជៀសវាង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​ម្ចាស់​ក្រុមហ៊ុន និង​ថៅកែ​នានា ឬ​ដើម្បី​ចាក​ផុត​ពី​ការ​ជួញដូរ​មនុស្ស​ជាដើម ហើយ​ពលករ​ទាំង​នោះ​នឹង​អាច​មាន​សិទ្ធិ​ទទួល​ផល​ប្រយោជន៍​បាន​ពី​ច្បាប់​ថៃ ដោយ​យុត្តិធម៌​គ្រប់ៗ​គ្នា។

ទោះ​ជា​បែប​ណា​ក្តី ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ត្រឡប់​មក​វិញ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួក​គាត់​ត្រូវ​បាន​ទាហាន​ថៃ បញ្ជូន​ឡើង​ឡាន ហើយ​អ្នក​ខ្លះ​ក៏​ត្រូវ​តម្រួត​ជំរិត​ទារ​លុយ​ទៀត​ផង។ ក្នុង​ដំណើរ​ជញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​វិញ​នេះ មាន​ពលករ​យ៉ាង​តិច​ណាស់​ចំនួន ៨​នាក់​បាន​ស្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មិថុនា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទបញ្ជា​មួយ​បញ្ជា​ឲ្យ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​របស់​រដ្ឋាភិបាល ឧបត្ថម្ភ​គាំទ្រ​ដល់​ពលករ​ដែល​ត្រូវ​បញ្ជូន​មក​វិញ។ លិខិត​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ស្តីទី លោក ស ខេង បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ឧបត្ថម្ភ​គ្រឿង​ហូប​ចុក​ស្នាក់នៅ គាំពារ​ផ្នែក​សុខភាព និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ផ្សព្វផ្សាយ​ពី​វិធី​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព និង​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស។

មន្ត្រី​ក្រសួង​ការ​បរទេស​ឲ្យ​ដឹង​ថា ពលករ​មិន​ស្រប​ច្បាប់​កម្ពុជា ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ៣​សែន​នាក់។ មន្ត្រី​សង្គម​ស៊ីវិល ធ្លាប់​លើក​ឡើង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ភាគ​ច្រើន​មិន​មាន​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់ ដោយសារ​ពលរដ្ឋ​មិន​សូវ​មាន​ការ​យល់​ដឹង។ ម្យ៉ាង​ទៀត តម្លៃ​នៃ​លិខិត​ឆ្លង​ដែន​ថ្លៃ​ខ្ពស់​ពេក។ មក​ដល់​ពេល​នោះ រដ្ឋាភិបាល​មិន​ទាន់​រៀបចំ​ផែនការ​រយៈពេល​វែង ដើម្បី​រក​ការងារ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល