កម្ពុជាសម្រេចលើកពេលនៃកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានទៅពេលក្រោយ ដោយគ្មានកាលកំណត់។
សេចក្តីជូនដំណឹងអំពីការលើកពេលកិច្ចប្រជុំនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ផ្សាយលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែមករា ដោយសរសេរថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។
លោកបន្តថាការលើកពេលនេះគឺដោយមូលហេតុរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូបមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ។ លោក ខៀវ កាញារីទ្ធ មិនបានពន្យល់ពីហេតុផលលម្អិតលើសពីនេះទេ។
ជុំវិញការលើកពេលប្រជុំ ដោយគ្មានកាលកំណត់ និងមូលហេតុអ្វីដែលកិច្ចប្រជុំក្នុងសម័យកូវីដ-១៩បែបនេះ មិនអាចរៀបចំតាមអនឡាញ (Online) បាន វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃទី១២ ខែមករា ដែរ ប៉ុន្តែមិនទាន់បានការឆ្លើយតបនៅឡើយ។
ទោះជាយ៉ាងនេះក្ដី ការលើកពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ដែលកម្ពុជាត្រូវរៀបចំជាលើកដំបូងក្រោយគ្រងតំណែងជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទីបីនេះ ធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងដើរបញ្ច្រាសទិសពីសមាជិកអាស៊ានជាច្រើនទៀត ជុំវិញការចាប់ដៃមេរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) និង ចង់នាំមេដឹកនាំរដ្ឋប្រហារយោធាភូមា និងមន្រ្តីនៃរបបសឹក ឱ្យអាចចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញបាន ក្រោយប្រទេសអាស៊ានជាច្រើនទៀត មិនឲ្យពួកគេចូលរួម។
អ្នកវិភាគគោលនយោបាយ និងអ្នកឃ្លាំមើលសង្គមធ្លាប់ព្រមានថាបំណងរបស់លោក ហ៊ុន សែន ដែលផ្ទុយពីស្មារតីនៃប្រទេសអាស៊ានជាច្រើនទៀតនោះ នឹងមិនបានសម្រេចនោះឡើយហើយប្រទេសអាស៊ានដែលជំទាស់វត្តមានមេដឹកនាំរដ្ឋប្រហារយោធាអាចនឹងធ្វើពហិការមិនចូលរួមកិច្ចប្រជុំដែលដឹកនាំដោយលោក ហ៊ុន សែន ប្រសិនបើលោក ហ៊ុន សែន អញ្ជើញតំណាងរបបរដ្ឋប្រហារយោធាភូមាចូលប្រជុំអាស៊ានណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។